មេធាវី​ចាត់​ទុក​ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​២​រូប​ថា​ជា​រឿង​អយុត្តិធម៌

ដោយ ហេង សកល
2017-12-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
Photo: RFA

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ទាត់​ចោល​បណ្តឹងសុំ​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​របស់​មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី ពីរ​រូប។ មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី ចាត់​ទុក​សេចក្ដី​សម្រេច​នេះ ថា​ជា​រឿង​អយុត្តិធម៌​បំផុត​ចំពោះ​កូន​ក្តី​លោក។

​មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​បុគ្គលិក​អាស៊ីសេរី​ពីរ​រូប គឺ​លោក កែវ វ៉ាន់នី បាន​ឱ្យ​អាស៊ីសេរី ដឹង​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ថា តុលាការ​មិន​ព្រម​ដោះលែង​កូន​ក្តី​ទាំង​ពីរ​របស់​លោក គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ឱ្យ​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន តាម​ពាក្យ​ស្នើ​សុំ​របស់​លោក​ទេ ដោយ​តុលាការ​លើក​មូលហេតុ​ខ្លាច​អ្នក​ទាំង​ពីរ​ចេញ​មក​ក្រៅ​ឃុំ ហើយ​បំផ្លាញ​ភស្តុតាង​ផ្សេងៗ៖ «»។

លោក​មេធាវី កែវ វ៉ាន់នី ឱ្យ​ដឹង​បន្ត​ថា សេចក្ដី​សម្រេច​នេះ​លោក​មិន​អាច​ទទួល​យក​បាន​ឡើយ។ លោក​លើក​ឡើង​ថា កូនក្តី​លោក​ទាំង​ពីរ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ទេ ហេតុនេះ​គ្មាន​ភស្តុតាង​ឯ​ណា​ត្រូវ​បំផ្លាញ​នោះ​ទេ។ លោក​ចាត់​ទុក​សេចក្ដី​សម្រេច​នេះ​ធ្វើ​ឡើង​ខុស​ច្បាប់៖ «»។

​លោក​មេធាវី​ឱ្យ​ដឹង​បន្តថា គ្មាន​ហេតុផល​ចាំបាច់​ណា​មួយ​ដែល​ចៅក្រម​ស៊ើបសួរ​ត្រូវ​ឃុំ​ខ្លួន​កូន​ក្តី​លោក​ទាល់​តែសោះ ដោយ​ហេតុ​ថា កូនក្តី​របស់​លោក​ទាំង​ពីរ​មាន​ទីលំនៅ​ច្បាស់​លាស់។ លោក​អះអាង​ថា កូនក្ដី​របស់​លោក​នៅ​ក្រៅ​ឃុំ​នឹង​មិន​បង្ក​បញ្ហា​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ឱ្យ​មាន​ការ​ច្របូកច្របល់​ឡើយ​។ លោក​មេធាវី​បញ្ជាក់​ថា ជាគោលការណ៍​ច្បាប់​ជន​ត្រូវ​ចោទ​ត្រូវ​តែ​មាន​សេរីភាព។

​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ហៅ​ក្រៅ យាង សុជាមេត្តា ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​លួច​ផលិត​ព័ត៌មាន​បញ្ជូន​មក​រដ្ឋធានី​វ៉ាស៊ីនតុន តាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ។ អ្នក​ទាំង​ពីរ​អាច​ប្រឈមមុខ​ជាប់​ពន្ធនាគារ​ពី ៧ ទៅ ១៥​ឆ្នាំ។

​ដើម​ហេតុ​នៃ​ការចោទប្រកាន់​នេះ ក្រោយ​សមត្ថកិច្ច​ចុះ​ឆែកឆេរ រកឃើញ​ភស្តុតាង​មួយចំនួន​ដូចជា មាន​បន្ទប់​ស្ទូ​ឌី​យោ និង​កុំព្យូទ័រ​ជាដើម​។ ប៉ុន្តែ​លោក អ៊ួ​ន ឈិន បាន​ឆ្លើយ​បដិសេធ​នឹង​ការចោទប្រកាន់​នេះ តាំងពី​ដំណាក់កាល​ដំបូង​ថា ឧបករណ៍​ទាំងនេះ លោក​រៀបចំឡើង សម្រាប់​បម្រើកា​ថត​ចម្រៀង​ដើម្បី​រក​កម្រៃ​ជា​លក្ខណៈ​គ្រួសារ ក្រោយពី​ឈប់​ធ្វើការ​ឲ្យ​វិទ្យុ​អាស៊ីសេរី​តែប៉ុណ្ណោះ​។ ហើយ​លោក យាង សុជា​មេត្តា​វិញ ក៏បាន​បដិសេធ​ដែរ​ថា លោក​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នេះឡើយ​។​

​លោក​មេធាវី កែវ វ៉ាន់នី បាន​លើក​ឡើង​ថា តុលាការ​អាច​ចោទ​ប្រកាន់​ជនណាម្នាក់​តាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ លុះត្រា​តែ​អ្នក​បុគ្គល​នោះ​បាន​ប្រព្រឹត្ត​យក​ព័ត៌មាន​សម្ងាត់​របស់​ជាតិ​ទៅ​ប្រគល់​ឱ្យ​ខ្មាំងសត្រូវ​ដែល​ពួកគេ​កំពុងតែ​ឈ្លានពាន​បូរណភាព​ដែនដី​របស់​កម្ពុជា ហើយ​ព័ត៌មាន​ដែល​ទម្លាយ​ចេញ​នោះ​បាន​ធ្វើ​ឱ្យ​ជាតិ​អន្តរាយ ទើប​ចាត់​ទុក​ថា បុគ្គល​នោះ​បាន​ប្រព្រឹត្ត​នូវ​បទឧក្រិដ្ឋ​នេះ៖ «»។

​លោក​បញ្ជាក់​ថា មក​ទល់​ពេល​នេះ លោក​ពុំ​ឃើញ​មាន​រដ្ឋាភិបាល​បាន​ប្រកាស​អាសន្ន​ជា​ផ្លូវការ​ប្រាប់​ដល់​សាធារណជន​ថា កម្ពុជា​កំពុង​រង​ការ​អន្តរាយ​ដោយសារ​អំពី​ផ្តល់​ព័ត៌មាន​សម្ងាត់​របស់​ជាតិ ឬ​ប្រទេស​ជាតិ​ជិត​អន្តរាយ ឬ​ជិត​ត្រូវ​បាន​បរទេស​ឈ្លានពាន​ដោយសារ​ការ​ផ្តល់ព័ត៌មាន​របស់​អ្នក​ទាំង​ពីរ​នេះ​ទេ។

​លោក​មេធាវី កែវ វ៉ាន់នី ឱ្យ​ដឹង​ថា លោក​នឹង​ទៅ​ជួប​កូនក្ដី​ទាំង​ពីរ​របស់​លោក​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​អង្គារ ទី​៥ ខែ​ធ្នូ ដើម្បី​ជម្រាប​ជូន​ព័ត៌មាន​អំពី​ដីកា​សម្រេច​របស់​តុលាការ​ទៅ​កូន​ក្តី​របស់​លោក។ លោក​បញ្ជាក់​ថា លោក​នឹង​ប្តឹង​ឧទ្ធរណ៍​នៅ​ក្នុង​សប្តាហ៍​នេះ។

​លោក អ៊ួន ឈិន និង​លោក យាង សុជាមេត្តា ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ភ្នំពេញ ចាប់​ខ្លួន​កាល​ពី​ព្រលប់​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា នៅ​ក្នុង​ផ្ទះសំណាក់​ម៉ារ៉ាឌី ជិត​គល់​ស្ពាន​ស្ទឹងមានជ័យ ក្រុង​ភ្នំពេញ។ មក​ទល់​ថ្ងៃ​អង្គារ ទី​៥ ខែ​ធ្នូ នេះ មាន​រយៈពេល ២២​ថ្ងៃ​ហើយ ដែល​តុលាការ​បាន​ឃាត់ និង​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល