កូនស្រី​លោក កឹម សុខា បួងសួង​កុំឲ្យ​មាន​អំពើ​អយុត្តិធម៌​កើត​លើ​ពលរដ្ឋ​ខ្មែរ

ដោយ មាន ឫទ្ធិ
2019-09-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កូនស្រី​ច្បង​របស់​លោក កឹម សុខា និង​ជា​មន្ត្រី​កិច្ចការ​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១០ មករា ឆ្នាំ​២០១៨។
កូនស្រី​ច្បង​របស់​លោក កឹម សុខា និង​ជា​មន្ត្រី​កិច្ចការ​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១០ មករា ឆ្នាំ​២០១៨។
RFA

កូន​ស្រី​ច្បង​លោក​ កឹម សុខា ​បួង​សួង​កុំឲ្យ​ភាព​អយុត្តិធម៌​កើត​មាន​ឡើង​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់ៗ រូប ​ដូច​ករណី​​ឪពុក​របស់​កញ្ញា​។​

កញ្ញា កឹម មនោវិទ្យា បាន​ផ្ញើ​សារ​ប្រាប់​អាស៊ី​សេរី​តាម​រយៈ​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី២ កញ្ញា គឺ​ចំ​ពេល​គម្រប់​ខួប ២ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ថា ព្រឹត្តិការណ៍​សម្រុក​ចូល​ចាប់​ខ្លួន​ឪពុក​របស់​កញ្ញា​ក្នុង​ផ្ទះ ទាំង​កណ្ដាល​យប់ កាល​ពី ២ឆ្នាំ​មុន​នោះ គឺ​ជា​ហេតុការណ៍​ដ៏​រន្ធត់ ហើយ​វា​ជា​សុបិន្ត​អាក្រក់​ដែល​កើត​មាន​ឡើង​មក​លើ​គ្រួសារ​របស់​កញ្ញា។​

កញ្ញា កឹម មនោវិទ្យា បញ្ជាក់​ថា មក​ទល់​នឹង​ពេល​នេះ ​មាន​ពេល​ខ្លះ​កញ្ញា​បាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង​ដោយសារ​ឮ​សំឡេង​អ្វី​មួយ ស្មាន​ថា មាន​អ្នក​ណា​មក​គោះ​ទ្វារ​ផ្ទះ​តែ​តាម​ពិត​គ្មាន​អ្នក​ណា​មក​គោះ​ទ្វារ​ទេ។ កញ្ញា​បន្ត​ថា នៅ​ពេល​មួយ​ពព្រិច​ភ្នែក​សោះ ក្រុម​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​ចាប់​លោក​ កឹម សុខា​ ឪពុក​របស់​កញ្ញា​បណ្ដើរ​ចេញ​ពី​ផ្ទះ។ កញ្ញា​គ្មាន​អ្វី​ដែល​ក្រុម​ណា​ ឬ​បុគ្គល​ណា​មួយ​អាច​ធ្វើ ​ដើម្បី​ប៉ះប៉ូវ​ ឬ​ដើម្បី​សង​មក​វិញ​នូវ​អ្វី​ដែល​កញ្ញា និង​ក្រុម​គ្រួសារ​បាន​បាត់បង់​នោះ​ទេ ​ ហើយ​អ្នក​ដែល​ធ្លាប់​ជួប​បញ្ហា​នេះ​ប្រាកដ​ជា​យល់​ពី​អារម្មណ៍​បែប​នេះ។

លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​កម្លាំង​សមត្ថកិច្ច​នៃ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាល​ពី​យប់​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​២ ​ឈាន​ចូល​ដល់​ថ្ងៃ​ទី៣ ខែ​កញ្ញា​ នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​ក្នុង​ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​រួច​ហើយ​យក​ទៅ​ឃុំ​ឃាំង​ភ្លាមៗ នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុង​ ខេត្ត​ត្បូង​ឃ្មុំ​ជាប់​ព្រំ​ដែន​ប្រទេស​វៀតណាម។

របប​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​លោក​ពី​បទ​ចោទ​សន្ទិដ្ឋភាព ឬ​ក្បត់​ជាតិ​ ជាមួយ​ជនបរទេស​ ដែល​បទ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​បដិសេធ​ដោយ​លោក កឹម សុខា​ និង​ច្រាន​ចោល​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ  រួម​ទាំង​ប្រទេស​លោក​ខាង​លិច​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល