អ្នក​ភូមិ​នៅ​ខេត្ត​ពោធិ៍សាត់​ផ្ដិត​មេដៃ​ទាមទារ​ឲ្យ​ដោះ​លែង​អនុ​ប្រធាន​ភូមិ​ម្នាក់

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស និង​ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​តាលោ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ បាន​ចោទ​ប្រកាន់​មន្ត្រី​តុលាការ​ខេត្ត​នេះ​ថា បាន​ចេញ​ដីកា​ឃុំ​ខ្លួន​ជន​សង្ស័យ​ដោយ​ខ្វះ​ការ​ស៊ើប​អង្កេត និង​គ្មាន​ភស្តុតាង​ដាក់​បន្ទុក។
ដោយ ជិន ជេដ្ឋា
2013-11-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី ផ្លុង សៀប ជា​ភរិយា​របស់ លោក ហួត ប៉ន ដែល​ត្រូវ​តុលាការ​ខេត្ត​ពោធិ៍សាត់ ចោទ​ប្រកាន់​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
អ្នកស្រី ផ្លុង សៀប ជា​ភរិយា​របស់ លោក ហួត ប៉ន ដែល​ត្រូវ​តុលាការ​ខេត្ត​ពោធិ៍សាត់ ចោទ​ប្រកាន់​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Chin Chetha

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ សម្រេច​ឃុំ​ខ្លួន​អនុ​ប្រធាន​ភូមិ និង​ជា​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ភូមិ​តាលោ ម្នាក់ ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ។

ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​តាលោ ចំនួន ៥១​នាក់ បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ដាក់​ជូន​តុលាការ​ខេត្ត​ពោធិ៍សាត់ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អនុ​ប្រធាន​ភូមិ​ម្នាក់​ឈ្មោះ ហួត ប៉ន ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា។

ភរិយា​របស់​ជន​សង្ស័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា បាន​រិះគន់​ចំៗ​ទៅ​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក ពេជ្រ ចិន្ដា ថា​បាន​ប្រើ​ពាក្យ​គំរោះគំរើយ និង​ខ្វះ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹម​ត្រូវ មុន​នឹង​សម្រេច​ឃុំ​ខ្លួន​ប្ដី​របស់​គាត់។

ករណី​ប្ដឹង​ផ្ដល់​គ្នា​ឡើង​ដល់​តុលាការ​នេះ ត្រូវ​បាន​ក្រុម​គ្រួសារ​ជន​សង្ស័យ​រៀប​រាប់​ឲ្យ​ដឹង​ថា នៅ​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១២ លោក ហួត ប៉ន បាន​ទៅ​កាប់​ស្លឹក​កូន​ត្នោត​បាត ដែល​ដុះ​នៅ​លើ​ដី​ប្រឡាយ​សាធារណៈ ហើយ​មាន​ធាង​លយ​ចូល​ទៅ​ក្នុង​ស្រូវ​របស់​គាត់​ចំនួន ៩​ដើម និង​បាន​កាប់​រំលំ​អស់​ចំនួន ២​ដើម។ ក្រោយ​មក ឈ្មោះ អាង សារិន រស់​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា បាន​អះអាង​ថា ដើម​ត្នោត​ទាំង ១១​ដើម ដែល លោក ហួត ប៉ន បាន​កាប់​នោះ គឺ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ហើយ​បាន​ប្ដឹង​ទៅ​សាលា​ឃុំ​តាលោ ដើម្បី​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ៣​លាន​រៀល​ក្នុង​ដើម​១​ដើម។ ក៏ប៉ុន្តែ ប្រាក់​សំណង​នេះ​ត្រូវ​បាន​ចុះ​មក​ត្រឹម ២៥​ម៉ឺន​រៀល​ក្នុង​១​ដើម។ ទោះ​ជា​យ៉ាង​ណា លោក ហួត ប៉ន មិន​ព្រម​បង់​ប្រាក់​តាម​ការ​ទាមទារ​នេះ​ឡើយ ទើប​ឈ្មោះ អាង សារិន ប្ដឹង​បន្ត​ទៅ​តុលាការ​ទៀត។

ភរិយា​ជន​សង្ស័យ អ្នកស្រី ផ្លុង សៀប មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​អ្នកស្រី និង​កូន​ស្រី​ម្នាក់ បាន​សុំ​លោក​សង្ឃ​ស្នាក់​នៅ​ក្នុង​វត្ត​ពាសញែក ដើម្បី​រង់ចាំ​ប្ដី​រហូត​ពេល​បាន​ចេញ​ពី​ពន្ធនាគារ។ អ្នកស្រី​បន្ត​ថា អ្នកស្រី​មាន​ការ​ឈឺ​ចាប់ នៅ​ពេល​ដែល​គ្រួសារ​របស់​គាត់​ជួប​នឹង​រឿង​អយុត្តិធម៌​បែប​នេះ៖ «យល់​ឃើញ​ថា វា​អយុត្តិធម៌​ពេក ចុះ​រឿង​ប៉ុណ្ណឹង ដើម​ត្នោត​ដុះ​នៅ​ក្នុង​ដី​ស្រែ​យើង ហើយ​វា​ធ្លាក់​មក​សង្កត់​ស្រូវ​រលួយ​ស្រូវ​ណា​ពូ។ ពួក​ខាង​ធ្វើ​ការ​ដូច​ជា​ពូ​ដូច​ជា អ៊ីចឹង​គ្រប់​គ្នា​ឲ្យ​ជួយ​សម្រុះ​សម្រួល ដើម្បី​ឲ្យ​ប្ដី​ខ្ញុំ​ឆាប់​ចេញ ខ្ញុំ​ពិបាក​រក​អ្វី​ប្រៀប​មិន​បាន​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក ពេជ្រ ចិន្ដា មាន​ប្រសាសន៍​ថា លោក​ពុំ​មាន​អ្វី​ដែល​ត្រូវ​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់ ឬ​ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល​នោះ​ទេ ក៏ប៉ុន្តែ​ករណី​នេះ លោក​កំពុង​តែ​បន្ត​ការ​ស៊ើប​សួរ៖ «អ៊ីចឹង ខ្ញុំ​ឆ្លើយ​ឲ្យ​ខ្លី​ថា គាត់​បាន​ទទួល​ស្គាល់​កំហុស​របស់​គាត់​ហើយ ក៏ប៉ុន្តែ​គាត់​មិន​ទទួល​ខុស​ត្រូវ​នូវ​អ្វី​ដែល​គាត់​ខុស​ហ្នឹង​ទេ។ ហើយ​ខ្ញុំ​សួរ​លោក​វិញ​ថា តើ​បើ​សិន​ជា​បណ្ដោយ​ឲ្យ​នៅ​ក្នុង​សង្គម​យើង​ដើរ​កាប់​បំផ្លាញ​របស់​គេ ហើយ​អត់​ទទួល​ស្គាល់​កំហុស​ខ្លួន​ឯង ប្រទេស​ហ្នឹង​មិន​ក្លាយ​ទៅ​ជា​ប្រទេស​អនាធិបតេយ្យ អ៊ីចឹង​បង្កើត​ច្បាប់​មក​ធ្វើ​អ្វី»

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​ចៅក្រម ឬ​ព្រះរាជ​អាជ្ញា​ចាត់​ការ​ទៅ​លើ​រឿង​ក្ដី​អ្វី​មួយ​ដោយ​ខ្វះ​ខាត​នីតិវិធី ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​បង់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ៖ «យើង​ឃើញ​ថា ករណី​នេះ​ការ​ឃុំ​ខ្លួន​របស់​ចៅក្រម គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម ក៏ប៉ុន្តែ​ក្នុង​ករណី​នេះ យើង​ថា​ចៅក្រម​ធ្វើ​ការ​ឃុំ​ខ្លួន​ដោយ​កង្វះ​សាក្សី កង្វះ​ភស្តុតាង​ដាក់​បន្ទុក ហើយ​អត់​ធ្វើ​ការ​ស៊ើប​អង្កេត​ទាល់​តែ​សោះ ហើយ​ការ​ឃុំ​ខ្លួន គឺ​គ្រាន់​តែ​សម្រាប់​ឲ្យ​ភាគី​បង់​ប្រាក់​ប៉ុណ្ណោះ»

ក្រោយ​ពី​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ទៅ​លើ​រូប លោក ហួត ប៉ន មាន​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​តាលោ ឃុំ​តាលោ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ជា​ច្រើន​នាក់ បាន​ផ្ដិត​មេដៃ និង​ឡើង​មក​តវ៉ា​នៅ​ខាង​មុខ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ដើម្បី​សុំ​ឲ្យ​ដោះ​លែង លោក ហួត ប៉ន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

This guy dear to arrest Hun Sen and it(his) family that(who) sale khmer properties?

Nov 28, 2013 10:49 PM

គេហទំព័រ​ទាំងមូល