សាលឧទ្ធរណ៍​សម្រេច​បន្ធូរ​បន្ថយ​ទោស​លោកស្រី ឈិន សុគន្ធារី

ដោយ ទេព សុរ៉ាវី
2014-04-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍ លោក​ចៅក្រម ងួន អឹម នៅ​រសៀល​ថ្ងៃ​ទី​២២ មេសា បាន​ប្រកាស​សាលដីកា​ករណី​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​រវាង​សាលា​រាជធានី​ភ្នំពេញ ជាមួយ​ស្ត្រី​ជំនួញ​ម្នាក់​ដែល​គេ​ស្គាល់​ថា យាយ​ក្រពើ។

​ក្រោយពី​ការ​បើក​សវនាការ​សួរ​ដេញ​ដោយ​ផ្ទាល់​មាត់ កាល​ពី​ថ្ងៃ​ទី​២៦ មីនា រួច​មក លោក​ចៅក្រម ងួន អឹម បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បានការ​ដដែល។ ប៉ុន្តែ​សាលឧទ្ធរណ៍​សម្រេច​បន្ធូរ​បន្ថយ​ទោស​លោកស្រី ឈិន សុគន្ធារី ហៅ​យាយ​ក្រពើ ពី​ជាប់​គុក ៤​ឆ្នាំ ៦​ខែ មក​នៅ​ត្រឹម ២​ឆ្នាំ​វិញ។ សាលាឧទ្ធរណ៍​ក៏​សម្រេច​បន្ថយ​ប្រាក់​ផាក​ពិន័យ​ចូល​ថវិកា​ជាតិ​ពី ៣០​លាន​រៀល មក​ត្រឹម ១៥​លាន​រៀល និង​លុបចោល​ប្រាក់​ជំងឺ​ចិត្ត​សង​ដល់​សាលា​រាជធានី​ភ្នំពេញ ចំនួន ៦០​លាន​រៀល​ទាំង​ស្រុង។

​សព្វថ្ងៃ​យាយ​ក្រពើ​កំពុង​គេចខ្លួន​នៅ​ក្រៅ​ប្រទេស​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់ទោស​កំបាំងមុខ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ​កន្លះ ពី​បទ​រំលោភ​ដី​សាធារណៈ​របស់​រដ្ឋ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ តាម​បណ្ដឹង​សាលា​រាជធានី​ភ្នំពេញ ដែល​កាលណោះ​គ្រប់គ្រង​ដោយ​លោក កែប ជុតិមា។

​មេធាវី​ការពារ​ក្តី​ឲ្យ​យាយ​ក្រពើ គឺ​លោក សុក សំអឿន យល់​ឃើញ​ថា ត្បិត​សាលាឧទ្ធរណ៍​មាន​ការ​លើកលែងទោស​ខ្លះ​ដល់​កូន​ក្តី​របស់​លោក ប៉ុន្តែ​សាលដីកា​នោះ មិន​បាន​ផ្ដល់​យុត្តិធម៌​ឲ្យ​កូន​ក្តី​របស់​លោក​ទេ។ លោក​នឹង​ជជែក​ជាមួយ​យាយ​ក្រពើ​ពី​រឿង​នេះ មុន​នឹង​សម្រេច​ដាក់​បណ្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល។

​លោក សុក សំអឿន៖ «ការ​កាត់​ក្តី​ឲ្យ​គាត់​មានទោស​ហ្នឹង​មិន​យុត្តិធម៌​សម្រាប់​គាត់​ទេ។ វា​មាន​មូលហេតុ​ច្រើន​យ៉ាង ហើយ​មូលហេតុ​សំខាន់​នោះ អា​ដី​ដែល​ឈូស​ហ្នឹង គឺ ៥០​ម៉ែត្រ​ចេញពី​ថ្នល់ ប៉ុន្តែ​ដី​កាត់​ចូល​ជា​សម្បត្តិ​រដ្ឋ​គឺ ៧០​ម៉ែត្រ​ពី​ថ្នល់​ឯណោះ រឿង​អី​ត្រូវ​យក​ការ​ឈូស​មក​ដាក់​ទណ្ឌកម្ម​គាត់​កើត? ហើយ​បើ​គេ​សំអាង​ថា បើ​ពី​គាត់​កាន់កាប់​ដី​នោះ ចោទ​ម៉េច​កើត​បើ​គាត់​កាន់កាប់​តាំង (ឆ្នាំ) ១៩៩៩ ម៉េច ត្រូវ​អាច​មាន​ទោស មាន​ទោស​រឿង​ព្រហ្មទណ្ឌ គឺ​អយុត្តិធម៌​សម្រាប់​គាត់​ណាស់»

​លោកស្រី ឈិន សុគន្ធារី ត្រូវ​បាន​ជាប់​ងារ​ជា​យាយ​ក្រពើ បន្ទាប់ពី​លោកស្រី​ប្រមូល​ទិញ​ដី​ពី​ពលរដ្ឋ​ជាង ៣៤​ហិកតារ នៅ​ភូមិ​បាយ៉ាប សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ តាំង​ពី​ឆ្នាំ​១៩៩៩ ត្រៀម​សាង​សង់​សួន​អភិរក្ស​សត្វ​ក្រពើ​ខ្នាត​អន្តរជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ។

​សាលា​រាជធានី​ភ្នំពេញ ដែល​កាលណោះ​គ្រប់គ្រង​ដោយ​លោក កែប ជុតិមា បាន​យក​ដី​របស់​យាយ​ក្រពើ ទាំង​អស់​ដាក់​ជា​សម្បត្តិ​រដ្ឋ​តាម​អនុក្រឹត្យ​លេខ ១០១ ចេញ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១២ ក្រោម​លេស​ថា ទុក​ធ្វើ​ជា​អាង​ស្តុក​ទឹក​នៅ​រដូវ​វស្សា។ ប៉ុន្តែ​ភ្លាមៗ​ក្រោយពី​រឹបអូស​ដី​របស់​លោកស្រី​រួច​ហើយ​នោះ សាលាក្រុង​បែរ​ជា​ស្នើសុំ​ទៅ​រដ្ឋាភិបាល​ម្ដង​ទៀត ដោយ​អនុបយោគ​ដី​នោះ​ពី​ដី​របស់​រដ្ឋ​ទៅ​ដី​ឯកជន​របស់​រដ្ឋ​វិញ។ បច្ចុប្បន្ន​ដី​មាន​ទំនាស់​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​បុរី​ពិភព​ថ្មី ដែល​កំពុង​សាងសង់​ផ្ទះ​រាប់​រយ​ល្វែង​សម្រាប់​លក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

ដល់ពេលនេះហើយ តុលាការកាត់ក្ដីគួរមើលច្បាប់ កាត់តាមច្បាប់ កាត់ក្ដីដោយគតិយុត្តិ ព្រោះត្រូវដឹង “តុលាការឯករាជ្យ” មានសិទ្ធិសំរេច បើកាត់ត្រូវច្បាប់ មានច្បាប់សំអាង តែបើកាត់តាមបញ្ជាវិញ មានអីសំអាង? តើហ៊ានឆ្លើយដាក់អ្នកបញ្ជាដែរឬទេ? បើហ៊ានឆ្លើយដាក់អ្នកបញ្ជា ក្រែងឡងខ្លួនឯងវិញ ថ្ងៃក្រោយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង!

Apr 25, 2014 12:10 PM

ដាវទិព្វ

ឮសូរថាដីយាយក្រពើ ថ្លៃ៨០០$ ក្នុង១ម៉ែត្រការ៉េ ចុះជាង៣៤ហិកតាគិតទៅប៉ុន្មានដែរ? ប៉ុន្មានសិបលានទៅហ្ន?

Apr 25, 2014 12:04 PM

Sovann

ព្រឹកមិញ ជិះកាត់ហ្នឹង ឃើញសុទ្ធតែសំណង់បុរី បើថាដីគាត់បឹង អីក៏គោកលឿនម្ល៉េះ?

Apr 25, 2014 11:49 AM

Thavery

អាណិតគាត់ណាស់ គេរៀបស៊ីគាត់ សុទ្ធតែប្រុសៗសាច់ដុំ..... នាំគ្នាធ្វើបាបមនុស្សស្រីចំណាស់ម្នាក់ទៅវិញ ឃើញតែគេរំលោភលើគាត់សោះ អស់របស់ហើយ ដេញចាប់គាត់ដាក់គុកថែមទៀត

Apr 25, 2014 11:32 AM

គេហទំព័រ​ទាំងមូល