ក្រសួង​ការងារ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​សហជីព​ដល់​និយោជក​នៃ​សមាគម​កាត់ដេរ​កម្ពុជា

ដោយ ឡេង ម៉ាលី
2016-12-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិក្ខាសាលា​ផ្សព្វផ្សាយ​​ស្ដីពី​ច្បាប់​សហជីព ដល់​និយោជក និង​តំណាង​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នា​ក្រសួង​ការងារ បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Leng Maly
សិក្ខាសាលា​ផ្សព្វផ្សាយ​​ស្ដីពី​ច្បាប់​សហជីព ដល់​និយោជក និង​តំណាង​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នា​ក្រសួង​ការងារ បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Leng Maly
RFA/Leng Maly

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ រួម​គ្នា​ធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​សហជីព ដល់​និយោជក និង​តំណាង​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ជិត ៣០០​នាក់។ សិក្ខាសាលា​នេះ គឺ​ជា​ការ​ផ្ដល់​ចំណេះដឹង​អំពី​ច្បាប់​ស្ដីពី​សហជីព​ថ្មី ដល់​មន្ត្រី​គ្រប់គ្រង​បុគ្គលិក​កម្មករ​កាត់ដេរ និង​ស្បែក​ជើង មក​ពី​រោងចក្រ​ទូទាំង​ប្រទេស។

អនុ​ប្រធាន​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) លោក គង់ សាន រំពឹង​ថា ក្រោយ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​សហជីព​ឲ្យ​បាន​យល់ ហើយ​ច្បាប់​នេះ​ត្រូវ​បាន​អនុវត្ត​ល្អ នឹង​នាំ​ឲ្យ​ការ​ផលិត​កើន​ឡើង៖ «ច្បាប់​នេះ​យើង​អនុវត្ត​បាន​ល្អ ខ្ញុំ​ជឿ​ថា ផលិតភាព​យើង​នឹង​កើន​ឡើង ហើយ​ការ​នាំ​ចេញ​យើង​ក៏​កើន​ឡើង។ ការ​តវ៉ា​កន្លង​មក គឺ​សមាគម​និយោជក និង​ក្រសួង​ការងារ មិន​ហាមឃាត់​តវ៉ា។ យើង​នឹង​ស្វាគមន៍​ធ្វើ​ម៉េច​ឲ្យ​មាន​ការ​តវ៉ា។ ប៉ុន្តែ​កុំ​ឲ្យ​ធ្វើ​កូដកម្ម​ខុស​ច្បាប់ កូដកម្ម​ខុស​នីតិវិធី។ ខ្ញុំ​ជឿ​ថា បើ​នាំ​គ្នា​អនុវត្ត​ច្បាប់​ហ្នឹង​ហើយ ការ​ធ្វើ​កូដកម្ម​ខុស​ច្បាប់​ហ្នឹង​នឹង​កាត់​បន្ថយ»

ការ​ផ្សព្វផ្សាយ​ដល់​និយោជក និង​តំណាង​រោងចក្រ​នៅ​ថ្ងៃ​ទី​១៩ ធ្នូ គឺ​មាន​រយៈ​ពេល ៦​ខែ បន្ទាប់​ពី​ច្បាប់​ស្ដីពី​សហជីព ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ដោយ​ព្រះរាជក្រម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៦។ ច្បាប់​ស្ដីពី​សហជីព ដែល​មាន ១០០​មាត្រា និង ១៧​ជំពូក ត្រូវ​បាន​អនុម័ត​ដោយ​សមាជិក​សភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៦។ សមាជិក​សភា​ពី​បក្ស​ប្រឆាំង​មិន​ចូលរួម​អនុម័ត​ច្បាប់​នេះ​ទេ។

ថ្វី​បើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត ហើយ​ភាគី​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​ច្បាប់​មួយ​ស្រប​តាម​អនុសញ្ញា​ការងារ​អន្តរជាតិ​ក្ដី ក៏​ភាគី​សហជីព​កម្មករ​លើក​ហេតុផល​ថា ច្បាប់​នេះ​មាន​ចរិត​នយោបាយ ហើយ​ចំណុច​មួយ​ចំនួន​ផ្ទុយ​ពី​បទដ្ឋាន​ច្បាប់​អន្តរជាតិ រឹតត្បិត​សេរីភាព​សហជីព និង​មិន​ការពារ​ប្រយោជន៍​កម្មករ​ទេ។

ជា​រឿយៗ វិវាទ​ការងារ​នៅ​តាម​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់ និង​ស្បែកជើង តែង​នាំ​ឲ្យ​សហជីព និង​កម្មករ​ធ្វើ​កូដកម្ម និង​បាតុកម្ម។ ភាគី​ថៅកែ​រោងចក្រ និង​ភាគី​សហជីព​កម្មករ​តែង​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​កូដកម្ម ឬ​បាតុកម្ម​នោះ។

ទោះ​ជា​ករណី​កូដកម្ម ឬ​បាតុកម្ម​ខ្លះ ត្រូវ​បាន​មន្ត្រី​ក្រសួង​ការងារ និង​ថៅកែ​រោងចក្រ​បន្ទោស​ថា បណ្ដាល​មក​ពី​សហជីព​ខិលខូច ក៏​នៅ​ក្នុង​ផ្សព្វផ្សាយ​នេះ អគ្គនាយក​រង​នៃ​នាយកដ្ឋាន​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិន ខេមរា មាន​ប្រសាសន៍​ថា មាន​ករណី​កូដកម្ម​ខ្លះ បាន​បណ្ដាល​មក​ភាគី​ខាង​រោងចក្រ​ដែរ ដែល​ធ្វើ​ព្រងើយ​នឹង​សំណូមពរ​របស់​កម្មករ ស្នើ​សុំ​និយាយ​គ្នា ជជែក​គ្នា​ពី​រឿង​តូច​ទៅ៖ «ជួនកាល​គេ​ខំ​ប្រាប់​ការ​លំបាក​របស់​គេ ប៉ុន្តែ​យើង​អត់​ជួយ​គ្នា។ យើង​អត់​ជួយ​បន្សាប​គ្នា យើង​អត់​ជួយ​ដោះស្រាយ​វា​ពី​រឿង​តូច ដល់​ពេល​យូរ​ក្លាយ​ទៅ​ជា​រឿង​ធំ ហើយ​ដល់​ពេល​យូរៗ វា​ក្លាយ​ទៅ​ជា​ទម្លាប់។ យ៉ាង​ម៉េច​បាន​ជា​អ៊ីចឹង? ជួន​កាល​កម្មករ​និយោជិក ជួន​កាល​ប្រតិភូ​បុគ្គលិក ជួន​កាល​សហជីព​ថា ទៅ​ប្រាប់​ធ្វើ​អី បើ​ប្រាប់​គេ​មិន​ដោះ នាំ​គ្នា​ធ្វើ​កូដកម្ម។ នេះ​ជា​របត់​ហើយ​បើ​តាម​ខ្ញុំ​ដឹង ធ្លាប់​មាន​រាប់​ពាន់​រឿង មាន​រឿង​ខ្លះ​វា​អ៊ីចឹង​មែន ហើយ​វា​ក្លាយ​ទៅ​ជា​ទម្លាប់»

លោក​ថ្លែង​ទៀត​ថា ដើម្បី​កាត់​បន្ថយ​បញ្ហា​វិវាទ ដែល​នាំ​ឲ្យ​មាន​កូដកម្ម ឬ​បាតុកម្ម សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា គួរ​បើក​វគ្គ​បង្រៀន​ដល់​សមាជិក​របស់​ខ្លួន ដែល​ជា​អ្នក​គ្រប់គ្រង​បុគ្គលិក​កម្មករ​ឲ្យ​បាន​យល់​អំពី​ច្បាប់​សហជីព​ថ្មី​នេះ។

មន្ត្រី​គ្រប់គ្រង​ធនធាន​មនុស្ស​នៃ​រោងចក្រ​កាត់ដេរ​សាន់តិច (SUNTEX) អ្នកស្រី ប៊ិន ច័ន្ទថាវី យល់​ថា ច្បាប់​ថ្មី​នេះ​ពាក់ព័ន្ធ​ខ្លាំង​ទៅ​នឹង​ការ​បង្កើត​សហជីព។ ប៉ុន្តែ​វា​ជា​ការ​ល្អ​ដែល​ខាង​និយោជក​យល់​ពី​នីតិវិធី​នៃ​ការ​បង្កើត​សហជីព​នោះ៖ «តាម​ពិត​ទៅ វា​ជា​ទាក់ទង​រឿង​របស់​យូញៀន (Union) ច្រើន​ជាង ព្រោះ​អី អាច​ឲ្យ​គាត់​បង្កើត​សហជីព បង្កើត​ច្បាប់​ទាក់ទង​នឹង​សហជីព។ ប៉ុន្តែ​ខាង​និយោជក ក៏​អាច​ដឹង​ពី​គោលការណ៍​របស់​សហជីព​ដែរ។ អ៊ីចឹង​យើង​ទាំង​ពីរ​នាក់ ត្រូវ​ធ្វើ​ការ​រួម​គ្នា​មួយ​ដើម្បី​បាន​ដំណោះស្រាយ​មួយ​ល្អ​ទាំង​និយោជក ហើយ​និង​សហជីព។ ខ្ញុំ​គិត​ថា មាន​ប្រយោជន៍​ដើម្បី​ឲ្យ​ស្គាល់​គ្នា​កាន់​តែ​ច្រើន»

កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា សហភាព​ការងារ​កម្ពុជា ដែល​ហៅ​កាត់​ថា CLC ក៏​បើក​វគ្គ​ផ្សព្វផ្សាយ​ច្បាប់​សហជីព​ដូច​គ្នា​នេះ​ដល់​មេ​ដឹកនាំ​សហជីព​របស់​នៅ​តាម​រោងចក្រ​ដែរ បើ​ទោះ​ពួក​គាត់​មិន​ពេញ​ចិត្ត​ច្បាប់​នេះ​ទាំង​ស្រុង​ក្ដី។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចេញ​សេចក្ដី​ណែនាំ​ដល់​សហជីព សមាគម អង្គការ ស្ថាប័ន​វិជ្ជាជីវៈ ដែល​ឋិត​ក្រោម​​បទបញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​សហជីព​ឲ្យ​បំពេញ​តាម​លក្ខខណ្ឌ និង​កាតព្វកិច្ច​ដូច​មាន​ចែង​ក្នុង​ច្បាប់​នេះ។ សេចក្ដី​ណែនាំ​បញ្ជាក់​បន្ថែម​ថា ការ​បំពេញ​តាម​លក្ខខណ្ឌ និង​កាតព្វកិច្ច​តាម​ច្បាប់ សហជីព​នឹង​ជួយ​ធានា​ដល់​ការ​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​ធានា​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចរចា​ជា​សមូហភាព​រវាង​កម្មករ​និយោជិក និង​និយោជក ឬ​ថៅកែ​រោងចក្រ ព្រម​ទាំង​ជំរុញ​ឲ្យ​មាន​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ដើម្បី​បង្កើន​ផលិតភាព និង​ការ​វិនិយោគ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល