អ្នកសារព័ត៌មាន​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ប្រឆាំង​អតីត​បុគ្គលិក​អាស៊ីសេរី

ដោយ ហេង រស្មី
2019-08-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន (ស្ដាំ) និង​លោក យាង សុធារិន្ទ (ឆ្វេង) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ក្រោយ​ពី​ចេញ​ពី​សវនាការ នៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ កក្កដា ២០១៩។
អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន (ស្ដាំ) និង​លោក យាង សុធារិន្ទ (ឆ្វេង) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ក្រោយ​ពី​ចេញ​ពី​សវនាការ នៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ កក្កដា ២០១៩។
Photo courtesy of Facebook Page KKKHRDA-Center

ក្រុម​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ទាំងឡាយ​ប្រឆាំង​អតីត​បុគ្គលិក​អាស៊ីសេរី​។ ការ​អំពាវនាវ​នេះ ធ្វើឡើង​ស្រប​ពេល​តុលាការ​ក្រុង​ភ្នំពេញ គ្រោង​ប្រកាស​សាលក្រម​សំណុំរឿង​បុគ្គលិក​អាស៊ីសេរី​ពីរ​រូប នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។

អ្នកសារព័ត៌មាន​មួយ​ចំនួន​រំពឹង​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​សម្រេច​ឱ្យ​អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ បាន​រួចផុត​ពី​បទ​ចោទ​ប្រកាន់។

និពន្ធ​នាយក​កាសែត​ខ្មែរ​ថាមស៍ (Khmer Times) លោក ម៉ៃ ទិត្យថារ៉ា កត់សម្គាល់​ថា ការ​ចាប់​ខ្លួន និង​ចោទប្រកាន់​អតីត​បុគ្គលិក​អាស៊ីសេរី​ទាំង​ពីរ​រូប បាន​បង្ក​ការភ័យខ្លាច​ដល់​អ្នក​សារព័ត៌មាន​​ដទៃ​ទៀត​ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​ដោយ​ឯករាជ្យ​នៅ​កម្ពុជា​។ លោក​ថា ប្រសិនបើ​តុលាការ​សម្រេច​ឱ្យ​អ្នក​ទាំងពីរ​មានទោស​មែន នោះ​មានន័យ​ស្មើនឹង​ការ​ត្រួសត្រាយ​ផ្លូវ​ឱ្យ​អាជ្ញាធរ​ប្រើប្រាស់​បទ​ចោទ​ធ្វើ​ចារកម្ម​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន​ឯករាជ្យ ឬ​អ្នកកាសែត​ហ្វ្រីលែន (freelance journalist) ដទៃ​ទៀត​។ លោក​ទទូច​ឱ្យ​តុលាការ​លើកលែង​ការចោទប្រកាន់​លើ​អតីត​បុគ្គលិក​​អាស៊ីសេរី​ទាំងពីរ​រូប​នេះ​វិញ៖ «សម្រាប់​ពួក​យើង​ជា​អ្នកសារព័ត៌មាន យើង​នៅតែ​ទទូច ហើយ​សង្ឃឹមថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​អតីត​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់​ហ្នឹង គឺ​ទម្លាក់​បទ​ចោទ​លើ​ពួកគាត់ ហើយ​និង​ឱ្យ​ពួកគាត់​មាន​សេរីភាព ដើម្បី​អាច​ប្រព្រឹត្ត​របរ​ចិញ្ចឹមជីវិត​បាន​វិញ»

តុលាការ​ក្រុង​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​អតីត​បុគ្គលិក​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៣០ សីហា បន្ទាប់ពី​បើកសវនាការ​ចំនួន ២​លើក កាលពី​ចុងខែ​កក្កដា និង​ដើមខែ​សីហា​កន្លងទៅ​។ តុលាការ​បាន​ចោទប្រកាន់​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ចំនួន​ពីរ​បទ​ចោទ គឺ​ទី​មួយ​បទ “​ផ្តល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ​” និង​ទី​ពីរ​បទ “​ផលិត​វីដេអូ​អាសអាភាស​”​។

ទោះជា​យ៉ាងណា ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ពិនិត្យ​ឃើញ​ថា តុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ដាក់​បន្ទុក​លើ​អតីត​បុគ្គលិក​អាស៊ីសេរី​ទាំង​ពីរ​រូប​នេះ​ឡើយ​។

អ្នកសារព័ត៌មាន​សំឡេង​សហរដ្ឋអាមេរិក (VOA) លោក ស៊ុន ណារិន ស្នើ​ឱ្យ​តុលាការ​លើកលែង​ការចោទប្រកាន់​លើ​អតីត​បុគ្គលិក​អាស៊ីសេរី ដោយ​កុំ​ប្រើ​វិធី​កាត់​តម្រឹម​ទោស​ដូច​អ្វី​ដែល​ធ្លាប់​ធ្វើ​កន្លង​មក​។ លោក​ថា ការ​ផ្ដន្ទាទោស​អតីត​បុគ្គលិក​អាស៊ីសេរី នឹង​ក្លាយ​ជា​គំរូ​អាក្រក់​នៃ​ការអនុវត្ត​ច្បាប់ ហើយ​លោក​ជឿ​ថា ករណី​ស្រដៀង​គ្នា​នេះ​នឹង​កើត​ឡើងជា​បន្តបន្ទាប់​ទៀ​តទៅ​ថ្ងៃមុខ​។ បន្ថែម​​ពីលើ​ការ​ទម្លាក់​ចោល​បទ​ចោទ លោក​ក៏​ជំរុញ​ឱ្យ​អាជ្ញាធរ​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​អ្នក​ទាំងពីរ​វិញ​ដែរ ចំពោះ​ការ​ឃុំខ្លួន​ពួកគាត់​រយៈពេល​ជាង​៩ ខែ​ដោយ​គ្មាន​ទោសកំហុស៖ «យើង​អត់​ចង់​ឱ្យ​មាន​ការ​កាត់ទោស​អ្នកកាសែត​ដោយ​ចោទ​ប្រកាន់​ថា បញ្ជូន​ព័ត៌មាន​ឱ្យ​បរទេស អ៊ីចឹង​វា​អាច​ជា​ចំណុច​មួយ​ដែល​ថ្ងៃក្រោយ​ទៅ អាជ្ញាធរ​ចង់​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកកាសែត​អី គាត់​យក​ចំណុច​ហ្នឹង​មក​ចោទប្រកាន់​ទៀត​។ ទោះបីជា​យើង​ធ្វើ​ការ​ឱ្យ​បរទេស យើង​ធ្វើការ​ជាមួយ​បរទេស មិនមែន​មាន​ន័យថា យើង​បញ្ជូន​ព័ត៌មាន​សម្ងាត់​អី​ឱ្យ​បរទេស​ទេ»

អតីត​បុគ្គលិក​អាស៊ីសេរី លោក យាង សុធារិន្ទ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ពេញលេញ​ដល់​រូបលោក ពីព្រោះ​លោក​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ៖ «បើ​ការ​សម្រេច​សេចក្តី​ហ្នឹង ធ្វើ​ទៅ​ប្រកបដោយ​យុត្តិធម៌ ដោយ​មិន​មាន​ភាព​លម្អៀង​ណាមួយ​នោះ​ទេ ខ្ញុំ​នៅ​តែ​មាន​ក្តី​សង្ឃឹមថា យុត្តិធម៌​នឹង​កើតមានឡើង​ចំពោះ​ពួក​ខ្ញុំ​ទាំងពីរ​នាក់ ដោយសារ​យើង​ជា​មនុស្ស​ស្អាតស្អំ។ យើង​អត់​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់​របស់​សមត្ថកិច្ច និង​របស់​តុលាការ​កន្លង​មក​នោះ​ទេ»

ចំណែក លោក អ៊ួន ឈិន វិញ ក៏​សង្ឃឹម​ដែរ​ថា តុលាការ​នឹង​ទម្លាក់​ចោល​បទចោទប្រកាន់​ទាំងឡាយ​ប្រឆាំង​នឹង​រូបលោក​។ ក្រៅ​ពី​នេះ លោក​ស្នើ​ឱ្យ​តុលាការ​ប្រគល់​វត្ថុ​ចាប់​យក និង​លិខិត​សម្គាល់​ខ្លួន​ឱ្យ​លោក​វិញ ដើម្បី​លោក​មាន​សេរីភាព​ដើរហើរ​គ្រប់គ្រាន់ និង​អាច​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​បាន​។ លោក​បញ្ជាក់​ថា លោក​នៅតែ​ចង់​ធ្វើជា​អ្នកសារព័ត៌មាន​ដដែល បើ​ទោះ​ជា​រង​ការ​ចោទប្រកាន់​ដោយ​អយុត្តិធម៌​ដូច​ពេល​នេះ​ក្ដី៖ «ខ្ញុំ​សុំ​ឱ្យ​តុលាការ​ហ្នឹង​ផ្ដល់​សេរីភាព​ឱ្យ​ខ្ញុំ ដើម្បី​ឱ្យ​ខ្ញុំ​មាន​សិទ្ធិ មាន​លទ្ធភាព​ពេញលេញ​ក្នុង​ការ​ធ្វើដំណើរ ដើរហើរ រកស៊ី​ប្រកប​របរ​ចិញ្ចឹមជីវិត ចិញ្ចឹម​គ្រួសារ​ដូច​គេ​ដូច​ឯង កុំ​ឱ្យ​រស់នៅ​ដូច​សព្វថ្ងៃ​នេះ គឺ​យើង​ពិបាក​ណាស់»

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​លោក លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ថា ជា​ជនរងគ្រោះ​នៃ​ការវាយប្រហារ​ដោយ​ឥត​ស្រាកស្រាន្ត​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅលើ​ស្ថាប័ន​ព័ត៌មាន ដែល​ហ៊ាន​ផ្សាយ​រិះគន់​រដ្ឋាភិបាល។ យូមែន រ៉ៃត៍ វ៉ច្ឆ និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ទៀត រួម​ទាំង​អង្គការ​សហប្រជាជាតិ​​ផង ទាមទារ​ឱ្យ​តុលាការ​របប​ក្រុងភ្នំពេញ​ទម្លាក់​បទចោទប្រកាន់​ទាំងឡាយ​លើ​អតីត​បុគ្គលិក​អាស៊ីសេរី​ទាំង​ពីរ​រូប និង​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​អ្នក​ទាំងពីរ​ដែល​រង​ការចោទប្រកាន់ និង​ឃុំខ្លួន​ដោយ​អយុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល