គ្រួសារ​អ្នក​ស្លាប់​ដោយ​ប៉ូលិស​ស្រុក​ស្អាង​ព្រួត​វាយ​បញ្ចប់​រឿង​ក្ដី​ដោយ​សំណង​២​ម៉ឺន​ដុល្លារ

ដោយ ឡេង ម៉ាលី
2016-12-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភរិយា​ជនរងគ្រោះ​ដែល​ស្លាប់ អ្នកស្រី ឃួន ស្រីមុំ (ស្ដាំ) និង​ជន​ដែល​រង​ការ​វាយ​ដំ ឈ្មោះ ទិត លាភ ពេល​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៦។ RFA/Ou Banung
ភរិយា​ជនរងគ្រោះ​ដែល​ស្លាប់ អ្នកស្រី ឃួន ស្រីមុំ (ស្ដាំ) និង​ជន​ដែល​រង​ការ​វាយ​ដំ ឈ្មោះ ទិត លាភ ពេល​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៦។ RFA/Ou Banung
RFA/Ou Banung

សមាជិក​គ្រួសារ​របស់​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង ខេត្ត​កណ្ដាល ព្រួត​គ្នា​វាយ​រហូត​បណ្ដាល​ឲ្យ​ស្លាប់ កាល​ពី​ខែ​តុលា នោះ សម្រេច​ចិត្ត​បញ្ចប់​រឿង​ក្ដី​ប្ដឹងផ្ដល់ ដោយ​ការ​ទទួល​យក​ប្រាក់​សំណង​ពី​គ្រួសារ​ជន​ដៃ​ដល់។ រីឯ​ជន​ដៃ​ដល់ មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​យក​មក​ទទួល​ខុស​ត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​នៅ​ឡើយ​ទេ។

ភរិយា​របស់​សព​ជន​រងគ្រោះ​ដែល​នគរបាល​ស្រុក​ស្អាង វាយ​ស្លាប់​កាល​ពី​ខែ​តុលា គឺ​លោកស្រី ឃួន ស្រីមុំ បញ្ជាក់​នៅ​ថ្ងៃ​ទី​១៤ ធ្នូ ថា លោកស្រី​ព្រម​ទទួល​យក​ទឹក​ប្រាក់ ២​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ជា​សំណង​នោះ​ហើយ«នៅ​ឡើង​តុលាការ​ម្ដង​ទៀត»

លោកស្រី ឃួន ស្រីមុំ បន្ត​ទៀត​ថា ចំនួន​ទឹក​ប្រាក់​នេះ​មិន​គ្រប់​តាម​ការ​ទាមទារ​ដំបូង​ចំនួន ៦​ម៉ឺន ៥​ពាន់​ដុល្លារ​ទេ ប៉ុន្តែ​ដោយសារ​តែ​លោកស្រី​មិន​ចង់​បន្ត​រឿង​ក្ដី​នេះ​វែង​ឆ្ងាយ​ត​ទៅ​ទៀត។

នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ហៅ​កាត់​ថា ស៊ី.ឌី.ស៊ី (CDC) គឺ​លោក​មេធាវី ហុង គឹមសួន ពន្យល់​អំពី​ផ្លូវ​ច្បាប់​ថា ករណី​ស្លាប់​ដូច​នេះ មិន​អាច​បញ្ចប់​ដោយ​សំណង​បាន​ទេ«ពីព្រោះ​ថា​សំណង​រដ្ឋប្បវេណី ទោះ​បី​នៅ​ក្នុង​កាលៈទេសៈ​យ៉ាង​ណា​ក៏ដោយ កាលណា​ដំណើរ​ការ​ព្រហ្មទណ្ឌ​ដើរ​ទៅ​ហើយ គឺ​ជន​រងគ្រោះ ឬ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មាន​សិទ្ធិ​តាម​ទាមទារ​សំណង​រដ្ឋប្បវេណី​តាម​ដូចជា ការ​ព្យាបាល ជា​ការ​ធ្វើ​បុណ្យ ឬ​ក៏​ជា​ចំណាយ​ផ្សេងៗ​ទៅ​លើ​សព​ដែល​បាន​ស្លាប់​ទៅ មិន​មែន​ជា​ការ​សង​ថ្លៃ​ជីវិត​ទេ។ នេះ គឺ​ជា​សំណង​រដ្ឋប្បវេណី​រាប់​ទាំង​សំណង​ជំងឺ​ចិត្ត​ផង​ដែរ។ អ៊ីចឹង​បាន​ន័យ​ថា ទោះ​បី​ថា​បញ្ចប់​រឿង​ដោយ​ទទួល​យក​លុយ​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​រឿង​ព្រហ្មទណ្ឌ​អត់​បញ្ចប់​ទេ។ អា​នេះ​បញ្ចប់​បាន​តែ​រឿង​ស៊ីវិល​ទេ គឺ​រឿង​សំណង​រដ្ឋប្បវេណី។ ដំណើរ​ការ​រឿង​ព្រហ្មទណ្ឌ​អំពើ​ឃាតកម្ម​សម្លាប់​គេ​ហ្នឹង គឺ​ព្រះរាជអាជ្ញា​ដែល​ជា​ដើម​បណ្ដឹង នៅ​តែ​បន្ត​ការ​ចោទ​ប្រកាន់​បញ្ជូន​ទៅ​តុលាការ​ធ្វើ​ការ​ស៊ើប​អង្កេត និង​ជំនុំ​ជម្រះ​រក​ការ​ពិត ឬ​រក​ខុស​ត្រូវ​ឲ្យ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​នោះ»

ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក សំរឹទ្ធ វាសនា មាន​ប្រសាសន៍​ថា ទោះ​ជា​មាន​ការ​សង​សំណង​នេះ​ក៏ដោយ ក៏​ខាង​លោក​នៅ​តែ​បន្ត​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ​ដដែល៖ «ខ្ញុំ​នៅ​តែ​បន្ត​នីតិវិធី​របស់​ខ្ញុំ​ត​ទៅ​ទៀត។ ចង់​រឿង​ថា ការ​ពិត​វា​យ៉ាង​ម៉េច? ព្រោះ​ស្អែក ឬ​ខានស្អែក​ហ្នឹង គេ​ចូល​មក​បំភ្លឺ​ហើយ​ខាង​ដើម​បណ្ដឹង។ យើង​អង្កេត​មើល​ថា តើ​រឿង​ហេតុ​ការ​ពិត​ហ្នឹង​វា​យ៉ាង​ម៉េច? បើ​មាន​បទល្មើស អា​ហ្នឹង​បើ​មាន​បទល្មើស យើង​សម្រេច​តាម​មាន​បទល្មើស បើ​អត់​បទល្មើស យើង​សម្រេច​តាម​អត់​បទល្មើស»

ជន​រងគ្រោះ​ឈ្មោះ ចំរើន សីហា អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​តានង់ ឃុំ​ក្រាំងអំពិល ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង​តាខ្មៅ បន្ទាប់​ពី​នគរបាល​ស្រុក​ស្អាង ខេត្ត​កណ្ដាល ៣​នាក់ ព្រួត​គ្នា​វាយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២១ ខែ​តុលា។ ចំណែក​ជន​រងគ្រោះ​ម្នាក់​ទៀត​ឈ្មោះ ទិត្យ លាភ អាយុ ២២​ឆ្នាំ ត្រូវ​ជា​ប្អូន​ថ្លៃ​អ្នក​ស្លាប់​បាន​របួស​ធ្ងន់។ បញ្ហា​នេះ កើត​ចេញ​ពី​ជម្លោះ​ជិះ​ម៉ូតូ​ជែង​គ្នា ហើយ​មន្ត្រី​នគរបាល​ចោទ​បុរស​ទាំង​ពីរ​នាក់​នោះ​ថា​ជា​ចោរ​ប្លន់។

នគរបាល​ដែល​ជាប់​ចោទ​ក្នុង​ករណី​សម្លាប់​នេះ មាន​ឈ្មោះ ឆៃ ស៊ីណា ជា​នាយ​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ស្រុក ឈ្មោះ ភក្ដី វិទូ ជា​អធិការ​រង​នគរបាល​ស្រុក និង ឃាង សុថេង ជា​នាយ​រង​នគរបាល​បច្ចេកទេស​ស្រុក។

ទាក់ទង​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន ថ្លែង​បញ្ជាក់​បន្ថែម​ថា ខាង​លោក​នៅ​តែ​តាម​រក​ចាប់​នគរបាល​ទាំងនោះ ដោយ​អនុវត្ត​តាម​ដីកា​សម្រេច​របស់​ព្រះរាជអាជ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ចាប់ខ្មោច

Dec 15, 2016 07:44 AM

គេហទំព័រ​ទាំងមូល