សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​នៅ​ភ្នំពេញ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ជិះ​ម៉ូតូ​លួច​វាយ​ពី​ក្រោយ

ដោយ មួង ណារ៉េត
2020-01-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ខៀវ ឌីន (ស្ដាំ) សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ រស់នៅ​សង្កាត់​កាកាប១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​ជន​មិន​ស្គាល់​មុខ ២នាក់ (ឆ្វេង) ជិះ​ម៉ូតូ​ពី​ក្រោយ​លួច​វាយ​នឹង​ដំបង​បណ្ដាល​ឱ្យ​រង​របួស​បែក​ក្បាល ​នៅ​ថ្ងៃ​ទី២០ ខែ​មករា​ ឆ្នាំ២០២០។
លោក ខៀវ ឌីន (ស្ដាំ) សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ រស់នៅ​សង្កាត់​កាកាប១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​ជន​មិន​ស្គាល់​មុខ ២នាក់ (ឆ្វេង) ជិះ​ម៉ូតូ​ពី​ក្រោយ​លួច​វាយ​នឹង​ដំបង​បណ្ដាល​ឱ្យ​រង​របួស​បែក​ក្បាល ​នៅ​ថ្ងៃ​ទី២០ ខែ​មករា​ ឆ្នាំ២០២០។
រូប៖ សកម្មជន​បក្សសង្គោះជាតិ

សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​រស់នៅសង្កាត់កាកាប១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ជិះ​ម៉ូតូ​ពី​ក្រោយ​លួច​វាយ​នឹង​ដំបង​បណ្ដាល​ឱ្យ​រង​របួស​បែក​ក្បាល​នៅ​ថ្ងៃ​ទី២០ ខែ​មករា​នេះ​។ សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ទៅ​សមត្ថកិច្ច​ស្រាវជ្រាវ​ករណី​នេះ ដោយ​កុំ​ប្រកាន់​និន្នាការ​នយោបាយ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ខៀវ ឌីន ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ធ្វើបាប​នោះ​កំពុង​សម្រាក​ព្យាបាល​ដោយ​របួស​លោក​ត្រូវ​ដេរ​អស់​ចំនួន ១០ថ្នេរ។ ក្រោយ​កើត​មាន​បញ្ហា​នេះ​លោក​ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ស្វែង​រក​ដៃ​ដល់​ដែរ។

ភរិយា លោក ខៀវ ឌីន ឲ្យ​អាស៊ី​សេរី​ដឹង​ថា ជន​សង្ស័យ​បាន​វាយ​ចំ​ក្បាល​ប្តី​លោក​ស្រី ដែល  បណ្ដាល​ឲ្យ​គាត់​រង​របួស​ធ្ងន់។ លោក​ស្រី​ឲ្យ​ដឹង​ថា មុន​កើត​ហេតុ​ប្តី​លោកស្រី​មិន​ដែល​មាន​ជម្លោះ​ជា​មួយ​អ្នក​ទេ។ លោកស្រី​ព្រួយ​បារម្ភ​ថា រឿង​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ​ព្រោះ​ស្វាមី​លោកស្រី​ធ្លាប់​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ស្រី​បន្ត​ទៀត កាល​ពី​គណបក្ស នេះ​មិន​ទាន់​ត្រូវ​បាន​រំលាយ ធ្លាប់​មាន​មន្ត្រី​បក្ស​កាន់​អំណាច​មក​ចរចា​ឲ្យ​ប្តី​លោក​ស្រី​ទៅ​ធ្វើការ​ជាមួយ​គេ ប៉ុន្តែ​គាត់​បាន​បដិសេធ៖ «គាត់ (លោក ខៀវ ឌីន) និយាយ​អត់​ទាន់​កើត​ផង​គាត់​ហ៊ឹង​ត្រចៀក ហើយ​វិល​មុខ ដេរ​ដប់​ថ្នេរ​អូន ត្រូវ​របួស​ពីរ​កន្លែង​ពេទ្យ​គេ​នៅ​ខាង​មុខ​ហ្នឹង​ផុង»

លោក ខៀវ ឌីន គឺជា​បេក្ខភាព​សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ​ភរិយា លោក ខៀវ ឌីន ប្រាប់​ថា ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​របប​ក្រុង​ភ្នំពេញ​រំលាយ លោក ខៀវ ឌីន មិន​បាន​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​ទៀត​ទេ។

អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក ម៉ន វុទ្ធី ឲ្យ​អាស៊ី​សេរី​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី២០ ខែ​មករា ថា ជំហាន​ដំបូង​សមត្ថកិច្ច​បាន​ឆែក​កាមារ៉ា​សុវត្ថិភាព​ឃើញ​ថា ជន​សង្ស័យ​មាន​គ្នា​ពីរ​នាក់​ធ្វើ​លួច​វាយ​ជន​រង​គ្រោះ​ពី​ក្រោយ។ លោក​បន្ត​ថា ម៉ូតូ​ជន​សង្ស័យ​ជិះ​ធ្វើ​សកម្មភាព​នោះ​គ្មាន​ស្លាក​លេខ​ទេ។ ទោះ​យ៉ាង​ណា​សមត្ថកិច្ច​រូប​នេះ​អះអាង​ថា លោក​នឹង​ខិតខំ​ស្រាវជ្រាវ​ករណី​នេះ ដើម្បី​យក​ជន​ល្មើស​មក​ផ្ដន្ទាទោស៖ «មើល​ទៅ​មិន​ទាន់​អាច​និយាយ​កំណត់ ឬ​មិន​កំណត់​ទេ ប៉ុន្តែ​យើង​នឹង​តាមដាន ស្អែក​ខ្ញុំ​ចុះ​ទៅ​ផ្ទាល់​ទៅ​ផ្ទះ​ជន​រង​គ្រោះ​នាំ​ជំនាញ​ទៅ ដើម្បី​សួរ​នាំ​គាត់​ឲ្យ​បាន​ច្បាស់លាស់​ជាង​ហ្នឹង ដើម្បី​បន្ត​ឈាន​រក​ជន​សង្ស័យ​ដែល​បង្ក​ហ្នឹង»

រាល់​ពេល​មាន​ករណី​លួច​វាយ​ធ្វើ​បាប​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ  អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន តែង​អះអាង​ថា សមត្ថកិច្ច​នឹង​នាំ​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​សំណុំរឿង​មួយ​ណា​ទាក់ ទង​នឹង​ការ​ធ្វើ​វាយ​ធ្វើ​បាប​សកម្មជន​គណបក្ស​ប្រឆាំង ដែល​សមត្ថកិច្ច​​ ចាប់​ខ្លួន​ជន​ដៃ​ដល់​បាន​នៅ​ឡើយ​ទេ។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ចាត់​ទុក​ករណី​ហិង្សា​នេះជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​លើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ចោទ​ប្រកាន់​ថា គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​ប្រព្រឹត្ត ព្រោះ​កន្លង​មក​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច លោក សុខ ឥសាន ធ្លាប់​និយាយ​ថា គណបក្ស​នេះ​បាន​ចិញ្ចឹម​ឆ្កែ​សម្រាប់​ខាំ​ក្បាល​ក្រុម​ចោរ និង​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ដែល​តែងតែ​មក​យាយី​បំផ្លាញ​ប្រទេស​ជាតិខ្មែរ៖ «នេះ​ជា​ការ​គំរាម​កំហែង​បំភិតបំភ័យ​ផ្នែក​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ»

អ្នកនាំពាក្យ​សមាគម អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ជំរុញ​ទៅ​សមត្ថកិច្ច​ស្រាវជ្រាវ និង​ចាប់ខ្លួន​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស ដើម្បី​ជៀសវាង​ការចោទប្រកាន់ និង​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ។ លោក​បន្ត​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ និង​ប្រទេស​មាន​សន្តិសុខ សុវត្ថិភាព មិន​គួរ​កើត​មាន​បញ្ហា​ដដែលៗ បែប​នេះ​ទេ៖ «បើ​សិន​ជា​ការ​ប្រើ​ហិង្សា​ក្នុង​ន័យ​រើសអើង​និន្នាការ​នយោបាយ ចំពោះ​សកម្មជន ដែល​គាំទ្រ​គណបក្ស​ជំទាស់​ហ្នឹង ជា​រូប​មួយ​អាក្រក់​ទី​មួយ​ខុស​ច្បាប់​ប្រទេស​កម្ពុជា។ ទី២ បង្ហាញ​សង្គម​កម្ពុជា​យើង​ធ្វើ​ឲ្យ​មាន​ការ​រើស​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​អាក្រក់​ទៅៗ»

នៅ​រយៈ​ពេល​ចុង​ក្រោយ​​នេះ​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​រូប​នៅ​រាជធានី​ភ្នំពេញ បាន​រង​អំពើ​ហិង្សា និង​ការ​តាម​ធ្វើបាប​ជា​ហូរហែ។ លោក ម៉ន ផល្លា ឱ្យ​ដឹង​ថា នេះ​ជា​ករណី​ទី១៤ ហើយ ដែល​សកម្មជន​គណបក្សសង្រ្គោះជាតិត្រូវជនមិនស្គាល់មុខវាយធ្វើបាប ហើយ​មិន​ទាន់​មាន​សំណុំ​រឿង​មួយ​ណា ត្រូវ​សមត្ថកិច្ច​បំបែក​បាន​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល