តុលាការ​មិន​ទាន់​ចោទ​ប្រកាន់​ព្រះសង្ឃ កែវ សុម៉ាលី លើ​បណ្ដឹង​ប្រើ​ហិង្សា​ដោយ​ចេតនា

ដោយ រ៉ាន់ សំណាង
2014-12-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះតេជព្រះគុណ កែវ សុម៉ាលី (ឆ្វេង) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី បន្ទាប់​ចេញ​ពី​សវនាការ​នា​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៤។
ព្រះតេជព្រះគុណ កែវ សុម៉ាលី (ឆ្វេង) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី បន្ទាប់​ចេញ​ពី​សវនាការ​នា​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Rann Samnang

ព្រះសង្ឃ​ប្រមាណ ១០០​អង្គ សកម្មជន​ដីធ្លី រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល ប្រមាណ ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ បាន​ដើរ​ប្រទក្សិណ​ជុំវិញ​អគារ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ជាមួយ​នឹង​សម្រែក​ថ្កោលទោស​នីតិវិធី​របស់​ប្រព័ន្ធ​តុលាការ។

ការ​ដើរ​ព័ទ្ធ​ជុំវិញ​បី​លើក ហើយ​សម្រេច​ឈរ​ប្រមូល​ផ្តុំ​គ្នា​មុខ​តុលាការ នៅ​ព្រឹក​ថ្ងៃ​អង្គារ នេះ ដើម្បី​ចូលរួម​គាំទ្រ​ព្រះតេជព្រះគុណ កែវ សុម៉ាលី តាម​ដីកា​កោះ​ហៅ​របស់​ព្រះរាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក តុប ឈុនឡេង។

បន្ទាប់​ពី​ចូល​ព្រះ​កាយ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​ព្រះតេជព្រះគុណ ឡុង ឆេងហ៊ី ពី​ដំណើរ​រឿង​ហិង្សា​ដោយ​ចេតនា លោក តុប ឈុនឡេង មិន​ទាន់​ចោទ​ប្រកាន់​ព្រះតេជព្រះគុណ កែវ សុម៉ាលី ពី​បទ​ណា​មួយ​នៅ​ឡើយ​ទេ ក្រោម​ហេតុផល​ថា​មិន​ទាន់​មាន​សាក្សី​គ្រប់គ្រាន់​មក​បំភ្លឺ​សំណុំ​រឿង​នេះ។ ចៅក្រម​តុលាការ​បាន​អនុញ្ញាត​ឲ្យ​ព្រះអង្គ​វិល​ត្រឡប់​ទៅ​វត្ត​វិញ៖ «ខាង​តុលាការ​គេ​មិន​ដឹង​ដែរ គេ​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់ បើ​ច្បាប់​កោះ​ហៅ​បុគ្គល​ណា​មួយ បុគ្គល​នោះ​ត្រូវ​ចូល​ខ្លួន​មក​បំភ្លឺ តុលាការ​គេ​មិន​និយាយ​អ្វី​គេ​ឲ្យ​យើង​បំភ្លឺ​រឿង​ហ្នឹង​តែ​ម្តង»

មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ដែល​តាម​ដាន​សំណុំ​រឿង​នេះ​មាន​ប្រសាសន៍​ថា ព្រះ​រាជ​អាជ្ញា​រង​នឹង​បន្ត​ស្វែង​រក​សាក្សី​បន្ថែម​ទៀត មុន​នឹង​ឈាន​ដល់​ការ​ចោទ​ប្រកាន់ ឬ​ទម្លាក់​បទ​ចោទ។ លោក អំ សំអាត បញ្ជាក់​ថា បើ​ផ្អែក​លើ​ការ​បកស្រាយ​របស់​ព្រះតេជព្រះគុណ កែវ សុម៉ាលី ជន​ដែល​បង្ក​ហិង្សា​ជា​ព្រះតេជព្រះគុណ ឡុង ឆេងហ៊ី។

លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា ច្បាប់​នៅ​ប្រទេស​កម្ពុជា គ្មាន​មាត្រា​ណា​មួយ​ចែង​ច្បាស់​លាស់​ថា ចៅក្រម​តុលាការ​ជា​គ្រហស្ថ អាច​កោះ​ហៅ​ព្រះសង្ឃ​ស្លៀក​ស្បង់​គ្រង​ចីវរ​មក​សាកសួរ​បាន​ទេ។ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា កន្លង​មក​ព្រះ​រាជ​អាជ្ញា និង​ចៅក្រម​សាលា​ដំបូង​មួយ​ចំនួន តែង​តែ​កោះ​ហៅ​ព្រះសង្ឃ​មក​សាកសួរ និង​បំភ្លឺ​ចម្ងល់​របស់​តុលាការ។

ព្រះតេជព្រះគុណ កែវ សុម៉ាលី ភាគ​ច្រើន​គេ​ស្គាល់​ថា ជា​សង្ឃ​មួយ​អង្គ​ដែល​តែង​តែ​ចូលរួម​ក្នុង​សកម្មភាព​សង្គម ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ជម្លោះ​ដីធ្លី ដែល​អ្នក​តវ៉ា​តែង​តែ​ស្វែងរក​ដំណោះស្រាយ​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ក្នុង​រាជធានី​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល