ពលរដ្ឋ​រិះគន់​ចៅក្រម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់​ថា​ឃុំ​ជន​សង្ស័យ​មិន​ត្រឹមត្រូវ

ដោយ ជិន ជេដ្ឋា
2014-12-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ និង​តំណាង​សហគមន៍ កំពុង​អង្គុយ​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ដើម្បី​រង់ចាំ​ស្ដាប់​លទ្ធផល​សវនាការ​លោក គុជ វេង កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៣។
ប្រជាពលរដ្ឋ និង​តំណាង​សហគមន៍ កំពុង​អង្គុយ​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ដើម្បី​រង់ចាំ​ស្ដាប់​លទ្ធផល​សវនាការ​លោក គុជ វេង កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA/Chhin Chetha

មន្ត្រី​សិទ្ធិ​មនុស្ស និង​ប្រជាពលរដ្ឋ រិះគន់​ចៅក្រម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​បណ្ដោះអាសន្ន។

ការ​រិះគន់​នេះ បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ លោក ពេជ្រ ចិន្ដា សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បី​នាក់ ហើយ​បាន​ដោះ​លែង​ភ្លាមៗ​បន្ទាប់​មាន​អន្តរាគមន៍​របស់​អភិបាល​ខេត្ត​ពោធិ៍សាត់ ប៉ុន្តែ​ចៅក្រម​នៅ​តែ​បន្ត​កោះ​ហៅ​អាជីវករ​ចំនួន​ពីរ​នាក់​បន្ថែម​ទៀត ទៅ​បំភ្លឺ​ក្នុង​សំណុំ​រឿង​ដីធ្លី​ដូច​គ្នា​នេះ។

ក្រុម​គ្រួសារ និង​ជន​ត្រូវ​ចោទ​ក្នុង​សំណុំ​រឿង​រំលោភ​លើ​ដី​កម្មសិទ្ធិ​ឯកជន ដែល​នឹង​ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខ​លោក​ចៅក្រម ពេជ្រ ចិន្ដា នៅ​រសៀល​ថ្ងៃ​ទី​១៧ និង​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៤ បារម្ភ​ខ្លាច​តុលាការ​ឃុំ​ខ្លួន​ក្រោយ​ចូល​ទៅ​បំភ្លឺ។ ពួក​គេ​បញ្ជាក់​ថា ចៅក្រម​ពុំ​មាន​សំអាង​ហេតុ ឬ​ភស្តុតាង​ដាក់​បន្ទុក​ត្រឹមត្រូវ ប៉ុន្តែ​បាន​សម្រេច​ឃុំ​ខ្លួន លោក អេង សំ ដែល​ជា​ចុង​ចម្លើយ​ម្នាក់​ក្នុង​សំណុំ​រឿង​នេះ។

ជា​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​បឹងខ្នារ ស្រុក​បាកាន និង​ជា​ជន​ត្រូវ​ចោទ​ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ អ្នកស្រី ចិន ស្រីមុំ មាន​ប្រសាសន៍​ថា អ្នកស្រី និង​អាជីវករ​ម្នាក់​ទៀត​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​កាល​កំណត់ បើ​ទោះ​បី​ជា​ភ័យ​ខ្លាច​គេ​ចាប់​ខ្លួន​ក៏ដោយ។ អ្នកស្រី​ថា គ្រួសារ​អ្នកស្រី​បាន​រស់នៅ និង​លក់​ដូរ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​តាំង​ពី​ឆ្នាំ​១៩៩០ ហើយ​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ​ឃុំ៖ «រស់នៅ និង​លក់​ដូរ​មិន​ដែល​មាន​នរណា​រក​រឿង​ទេ ទើប​តែ​ឥឡូវ​ឈ្មោះ សូ យឿន មក​ប្ដឹង​ថា​ដី​នេះ​ជា​ដី​ឯកជន​របស់​គាត់។ វា​អយុត្តិធម៌ ព្រោះ​លោក​ចៅក្រម ពេជ្រ ចិន្ដា មិន​មើល​ឯកសារ​ដែល​ខ្ញុំ​មាន​ទេ»

អាជីវករ​លក់​ដូរ​ផ្សារ​បឹងខ្នារ​ចំនួន​បី​នាក់ គឺ​លោក អេង សំ អ្នកស្រី ចិន ស្រីមុំ និង​អ្នកស្រី ចាន់ សុខេង ត្រូវ លោក សូ យឿន ចាប់​ផ្ដើម​សើរើ​រឿង​ដីធ្លី និង​ប្ដឹង​ទៅ​តុលាការ​កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០១៤ ដោយ​ចោទ​អ្នក​ទាំង​បី​ថា បាន​រំលោភ​យក​ដី​កម្មសិទ្ធិ​របស់​គាត់។ ចំណែក​អាជីវករ​បញ្ជាក់​ថា ពួក​គេ​ទាំង​បី​នាក់​បាន​កាន់​កាប់ និង​លក់​ដូរ​នៅ​លើ​ដី​ទំហំ​ប្រហែល ២០​ម៉ែត្រ​ការ៉េ​ជាច្រើន​ឆ្នាំ​មក​ហើយ ថែម​ទាំង​មាន​អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​ថា ដី​នេះ​ជា​ដី​ផ្សារ​កម្មសិទ្ធិ​របស់​រដ្ឋ តែ​ចៅក្រម​មិន​ស្ដាប់​ការ​ពន្យល់​ឡើយ។

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៤ លោក​ចៅក្រម ពេជ្រ ចិន្ដា បាន​សាកសួរ និង​សម្រេច​ឃុំ​ខ្លួន លោក អេង សំ ប៉ុន្តែ​បាន​ដោះ​លែង​វិញ​បន្ទាប់​ពី​មាន​ពលរដ្ឋ​ប្រមាណ ៥០​នាក់ នាំ​គ្នា​តវ៉ា និង​សុំ​អន្តរាគមន៍​ពី​អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង លោក អេង សំ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ដើម​បណ្ដឹង លោក សូ យឿន និង​លោក​ចៅក្រម ពេជ្រ ចិន្ដា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​ធ្នូ។

ប៉ុន្តែ ប្រធាន​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក ថោង អុល ថ្លែង​បញ្ជាក់​ថា ការ​សម្រេច​ឃុំ​ខ្លួន ឬ​មាន​វិធានការ​យ៉ាង​ណា​នោះ គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សំណុំ​រឿង ឬ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម។ ចំពោះ​ការ​រិះគន់​ពី​សំណាក់​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​លើ​នីតិវិធី​របស់​ចៅក្រម​វិញ លោក​គ្រាន់​បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​មិន​អាច​ឆ្លើយ​ជំនួស​ចៅក្រម​កាន់​សំណុំ​រឿង​នីមួយៗ​បាន​ឡើយ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា កត់​សម្គាល់​ថា កន្លង​ទៅ លោក​ចៅក្រម ពេជ្រ ចិន្ដា បាន​ដំណើរ​ការ​នីតិវិធី​ក្នុង​ដំណាក់​កាល​ស៊ើបសួរ​មាន​ភាព​មិន​ប្រក្រតី​ច្រើន និង​ឈាន​ដល់​ការ​ឃុំ​ខ្លួន​ជន​សង្ស័យ​ដោយ​គ្មាន​ភស្តុតាង​ដាក់​បន្ទុក​ត្រឹមត្រូវ រួច​សំអាង​លើ​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម។ លោក​នឹង​តាម​ដាន​លើ​ចំណាត់​ការ​របស់​ចៅក្រម​ក្នុង​សំណុំ​រឿង​នេះ​បន្ត​ទៀត៖ «គាត់ (ចៅក្រម ពេជ្រ ចិន្ដា) មិន​បាន​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​ពេញ​លេញ​ទេ គាត់​អត់​ដឹង​ធ្វើ​ម៉េច អាង​អី​ឃុំ​ខ្លួនៗ អ៊ីចឹង​ហើយ​ធ្វើ​ឲ្យ​អ្នក​ផ្សេងៗ​ទៀត​ដែល​ត្រូវ​ខ្លួន ១៧ និង ១៨ (ខែ​ធ្នូ) ភ័យ​ខ្លាច»

កាល​ពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៣ លោក​ចៅក្រម ពេជ្រ ចិន្តា ក៏​ធ្លាប់​រង​នូវ​ការ​រិះគន់​ខ្លាំងៗ​ពី​ពលរដ្ឋ និង​សង្គម​ស៊ីវិល​ម្ដង​ដែរ ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​អនុប្រធាន​ភូមិ​តាលោ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ឈ្មោះ ហួត តន អាយុ ៧៤​ឆ្នាំ អស់​រយៈពេល​បី​ថ្ងៃ ក្រោម​បទ​ចោទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ក្រោយ​ពី​បាន​កោះ​ហៅ​ទៅ​សាកសួរ​ចំនួន​បី​ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល