តំណាង​ខ្មែរ​ក្រោម​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ស្នើ​រដ្ឋាភិបាល​ឱ្យ​ទទួល​ស្គាល់​ខ្មែរ​ក្រោម ជា​ពលរដ្ឋ​ខ្មែរ​ស្រប​ច្បាប់

ដោយ យន់ សាមៀន
2019-12-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនភៀសខ្លួន​ខ្មែរ​កម្ពុជាក្រោម​ ប្រមូល​ផ្តុំគ្នា​នៅ​ប្រទេស​ថៃ​ ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​ខ្មែរក្រោម​។ ​
ជនភៀសខ្លួន​ខ្មែរ​កម្ពុជាក្រោម​ ប្រមូល​ផ្តុំគ្នា​នៅ​ប្រទេស​ថៃ​ ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​ខ្មែរក្រោម​។ ​
រូប​ភាព​ពីពលរដ្ឋ​

តំណាង​ខ្មែរ​ក្រោម​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​គ្រោង​សរសេរ​លិខិត និង​ជួប​មន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​សំណូមពរ​ឲ្យ​ក្រសួង​ណែនាំ​ដល់​មន្ត្រី​អាជ្ញាធរ​នៅ​ថ្នាក់​ក្រោម ទទួល​ស្គាល់​ខ្មែរ​ក្រោម​រស់​នៅ​កម្ពុជា ជា​ពលរដ្ឋ​ខ្មែរ​ស្រប​ច្បាប់។ សំណើ​សុំ​នេះ ដោយសារ​តែ​ខ្មែរ​ក្រោម​រស់​នៅ​កម្ពុជា​បន្ត​ជួប​វិបត្តិ ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន​បន្ត​មិន​ផ្ដល់​ឯកសារ​ស្រប​ច្បាប់ និង​អត្តសញ្ញាណ​ប័ណ្ណ​ជូន​ពួក​គេ ដើម្បី​អាច​ប្រកប​ការងារ និង​លំនៅឋាន​ស្រប​ច្បាប់។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​គ្រោង​នឹង​ធ្វើ​យុទ្ធនាការ​ដោយ​ឡែក​ពី​គ្នា ដើម្បី​ធានា​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​រស់​នៅ​កម្ពុជា​អាច​ទទួល​បាន​សិទ្ធិ និង​ផល​ប្រយោជន៍​ផ្សេងៗ ដូច​ពលរដ្ឋ​ទូទៅ​ដោយ​គ្មាន​ការ​រើសអើង។

អគ្គលេខាធិការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា លោក​គ្រោង​នឹង​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ ដែល​គ្រប់គ្រង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ណែនាំ​ឲ្យ​មន្រ្តី​ទាំង​នោះ ឲ្យ​សម្រួល​ដល់​ខ្មែរ​ក្រោម ដើម្បី​ពួក​គេ​អាច​ទទួល​បាន​ប័ណ្ណ​សំគាល់​ខ្លួន និង​ប្លង់ដី។ លោក​បន្ត​ថា ខ្មែរ​ក្រោម​ប្រហែល​ប្រមាណ ២០គួ្រសារ​នៅ​ខេត្ត​កំពង់ឆ្នាំង មិន​ទាន់​ទទួល​បាន​លិខិត​សំគាល់​ខ្លួន​នៅ​ឡើយ​ទេ ចំណែក​ខ្មែរ​ក្រោម​ប្រមាណ​ជាង ២០គ្រួសារ​ផ្សេងទៀត កំពុង​ជួប​វិបត្តិ​ដីធ្លី និង​អាច​បាត់​បង់​ដីធ្លី​ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន ចោទប្រកាន់​ពួក​គេ​ថា រស់​នៅ​លើ​ដី​រដ្ឋ៖ «ឲ្យ​ពួក​គាត់​ហ្នឹង​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​ទាំង​អស់​ហ្នឹង​ទទួល​បាន​ប្ដូរ​អត្តសញ្ញាណ​ប័ណ្ណ​ហ្នឹង ជា​ជំហរ​ទី​មួយ​នៅ​ខេត្ត​កំពង់ឆ្នាំង ហើយ​នៅ​ខេត្ត តា​កែវ​ឲ្យ​គាត់​រួច​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ ហើយ​អាច​ផ្ដល់​ដី​សម្បទាន​ឲ្យ​ពួក​គាត់»

កាល​ពី​ចុង​ខែ​វិច្ឆិកា លោក សឺន ជុំជួន បាន​ថ្លែង​ទៅ​កាន់ កិច្ច​ប្រជុំ​គណៈកម្មាធិការ ដើម្បី​លុប​បំបាត់​ការ​រើស​អើង​ពូជសាសន៍ របស់​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland)ថា រដ្ឋាភិបាល​កម្ពុជា បាន​ខកខាន​មិន​បាន​បង្កើត​យន្តការ​ផ្លូវ​ច្បាប់ ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​រស់​នៅ​កម្ពុជា ទទួល​បាន​សិទ្ធិ​ពេញលេញ​ជា​ពលរដ្ឋ​ខ្មែរ​នៅ​ឡើយ​ទេ។

លោក សឺន ជុំជួន ថា ថ្វីត្បិតតែ អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ធ្លាប់​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​កើត​នៅ​បរទេស អាច​មាន​សញ្ជាតិ​ខ្មែរ ជា​ស្វ័យប្រវត្តិ ហើយ​រដ្ឋាភិបាល​ក៏​ធ្លាប់​បាន​ទទួល​ស្គាល់​ចំពោះ​មុខ អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ថា ខ្មែរ​ក្រោម​មក​ពី​ទឹក​ដី​កំណើត គឺ​ជា​ជន​ជាតិ​ខ្មែរ​ក៏​ដោយ ប៉ុន្តែ​រដ្ឋាភិបាល​បច្ចុប្បន្ន មិន​បាន​អនុវត្ត​ការ​សន្យា​ទាំង​នោះ​ទេ។

លោក សឺន ជុំជួន បញ្ជាក់​ថា ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា​ខ្វះ​ខាត ឆន្ទៈ​ដើម្បី​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ជា​ជន​ជាតិ​ខ្មែរ​នេះ​ហើយ ទើប​បាន​បណ្ដាល​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​មិន​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ថា ជា​ជន​ជាតិ​ខ្មែរ។ លោក​ថា កត្តា​នេះ​ហើយ បណ្ដាល​ឲ្យ​អាជ្ញាធរ​មិន​ផ្ដល់ ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី និង​អត្តសញ្ញាណ​ប័ណ្ណ​ជា​ដើម៖ «ជា​រួម​ទៅ​ស្ថានភាព សំខាន់​ដែល​យើង​កំពុង​តែ​ធ្វើ​ការ​តស៊ូ​មតិ​នោះ គឺ​ចំណុច​ទី​មួយ​គឺ វា​ពាក់ព័ន្ធ​ទៅ​នឹង​អត្តសញ្ញាណកម្ម​ហ្នឹង វា​មាន​បញ្ហា​ជា​ច្រើន​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដោយសារ​តែ​ករណី​ពួក​គាត់​ហ្នឹង អត់​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​របស់​ពួក​គាត់ យើង​កំពុង​តស៊ូ​មតិ​នឹង​រដ្ឋាភិបាល បញ្ហា​មួយ​ទៀត​គឺ ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិ​ដីធ្លី ឬ​ការ​ទទួល​បាន​សិទ្ធិ​លំនៅឋាន​ជា​ដើម»

ចំណែក ប្រធាន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរីវុឌ្ឍ ប្រាប់​អាស៊ី​សេរី​ថា លោក​គ្រោង​នឹង​ដឹក​នាំ​ប្រតិភូ​មួយ​ក្រុម​ទៅ​ជួប​មន្ត្រី​ក្រសួង​មហាផ្ទៃ​ដើម្បី​ស្វែង​រក​វិធី​ណា ជំរុញ​ឲ្យ​ក្រសួង​ជួយ​សម្រប​សម្រួល​ដល់​ខ្មែរ​ក្រោម​ឲ្យ​ទទួល​បាន​សិទ្ធិ​ពេញលេញ​ដូច​ពលរដ្ឋ​ខ្មែរ៖ «សូម​សំណូមពរ​ទៅ​រដ្ឋាភិបាល​ខ្មែរ មេត្តា​ជួយ​អនុគ្រោះ​ដល់​ខ្មែរ​ក្រោម​ផង ពិបាក​ណាស់​គ្មាន​អត្តសញ្ញាណប័ណ្ណ​ដូច​រស់​នៅ​ខុស​ច្បាប់»

សំណើ​របស់​តំណាង​ខ្មែរ​ក្រោម​ពេល​នេះ ស្រប​ពេល​ដែល​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ផ្ដល់​ដី ៤០ហិកតារ ដល់​ជនជាតិ​វៀតណាម ដើម្បី​តាំងទី​លំនៅ​សមរម្យ និង​ស្របច្បាប់​នៅ​លើ​ដី​ខ្មែរ​។  អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង អះអាង​ថា ការ​ផ្ដល់​ដី​ឲ្យ​ជន​អន្តោប្រវេសន៍​នេះ ឈរ​លើ លើ​គោលការណ៍​សិទ្ធិមនុស្ស។

ទោះ​បី​យ៉ាង​ណា អាជ្ញាធរ​ហាក់​មិន​ប្រកាន់​គោល​ការណ៍​សិទ្ធិ​មនុស្ស​ដល់​ខ្មែរ​ក្រោម​នៅ​ឡើយ​ទេ។ ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់ អះអាង​ថា អាជ្ញាធរ​បន្ត​បដិសេធ​មិន​ធ្វើ​លិខិត​ស្នាម និង​លិខិត​សំគាល់​ខ្លួន​ឲ្យ​លោក​ទេ ពីព្រោះ​លោក​ជា​ខ្មែរ​ក្រោម៖ «ខ្ញុំ​នៅ​ខេត្ត​សៀមរាប​គេ​ថា ខ្ញុំ​យួន។ ខ្ញុំ​សារភាព​ថា ខ្ញុំ​ជា​ខ្មែរ។ ខ្ញុំ​សុំ​មេ​ប៉ុស្តិ៍​ធ្វើ​អត្តសញ្ញាណប័ណ្ណ គេ​ថា​ទាល់​តែ​ខ្ញុំ​យួន​ទើប​គេ​ធ្វើ​ឲ្យ»

លោក​ថា លោក​បារម្ភ​ពី​វាសនា​អនាគត​របស់​លោក​ទៅ​ថ្ងៃ​ក្រោយ ដោយសារ​តែ​លោក​គ្មាន​អ្វី​ជា​សំអាង ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប៖ «ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ទទួល​ស្គាល់​ខ្ញុំ​ជា​ខ្មែរ​ផង»

របាយការណ៍ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ បញ្ជាក់​ថា បច្ចុប្បន្ន ខ្មែរ​ក្រោម​រស់​នៅ​កម្ពុជា​មាន ចំនួន​ជាង ១លាននាក់ ហើយ ប្រមាណ ពី ២០ភាគ​រយ ទៅ ៣០ភាគ​រយ​មិន​ទាន់​មាន លិខិត​ស្នាម​ស្នាក់​នៅ​កម្ពុជា​ត្រឹម​ត្រូវ​នៅ​ឡើយ​ទេ។

ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​ច្រើន​នាក់ បាន​ភៀស​ខ្លួន​មក​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា ដោយសារ​តែ​ពួក​គេ​មិន​អាច​ទ្រាំ​បាន​នឹង​ការ​គាប​សង្កត់​របស់​អាជ្ញាធរ​វៀតណាម លើ​សិទ្ធិ​សេរីភាព និង​សាសនា។ ពលរដ្ឋ​ខ្មែរ​ក្រោម​ខ្លះ​ទៀត ក៏​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី៣ ផង​ដែរ ដោយសារ​តែ​មិន​អាច​រស់​នៅ​ស្រុក​ខ្មែរ​បាន។

ទោះ​បី​អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ធ្លាប់​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​កើត​នៅ​បរទេស អាច​មាន​សញ្ជាតិ​ខ្មែរ ជា​ពិសេស​ខ្មែរ​ក្រោម​អាច​មាន​សិទ្ធិ​ស្វ័យប្រវត្តិ​ជា​ខ្មែរ​ក៏​ដោយ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ថា អាជ្ញាធរ​កម្ពុជា​ទទួល​ខ្មែរ​ក្រោម​ជា​ពលរដ្ឋ​ខ្មែរ លុះ​ត្រា​តែ​មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់ រួម​មាន​ដូច​ជា ឪពុក​ម្ដាយ​ពួក​គេ​ត្រូវ​តែ​ជា​ខ្មែរ មាន​សំបុត្រ​កំណើត និង​ទី​កន្លែង​កំណើត​នៅ​កម្ពុជា៖ «ចាប់​ផ្ដើម​ពី​អត្រានុកូលដ្ឋាន បញ្ជី​ជាតិ ទីកន្លែង និង​អត្តសញ្ញាណប័ណ្ណ។ ហើយ​កាល​ណា​យើង​ប្រើ​ពាក្យ​ខ្មែរ​កម្ពុជា​ហ្នឹង ខ្មែរ​ក្រោម​ត្រូវ​តែ​គោរព​ច្បាប់»

លោក ផៃ ស៊ីផាន បដិសេធ​មិន​ស្ដាប់​សំណើ​របស់​ខ្មែរ​ក្រោម​នោះ​ទេ ដោយ​លោក​អះអាង​ថា សមត្ថកិច្ច​កម្ពុជា ត្រូវ​តែ​គោរព​ច្បាប់ មិន​អាច​យល់យោគ​ខ្មែរ​ក្រោម​បាន​នោះ​ទេ៖ «ការ​បង្ខំ​ឲ្យ​សមត្ថកិច្ច​ធ្វើ​អ្វី​តាម​ខ្មែរ​កម្ពុជា​ក្រោម​នោះ​ដែល​ប្រាស​ចាក​ពី​ច្បាប់​ខ្មែរ គឺ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ»

ឆ្លើយ​តប​ទៅ​នឹង​សំដី​របស់ លោក ផៃ ស៊ីផាននេះ លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា មាន​ប្រវត្តិសាស្ត្រ​ជា​សាក្សី​ស្រាប់ និង​មាន​លិខិត​បទដ្ឋាន​ជា​ច្រើន​បញ្ជាក់​ថា ខ្មែរ​ក្រោម​ជា​ខ្មែរ​ទោះបី ខ្មែរ​ក្រោម​ខ្លះ​មិន​បាន​កើត​នៅ​លើ​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ដោយ៖ «ប៉ុន្តែ​គាត់​មាន​កំណើត​ជា​ខ្មែរ។ ជា​ជន​ជាតិ​ខ្មែរ ជា​ឈាម​ជ័រ​ខ្មែរ ។ អ៊ីចឹង​សូម​ឲ្យ​លោក ផៃ ស៊ីផាន ហ្នឹង​ទៅ​មើល​លិខិត​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង គាត់​សរសេរ​ទៅ​អង្គការ​សហប្រជាជាតិ កាល​ពី​ឆ្នាំ២០០៥ ច្បាស់​ណាស់​ថា ខ្មែរ​ក្រោម​នៅ​ពេល​មក​កម្ពុជា ជា​ពលរដ្ឋ​កម្ពុជា។”

ខ្មែរ​កម្ពុជា​ក្រោម​ទើប​បាន​ប្រារព្ធ​ខួប ៧០ឆ្នាំ នៃ​ការ​បាត់បង់​ទឹក​ដី កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ហើយ​បច្ចុប្បន្ន​ខ្មែរ​ក្រោម​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក កំពុង​បន្ត​យុទ្ធនាការ​ស្វែង​រក​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួន​ឯង​ទៅ​ថ្ងៃ​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល