សហជីព​ស្នើ​សុំ​ជួប​នាយករដ្ឋមន្ត្រី​ឲ្យ​ពន្យារ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​សហជីព

ដោយ អ៊ុំ រង្សី
2016-03-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​សហជីព​ដែល​តែង​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​សម្រាប់​កម្មករ កំពុង​ពិភាក្សា​គ្នា​ក្រៅ​ផ្លូវ​ការ បន្ទាប់​ពី​កិច្ច​ប្រជុំ​បិទ​ទ្វារ​ស្ដីពី​កង្វល់​ច្បាប់​សហជីព នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
ក្រុម​សហជីព​ដែល​តែង​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​សម្រាប់​កម្មករ កំពុង​ពិភាក្សា​គ្នា​ក្រៅ​ផ្លូវ​ការ បន្ទាប់​ពី​កិច្ច​ប្រជុំ​បិទ​ទ្វារ​ស្ដីពី​កង្វល់​ច្បាប់​សហជីព នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Morm Moniroth

ក្រុម​សហជីព​កម្មករ​ជាង ២០​ស្ថាប័ន កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា បាន​ដាក់​លិខិត​ស្នើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ពេល​វេលា​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​សហជីព​ដ៏​ចម្រូងចម្រាស។ ការ​ស្នើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ មិន​ទាន់​មាន​ការ​ពិភាក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នៃ​មាត្រា​មួយ​ចំនួន​ដែល​ជា​កង្វល់​របស់​ក្រុម​សហជីព​នោះ​ទេ។

លិខិត​របស់​ក្រុម​សហជីព​កម្មករ​ដែល​តស៊ូ​មតិ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព នៅ​តែ​ទទូច​សុំ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍​ទៅ​រដ្ឋ​សភា​ពន្យារ​ការ​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ថ្វី​បើ​គណៈកម្មការ​ចំពោះ​កិច្ច​បាន​បញ្ចប់​ការ​ពិនិត្យ​ពិភាក្សា​លើ​ខ្លឹមសារ​នៃ​ច្បាប់​នេះ​ក្ដី។

តំណាង​សហជីព​ដែល​ចូល​រួម​ដាក់​លិខិត​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា នៅ​មាន​មាត្រា​ចំនួន​៦ ដែល​សហជីព​មាន​ក្ដី​បារម្ភ​នៅ​ក្នុង​ច្បាប់​នេះ ដោយ​ក្នុង​មាន​មាត្រា ១៣ មាត្រា ១៤ មាត្រា ១៩ មាត្រា ២៤ មាត្រា ១៧ និង​មាត្រា ៦៥។

លោក​បញ្ជាក់​ថា មាត្រា​ទាំង​នេះ​នៅ​តែ​មិន​ទាន់​មាន​លក្ខណៈ​ល្អ​ប្រសើរ​នៅ​ឡើយ ព្រោះ​បាន​រឹតត្បិត​ដល់​សិទ្ធិ​ចងក្រង​សហជីព នឹង​ប៉ះពាល់​ដល់​សិទ្ធិ​របស់​កម្មករ​និយោជិត សេរីភាព​ខាង​ការ​បង្កើត​សមាគម ការ​ចរចា​ជា​សមូហភាព ការ​ប្រមូលផ្ដុំ និង​ការ​បញ្ចេញ​មតិ​ដែល​ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ៖ «ច្បាប់​នេះ វា​ដែល​យើង​បារម្ភ​ខ្លាំង​មាន ៦​មាត្រា ដែល​គេ​តម្រូវ​ឲ្យ​យើង​ត្រូវ​រៀបចំ​បែប​លក្ខណៈ​វិធី​ការ​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ ឯកសារ​កុង​ធនាគារ ឯកសារ​ស្ដីពី​ប្រភព​ចំណូល​សិទ្ធិ​ក្នុង​ការ​ធ្វើ​កូដកម្ម​ជាដើម ហើយ​បើ​យើង​មិន​ធ្វើ​តាម​គេ​យើង​មិន​អាច​រក្សា​បញ្ជី​ការ​បាន​ទេ»

តំណាង​សហជីព​កម្មករ​លោក អាត់ ធន់ បញ្ជាក់​ទៀត​ថា សហជីព​ស្ទើរ​ទាំង​អស់​ចង់​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាត​ឲ្យ​ក្រុម​សហជីព​អាច​ចូល​ជួប​ពិភាក្សា​អំពី​ក្ដី​កង្វល់​របស់​សហជីព​ពី​សេចក្ដី​ព្រាង​ច្បាប់​នេះ។ ខាង​ភាគី​លោក​ក៏​ចង់​ឱ្យ​មាន​តំណាង​ចូលរួម​ផ្ដល់​យោបល់​នៅ​រាល់​កិច្ច​ប្រជុំ​ទាក់ទង​នឹង​ច្បាប់​ស្ដីពី​សហជីព​ដែរ ដើម្បី​ឱ្យ​ច្បាប់​នេះ​កាន់​តែ​ប្រសើរ​ឡើង​មុន​នឹង​សភា​សម្រេច​អនុម័ត​ច្បាប់​នេះ នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ខាង​មុខ​នេះ។

​ការ​ដាក់​លិខិត​របស់​ក្រុម​សហជីព​ជូន​លោក​នាយករដ្ឋមន្ត្រី នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២២ ខែ​មីនា  មិន​មាន​ការ​រារាំង​ពី​សមត្ថកិច្ច​ឡើយ។ ជាង​នេះ​ទៀត លិខិត​របស់​ក្រុម​សហជីព​ត្រូវ​បាន​ទីប្រឹក្សា​អម​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សេង សាវន់ បាន​ចេញ​មក​ទទួល​លិខិត​របស់​ក្រុម​សហជីព ហើយ​សន្យា​យក​លិខិត​នេះ​ដាក់​ជូន​ប្រមុខ​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ពិនិត្យ៖ «រាល់​លិខិត​នេះ ខ្ញុំ​យក​ដាក់​ជូន​ប្រមុខ​រដ្ឋាភិបាល ហើយ​កុំ​ឲ្យ​ក្រុម​សហជីព​បារម្ភ​ថា លិខិត​នេះ​មិន​ដល់​ដៃ​ប្រមុខ​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី»

ក្នុង​ចំណោម​មាត្រា​ចំនួន​៦ ដែល​សហជីព​ព្រួយ​បារម្ភ​ខ្លាំង​ក្នុង​មាត្រា ១៧ និង​មាត្រា ៦៥  សហជីព​អះអាង​ថា មាត្រា​ទាំង​នេះ​ប៉ះពាល់​ដល់​ការ​បង្កើត​សហជីព ការ​ចុះ​បញ្ជិកា​សហជីព ការ​ផ្ដល់​អំណាច​ជ្រុល​ហួសហេតុ​ដល់​អធិការ​ការងារ​ក្នុង​ការ​ព្យួរ និង​មាន​សិទ្ធិ​សម្រេច​ថា កូដកម្ម​ស្រប​ច្បាប់ ឬ​មិន​ស្រប​ច្បាប់ និង​ការ​ពិន័យ​ថ្នាក់ដឹកនាំ​សហជីព ព្រម​ទាំង​ការ​រាយការណ៍​ពី​សកម្មភាព​ចំណូល​ចំណាយ​របស់​សហជីព​ជាដើម។

សហជីព​កម្មករ​ដែល​តស៊ូ​មតិ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព រំពឹង​ថា ប្រមុខ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អន្តរាគមន៍​ឲ្យ​មាន​ការ​កែ ឬ​លុប​ចោល​ទាំង​ស្រុង​នៅ​មាត្រា​ដែល​មិន​ប្រក្រតី​ដែល​មាន​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​សហជីព ដែល​បាន​រង​ការ​រិះគន់​ថា មាន​លក្ខណៈ​គាបសង្កត់​ដល់​សិទ្ធិ​សេរីភាព​របស់​កម្មករ និង​សហជីព​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល