មេធាវី​ការពារ​ក្ដី​មន្ត្រី​សហជីព​កម្មករ​៨​នាក់​ស្នើសុំ​តុលាការ​ឲ្យ​កូន​ក្ដី​នៅ​ក្រៅ​ឃុំ

មេធាវី​ការពារ​ក្តី​ឲ្យ​ថ្នាក់​ដឹកនាំ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៨​នាក់ បាន​ដាក់​ពាក្យ​ទៅ​តុលាការ​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី៦ ខែ​មិថុនា ដើម្បី​សុំ​ធានា​កូន​ក្តី​របស់​ខ្លួន​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន បន្ទាប់​ពី​តុលាការ​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​សហជីព​ទាំង​នោះ​ក្នុង​ពន្ធនាគារ​ខេត្ត ពាក់ព័ន្ធ​នឹង​ការ​បង្ក​ហិង្សា និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​របស់​រោងចក្រ សាប្រ៊ីណា (Sabrina)។
ដោយ ទេព សុរ៉ាវី
2013-06-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​សមត្ថកិច្ច និង​កម្មករ​រោងចក្រ​កាត់ដេរ សាប្រ៊ីណា (Sabrina) នៅ​ខេត្ត​កំពង់ស្ពឺ ប៉ះ​ទង្គិច​គ្នា នៅ​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​២០១៣។
ក្រុម​សមត្ថកិច្ច និង​កម្មករ​រោងចក្រ​កាត់ដេរ សាប្រ៊ីណា (Sabrina) នៅ​ខេត្ត​កំពង់ស្ពឺ ប៉ះ​ទង្គិច​គ្នា នៅ​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​២០១៣។
IDEA Photo

ចៅក្រម​ស៊ើបសួរ​របស់​តុលាការ​ខេត្ត​កំពង់ស្ពឺ លោក ឆឹម ឬទ្ធី កំពុង​ពិចារណា​លើ​សំណើ​សុំ​ធានា​របស់​មេធាវី​ដែល​សុំ​ឲ្យ​កូន​ក្តី​របស់​ខ្លួន​ជា​ថ្នាក់​ដឹកនាំ​សហជីព​សេរី​កម្មករ ចំនួន ៨​នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ចំនួន ៣​ថ្ងៃ​មក​ហើយ៖ «ខ្ញុំ​កំពុង​តែ​ចំណាត់​ការ​តាម​នីតិវិធី​ច្បាប់។ ប៉ុន្តែ ត្រូវ​ពិចារណា​សិន»

តាម​នីតិវិធី ចៅក្រម​ស៊ើបសួរ​មាន​ពេល ៥​ថ្ងៃ ក្នុង​ការ​ពិចារណា​លើ​សំណើ​សុំ​ធានា​នៅ​ក្រៅ​ឃុំ​របស់​មេធាវី។

កម្មករ​រោងចក្រ​កាត់​ដេរ សាប្រ៊ីណា ជិត ១​ពាន់​នាក់ បន្ត​ឈរ​តវ៉ា​យ៉ាង​ស្ងៀមស្ងាត់​រយៈពេល ២​ថ្ងៃ​មក​ហើយ គិត​ត្រឹម​ថ្ងៃ​ទី៦ ខែ​មិថុនា នៅ​ខាង​មុខ​តុលាការ​ខេត្ត​កំពង់ស្ពឺ ដើម្បី​រង់ចាំ​ការ​សម្រេច​របស់​ចៅក្រម ថា​នឹង​អនុញ្ញាត​ឲ្យ​មន្ត្រី​សហជីព​របស់​ខ្លួន​ស្ថិត​នៅ​ក្រៅ​ឃុំ ឬ​យ៉ាង​ណា?

តុលាការ​ខេត្ត​បាន​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​សហជីព​សេរី​កម្មករ ៨​នាក់ ដាក់​ក្នុង​ពន្ធនាគារ​ខេត្ត ក្រោម​បទ​ចោទ​ចំនួន​២។ ទី១ ផ្ដើម​គំនិត​ឲ្យ​មាន​អំពើ​ហិង្សា​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស និង​ទី២ ផ្ដើម​គំនិត​ឲ្យ​មាន​ការ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស​តាម​មាត្រា​២៨ មាត្រា​២១៨ និង​មាត្រា​៤១១ ក្នុង​ក្រម​ព្រហ្មទណ្ឌ​ថ្មី។ ប្រសិន​បើ​តុលាការ​រក​ឃើញ​ពិរុទ្ធភាព​នៃ​បទ​ចោទ​ប្រកាន់​មែន មន្ត្រី​សហជីព​ទាំង​នោះ​អាច​ជាប់​ពន្ធនាគារ​ខ្ពស់​បំផុត ៥​ឆ្នាំ។

មេធាវី​ប្រចាំ​សហជីព​សេរី​កម្មករ លោក គុជ រដ្ឋា បញ្ជាក់​ថា ចៅក្រម​ស៊ើបសួរ​កំពុង​ពិចារណា​លើ​លិខិត​សុំ​ធានា​កូន​ក្តី​របស់​លោក។ ប៉ុន្តែ ចំពោះ​ការ​សម្រេច​យ៉ាង​ណា​នោះ គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម៖ «គាត់​គ្រាន់​តែ​ថា​ទទួល​ខុស​ត្រូវ​លើ​ការ​គ្រប់គ្រង​ស្ថានការណ៍​វា​អត់​បាន។ កម្មករ​មាន​ការ​ជ្រៀតជ្រែក​ទៅ វា​មាន​ហិង្សា​ជាមួយ​សមត្ថកិច្ច​ទៅ ហើយ​ខូចខាត​ទ្រព្យ​សម្បត្តិ​ខ្លះ។ ខ្ញុំ​បាន​លើក​ឲ្យ​តុលាការ ហើយ​ថា​អត់​មាន​ភស្តុតាង​ជាក់​លាក់​ថា​គាត់​ជា​អ្នក​បំផ្លិចបំផ្លាញ​ទេ តែ​មិន​ដឹង​នរណា»

រោងចក្រ សាប្រ៊ីណា បាន​ដាក់​ពាក្យ​ប្ដឹង​ទាមទារ​ចំពោះ​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ និង​ទារ​ថ្លៃ​ជំងឺ​ចិត្ត​ចំនួន ១៥​ម៉ឺន​ដុល្លារ ចំពោះ​មន្ត្រី​សហជីព​សេរី​កម្មករ ដែល​ក្រុមហ៊ុន​អះអាង​ថា ជា​អ្នក​ផ្ដើម​ឲ្យ​មាន​ការ​ផ្ទុះ​ហិង្សា​កើត​ឡើង នៅ​គ្រា​ដែល​កម្មករ​ជិត ២​ពាន់​នាក់ បាន​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ ១៤​ដុល្លារ​បន្ថែម កាល​ពី​ថ្ងៃ​ទី៣ ខែ​មិថុនា។

ការ​ផ្ទុះ​កូដកម្ម​នៅ​រោងចក្រ សាប្រ៊ីណា ដែល​ចាត់​ទុក​ជា​រោងចក្រ​គំរូ​លំដាប់​ផ្កាយ​៥ ខាង​ផ្នែក​គោរព​លក្ខខណ្ឌ​ការងារ កំពុង​ធ្វើ​ឲ្យ​សហជីព​ពីរ​ប្រចាំ​រោងចក្រ គឺ​សហជីព​សេរី​កម្មករ និង​សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា កំពុង​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ចំពោះ​ការ​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​កូដកម្ម ដែល​គ្រប់គ្រង​លែង​កើត​រហូត​ធ្វើ​ឲ្យ​មាន​ហិង្សា​កើត​ឡើង។

អនុប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក គង់ អាទិត្យ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី៦ ខែ​មិថុនា ដោយ​ទទូច​ឲ្យ​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ បញ្ចប់​ការ​ចោទ​ប្រកាន់​ទៅ​លើ​សហព័ន្ធ​សហជីព​របស់​លោក ដែល​ថា​អ្នក​នាំ​រឿង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង។ លោក​ព្រមាន​ថា ប្រសិន​បើ​លោក ជា មុនី នៅ​តែ​បន្ត​ធ្វើ​ការ​ចោទ​ប្រកាន់​ទៀត​នោះ នឹង​រឹត​តែ​បង្ក​ឲ្យ​ករណី​នេះ​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​ខាង​គណៈកម្មការ​សហជីព​លោក​នឹង​ដាក់​ពាក្យ​ប្ដឹង​លោក ជា មុនី៖ «គឺ​ស៊ីខាវដូ មិន​មាន​ការ​គុំគួន​ចង់​ឈ្នះ​ចង់​ចាញ់​ជាមួយ​សហជីព​សេរី​កម្មករ​ទេ អ្វី​ជា​សេចក្តី​ថ្លែងការណ៍​របស់​យើង គឺ​សូម​ឲ្យ​បញ្ចប់​អ្វី​ដែល​គាត់​បាន​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន ហើយ​សូម​ឲ្យ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ទាំងអស់​គ្នា និង​ស្វែង​រក​យុទ្ធសាស្ត្រ​ណា​ដែល​អាច​ធ្វើ​ការងារ​ជាមួយ​គ្នា»

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លោក ជា មុនី ដែល​បាន​ចោទ​ថា ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ពេល​ធ្វើ​កូដកម្ម​នៅ​រោងចក្រ សាប្រ៊ីណា ជា​ការ​រៀបចំ​ទុក​ជា​មុន​របស់​ក្រុមហ៊ុន​ជាមួយ​នឹង​សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា។

ភ្លាមៗ​នោះ សមាគម​កាត់​ដេរ​កម្ពុជា ក៏​បាន​ផ្ញើ​លិខិត​មួយ​ទៅ​រដ្ឋាភិបាល ដើម្បី​ធានា​ឲ្យ​ទំនុក​ចិត្ត​ដល់​វិនិយោគិន និង​ធ្វើ​ឲ្យ​ឧស្សាហកម្ម​កាត់​ដេរ​អាច​បន្ត​ផ្តល់​ឱកាស​ការងារ​ដល់​ពលរដ្ឋ​ប្រមាណ​ជាង ៥​សែន​នាក់ ដោយ​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់​ចំពោះ​អ្នក​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង ក្នុង​ពេល​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​រោងចក្រ សាប្រ៊ីណា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល