កម្ពុជា​នឹង​បន្ត​ផ្អាក​កម្មវិធី​ស្មុំ​កូន​ចិញ្ចឹម​ទៅ​បរទេស​រហូត​ដល់​ឆ្នាំ​២០១៤

ប្រទេស​កម្ពុជា បាន​បើក​ឱ្យ​មាន​កម្មវិធី​ស្មុំ​កូន​ដោយ​បរទេស ចាប់​តាំង​ពី​ឆ្នាំ​១៩៨៧។ ក៏ប៉ុន្តែ កន្លង​មក​ប៉ុន្មាន​ឆ្នាំ​នេះ រដ្ឋាភិបាល​បាន​ផ្អាក​កម្មវិធី​ជា​បណ្ដោះ​អាសន្ន។ រដ្ឋាភិបាល​នឹង​បន្ត​ផ្អាក​កម្មវិធី​ស្មុំ​កូន​ចិញ្ចឹម​អន្តរ​ប្រទេស ឬ​ទៅ​បរទេស រហូត​ដល់​ឆ្នាំ​២០១៤។
ដោយ ឡេង ម៉ាលី
2013-12-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិក្ខា​សាលា​ពិគ្រោះ​យោបល់​ស្ដីពី​ការ​ស្មុំ​កូន​ចិញ្ចឹម​អន្តរ​ប្រទេស ឬ​ទៅ​បរទេស នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៣។
សិក្ខា​សាលា​ពិគ្រោះ​យោបល់​ស្ដីពី​ការ​ស្មុំ​កូន​ចិញ្ចឹម​អន្តរ​ប្រទេស ឬ​ទៅ​បរទេស នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៣។
RFA/Leng Maly

មន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ឱ្យ​ដឹង​ថា ស្មុំ​កូន ឬ​ការ​សុំ​កូន​ចិញ្ចឹម​អន្តរ​ប្រទេស ឬ​ដោយ​ជន​បរទេស នឹង​ត្រូវ​ផ្អាក​បន្ត​រហូត​ដល់​ឆ្នាំ​២០១៤។ ក៏ប៉ុន្តែ មិន​ទាន់​មាន​កាល​កំណត់​ជាក់​លាក់​នៅ​នៅ​ឡើយ។

ព័ត៌មាន​នេះ ត្រូវ​បាន​បញ្ជាក់​ដោយ​រដ្ឋលេខាធិការ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា គឺ​លោក នឹម ថូត នៅ​ឯ​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​មួយ ពាក់ព័ន្ធ​នឹង​ច្បាប់​ស្ដីពី​កិច្ច​ការពារ​កុមារ និង​កិច្ច​សហប្រតិបត្តិការ​ស្មុំ​កូន​អន្តរ​ប្រទេស នៅ​ថ្ងៃ​ទី​៤ ធ្នូ។ លោក​ថា រដ្ឋាភិបាល​បាន​សម្រេច​បង្កើត​ឱ្យ​មាន​អាជ្ញាធរ និង​គណៈកម្មការ​ស្មុំ​កូន​អន្តរ​ប្រទេស​តាម​ច្បាប់ ស្ដីពី​ស្មុំ​កូន​អន្តរ​ប្រទេស​រួច​ហើយ ដោយ​នៅ​រង់ចាំ​ការ​អនុវត្ត។

លោក នឹម ថូត៖ «ការ​អនុវត្តន៍​ច្បាប់ យើង​បាន​សម្រេច​ថា អនុវត្ត​ថ្ងៃ​១ ខែ​១ ឆ្នាំ​២០១៣។ ប៉ុន្តែ​ដោយសារ​ការ​រៀប​ចំ​នីតិវិធី​មួយ​ចំនួន​អត់​ទាន់​ចប់។ ពិត​មែន​តែ​ភាគី​កម្ពុជា ម្ចាស់​ការ​រៀប​ចំ​ចប់​ហើយ ប៉ុន្តែ​យើង​ក៏​ត្រូវ​ការ​សាកសួរ​យោបល់​ពី​ឡាអេ ដែល​គេ​ហៅ​ថា​ការិយាល័យ​អចិន្ត្រៃយ៍​របស់​ឡាអេ នោះ ឱ្យ​គេ​មាន​យោបល់ ហើយ​ត្រូវ​ការ​យោបល់​ពី​ស្ថានទូត ឬ​ក៏​ពី​ភ្នាក់ងារ​សុំ​កូន​មួយ​ចំនួន ឱ្យ​គេ​រួម​យោបល់ ថា​តើ​អា​ហ្នឹង​អនុវត្ត​រួម​គ្នា​បាន​ដែរ​ឬ​អត់? ដូច្នេះ យើង​ប្ដេជ្ញា​ថា ឆ្នាំ​២០១៤ យើង​អនុវត្ត​ហើយ»

ច្បាប់​ស្ដីពី​ស្មុំ​កូន​អន្តរ​ប្រទេស​របស់​កម្ពុជា ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩។ ក៏ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ ច្បាប់​ស្ដីពី​ស្មុំ​កូន​អន្តរ​ប្រទេស​នៅ​មិន​ទាន់​បាន​អនុវត្ត​នៅ​ឡើយ​ទេ ដោយ លោក នឹម ថូត ថ្លែង​ថា បណ្ដាល​មក​ពី​រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​ធ្វើ​សេចក្ដី​ប្រកាស​ណែនាំ និង​បណ្ដុះ​បណ្ដាល​មន្ត្រី​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​នេះ។

កិច្ច​ពិគ្រោះ​យោបល់​ដែល​ក្រសួង​យុត្តិធម៌ និង​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា នេះ គឺ​ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​អនុវត្ត​អនុសញ្ញា​ទីក្រុង​ឡាអេ ឆ្នាំ​១៩៩៣ ស្ដីពី​កិច្ច​ការពារ​កុមារ និង​កិច្ច​សហប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង​ការ​ស្មុំ​កូន​អន្តរ​ប្រទេស សម្រប​សម្រួល​ដោយ​ការិយាល័យ​អចិន្ត្រៃយ៍​នៃ​សន្និសីទ​ក្រុង​ឡាអេ ទទួល​បន្ទុក​នីតិឯកជន​អន្តរជាតិ (HCCH) និង​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​របស់​ខ្លួន។

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ អ្នកស្រី ចាន់ សុទ្ធាវី មាន​ប្រសាសន៍​ថា សិក្ខា​សាលា​ពិគ្រោះ​យោបល់​រយៈពេល ២​ថ្ងៃ ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៤ ធ្នូ គឺ​ជា​ការ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ទាក់ទង​នឹង​ស្មុំ​កូន​នៅ​កម្ពុជា៖ «ដើម្បី​ធានា​នូវ​ការ​អនុវត្តន៍​ច្បាប់ ទើប​យើង​សហការ​រវាង​ក្រសួង​សង្គម​កិច្ច និង​ក្រសួង​យុត្តិធម៌ ដោយ​មាន​ការ​គាំទ្រ​ឧបត្ថម្ភ​ថវិកា​ពី​អង្គការ យូនីសែហ្វ នោះ ខិតខំ​ធ្វើ​យ៉ាង​ណា​រៀប​ចំ​នូវ​វគ្គ​បណ្ដុះ​បណ្ដាល​នេះ ហើយ​យើង​នឹង​ខិតខំ​វគ្គ​បណ្ដុះ​បណ្ដាល​ជា​បន្តបន្ទាប់​ទៀត។ ខ្ញុំ​សុំ​បញ្ជាក់​ថា រាល់​បញ្ញត្តិ​ច្បាប់​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ស្មុំ​កូន​ក្នុង​ស្រុក​ក្ដី ឬ​ស្មុំ​កូន​អន្តរ​ប្រទេស​ក្ដី គឺ​សុទ្ធ​តែ​ជា​បទ​បញ្ញត្តិ​មួយ ដែល​យើង​ខិតខំ​សម្រិតសម្រាំង​រៀប​ចំ​យ៉ាង​ណា ពិនិត្យ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នៅ​គ្រប់​ស្ថានភាព ដើម្បី​ធានា​ឱ្យ​បាន​ពេញលេញ​នៅ​ក្នុង​ការ​ការពារ​សិទ្ធិ​សេរីភាព​កុមារ ក៏​ដូច​ជា ឧត្ដម​ប្រយោជន៍​របស់​កុមារ ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​ទី​៣ នៃ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ​ផង​ដែរ»

សិក្ខា​សាលា​ពិគ្រោះ​យោបល់​នេះ មាន​អ្នក​ចូល​រួម​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌ និង​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ព្រម​ទាំង​ចៅក្រម​នៃ​តុលាការ​ខេត្ត​ក្រុង​ទាំង​២៣ និង​រាជធានី​ភ្នំពេញ ចំនួន ៦០​រូប។ សិក្ខា​សាលា​នេះ​ពិនិត្យ​ឡើង​វិញ​លើ​ទំនាក់ទំនង​រវាង​ស្មុំ​កូន​ក្នុង​ប្រទេស និង​ស្មុំ​កូន​អន្តរ​ប្រទេស និង​ការ​ចែក​រំលែក​ការ​អនុវត្តន៍​ល្អ​នៅ​ថ្នាក់​តំបន់ និង​អន្តរជាតិ។

តំណាង​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៃ​សន្និសីទ​ទីក្រុង​ឡាអេ លោក អានសែលម៉ូ រីយ៉េស (Anselmo Reyes) មាន​ប្រសាសន៍​ថា ចាំបាច់​ត្រូវ​តែ​មាន​កិច្ច​ការពារ​សំខាន់ៗ ដើម្បី​ធានា​ឱ្យ​មាន​ការ​គ្រប់គ្រង​ករណី​ស្មុំ​កូន​ឱ្យ​បាន​ត្រឹមត្រូវ​សិន មុន​នឹង​បើក​ឱ្យ​មាន​ស្មុំ​កូន​ជា​ថ្មី។

ប្រធាន​ស្ដីទី​នៃ​អង្គការ យូនីសែហ្វ (UNICEF) អ្នកស្រី ស៊ូណា គីម (Sunah Kim) ថ្លែង​ថា រដ្ឋ​ទទួល​កូន​ចិញ្ចឹម​ត្រូវ​បាន​ជំរុញ​ឱ្យ​សហការ និង​គាំទ្រ​ប្រទេស​កម្ពុជា ក្នុង​ការងារ​សំខាន់​នេះ តាម​រយៈ​ការ​ចាត់​វិធាន​ការ ដើម្បី​ធានា​ថា ចំនួន​ពាក្យ​ស្មុំ​កូន និង​ការ​ស្នើសុំ​ការ​អនុញ្ញាត​ពី​បរទេស មាន​ការ​បញ្ជាក់​ត្រឹមត្រូវ និង​អាច​គ្រប់គ្រង​ដោយ​អាជ្ញាធរ​កម្ពុជា។

លោក នឹម ថូត ថ្លែង​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៨៧ រហូត​មក​ដល់​ឆ្នាំ​២០០៩ ប្រទេស​កម្ពុជា បាន​កូន​ចិញ្ចឹម​ទៅ​បរទេស​ចំនួន​ជាង ៣​ពាន់ ៨​រយ​នាក់ (៣.៨០០​នាក់) ហើយ ហើយ​ប្រទេស​ដែល​សុំ​កូន​ខ្មែរ​ភាគ​ច្រើន គឺ​អ៊ីតាលី អាមេរិក បារាំង និង​អង់គ្លេស។ លោក​ថា មក​ទល់​ពេល​នេះ លោក​មិន​ទាន់​ឮ​ថា​កូន​ចិញ្ចឹម​មាន​បញ្ហា​ណា​មួយ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល