បណ្ដាញ​ព្រះសង្ឃ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើល​សង់​របង​និង​ខ្លោងទ្វារ​ពុទ្ធសាសនបណ្ឌិត្យ​​ឡើង​វិញ

ដោយ ខែ សុណង
2016-03-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បីយុត្តិធម៌​សង្គម បង្ហាញ​សំណង់​របង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ដែល​ក្រុមហ៊ុន​ណាហ្គាវើល ​ជួសជុល នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បីយុត្តិធម៌​សង្គម បង្ហាញ​សំណង់​របង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ដែល​ក្រុមហ៊ុន​ណាហ្គាវើល ​ជួសជុល នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Sorn Chanratha

បណ្ដាញ​ព្រះ​សង្ឃ​បាន​រិះគន់​ម្ចាស់​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើល (Naga World) ថា​មិន​បាន​គោរព​កិច្ចសន្យា​ក្នុង​ការ​ជួសជុល​របង​ និង​ខ្លោង​ទ្វារ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ឱ្យ​មាន​សភាព​ដូច​ដើម​វិញ។ ការ​រិះគន់​ចំៗ បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មីនា ដែល​រៀបចំ​ឡើង​ដោយ​បណ្ដាញ​ព្រះសង្ឃ​នៅ​ខាង​មុខ​អគារ​ពុទ្ធសាសនបណ្ឌិត្យ។

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើល បញ្ឈប់ ឬ​ផ្អាក​សាងសង់​របង និង​ខ្លោង​ទ្វារ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ដ្បិត​ក្រុមហ៊ុន​នេះ​មិន​គោរព​តាម​ការ​សន្យា។

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះភិក្ខុ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា ព្រះតេជព្រះគុណ​ចង់​បាន​របង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ដូច​អ្វី​ដែល​ក្រុមហ៊ុន​ណាហ្គាល វើល បាន​សន្យា​មុន​ពេល​ធ្វើ​ការ​រុះរើ ជា​ជាង​ការ​យក​របស់​ចាស់​មក​ផ្គុំ និង​ដាក់​បន្តុប ហើយ​ចាត់​ទុក​ថា រក្សា​តាម​លំនាំ​ដើម​នោះ។ ព្រះតេជព្រះគុណ​សង្ឃឹម​ទៅ​លើ​រដ្ឋមន្ត្រី​ធម្មការ និង​សាសនា​ថ្មី ដែល​នឹង​ចូល​មក​កាន់​តំណែង​ជំនួស​រដ្ឋមន្ត្រី​ចាស់ ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ​ថា នឹង​ធ្វើ​ការ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ណាហ្គា វើល ចំពោះ​បញ្ហា​នេះ។

ព្រះតេជព្រះគុណ​បញ្ជាក់​ថា របង​ចាស់​មាន​សភាព​រឹងមាំ ដែល​គណៈកម្មការ​ក្រសួង​គួរ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ជាក់​ចំពោះ​បញ្ហា​នេះ៖ «ដែក​ធំៗ​ហើយ​មិន​មែន​វាយ​នឹង​មនុស្ស​ទេ តែ​អាត្រាក់​អ្នក​វាយ យក​អាអ៊ិច​មក​ចោះ មួយ​អាទិត្យ​ទើប​របើក​របង​នេះ​បាន។ ដូច្នេះ​ពេល​យក​អាត្រាក់​មក​ចោះ​មួយ​អាទិត្យ​របើក វា​ប៉ះពាល់​ដល់​របង​ខាង​ណោះ វា​កក្រើក​រហូត​បែក​ប៉ុន​មេដៃ។ អាត្មា​មើល​ឃើញ​គ្រឹះ​ធំ​ឡើង​វិញ បាន​អាត្មា​តវ៉ា​ធ្វើ​ថ្មី​បាន​វិញ​ទេ? គេ​ថា​ធ្វើ​ថ្មី​ឲ្យ រចនាបថ​ដើម នេះ​ការ​សន្យា​របស់​គេ។ ប៉ុន្តែ​ដល់​ពេល​គេ​ប្រើ​ពាក្យ​រចនាបថ​ដើម ប្រហែល​មិន​យក​រចនាបថ​ចាស់​មក​ដាក់ ក្រែង​វា​មិន​ឃើញ​ឲ្យ​ដូច​ដើម។ តាម​មើល​ពួក​នេះ​បោក​បាន​ល្អ​មែន»

អ្នក​យក​ព័ត៌មាន​អាស៊ីសេរី បាន​ព្យាយាម​សុំ​ជួប​សម្ភាសន៍​ពី​ភាគី​ក្រុមហ៊ុន ណាហ្គា វើល នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ប៉ុន្តែ​ត្រូវ​បាន​ក្រុមហ៊ុន​បដិសេធ ដោយ​ថា មិន​មាន​ការ​សុំ​ណាត់​ជួប​ជាមុន។

ប្រតិកម្ម​របស់​ព្រះសង្ឃ​ពេល​នេះ បន្ទាប់​ពី​ដី​មួយ​ផ្នែក​ក្នុង​បរិវេណ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ និង​របង ខ្លោង​ទ្វារ​ផ្នែក​ខាង​ជើង​ត្រូវ​មន្ត្រី​រដ្ឋាភិបាល​ជួល ឬ​អនុញ្ញាត​ឲ្យ​បន​ល្បែង ឬ​ក្រុមហ៊ុន​ណាហ្គា វើល សង់​សំណង់​ផ្សេងៗ មាន​ស្ថាបនា​ផ្លូវ សង់​ផ្សារ​ក្រោម​ដី និង​សង់​បណ្ដាញ​ចែកចាយ​អគ្គិសនី​ជាដើម។

ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើល បាន​ស្នើ​សុំ​ក្រសួង​ធម្មការ និង​សាសនា សាងសង់​ផ្លូវ​ក្រោម​ដី​ចូល​ទៅ​កាន់​ក្រុមហ៊ុន។ របង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ត្រូវ​បាន​កម្មករ​នៃ​ការដ្ឋាន​សំណង់​ក្រុមហ៊ុន​វាយ​កម្ទេច កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៤ ដើម្បី​ចៀសវាង​ការ​បាក់​ធ្លាក់​កំឡុង​ពេល​ក្រុម​កម្មករ​កំពុង​សាងសង់។

ថ្វីត្បិត​បណ្ដាញ​ព្រះសង្ឃ​បារម្ភ​ចំពោះ​បញ្ហា​នេះ​ក្ដី អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី អះអាង​ថា គណៈកម្មការ​ត្រួត​ពិនិត្យ និង​គណៈ​សង្ឃ​បាន​ត្រួត​ពិនិត្យ​ដំណើរការ​សាងសង់​នេះ​យ៉ាង​យក​ចិត្ត​ទុកដាក់។

លិខិត​ចុះ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៤ មាន​ចុះ​ហត្ថលេខា លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ណាហ្គា វើល រុះរើ​របង និង​ខ្លោង​ទ្វារ​ពុទ្ធសាសនបណ្ឌិត្យ​ផ្នែក​ខាង​ជើង ដើម្បី​សម្រួល​ដល់​ការ​សាងសង់​ផ្លូវ​ក្រោម​ដី​ប្រកប​ដោយ​សុវត្ថិភាព។ ក្រុមហ៊ុន​នេះ ត្រូវ​សាងសង់​របង និង​ខ្លោង​ទ្វារ​ថ្មី​ឡើង​វិញ តាម​រចនាប័ទ្ម​ដើម ក្រោយ​បញ្ចប់​ការដ្ឋាន​របស់​ខ្លួន។ ក្នុង​ពេល​ដំណើរ​ការ​រុះរើ​របង-​ខ្លោង​ទ្វារ និង​ការ​សាងសង់​ថ្មី​ឡើង​វិញ ក្រុមហ៊ុន​ណាហ្គា វើល ត្រូវ​ប្រតិបត្តិ​ការងារ​តាម​ការ​សម្របសម្រួល​របស់​មន្ត្រី​ពុទ្ធសាសនបណ្ឌិត្យ ជា​តំណាង​ឲ្យ​ក្រសួង​ធម្មការ។ ជាង​នេះ បើ​ក្នុង​ករណី​ក្រុមហ៊ុន​ណាហ្គា វើល អនុវត្ត​ផ្ទុយ​ពី​ការ​សម្រេច​នេះ ក្រសួង​ធម្មការ​នឹង​មាន​វិធានការ​ជា​ថ្មី។

ទាក់ទង​បញ្ហា​នេះ បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ព្រមាន​ថា នឹង​សុំ​អន្តរាគមន៍​ដល់​នាយករដ្ឋមន្ត្រី និង​ព្រះមហាក្សត្រ ប្រសិន​បើ​រដ្ឋមន្ត្រី​ដែល​នឹង​ចូល​កាន់​តំណែង​ថ្មី​ជំនួស​លោក មិន ឃិន មិន​អាច​ទាមទារ​ឱ្យ​ក្រុមហ៊ុន​នេះ កសាង​របង​ថ្មី​បាន​នោះ​ទេ។ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា គោល​បំណង​មាន​គោលដៅ​តែ​មួយ​គត់ គឺ​ស្នើ​ឲ្យ​រដ្ឋាភិបាល​រក្សា​ដី​បរិវេណ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ដែល​ជា​ព្រះរាជទ្រព្យ​របស់​អតីត​ព្រះមហាក្សត្រ សម្ដេច នរោត្តម សីហនុ កុំ​ឲ្យ​បាត់បង់។

កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម និង​ប្រជាពលរដ្ឋ​រាប់​រយ​នាក់ បាន​ដើរ​ហែ​ក្បួន​ដាក់​ញត្តិ​ជូន​លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ ស្នើ​ឲ្យ​បញ្ឈប់​រុះរើ​របង​ខ្លោងទ្វារ​ពុទ្ធសាសនបណ្ឌិត្យ និង​បញ្ឈប់​ជួល​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​ណាហ្គា វើល ម្ដង​រួច​មក​ហើយ។ ប៉ុន្តែ​មិន​មាន​លទ្ធផល​ទេ ហើយ​ត្រូវ​កម្លាំង​ចម្រុះ​រដ្ឋាភិបាល​ដាក់​ពង្រាយ​រារាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល