មេដឹកនាំ​របប​ភ្នំពេញ​ថា កំណើន​សេដ្ឋកិច្ច​នឹង​ធ្លាក់​ចុះ បើ​មាន​អភិបាលកិច្ច​ស្មោកគ្រោក

ដោយ វ៉ែន សុមេធ
2019-08-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ថ្លែង​ក្នុង​វេទិកា​នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩ នៅ​ប្រទេស​ស្វីស ​នា​ថ្ងៃ​ទី៣ ខែ​កក្កដា ឆ្នាំ​២០១៩។
លោក ហ៊ុន សែន ថ្លែង​ក្នុង​វេទិកា​នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩ នៅ​ប្រទេស​ស្វីស ​នា​ថ្ងៃ​ទី៣ ខែ​កក្កដា ឆ្នាំ​២០១៩។
រូបហ្វេសប៊ុកលោក ហ៊ុន សែន

មេដឹកនាំ​របប​ក្រុងភ្នំពេញ ប្រកាស​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​គ្មាន​កំណើន​ដល់​៧​ភាគរយ​នោះ​ទេ ប្រសិនបើ​មាន​អភិបាលកិច្ច​ស្មោកគ្រោក។ លោក ហ៊ុន សែន ជំរុញ​ឱ្យ​មន្ត្រី​ទាំងអស់​បន្ត​ខិតខំ​ដោះ ស្រាយ​បញ្ហា​រួមគ្នា ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច ៧​ភាគរយ​។ សង្គម​ស៊ីវិល លើកឡើង​ថា កម្ពុជា​ពុំ​ទាន់​មាន​អភិបាលកិច្ច​ល្អ​គ្រប់គ្រាន់​នោះ​ទេ ហើយ​កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ធ្លាក់​ចុះ ប្រសិនបើ ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ធ្វើឡើង​ក្នុង​ន័យ​នយោបាយ​គ្មាន​ឆន្ទៈ​ពិតប្រាកដ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា របប​របស់​លោក​ប្តេជ្ញា​រក្សា​កំណើន​សេដ្ឋកិច្ច ៧​ភាគរយ មិន​ឱ្យ​ធ្លាក់​ចុះ​នោះ​ទេ ទោះបីជា​ជួប​ឧបសគ្គ ឬ​បញ្ហា​ប្រឈម​អ្វី​ក៏ដោយ​។ លោក​បញ្ជាក់ ថា​ដើម្បី​រក្សា​លំនឹង​កំណើន​សេដ្ឋកិច្ច​បែបនេះ គឺ​ទាមទារ​ឱ្យ​មន្ត្រី​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់ ខិតខំ​ដោះស្រាយ​រាល់​បញ្ហា ឱ្យ​បាន​សកម្ម​ដើម្បី​ឱ្យ​មាន​អភិបាលកិច្ច​ល្អ​នៅ​ក្នុង​សង្គម៖ «យើង​ត្រូវ​បន្ត​ការ​ខិតខំ​។ យើង​មិន​អាច​ទទួល​កំណើន​សេដ្ឋកិច្ច​៧​ភាគរយ​បានទេ ប្រសិនបើ​បើ​អភិបាលកិច្ច​ស្មោកគ្រោក។ និយាយ​ដល់​អភិបាលកិច្ច វា​មិនមែន​គ្រាន់តែ​ទាក់ទង​នឹង​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ដែល​ទាក់ទង​នឹង​ថវិកា​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​វា​ទាក់ទង​ទាំងអស់​ជា​កញ្ចប់»

លោក ហ៊ុន សែន ថ្លែង​បែបនេះ ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​នាយ​នគរបាល​បន្តវេន នៅ​ព្រឹក​ថ្ងៃទី៥ សីហា។ ទន្ទឹម​នឹង​នេះ លោក​ក៏​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ខិតខំ​ទប់ស្កាត់ អំពើ​អសន្តិសុខ ដើម្បី​ធានា​ការ​អភិវឌ្ឍ​ជាតិ ជាពិសេស​ត្រូវ​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​កម្ពុជា​ក្លាយ​ជា ជម្រក​លាក់ខ្លួន​របស់ ពួក​ភេរវករ និង​កន្លែង​លាង​លុយ​កខ្វក់៖ «ធ្វើ​ម៉េច​កុំ​ឱ្យ​ប្រទេស​កម្ពុជា​យើង ក្លាយ​ទៅ​ជា​ជម្រក​នៃ​ការ​លាក់ខ្លួន​របស់​ភេរវកម្ម ទោះ​បី​ថា យើង​មិនមែន​ជា​គោលដៅ​វាយប្រហារ​ភេរវកម្ម តែ​ត្រូវ​ធ្វើ​ឱ្យ​កម្ពុជា កុំ​ឱ្យ​ក្លាយទៅជា​ប្រទេស​នៃ​ជម្រក ឬ​ការ​ឆ្លងកាត់​របស់​ពួក​ភេរវកម្ម​។ កុំ​ឱ្យ​ប្រទេស​របស់​យើង​ក្លាយទៅជា​កន្លែង​ដែល​សម្អាត​ប្រាក់ ព្រោះ​សំណុំ​បញ្ហា​គ្រឿងញៀន ការ​ជួញដូរ​គ្រឿងញៀន ការ​ជួញដូរ​អាវុធ ការ​លាង​លុយ​កខ្វក់ គឺ​វា​សំណុំរឿង​ទៅ​តែមួយ​។ យើង​ត្រូវ​ខិតខំ​ប្រយុទ្ធ​ប្រឆាំង​ទៅ​ហ្នឹង​បញ្ហា​ទាំងអស់​នេះ»

ទោះជា​យ៉ាងណា សង្គម​ស៊ីវិល យល់ថា កម្ពុជា​អាច​រក្សា​កំណើន​សេដ្ឋកិច្ច និង​សន្តិសុខ​ក្នុង​ប្រទេស​បាន ទាល់តែ​មេដឹកនាំ​របប​ក្រុងភ្នំពេញ មាន​ឆន្ទៈ​ពិតប្រាកដ មិនមែន​ធ្វើឡើង​ក្នុង​ន័យ​នយោបាយ​ឡើយ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា លោក សន ជ័យ លើកឡើង​ថា ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ និង​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា នៅ​មាន​ភាព​ទន់ខ្សោយ​នៅ​ឡើយ​។ លោក​កត់សម្គាល់​ថា កន្លង​មក សមត្ថកិច្ច​បង្ក្រាប​ការ​នាំ​ចូល​លុយ​គ្មាន​ប្រភព​ច្បាស់លាស់ បានតែ​តាម​ច្រក​ព្រលាន​យន្តហោះ​មួយ​ប៉ុណ្ណោះ​។ ចំពោះ​បញ្ហា​ពួក​ភេរវករ​វិញ ក៏​ធ្លាប់​មាន​ប្រវត្តិ​លាក់ខ្លួន​នៅ​កម្ពុជា​ដែរ ដោយសារតែ​ការគ្រប់គ្រង​ជនបរទេស​នៅ​មាន​ភាព​ធូរ​រលុង​ផង​ដែរ​។ ដូច្នេះ​លោក​នៅតែ​បារម្ភ​ថា រឿង​ទាំងអស់​នេះ នឹង​បន្ត​កើត​មាននៅ​កម្ពុជា​ដដែល៖ «យើង​មានការ​សង្ស័យ​ច្រើន​ទៅលើ​ការ​លាង​លុយ​កខ្វក់ ឬក៏​ការ​នាំ​ចូល​លុយ​មិន​មាន​ប្រភព​ច្បាស់លាស់ ដោយ​ជនបរទេស​តាមរយៈ​ផ្លូវទឹក​និង​ផ្លូវគោក។ហេតុ​អី? ឧទាហរណ៍​ថា គ្រឿងញៀន​អី​ក៏​គេ​ប្រើប្រាស់​មធ្យោបាយ​ផ្លូវគោក​ដែរ។ រឿង​នាំចូល​ទំនិញ​ឬក៏​រថយន្ត​អី គឺ​វា​ពាក់ព័ន្ធ​នឹង​សកម្មភាព​ខុសច្បាប់​ដូច​ជា​រថយន្ត​ខុសច្បាប់ អត់​ព័ន្ធ​ជាដើម​គឺ​គេ​មិនដែល​បង្ក្រាប​នៅ​តាម​ព្រំដែន ប៉ុន្តែ​គេ​បង្ក្រាប​បាន​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ឯណោះ»

កាល​ពី​ខែ​មេសា ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​ចាប់​ជនជាតិ​ចិន​៣​នាក់ ដែល​បាន​នាំចូល​លុយ​ជាង ៣​លាន ៥​សែន​ដុល្លារ​តាម​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។

ទាក់ទង​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក ហ៊ុន សែន ក្នុង​ការ​រក្សា​កំណើន​សេដ្ឋកិច្ច​វិញ លោក សន ជ័យ យល់​ថា វា​មិនទាន់​ប្រាកដប្រជា​ឡើយ ព្រោះ​អាច​ជា​ការ​លើកឡើង​តាម​បែប​ធម្មតា របស់​អ្នក​នយោបាយ ព្រោះ​ការ​ព្យាករណ៍​របស់​ធនាគារ​ពិភពលោក (World Bank ) និង​ធនាគារ​អភិវឌ្ឍន៍ អាស៊ី​(ADB) បង្ហាញ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ។

អ្នក​ជំនាញ​ខាង​គណនេយ្យភាព​សង្គម យល់ថា ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ មិន​ទាន់​មាន​អភិបាលកិច្ច​ល្អ​ប្រសើរ​នៅឡើយ ។ លោក​ថា ការអនុវត្ត​កម្មវិធី​គោលនយោបាយ​សេដ្ឋកិច្ច និង​រដ្ឋបាល​របស់​ស្ថាប័ន​សាធារណៈ ក្នុង​ការ​គ្រប់គ្រង​ដឹកនាំ និង​ចាត់ចែង​នូវ​កិច្ចការ​របស់​ប្រទេសជាតិ​នៅ​គ្រប់​កម្រិត​ទាំងអស់ មិន​ទាន់​មាន​តម្លាភាព គណនេយ្យភាព និង​ការ​ការ​ចូល​រួម​​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅឡើយ​ទេ៖ «អភិបាលកិច្ច​ល្អ គឺ​ចាប់ផ្ដើម​ពី​ការ​គិតគូរ​ភាពជា​អ្នកដឹកនាំ​ប្រកបដោយ​ក្រមសីលធម៌ ដែល​មានន័យថា រាល​ការសម្រេចចិត្ត​ទាំងឡាយ​របស់​អ្នកធ្វើ​គោល នយោបាយ​ឬ​អ្នកធ្វើការ​សម្រេចចិត្ត​ទៅលើ​កម្មវិធី​គោលនយោបាយ​របស់​រដ្ឋាភិបាល ត្រូវ​គិត​គួរ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ។ ខ្ញុំ​ឧទាហរណ៍​ថា មុននឹង​ផ្តល់​ដី​សម្បទាន ទៅ​ឱ្យ​ក្រុមហ៊ុន​បរទេស តើ​​រដ្ឋាភិបាល​បាន​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​ប៉ុណ្ណា​ហើយ​ធនធាន​សាធារណៈ​ឬ​ធនធានធម្មជាតិ​ដែល​ឱ្យ​ទៅ​ក្រុមហ៊ុន​នោះ ថា តើ​ក្រុមហ៊ុន​នោះ គេ​វិនិយោគ​ទៅ​ឱ្យ​រីកចម្រើន​សម្រាប់​ផល​ប្រយោជន៍​ដល់​ប្រជា ពលរដ្ឋ​ឬ​គេ​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ​ហើយ​ទី​បញ្ចប់​ទៅ​មាន​ពលរដ្ឋ​ជាប់គុក​ច្រវាក់​ដោយសារតែ​ជម្លោះ​បង្កឡើង​ដោយ​ក្រុមហ៊ុន​នោះ»

កាលពី​ខែ​មេសា ឆ្នាំ​២០១៩ កន្លងទៅ ធនាគារ​ពិភព​លោក​បាន​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ធ្លាក់​ចុះ​ពី ៧.% ក្នុង​ឆ្នាំ ២០១៨ មក​នៅ ៧% ក្នុង​ឆ្នាំ​២០១៩ ហើយ​និង​បន្ត​ធ្លាក់​ចុះ​ដល់ ៦.% ក្នុង​ឆ្នាំ​២០២០។ ហានិភ័យ និង​បញ្ហា​ប្រឈម​ចម្បងៗ​ ទាំងនោះ រួមមាន​៖ ការពិចារណា​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប ការពឹងផ្អែក​ខ្លាំង​ពេក​លើ​លំហូរ​ទុន​វិនិយោគ​ពី​ប្រទេស​ចិន ស្រប​ពេល​សេដ្ឋកិច្ច​ប្រទេស​នេះ​កំពុង​ជួបប្រទះ​នូវ​ការ​ធ្លាក់​ចុះ​រហ័ស​ជាង​ការ​រំពឹងទុក និង​បញ្ហា​នៃ​ការ​កើនឡើង​យ៉ាង​រហ័ស​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ ដែល​អាច​ជះឥទ្ធិពល​ទៅលើ​វិស័យ​ហិរញ្ញវត្ថុ​។

ចំណែក ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB វិញ ក៏​ព្យាករណ៍​ដូចគ្នា​ថា សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ចុះ​មក​នៅ ៧% ក្នុង​ឆ្នាំ​២០១៩ និង​បន្ត​ធ្លាក់​ចុះ​ដល់ ៦.% ក្នុង​ឆ្នាំ​២០២០ គឺ​ទាប​ជាង​ធនាគារ​ពិភពលោក​បន្តិច​។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​ខាងលើ​នេះ​ដែរ រួមផ្សំ​នឹង​កត្តា​គ្រោះ​រាំងស្ងួត​ក្នុង​ឆ្នាំ​២០១៩ ដែល​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​កសិកម្ម និង​ថាមពល​អគ្គិសនី ព្រមទាំង​បញ្ហា​នៃ​ការ​ខ្វះ​ធនធានមនុស្ស​មាន​ជំនាញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

If barbarism still controls will lead Cambodia to catastrophic

If,Cambodia have a high tech-information system"FB,YouTube" before 1970 and after 1970 till today there is no country of Cambodia became fallen into China commie's trapped as today"there are no Sihanouk,no Pol Pot,no Hun Sen/NVC as its today",and Cambodia would be free country and democracy,prosperity,stability and peace.

Aug 06, 2019 01:56 PM

គេហទំព័រ​ទាំងមូល