អ្នក​ភូមិ​នៅ​កំពង់ឆ្នាំង​ចោទ​តុលាការ​ថា​លំអៀង​ទៅ​រក​អ្នក​មាន​ប្រាក់

ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​រវាង​អ្នក​ភូមិ​ឡពាង ជាមួយ​ក្រុមហ៊ុន​ខេឌីស៊ី (KDC International) ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ​នោះ បាន​កម្រើក​ឡើង​វិញ បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​អ្នក​ភូមិ​ឡពាង ឲ្យ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​តាម​បណ្ដឹង​ចោទ​ប្រកាន់​របស់​តំណាង​ភាគី​ក្រុមហ៊ុន។
ដោយ មណ្ឌល កែវ
2013-03-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៤-មករា-២០១១៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡពាង ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង យំ​ស្រែក​ពេល​ត្រូវ​ក្រុមហ៊ុន ខេ.ឌី.ស៊ី. អន្តរជាតិ ឈូស​រំលំ​ផ្ទះសម្បែង​របស់​គាត់។
៤-មករា-២០១១៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡពាង ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង យំ​ស្រែក​ពេល​ត្រូវ​ក្រុមហ៊ុន ខេ.ឌី.ស៊ី. អន្តរជាតិ ឈូស​រំលំ​ផ្ទះសម្បែង​របស់​គាត់។
RFA/Mondulkeo

ប្រជាពលរដ្ឋ​បាន​ចាត់​ទុក​បណ្ដឹង​នេះ​ថា ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ពី​សំណាក់​អ្នក​មាន​ប្រាក់​មាន​អំណាច បំភិតបំភ័យ​ប្រជាពលរដ្ឋ​ក្រីក្រ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២១ ខែ​កុម្ភៈ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​អ្នក​ភូមិ​ឡពាង ២​នាក់​ចូល​ឆ្លើយ​បំភ្លឺ​ពី​ករណី​ដែល​ក្រុមហ៊ុន​ខេឌីស៊ី ប្ដឹង​ចោទ​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស និង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់​កាប់​អចលនទ្រព្យ​ដោយ​សុចរិត។

អ្នក​ភូមិ​ឡពាង ឈ្មោះ ផេង រ៉ុម បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី៤ ខែ​មីនា ថា អ្នក​ភូមិ​ឡពាង បាន​រងគ្រោះ​បាត់​បង់​ដីធ្លី ហើយ​ឥឡូវ​កំពុង​រងគ្រោះ​ដោយ​ប្រព័ន្ធ​តុលាការ​ដែល​លំអៀង​ទៅ​រក​តែ​អ្នក​មាន​ប្រាក់ និង​មាន​អំណាច​ទៀត។ លោក​បន្ត​ថា អ្នក​ភូមិ​មិន​បាន​លក់​ដី​ឲ្យ​ក្រុមហ៊ុន​ខេឌីស៊ី ទេ តែ​ក្រុមហ៊ុន​បាន​ធ្វើ​ប្លង់​ព័ទ្ធ​យក​តែ​ម្ដង។ លោក​បាន​ចាត់​ទុក​បណ្ដឹង​នេះ​ថា ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ក្នុង​បំណង​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ក្រីក្រ ពី​សំណាក់​អ្នក​មាន​ប្រាក់ និង​មាន​អំណាច។

ឈ្មោះ ផេង រ៉ុម៖ «ពួក​ខ្ញុំ​បាន​ដាក់​ពាក្យ​បង្អាក់​នៅ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ដោយ​បាន​បង់​ពន្ធ​ប្រដាប់​ក្ដី​គ្រប់គ្រាន់។ ស្រាប់​តែ​ឥឡូវ ឃើញ​សាលា​ដំបូង​រាជធានី ចេញ​ដីកា​បង្គាប់​ឲ្យ​ខ្ញុំ​ចូល​ខ្លួន ខ្ញុំ​ឆ្ងល់​ណាស់​រឿង​ហេតុ​កើត​នៅ​ឯណេះ​សោះ តែ​សាលា​ដំបូង​រាជធានី បង្គាប់​ឲ្យ​ចូល​ទៅ​ណោះ​វិញ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​ខេឌីស៊ី គឺ​លោក ថៃ ហ៊ី បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី៤ មីនា។ ចំណែក​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក តែ សំអាង ក៏​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ដែរ នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ។

អនុប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា អាដហុក (Adhoc) លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ គួរ​ពន្លឿន​ការ​ដោះស្រាយ​ករណី​ទំនាស់​ដីធ្លី​នៅ​ភូមិ​ឡពាង នេះ។ លោក​ថា ការ​អូស​បន្លាយ​ករណី​ទំនាស់​ដីធ្លី​នៅ​ភូមិ​ឡពាង បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ធ្លាក់​ខ្លួន​ក្នុង​ភាព​ក្រីក្រ និង​គ្រោះ​ទុរ្ភិក្ស ព្រោះ​អ្នក​ភូមិ​សុទ្ធ​តែ​ជា​កសិករ​ក្រីក្រ ដែល​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​ធ្វើ​ស្រែ​ចម្ការ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។

លោក ចាន់ សុវ៉េត៖ «បើ​គិត​ជា​ឆ្នាំ វា​ចូល​ជិត ១០​ឆ្នាំ​ហើយ។ គ្មាន​នរណា​លេច​មុខ​មក​ធ្វើ​ការ​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​សោះ។ អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ និង​ភ័យ​ខ្លាច​នោះ គឺ​ការ​បាត់​បង់​ដីធ្លី​របស់​ប្រជាពលរដ្ឋ ទី២​គាត់​ត្រូវ​បាត់​បង់​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​នូវ​យុត្តិធម៌ ហើយ​ទី៣ គឺ​គាត់​បាត់​បង់​ការ​ចិញ្ចឹម​បីបាច់​គ្រួសារ​គាត់»

កាល​ពី​ចុង​ឆ្នាំ​២០១១ អ្នក​ភូមិ​ឡពាង បាន​ដាក់​បណ្ដឹង​សុំ​ធ្វើ​ការ​គ្រប់គ្រង​ដី​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ខេឌីស៊ី វិញ ហើយ​តុលាការ​ក៏​បាន​បញ្ចប់​នីតិវិធី និង​ត្រៀម​ដំណើរ​ការ​ទាញ​ហេតុផល​ផ្ទាល់​មាត់​ផង​ដែរ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា ដោយ​តុលាការ​រាជធានី​កំពុង​ដំណើរ​ការ​បណ្ដឹង​រដ្ឋប្បវេណី ដែល​អ្នក​ភូមិ​ឡពាង បាន​ប្ដឹង​ភាគី​ក្រុមហ៊ុន​ខេឌីស៊ី នោះ ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​របស់​តុលាការ​រាជធានី​ភ្នំពេញ មិន​អាច​មាន​សុពលភាព​ផ្លូវ​ច្បាប់​បាន​ទេ បើ​យោង​តាម​មាត្រា​៣៤៣ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

Nick

Court is created to protect human beings that can't protect themselves. But court in Cambodia is created to punish the poors and powerless, and protect the riches and powerful. Justice in Cambodia is Justice for sale and on sale. Hurry Up

Mar 05, 2013 03:44 PM

ស្ទឹងសង្កែ

ពី បាត់ដំបង

នេះហើយប្រព័ន្ធយុត្តិធម៌នៅក្នុងសង្គមដែលរដ្ឋាភិបាលតែងអៈអាងថាជានីតិរដ្ឋ,គោរពសិទ្ធមនុស្ស​ និងប្រជាធិប្បតេយ្យ ដែលរាស្រ្តតែងហូរទឹក ក្តៅក្រហាយ ប្រទេចផ្តាសារឲ្យអ្នកដែលប្រព្រឹតចំពោះពួកគាត់ទទួលនូវទុក្ខវេទនាដូចពួកគាត់ដែលបានទទួល ។

Mar 05, 2013 05:05 AM

គេហទំព័រ​ទាំងមូល