សហគមន៍​ព្រៃ​ឈើ​ភ្នំ​ដងរែក​រិះគន់​តុលាការ​ខេត្ត​ឧត្តរមានជ័យ​ថា​មាន​ចំណាត់​ការ​យឺតយ៉ាវ

ដោយ ហង្ស សាវយុត
2016-12-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​ឧត្ដរមានជ័យ។
ផែនទី​ខេត្ត​ឧត្ដរមានជ័យ។
Photo: RFA

សហគមន៍​ការពារ​ព្រៃ​ឈើ​ភ្នំ​ដងរែក​សម្រែក​ព្រៃ​ស្រស់ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​គោកខ្ពស់ ស្រុក​បន្ទាយអំពិល កំពុង​រង់ចាំ​ចំណាត់​ការ​ផ្លូវ​ច្បាប់​របស់​តុលាការ​ខេត្ត​ឧត្តរមានជ័យ ទៅ​លើ​ជន​មួយ​ក្រុម​ដែល​បាន​គំរាម​សម្លាប់​សមាជិក​សហគមន៍​ព្រៃ​ឈើ​នោះ ថា​តើ​មាន​យុត្តិធម៌​យ៉ាង​ណា?

ការ​រង់ចាំ​យុត្តិធម៌​នេះ​មាន​រយៈពេល ៦​ខែ​ហើយ បន្ទាប់​ពី​មនុស្ស ១​ក្រុម ដែល​មាន​ទាហាន និង​ប៉ូលិស​ខ្លះ​ផង បាន​កាង​គ្រឿងចក្រ​ទៅ​ឈូស​រំលោភ​ចូល​ដី​ព្រៃ ព្រម​ទាំង​គំរាម​សម្លាប់ ធ្វើ​ឲ្យ​សហគមន៍​ដាក់​បណ្ដឹង​ទៅ​កាន់​តុលាការ ដើម្បី​រក​យុត្តិធម៌។

តំណាង​សហគមន៍​ការពារ​ព្រៃ​ឈើ​ភ្នំ​ដងរែក​សម្រែក​ព្រៃ​ស្រស់ នៅ​ស្រុក​បន្ទាយអំពិល បាន​រិះគន់​តុលាការ​ខេត្ត​ឧត្តរមានជ័យ ថា​ហាក់​មាន​ចេតនា​មិន​ចង់​ដោះស្រាយ​ទៅ​លើ​បណ្ដឹង​ប្រឆាំង​មនុស្ស ១​ក្រុម ដែល​បាន​គំរាម​សម្លាប់​លើ​សមាជិក​សហគមន៍​ការពារ​ព្រៃ​ឈើ​នោះ​ទេ។

ការ​រិះគន់​របស់​តំណាង​សហគមន៍​ការពារ​ព្រៃ​ឈើ​នេះ បន្ទាប់​ពី​គេ​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​មនុស្ស ១​ក្រុម មាន​ទាហាន និង​ប៉ូលិស​ខ្លះ តាំង​តែ​ពី​អំឡុង​ខែ​មិថុនា មក ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ តុលាការ​មិន​ទាន់​មាន​ចំណាត់​ការ​អ្វី​នៅ​ឡើយ។

ប្រធាន​សហគមន៍​ការពារ​ព្រៃ​ឈើ​ភ្នំ​ដងរែក​សម្រែក​ព្រៃ​ស្រស់ គឺ​លោក ត្រេន ត្រៃ។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​ធ្នូ ថា​អ្នក​មាន​លុយ​ម្នាក់​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ដោយ​មាន​មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​បន្សាយរាក់ ម្នាក់​ឈ្មោះ ពីស រ៉ាពឿង ទាហាន និង​ប៉ូលិស​ខ្លះ​ទៀត​នៅ​កាង​ពី​ក្រោយ​ផង។ ក្រុម​ទាហាន​ប៉ូលិស​ដែល​កាង​អ្នក​មាន​លុយ​នោះ បាន​ទៅ​បណ្ដេញ​ប្រជាពលរដ្ឋ​ចំនួន ៣​គ្រួសារ​ដែល​រស់នៅ​ក្នុង​ព្រៃ​សហគមន៍ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​សហគមន៍​ជាច្រើន​នាក់​ទៅ​ដល់ ហើយ​ហាមឃាត់​មិន​ឲ្យ​គ្រឿងចក្រ​ឈូស​ដី​ព្រៃ​នោះ គឺ​ឈ្មោះ ពីស រ៉ាពឿង បាន​គំរាម​ដល់​ជីវិត​សហគមន៍​ការពារ​ព្រៃ​ឈើ។

លោក ត្រេន ត្រៃ បញ្ជាក់​ថា ចាប់​តាំង​ពី​ខែ​មិថុនា មក រូប​លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​ឧត្តរមានជ័យ ពី​បទ​គំរាម​សម្លាប់​សហគមន៍​នោះ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ តុលាការ​ហាក់​យឺតយ៉ាវ​ក្នុង​ការ​រក​យុត្តិធម៌៖ «ពាក្យ​បណ្ដឹង​ខ្ញុំ​ហ្នឹង អត់​មាន​តុលាការ​ដោះស្រាយ​ឲ្យ​ទេ។ តាម​ដឹង​ថា​ចៅហ្វាយ​ខេត្ត​បាន​លូក​ដៃ​ដោះស្រាយ​រឿង​នេះ»

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​តុលាការ​ខេត្ត​ឧត្តរមានជ័យ លោក អ៊ាត ផល្លា ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​ការ​រិះគន់​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ។

ចំណែក​អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី បាន​ប្រតិកម្ម​ឆ្លើយតប​ចំពោះ​បញ្ហា​ដែល​ថា រូប​លោក​ជា​អ្នក​លូក​ដៃ​ដោះស្រាយ​ចំពោះ​បណ្ដឹង ដែល​គំរាម​សម្លាប់​សហគមន៍​ការពារ​ព្រៃ​ឈើ​នោះ។ លោក ស ថាវី បដិសេធ​ថា លោក​មិន​ដែល​បាន​ដឹង​រឿង​ដែល​សហគមន៍​ការពារ​ព្រៃ​ឈើ​ភ្នំ​ដងរែក​សម្រែក​ព្រៃ​ស្រស់ ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​បន្សាយរាក់ ពី​បទ​គំរាម​សម្លាប់​សហគមន៍​នោះ​ទេ ហើយ​លោក​ក៏​មិន​បាន​លូក​ដៃ​ដោះស្រាយ​ពាក់ព័ន្ធ​នឹង​ករណី​នោះ​ដែរ៖ «ខ្ញុំ​មិន​ដែល​បាន​លូក​ដៃ​ទៅ​បញ្ជា​តុលាការ​ថា​មិន​ឲ្យ​ចាត់ការ​រឿង​នោះ​ទេ ពីព្រោះ​បើ​វា​ជា​បទល្មើស​ជាក់ស្ដែង មន្ត្រី​នគរបាល​យុត្តិធម៌​ក៏​មាន​សិទ្ធិ​ឃាត់។ ទី​២ តុលាការ​ក៏​មាន​សិទ្ធិ​កោះ​ហៅ​ហើយ​សម្រេច​ឃុំ​ខ្លួន​តាម​នីតិវិធី​ដែរ»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ឲ្យ​ដឹង​ថា ករណី​គំរាម​សម្លាប់​សហគមន៍​ការពារ​ព្រៃ​ឈើ​នោះ អង្គការ​របស់​លោក​ក៏​បាន​ជួយ​ជ្រោមជ្រែង​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​តុលាការ តាំង​តែ​ពី​អំឡុង​ខែ​មិថុនា មក ក៏ប៉ុន្តែ​លោក​ឆ្ងល់​ថា​មិន​ដឹង​ជា​មាន​មូលហេតុ​អ្វី បាន​ជា​តុលាការ​ខេត្ត​ឧត្តរមានជ័យ មិន​ទាន់​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ករណី​នេះ?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល