បញ្ហា​ប្រឈម​នានា​ដែល​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​អឺរ៉ុប និង​កម្ពុជា​ករណី EBA (ភាគ​បញ្ចប់)

ដោយ មាន ឫទ្ធិ
2019-08-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក ច្សច អេដហ្គា (George EDGAR) [រូប​ពី​ស្ដាំ​] និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) [ឆ្វេង] ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​ជំនួប​ជាមួយ គ.ជ.ប នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧។
ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក ច្សច អេដហ្គា (George EDGAR) [រូប​ពី​ស្ដាំ​] និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) [ឆ្វេង] ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​ជំនួប​ជាមួយ គ.ជ.ប នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

ឯកអគ្គរដ្ឋទូត​ផុត​អាណត្តិ​របស់​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ច្សច អេដហ្គា (George Edgar) ថា មូលហេតុ​ដែល​នាំ​ឱ្យ​មានការ​ដាក់​ចេញ​នូវ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​នេះ គឺ​ដោយសារ​សហភាព​អឺរ៉ុប​មាន​កង្វល់​នានា​ជុំវិញ​បញ្ហា​កម្ពុជា មិន​អាច​បំពេញ​បាន​តាម​លក្ខខណ្ឌ​នៃ​ប្រព័ន្ធ EBA នេះ ជា​ពិសេស បញ្ហា​សិទ្ធិ​នយោបាយ ដោយសារតែ​មានការ​រម្លាយ​គណបក្ស​ប្រឆាំង និង​បញ្ហា​ដទៃ​ទៀត។

នេះ​ជា​បទសម្ភាសន៍​ភាគ​បញ្ចប់​របស់​លោក មាន ឫទ្ធិ នៃ​វិទ្យុ​អាស៊ីសេរី ជាមួយ​លោក ច្សច អេដហ្គា តាម​ប្រព័ន្ធ​វីដេអូ​ស្កេប (Skype) កាលពី​ថ្ងៃ​ទី​២០ សីហា ជុំវិញ​បញ្ហា​ប្រឈម​នានា​ដែល​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា ក្រោយ​សហភាព​អឺរ៉ុប​ដាក់​ចេញ​នូវ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។

មាន ឫទ្ធិ៖ ខ្ញុំ​ក៏​ចង់​សាកសួរ​លោក​ដែរ​ជុំវិញ​ជំហរ​ផ្លូវការ​របស់​សហភាព​អឺរ៉ុប ទៅលើ​ព្រឹត្តិការណ៍​បោះឆ្នោត «​ក្លែងក្លាយ​» នៅ​កម្ពុជា​។ ដូចដែល​លោក​បាន​ជ្រាប​រួចហើយ ដោយ​ប្រៀបធៀប​ទៅ​នឹង​ការ​បោះឆ្នោត «​ក្លែងក្លាយ​» នៅ​តាម​បណ្ដា​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភពលោក ដូចជា​នៅ​ប្រទេស​វេណេហ្ស៊ុយអេឡា​អី​ជាដើម​នោះ យើង​ឃើញ​ថា អ្វី​ដែល​សហភាព​អឺរ៉ុប​បាន​ឆ្លើយតប​នោះ គឺ​ហាក់​បីដូច​ជា​មាន​ភាព​ខុស​គ្នា​ទៅ​នឹង​អ្វី ដែល​ខ្លួន​បាន​ឆ្លើយតប​ចំពោះ​បញ្ហា​នៅ​កម្ពុជា។ មាន​ភាព​ខុសប្លែក​ពី​គ្នា​គឺ​នៅ​ត្រង់ថា នៅ​កម្ពុជា សហភាព​អឺរ៉ុប​ហ្នឹង​ពុំបាន​ដាក់​ចេញ​នូវ​ច្បាប់​រឹតត្បិត​ទិដ្ឋាការ ឬ​បង្កក​ទ្រព្យ​សម្បត្តិ ដើម្បី​ដាក់ទណ្ឌកម្ម​ជាក់លាក់​នោះ​ទេ ចំពោះ​ក្រុម​មន្ត្រី​គណបក្ស​កាន់អំណាច​ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត «​ក្លែងក្លាយ​» ។ ខ្ញុំ​ចង់​ដឹង​ថា ហេតុអ្វី​បានជា​សហភាព​អឺរ៉ុប ធ្វើការ​ឆ្លើយតប​ខុសគ្នា​យ៉ាង​ដូច្នេះ ជាពិសេស​ហ្នឹង​ពាក់ព័ន្ធ​នឹង​ជំហរ​ទាមទារ​ឱ្យ​មានការ​បោះឆ្នោត​ឡើង​វិញ​នោះ បាទ?

ច្សច អេដហ្គា៖ យើង​ឆ្លើយតប​នឹង​ស្ថានភាព​នីមួយៗ​ផ្អែក​តាម​ស្ថានភាព​នៃ​បញ្ហា​នៅ​ក្នុង​ប្រទេស​នីមួយៗ​។ ខ្ញុំ​ពិតជា​ពុំ​ចង់​ធ្វើការ​ប្រៀបធៀប​ស្ថានភាព​នៅ​កម្ពុជា​ទៅ​នឹង​ស្ថានភាព​នៅ​ឯ​ប្រទេស​ដទៃ​ទៀត​នោះ​ទេ ជាពិសេស​ប្រទេស​ក្នុង​តំបន់​ដទៃ​ទៀត​ដែល​ខ្ញុំ​ពុំ​មាន​ជំនាញ​ច្បាស់លាស់​នោះ។ ជាថ្មី​ម្ដងទៀត មូលហេតុ​ដែល​នាំ​ឱ្យ​មានការ​ដាក់​ចេញ​នូវ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​នោះ គឺ​ដោយសារ​តែ​មាន​កង្វល់​មួយ​ចំនួន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​មិន​អាច​បំពេញ​បាន​តាម​លក្ខខណ្ឌ​នៃ​ប្រព័ន្ធ EBA នេះ​។ កង្វល់​ទាំងនោះ​មួយ​ចំនួន វា​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​សិទ្ធិ​នយោបាយ ដោយសារតែ​មានការ​រម្លាយ​គណបក្ស​ប្រឆាំង និង​បញ្ហា​ដទៃ​ទៀត​...​។ ខ្ញុំ​គិត​ថា យើង​ពិនិត្យមើល​លើ​បញ្ហា​អស់ទាំង​នេះ​ផ្អែក​តាម​ស្ថានភាព​ជាក់ស្ដែង​របស់​វា​នីមួយៗ​ដាច់ដោយឡែក​ពី​គ្នា​...​។ ក៏ប៉ុន្តែ ខ្ញុំ​មិន​គិត​ថា វា​ជា​រឿង​ចាំបាច់ ក្នុង​ការ​ទៅ​ប្រៀបធៀប​ជាមួយ​នឹង​ស្ថានភាព​ក្នុង​ប្រទេស​ដទៃ​ទៀត ដែល​ជំហរ​របស់​សហភាព​អឺរ៉ុប មាន​ភាព​ខុសប្លែក​ពី​គ្នា ហើយ​មាន​ស្ថានភាព​ខុសគ្នា​នោះ​ទេ។

មាន ឫទ្ធិ​៖ ក៏ប៉ុន្តែ តើ​លោក​មិន​គិត​ទេ​ថា ដោយសារតែ​សហភាព​អឺរ៉ុប​ធ្វើ​ដូច្នេះ ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ី អាច​នឹង​ដើរ​តាម​លំនាំ​អាក្រក់​របស់​កម្ពុជា រួចហើយ​នាំគ្នា​រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ ដោយសារតែ​មេដឹកនាំ​ប្រទេស​អស់​ទាំងនោះ​គិត​ថា នឹង​មិន​មានការ​ដាក់​ទណ្ឌកម្ម​ខ្លាំងក្លា​ប្រឆាំង​នឹង​ពួកគេ ពី​សំណាក់​សហភាព​អឺរ៉ុប​នោះ​ទេ?

ច្សច អេដហ្គា៖ ដូចដែល​ខ្ញុំ​បាន​និយាយ​ហើយ​អ៊ីចឹង យើង​ពិនិត្យមើល​ទៅលើ​ប្រទេស​នីមួយៗ និង​ស្ថានភាព​នីមួយៗ​ ផ្អែក​តាម​រឿងរ៉ាវ​ជាក់ស្ដែង​របស់​វា​រៀងៗ ​ខ្លួន​។ នៅ​ពេល​ដែល​យើង​មាន​កង្វល់​​​ស្រដៀង​​គ្នា ចំពោះ​បញ្ហា​នៅ​ប្រទេស​ដទៃ នោះ​យើង​នឹង​ស្វែងរក​ដំណោះស្រាយ តាមរយៈ​កិច្ចពិភាក្សា និង​ការពិគ្រោះ​យោបល់​ជាមួយ​រដ្ឋាភិបាល ឬមួយ​ក៏​ក្នុង​ករណី​ខ្លះ​ទៀត តាមរយៈ​ការ​ចាត់​វិធានការណ៍​ផ្សេងៗ​តាម​ការចាំបាច់​។ ប៉ុន្តែ ដូចដែល​ខ្ញុំ​បាន​និយាយ​រួចហើយ​អ៊ីចឹង វា​មិន​ជួយ​ច្រើន​នោះ​ទេ ក្នុង​ការ​ព្យាយាម​ធ្វើការ​ប្រៀបធៀប​ស្ថានភាព​នេះ ទៅ​នឹង​ប្រទេស​ដទៃ​នោះ បាទ​!

មាន ឫទ្ធិ​៖ សំណួរ​ចុងក្រោយ​របស់ខ្ញុំ តើ​លោក​មាន​ពាក្យពេចន៍ ឬក៏​សារ​អ្វី​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​អ្នក​នយោបាយ​ខ្មែរ​ដែរ​ឬ​ទេ?

ច្សច អេដហ្គា៖ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​នោះ​គឺ​ថា សម្រាប់​ខ្ញុំ នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល​ខ្ញុំ​មក​បំពេញ​ការងារ​នៅ​កម្ពុជា​។ កាលពី​ជិត​ ២០​ឆ្នាំមុន ខ្ញុំ​បាន​បំពេញការងារ​នៅ​ទីនេះ ធ្វើជា​ឯកអគ្គ​រាជទូត​​អង់គ្លេស។ វា​ជា​ក្ដី​សោមនស្ស​មួយ​សម្រាប់​ខ្ញុំ ដែល​បាន​មក​ធ្វើការ​នៅ​ទីនេះ​ម្ដង​ទៀត ហើយ​ដែល​បាន​ឃើញ​ពី​អ្វី​ដែល​បាន​វិវឌ្ឍ​ជា​វិជ្ជមាន​នៅ​ទីនេះ ជាពិសេស​នោះ គឺ​ខ្ញុំ​ចង់​សំដៅ​ទៅលើ​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច និង​សង្គម។ មាន​ភាព​ខុស​ប្លែក​គ្នា​ខ្លាំង។ ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​នោះ គឺ​ពិតជា​អាច​ជួយ​ដល់​កម្រិត​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​កាត់បន្ថយ​នូវ​ផល​ប៉ះពាល់​ដោយ​សារ​តែ​ភាព​ក្រីក្រ។ ហេតុការណ៍​នេះ បាន​ជួយ​ជំរុញ​ឱ្យ​មានលទ្ធភាព​ទទួល​បាន​ការអប់រំ និង​លទ្ធភាព​ទទួល​បាន​សេវា​ថែទាំ​សុខភាព ទូលំទូលាយ​ជាង​មុន។ ក៏ប៉ុន្តែ នៅ​មាន​រឿងរ៉ាវ​ត្រូវ​ធ្វើ​ច្រើន​ទៀត​នៅ​ក្នុង​វិស័យ​ដទៃ​ទៀត...។ ខ្ញុំ​សង្ឃឹម​ថា កម្ពុជា​នឹង​បន្ត​ទទួល​បាន​នូវ​ការ​អភិវឌ្ឍ​មួយ ដែល​អាច​ទៅ​ដល់​មនុស្ស​គ្រប់​គ្នា ជាពិសេស​ក្រុម​ប្រជាពលរដ្ឋ​ក្រីក្រ និង​អ្នក​ដែល​ងាយ​ទទួល​ការ​រង​គ្រោះ។

មាន ឫទ្ធិ៖ បាទ​! សូម​អរគុណ​លោក​ឯកអគ្គរដ្ឋទូត ច្សច អេដហ្គា ដែល​បាន​ចំណាយ​ពេល​ផ្ដល់​បទសម្ភាសន៍​នេះ​ជាមួយ​អាស៊ីសេរី។

ច្សច អេដហ្គា៖ បាទ​! សូម​អរគុណ​លោក​ដូចគ្នា៕

សមិទ្ធផល​ និង​​កេរ​ដំណែល​​របស់​ឯកអគ្គ​រដ្ឋទូត​​ផុត​​អាណត្តិ​​របស់​​សហភាព​​អឺរ៉ុប​​ប្រចាំ​​កម្ពុជា (ភាគ​១)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល