ពលរដ្ឋ​ធ្វើ​ពិធី​បន់ស្រន់​និង​ដាក់​ទំនាយ​មន្ត្រី​តុលាការ​ខេត្ត​ពោធិ៍សាត់

បន្ទាប់​ពី​ធ្វើ​ការ​តវ៉ា​ទាមទារ​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ការពារ​ដីធ្លី​របស់​ខ្លួន​អស់​រយៈពេល ៣​ថ្ងៃ តែ​ពុំ​ទទួល​បាន​លទ្ធផល ប្រជា​សហគមន៍​ក៏​បាន​នាំគ្នា​ធ្វើ​ពិធី​បន់ស្រន់ និង​ដាក់​ទំនាយ​ចំពោះ​មន្ត្រី​តុលាការ និង​អ្នក​រួម​គំនិត​ប្រឌិត​ភ័ស្ដុតាង​នៅ​ឯ​បូជនីយដ្ឋាន​លោកតា​ឃ្លាំងមឿង វិញ​ម្ដង។
ដោយ មណ្ឌល កែវ
2013-05-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ភូមិ​នាំគ្នា​បួងសួង និង​ដាក់​ទំនាយ​ចំពោះ​មន្ត្រី​តុលាការ​ខេត្ត​ពោធិ៍សាត់ និង​ដើម​បណ្ដឹង​ដែល​ប្ដឹង​លោក គុជ វេង នៅ​បូជនីយដ្ឋាន​លោកតា​ឃ្លាំងមឿង ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៣។
អ្នក​ភូមិ​នាំគ្នា​បួងសួង និង​ដាក់​ទំនាយ​ចំពោះ​មន្ត្រី​តុលាការ​ខេត្ត​ពោធិ៍សាត់ និង​ដើម​បណ្ដឹង​ដែល​ប្ដឹង​លោក គុជ វេង នៅ​បូជនីយដ្ឋាន​លោកតា​ឃ្លាំងមឿង ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៣។
RFA/Mondul Keo

ប្រជា​សហគមន៍​ប្រមាណ ១៥០​នាក់ បាន​លើក​គ្នា​ទៅ​ធ្វើ​ពិធី​បួង​សួង​សុំ​ឲ្យ​បារមី​លោកតា​ឃ្លាំងមឿង ជួយ​បន្ទន់​ចិត្ត​តុលាការ​ខេត្ត​ពោធិ៍សាត់ ព្រម​ដោះលែង​សកម្មជន​ដីធ្លី​ដែល​ពួក​គាត់​គោរព និង​ស្រឡាញ់៖ «(សំឡេង​បន់ស្រន់​របស់​អ្នក​ភូមិ) យើង​ខ្ញុំ​ទាំងអស់​គ្នា​សូម​ឲ្យ​លោកតា​ឃ្លាំងមឿង ជួយ​រក​យុត្តិធម៌​ឲ្យ។ សូម​ឲ្យ​លោកតា​ផ្ដន្ទាទោស​ចំពោះ​មន្ត្រី​តុលាការ និង​ដើម​បណ្ដឹង...»

តំណាង​សហគមន៍​ឃុំ​ក្បាលត្រាច អ្នកស្រី ឡោន ស៊ីវី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៤ ឧសភា ថា ប្រជា​សហគមន៍​បាន​សម្រេច​ចិត្ត​បញ្ឈប់​ការ​តវ៉ា​នៅ​មុខ​តុលាការ ហើយ​នាំគ្នា​ទៅ​ធ្វើ​ពិធី​បួងសួង និង​ដាក់​ទំនាយ​ចំពោះ​មន្ត្រី​តុលាការ​ដែល​បាន​ចាប់​លោក គុជ វេង ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌ តាម​បណ្ដឹង​ចោទ​ប្រកាន់​ដែល​គ្មាន​ភ័ស្ដុតាង​របស់​អ្នកស្រី អ៊ុំ ធារី ដោយ​មិន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត៖ «អា​ហ្នឹង​ដូច​យើង​ដាក់​បណ្ដាសា​អ៊ីចឹង បើ​យើង​អត់​យក​របស់​គេ​ទេ យើង​នឹង​បាន​សុខ។ ហើយ​អ្នក​ដែល​ចោទ​យើង​ដោយ​បំពាន នឹង​ត្រូវ​ទទួល​ទុក្ខ​វេទនា​ទៅ​តាម​ផល​កម្ម​ដែល​អ្នក​ឯង​បាន​កសាង​មក​លើ​គេ។ នេះ​ដោយសារ​យើង​ខ្ញុំ​អស់​ជម្រើស​ហើយ គឺ​មាន​តែ​ការ​បន់ស្រន់ និង​ដាក់​ទំនាយ​នេះ​ជា​ជម្រើស​ចុង​ក្រោយ​របស់​យើង​ខ្ញុំ»

ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក តន់ សីហតេជៈ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ការ​តវ៉ា​របស់​អ្នក​ភូមិ​មិន​ត្រូវ​ចំ​គោលដៅ​នោះ​ទេ។ ព្រះរាជ​អាជ្ញា​រូប​នេះ បញ្ជាក់​ថា ការ​ចាប់​ខ្លួន​លោក គុជ វេង មិន​មែន​ដោយសារ​បញ្ហា​ដីធ្លី​នោះ​ទេ តែ​គឺ​ចាប់​ពី​បទ​ឆបោក។ ដូច្នេះ ប្រសិន​បើ​អ្នក​ភូមិ​មាន​ភ័ស្ដុតាង ដែល​អាច​ជួយ​ដោះ​បន្ទុក​ឲ្យ​លោក គុជ វេង បាន​នោះ គឺ​គេ​គួរ​ផ្ដល់​មក​តុលាការ នោះ​ប្រសើរ​ជាង​ការ​នាំគ្នា​មក​ធ្វើ​ការ​តវ៉ា​នៅ​មុខ​តុលាការ​ដូច្នេះ៖ «ការ​តវ៉ា​នេះ​វា​ខុស​សាច់​រឿង មិន​មែន​រឿង​ដីធ្លី​ដូច​គេ​តវ៉ា​នោះ​ទេ គឺ​រឿង​ឆបោក តាម​បណ្ដឹង​ចោទ​របស់​អ្នកស្រី អ៊ុំ ធារី។ តែ​ពួក​គាត់​នៅ​តែ​មក​ដាក់​បន្ទុក​លើ​តុលាការ មក​ស្រែក​ថា តុលាការ​អ៊ីចេះ តុលាការ​អ៊ីចុះ ដូច​ជា​មក​ចោទ​ប្រកាន់​តុលាការ​ដោយ​ឥត​មាន​ហេតុផល»

យ៉ាង​នេះ​ក្ដី អ្នក​ភូមិ​នៅ​តែ​អះអាង​ថា លោក គុជ វេង មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ប្រជា​សហគមន៍​ទាំងអស់​ធ្លាប់​បាន​ដឹង​ពី​អត្តចរិត និង​ការ​រស់នៅ​របស់​លោក គុជ វេង ដោយ​ពួក​គេ​អះអាង​ថា លោក គុជ វេង ជា​មនុស្ស​ល្អ​ពុំ​មែន​ជា​ប្រភេទ​មនុស្ស​ឆបោក​គេ​នោះ​ឡើយ។

ប្រភព​ពី​អ្នក​ភូមិ បាន​ឲ្យ​ដឹង​ថា ថ្មីៗ​នេះ​លោក គុជ វេង បាន​ជួយ​អ្នក​ភូមិ ១១​គ្រួសារ ក្នុង​ការ​តវ៉ា​ពី​បញ្ហា​ដី​ដែល​មាន​ប័ណ្ណ​សម្គាល់​អចលនទ្រព្យ ឬ​ហៅ​ថា​ប័ណ្ណ​កម្មសិទ្ធិ​ដែល​វាស់វែង​ដោយ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ពេល​កន្លង​ទៅ​នោះ ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​ភាពីម៉ិច រំលោភ​យក ក៏​ស្រាប់​តែ​លោក​បាន​ត្រូវ​ចាប់​ខ្លួន​ដោយ​ចោទ​ពី​បទ​ឆបោក។ តែ​សង្គម​ស៊ីវិល និង​អ្នក​ភូមិ​យល់​ស្រប​គ្នា​ថា ជា​រឿង​មាន​ភាព​មិន​ប្រក្រតី។ ទន្ទឹម​គ្នា​នេះ ក៏​មាន​កាសែត​បរទេស​ខ្លះ​បាន​ផ្សាយ​ថា ការ​ចាប់​ខ្លួន​នេះ​ទំនង​ជា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​តស៊ូ​មតិ​របស់​លោក ដើម្បី​ជួយ​អ្នក​ភូមិ​ក្នុង​បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ភាពីម៉ិច នា​ពេល​កន្លង​ទៅ៖ «(សំឡេង​អ្នក​ភូមិ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក គុជ វេង) សូម​ឲ្យ​តុលាការ​ដោះលែង​លោក គុជ វេង ជា​បន្ទាន់។ លោក គុជ វេង គ្មាន​កំហុស​ដូច​គេ​ចោទ​ប្រកា​នោះ​ទេ...»

ទោះ​បី​ជា​ការ​តវ៉ា​របស់​តំណាង​សហគមន៍​មក​ពី​ឃុំ​នានា​ក្នុង​ស្រុក​ក្រគរ នៅ​មុខ​តុលាការ​បាន​បញ្ចប់ តែ​តំណាង​សហគមន៍​ទាំងអស់​បាន​ប្ដេជ្ញា​ថា​នឹង​មក​ជួយ​ធ្វើ​ជា​សាក្សី និង​ផ្ដល់​ភ័ស្ដុតាង​ពេល​តុលាការ​បើក​សវនាការ​នា​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ពី USA

Folks-You should get to the point-You have to eliminate Hun Sen and his corrupted clan from our society by voting for the opposition party (NRP)this coming July 28, 2013

May 24, 2013 09:07 PM

គេហទំព័រ​ទាំងមូល