ក្រុម​អ្នក​ជំនាញ​ ព្រមាន​ពី​ហានិភ័យ​នៃ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ទ្វេភាគី​ជាមួយ​ចិន និង​ប្រទេស​ពាក់ព័ន្ធ

ដោយ មាន ឫទ្ធិ
2019-12-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បណ្ឌិត អៀ សុផល សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​​ពិភពលោក​ នៃ​មហាវិទ្យាល័យ​ Occidental College រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក។
បណ្ឌិត អៀ សុផល សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​​ពិភពលោក​ នៃ​មហាវិទ្យាល័យ​ Occidental College រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក។
Sophal Ear via Oslo Freedom Forum

ក្រុម​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​ នយោបាយ​ និង​កសិកម្ម​ ព្រមាន​ពី​ហានិភ័យ​នៃ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ទ្វេភាគី​ជាមួយ​ចិន​ និង​ប្រទេស​ពាក់ព័ន្ធ។ ពួកគេ​ចង់​ឃើញ​កម្ពុជា​ពិចារណា​ដោយ​ប្រយ័ត្នប្រយែង​ក្នុង​ដំណើរការ​ចរចា​ឈាន​ទៅចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ទាំងនេះ។ ពួកគេ​ថា​ ការ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្រទេស​ផ្សេង​ៗ នឹង​មិន​អាច​ធានា​បាន​ថា​ ប្រទេស​ទាំងនោះ​ នឹង​ទទួល​ទិញទំនិញ​នាំចេញ​ពី​កម្ពុជា​ ហើយ​អាច​ឲ្យ​កម្ពុជា​ចំណេញ​ច្រើន​ដូច​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ របស់​សហភាព​អឺរ៉ុប​ និង ​GSP​ របស់​សហរដ្ឋអាមេរិក​នោះ​ទេ។ ពួកគេ​ចង់​ឃើញ​រដ្ឋាភិបាល​ មិន​ត្រូវ​ប្រ​ប្រញាប់ប្រញាល់​ទៅចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​នោះ​ទេ​ ហើយ​គួរតែ​មាន​ការ​​​សិក្សា​ជាក់លាក់​ពី​ផល​វិជ្ជមាន​ និង​អវិជ្ជមាន​បណ្ដាល​មក​ពី​ការ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​។

រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​បែប​ឯក​បក្ស​របស់​លោក​ ហ៊ុន​ សែន​ បាន​បង្ហាញ​ចេតនា​កាន់តែ​ច្បាស់​ពី​បំណង​ក្នុង​ការ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ ឬ FTA​ ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ ជា​ពិសេស​​ប្រទេស​ចិន​ កូរ៉េ​ខាងត្បូង​ និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​អឺរ៉ុប​។ ទន្ទឹម​នឹង​នេះ​ កម្ពុជា​ក៏​ចង់​ធ្វើ​ដូច្នេះ​ជាមួយ​ប្រទេស​ជប៉ុន​ និង​ប្រទេសជិតខាង​ គឺ​ថៃ​ និង​វៀតណាម​ផង​។ ចេតនា​កាន់តែ​ច្បាស់​នេះ​ កើតមានឡើង​ខណៈ​គណៈកម្មការ​អឺរ៉ុប​ កំពុង​ពិចារណា​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ របស់​ខ្លួន​ យ៉ាង​យូរ​បំផុត​ត្រឹម​ពាក់​កណ្ដាល​ខែ​កុម្ភៈ​ ឆ្នាំ២០២០​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក​ សៀង​ ថៃ​ ប្រាប់​អាស៊ី​សេរី​តាម​បណ្ដាញ​សង្គម​តេឡេក្រាម​ថា​ កម្ពុជា​បាន​ខិតខំ​ខ្លាំង​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​តំបន់​ និង​ពិភពលោក​ ដូចជា​ការ​ចូល​ជាសមាជិក​អាស៊ាន​កាលពី​ឆ្នាំ១៩៩៩​ និង​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO កាល​ពី​ឆ្នាំ២០០៤។ លោក​ថា​ ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ កម្ពុជា​ បាន​ចូលរួម​ចរចា​បង្កើត​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ រវាង​អាស៊ាន​ជាមួយ​ចិន​ (China) ជប៉ុន​ (Japan) កូរ៉េ​ខាងត្បូង (South Korea)​ ឥណ្ឌា (India)​ អូ​ស្រ្តា​លី​ (Australia) និង​ណូវែលហ្សេឡង់​ (New Zealand)​ ជា​ដើម​។ ក៏​ប៉ុន្តែ​ លោក​ថា​ ការ​ចុះ​ពាណិជ្ជកម្ម​សេរី​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​នេះ​នៅ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​កម្ពុជា​នៅឡើយ​ទេ៖ «ប៉ុន្តែ​ នៅ​ក្នុង​ក្របខ័ណ្ឌ​តំបន់​ អ្វី​ដែល​យើង​បាន​ផ្ដល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ វា​មាន​លក្ខណៈ​មិនទាន់​អស់​នៅឡើយ​ទេ​។ សក្ដានុពល​ដែល​យើង​ចង់បាន​នោះ​ វា​អត់​ទាន់​អស់​។ ដូច្នេះ​ហើយ​នៅ​ក្នុង​បរិបទ​ថ្មី​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ពិភពលោក​ជា​លក្ខណៈ​អន្តរជាតិ​នេះ​ ប្រទេស​សមាជិក​មួយៗ តែងតែ​ស្វះស្វែង​ រក​វិធី​យ៉ាងណា​ចរចា​ជា​លក្ខណៈ​ទ្វេភាគី​ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ឲ្យបាន​ច្រើន​ជា​អតិបរមា​ ពីព្រោះ​ដូច​ខ្ញុំ​ជម្រាប​ជូន​ពី​ខាង​ដើម​អ៊ីចឹង​ ការ​ចរចា​​​ជា​លក្ខណៈ​តំបន់​ យើង​ឲ្យ​ស្អី​ទៅ​គេ​ គេ​ឲ្យ​ស្អី​ទៅ​យើង​ នៅ​ក្នុង​លក្ខណៈ​សន្យា​រៀងៗ ខ្លួន​។ អ៊ីចឹង​វា​មិនទាន់​អស់​ទេ​ អ៊ីចឹង​បើ​យើង​ធ្វើការ​ចរចា​ជាទ្វេ​ភាគី​ យើង​អាច​ជជែក​គ្នា​លម្អិត​បានផល​ប្រយោជន៍​បន្ថែម​ពី​ហ្នុង​ថែមទៀត»

លោក​ សៀង​ ថៃ​ បន្ត​ថា​ ដូច្នេះហើយ​ទើប​កម្ពុជា​ បាន​សាកល្បង​បង្កើត​ក្រុមការងារ​ដើម្បី​សិក្សា​ពី​លទ្ធភាពចុះ​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​សេរី​​នេះ​ ជាមួយ​ប្រទេស​តំបន់​អាស៊ី​អឺរ៉ុប​តាំងពី​ឆ្នាំ២០១៦​ និង​ជាមួយ​ប្រទេស​ចិន​ តាំងពី​ដើមឆ្នាំ២០១៩នេះ​។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​ និង​ជានា​យក​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ (AVI) បណ្ឌិត​ ឈាង​ វណ្ណា​រិទ្ធិ​ យល់ថា​ នេះ​គឺ​​ជា​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​ និង​ដៃ​គូរ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ក្នុងនាម​ជា​រដ្ឋ​តូច​មួយ​។ ក្រៅពី​យល់ថា​ ការ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជា​ឱកាស​សម្រាប់​កម្ពុជា​នោះ​ លោក​ថា​ វា​ក៏អាច​ជា​កត្តា​ជំរុញ​ឲ្យ​មាន​កំណែទម្រង់​ផ្ទៃក្នុង​រដ្ឋាភិបាល​ឲ្យបាន​លឿន​ផង​ដែរ៖ «វា​ជា​កត្តា​ជំរុញ​ឲ្យ​មាន​កំណែទម្រង់​ ជាពិសេស​ជំរុញ​ផ្នែក​ពាណិជ្ជកម្ម​ ពីព្រោះ​បើ​យើង​អត់មាន​សម្ពាធ​ពី​ខាងក្រៅ​ទេ​ កំណែទម្រង់​ខាងក្នុង​ហ្នុង​ក៏​យ៉ាប់​ដែរ។ ដូចជា​យើង​ចូល​ជា WTO អ៊ីចឹង​ បើ​យើង​អត់​ចូល​ជាស​មាជិក WTO ទេ កំណែទម្រង់​ខាងក្នុង​ ទីផ្សារ​ ស្ថាប័នរដ្ឋ​ជាដើម​ ក៏​រាង​យឺត​ដែរ​។ ដូច្នេះ​ និយាយ​ឲ្យ​ចំ​ទៅ​ យើង​សុខចិត្ត​ឲ្យ​ទទួលរង​នូវ​សម្ពាធ​ពី​ខាងក្រៅ​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មាន​កំណែទម្រង់​ទៅ​លឿន​។ អ៊ីចឹង​ ខ្ញុំ​គិត​ថា​ នេះ​ជា​វិជ្ជមាន​ច្រើន​មែនទែន​។ វា​ជា​ចំណុច​ចាប់​ផ្តើម​មួយ​ជា​វិជ្ជមាន​ កំណែទម្រង់​របស់​កម្ពុជា​បន្ថែម​ទៀត​ ហើយ​នឹង​ជំរុញ​កម្លាំង​ផលិត​ហ្នុង»

ជុំវិញ​ផល​អវិជ្ជមាន​ ឬ​ការ​ខាតបង់​វិញ​ លោក​ថា​ វា​គ្រាន់តែ​ចោទ​ជា​បញ្ហា​រយៈពេល​ខ្លី​ ហើយ​ការណ៍​នេះ​មិនមែន​ចោទ​ជា​បញ្ហា​ក្នុងរយៈពេល​មធ្យម​ ឬ​រយៈ​ពេល​វែង​នោះ​ទេ៖ «ពីព្រោះ​នេះ​ជា Zero​ Tariff មាន​ន័យថា​ យើង​ត្រូវ​កាត់បន្ថយ​ផ្នែក​ពន្ធ​នាំចូល។ ចឹង​វា​ត្រូវ​បាត់បង់​ថវិកាជាតិ​ផ្នែក​ពន្ធ​នាំចូល​។​ ក៏ប៉ុន្តែ បើ​យើង​មើល​សេដ្ឋកិច្ច​កម្ពុជា​យើង​ទៅ ចំណូលជាតិ​ គឺ​ Tax​ ចង់​ខ្លាំង​ជាង Tariff ហើយ​ឥឡូវនេះ​។ ពន្ធ​​យើង​យក​ពី​ក្នុង​ស្រុក​ទៅ​អនាគត​ទៅ​ វា​​ខ្លាំង​ជាង​ពន្ធ​យក​ចូល​លើ​ទំនិញ​នាំ​ចូល​នោះ»។

សម្រាប់​អ្នកជំនាញ​វិទ្យ​សាស្រ្ត​នយោបាយ​វិញ​ លោក​ ឯម​ សុវណ្ណារ៉ា​ យល់ថា​ កម្ពុជា​គួរ​ប្រយ័​ត្នប្រ​យ៉ែង​ក្នុង​រឿង​នេះ​ ព្រោះ​ចិន​មិនមែន​ជា​ប្រទេស​នាំចូល​ទំនិញ​នោះ​ទេ​ ហើយ​ម្យ៉ាងទៀត​ផលិតភាព​ និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅ​មានកម្រិត​នៅឡើយ៖ «កាលណា​ទីផ្សារ​យើង​កាន់តែ​ធំ​វា​ល្អ​ហើយ​។ ក៏ប៉ុន្តែ​ យើង​ត្រូវ​ចោទសួរ​វិញ​ថា​ បណ្តា​ប្រទេស​ដូច​ចិន​អី​ មិនមែន​ជា​ប្រទេស​ប្រើប្រាស់​ទេ​ តែ​ជា​ប្រទេស​អ្នក​ផលិត​។ ដូច្នេះ​ កាលណា​យើង​ចុះ​ កន្លងមក​យើង​មិនទាន់​មាន​ពាណិជ្ជកម្ម​សេរី​ផង​ យើង​ទទួល​ទំនិញ​ចិន​ ឃើញថា​យើង​ទទួល​ទិញ​របស់​ចិន​ច្រើនជាង​ចិន​ទិញ​របស់​យើង​។ ខុសគ្នា​ច្រើន​ គេ​ចូល​យើង​ប្រហែលជា​ជាង៥ពាន់​លាន​ យើង​នាំទៅ​គេ​វិញ​បានតែ៨០០លាន​ទេ​។ ដូច្នេះ​គឺ​តិច​ គឺ​ខុសគ្នា​ច្រើន​មែនទែន​។ ដូច្នេះ​ ជញ្ជីង​ពាណិជ្ជកម្ម​របស់​យើង​ផ្អៀង​រហូត​ដូច្នេះ​ វា​មិន​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​យើង​រីកចម្រើន​នោះ​ទេ​»។

អ្នកជំនាញ​កសិកម្ម​ បណ្ឌិត​ យ៉ង​ សាំង​កុមារ​ ក៏​យល់ឃើញ​ស្រដៀងគ្នា​នេះ​ដែរ​។ លោក​ថា​ បើ​កម្ពុជា​មាន​ផលិតផល​ច្រើន​សម្រាប់​នាំចេញ​ទៅ​ចិន​ដោយសេរី​នោះ​ នោះ​វា​មិន​ចោទ​ជា​បញ្ហា​ននោះ​ទេ​។ ក៏ប៉ុន្តែ​ លោក​ពន្យល់​ថា​ វា​នឹង​ចោទ​ជា​បញ្ហា​ទៅវិញ​ ត្រង់ថា​កម្ពុជា​គ្មាន​ផលិតផល​ច្រើន​សម្រាប់​នាំចេញ​ទៅ​ចិន​ ហើយ​ចិន​ជា​ប្រទេស​មានប្រៀប​ខ្លាំង​ ជាពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម​ បច្ចេកវិទ្យា​ជាដើម​ ខណៈ​កម្ពុជា​មាន​សមត្ថភាព​ផលិត​ និង​ប្រកួតប្រជែង​នៅ​ទាប​នៅឡើយ​ ដែល​ការណ៍​នេះ​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​វិស័យ​សិប្បកម្ម​ និង​ឧស្សាហកម្ម​ក្នុង​ស្រុក៖ «ជា​រួម​ មក​ដល់ ពេល​នេះ​ ខ្ញុំ​អត់​ទាន់​ឃើញ​ថា តើ​យើង​អាច​ចំណេញ​ច្រើន​ទេ​ ដោយសារ​យើង​ នាំចូល​ពី​ចិន​ច្រើនជាង​នាំចេញ​ ខុស​គ្នា​ចង់ ១០ដង​ ពិសេស​យើង​នាំចូល​ពី​ចិន​ដូច​ចូល ៧ពាន់​ទៅ ៨ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ហើយ​យើង​នាំចេញ​ទៅ​ចិន​វិញ​តិច​។ វា​ក៏​ទាក់ទង​នឹង​វិស័យ​កាត់ដេរ​ដែរ​ ពីព្រោះ​យើង​នាំចូល​វត្ថុធាតុដើម​នាំ​របស់​អី​ផ្សេងៗ ពី​ចិន​ដើម្បី​មក​ពង្រីក​វិស័យ​កាត់ដេរ​។ ដូច្នេះ​យើង​អត់​​ទាន់​ដឹង​ច្បាស់​ថា​តើ​វា​ចំណេញ​អី​ខាត​អី។ ដូច្នេះ​ហើយ​បាន​ជា​ការសិក្សា​អំពី​ផល​ប៉ះពាល់​ ហើយ​និង​គុណសម្បត្តិ​ ឬ​ផល​ប៉ះពាល់​ គុណវិបត្តិ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​គឺ​វា​ជា​រឿង​មួយ​​ត្រូវ​ធ្វើឲ្យ​បាន​ច្បាស់លាស់»

បណ្ឌិត​ យ៉ង​ សាំង​កុមារ​ ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ចរចា​ឲ្យបាន​ល្អិតល្អន់​ជាមួយ​ប្រទេស​ចិន​ និង​ប្រទេស​ពាក់ព័ន្ធ​ផ្សេងទៀត​មុននឹង​ឈាន​ទៅចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​។ ជាពិសេស​ លោក​ថា​ ពាក់ព័ន្ធ​នឹង​ការធានា​ការនាំចេញ​ផលិតផល​កសិកម្ម​ ក្នុង​វិស័យ​ស្រូវ​អង្ករ​តែ​ម្តង៖ «ក្នុង​ហ្នឹង​ បើសិនជា​ក្នុង​ក្របខណ្ឌ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​ ហើយ​យើង​មិន​អាច​នាំចូល​អង្ករ​ដោយសេរី​ទៅ​ប្រទេស​ចិន​ដោយសេរី​ទេ​ ប្រហែលជា​យើង​មិន​ចំណេញ​ទេ​ ដោយសារតែ​អង្ករ​ជា​ផលិតផល​សំខាន់​បំផុត​សម្រាប់​កម្ពុជា​ក្នុង​ការនាំចេញ​ ហើយ​ទីផ្សារ​ចិន​មិន​សេរី​ទេ​សម្រាប់​អង្ករ​ គឺ​ចិន​កំណត់​កូតា​ ហើយ​ទីពីរ​មានតែ​ក្រុមហ៊ុន​មួយ​ផ្តាច់​មុខ​ក្នុង​ការ​នាំ​អង្ករ​ចូល​ វា​អត់មាន​ក្រុមហ៊ុន​ដែល​នាំ​អង្ករ​ចូល​សេរី​ពី​ខ្មែរ​ទេ»

ទន្ទឹម​នឹង​នេះ​ បណ្ឌិត​ យ៉ង​ សាំង​កុមារ​ ក៏​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​បម្រុង​សិទ្ធិ​មួយ​ចំនួន​ ដើម្បី​ការពារ​ផលិតផល​របស់​កម្ពុជា៖ «សេរី​មែន​តែ​ត្រូវ​បម្រុង​សិទ្ធិ​មួយ​ចំនួន​ដើម្បី​ការពារ​។ ដូច​វិស័យ​ខ្លះ​របស់​យើង​វា​នៅ​ទន់ខ្សោយ​ ត្រូវ​បម្រុង​នូវ​សិទ្ធិ​មួយ​ចំនួន​ ទៅលើ​ផលិតផល​មួយ​ចំនួន។ តើ​ផលិតផល​ណាខ្លះ​ដែល​យើង​អាច​រុញ​ទៅ​ពាណិជ្ជកម្ម​សេរី​បាន​ ហើយ​ផលិតផល​ណាខ្លះ​ មិនទាន់​បាន​។ មានន័យថា​ ផលិតផល​ណាខ្លះ​ដែល​យើង​អនុញ្ញាត​ឲ្យ​ចិន​នាំចូល​មក​កម្ពុជា​បាន​ដោយសេរី​បាន​ ជា​ការចរចា​ជា​ការសិក្សា​ស្រាវជ្រាវ​ ត្រូវ​ស្គាល់​ខ្លួន​យើង​ឲ្យ​ច្បាស់​។ ការចរចា​នេះ​ មិនមែន​ជា​រឿង​ងាយស្រួល​ទេ​។ ត្រូវការ​ពេល​ច្រើន»

ដោយឡែក​ អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម​ និង​នយោបាយ​ បណ្ឌិត​ មាស​ នី​ ព្រមាន​ថា​ រដ្ឋាភិបាល​កម្ពុជា​ គួរ​មើល​ឧទាហរណ៍​ជាក់​ស្ដែង​ពី​ផល​អវិជ្ជមាន​កំពុង​កើតមាន​នៅ​ខេត្ត​ព្រះសីហនុ​ ដោយសារ​ការ​បើកដៃ​ឲ្យ​ចិន​ចូល​មក​វិនិយោគ​នេះ​ បើ​កម្ពុជា​មិន​ចង់​រង​ផល​ប៉ះពាល់​បន្ថែម​ទៀត​នៅ​ពេល​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​នោះ៖ «នៅ​ពេល​ដែល​យើង​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​ទៀត​នោះ​ ខ្ញុំ​មិន​ដឹង​ថា​ តើ​សេដ្ឋកិច្ច​កម្ពុជា​យើង​ដែល​នៅ​ភាព​ទន់ខ្សោយ​ ហើយ​ក្រ​បែបនេះ​ ថា​តើ​ប្រឈម​ជាមួយ​នឹង​ការ​ហូរ​ចូល​នូវ​ផលិតផល​ដែល​នាំចូល​ពី​ប្រទេស​ចិន​នេះ​មាន​ទំហំ​ប៉ុណ្ណា​ ហើយ​ថា​តើ​វា​នឹង​អាច​ប៉ះពាល់​ដល់​ការ​ផលិត​ផ្សេងៗ នៅ​ក្នុង​ស្រុក​ ឬក៏​អាជីវកម្ម​ខ្នាត​តូច​ក្នុង​ស្រុក​ប៉ុណ្ណា​ ពីព្រោះ​យើង​កំពង់សោម​មួយ​ អាច​ផ្ដល់​ជាឧទាហរណ៍​រួចស្រេច​ ជា​មេរៀន​រួចស្រេច​ហើយ​។ បើ​រដ្ឋាភិបាល​មិនបាន​ត្រៀមលក្ខណៈ​ទេ​ ពាណិជ្ជកម្ម​សេរី​នេះ​ គឺ​នឹង​អាច​ផ្ដល់​នូវ​លទ្ធភាព​ឲ្យ​ចិន​ មិនមែន​នាំចូល​តែ​ផលិតផល​ទេ​ គឺ​នាំចូល​ទាំង​ធនធានមនុស្ស​ ហើយ​នាំចូល​ទាំង​មុខរបរ​តូចតាច​មក​ដែរ»

នេះ​គឺជា​លើកទីមួយ​ហើយដែល​កម្ពុជា​របស់​លោក​ ហ៊ុន​ សែន​ បាន​បង្ហាញ​ចេតនា​ចង់បើក​ឲ្យ​មាន​ការ​ចរចា​ទៅចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ ក្នុង​នោះ​ រួមមាន​ប្រទេស​ចិន​ កូរ៉េ​ខាងត្បូង​ និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​អឺរ៉ុប​។ កន្លងមក​ កម្ពុជា​មានតែ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​លក្ខណៈ​ពហុភាគី​ ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ និង​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក WTO និង​ទទួល​បានការ​អនុគ្រោះ​ពន្ធ​ពិសេស​ EBA​ ពី​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​។ ក៏ប៉ុន្តែ​ ប្រពន្ធ​អនុគ្រោះ​ពន្ធ​ពិសេស​នេះ​ ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​នៅឡើយ​ ក្រោយ​របប​លោក​ ហ៊ុន​ សែន​ បាន​គាស់រម្លើង​ប្រជាធិបតេយ្យ​ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​ និង​ជា​សាស្ត្រាចារ្យ​កិច្ចការ​ពិភពលោក​ នៃ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក​ បណ្ឌិត​ អៀ​ សុផល​ យល់ថា​ ទាំង​ចិន​ និង​កូរ៉េ​ខាងត្បូង​ នឹង​មិន​អាច​ទទួល​ទិញ​ផលិតផល​ពី​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា​ ដូច​អ្វី​ដែល​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ទិញ​ពី​កម្ពុជា​នោះ​ទេ​។ លោក​ថា​ ការ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ មាន​អ្នកឈ្នះ​ និង​អ្នក​ចាញ់​ ហើយ​ជាទូទៅ​កម្មករ​ក្នុង​ឧស្សាហកម្ម​ខ្នាត​តូច​ គឺជា​អ្នក​ចាញ់​។ លោក​ថា​ យើង​ដឹង​ថា​ មាន​ផលិតផល​ជាច្រើន​ដែល​ចិន​ និង​កូរ៉េ​ ផលិត​បាន​ ហើយ​កម្ពុជា​មិន​អាច​ផលិត​បាន​ ហើយ​នេះ​មានន័យថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ មិនមែន​ជា​រឿង​ល្អ​ទេ​សម្រាប់​កម្ពុជា​ ដោយសារតែ​កម្ពុជា​នឹង​នាំចូល​កាន់តែ​ច្រើន​បន្ថែម​ទៀត​ពី​ប្រទេស​ចិន​ និង​កូរ៉េ​ខាងត្បូង​។ បណ្ឌិត​ អៀ​ សុផល​ ព្រមាន​ថា​ ប្រសិនបើ​កម្ពុជា​គ្មាន​ផលិតផល​ត្រូវ​នាំចេញ​បន្ថែម​នោះ​ទេ​ នោះ​វា​នឹង​ក្លាយ​ជា​ការ​ធ្វើ​អត្តឃាត​ខ្លួនឯង​ តាមរយៈ​ការ​បើក​ច្រក​ទ្វា​ប្រកួតប្រជែង​ពាណិជ្ជកម្ម​សាកល​ ហើយ​បណ្ដាល​ឲ្យ​ឧស្សាហ​កកម្ម​ទន់ខ្សោយ​ក្នុង​ស្រុក​របស់​ខ្លួន​ត្រូវ​ដួល​រលំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល