អង្គការ​សហប្រជាជាតិ​ជំរុញ​ឱ្យ​សភា​ខ្មែរ​អនុម័ត​ច្បាប់​ប្រកប​ដោយ​តម្លាភាព

ដោយ តាំង សារ៉ាដា
2014-04-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​រាយការណ៍​ពិសេស​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ការិយាល័យ​នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​១៦ មករា ឆ្នាំ​២០១៤។
អ្នក​រាយការណ៍​ពិសេស​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ការិយាល័យ​នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​១៦ មករា ឆ្នាំ​២០១៤។
RFA/Uon Chhin

មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ បាន​ជំរុញ​ឲ្យ​រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា អនុម័ត​ច្បាប់​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ តម្លាភាព និង​ការ​ចូលរួម។

តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៧ មេសា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បង្ហាញ​អំពី​ការ​ព្រួយ​បារម្ភ​របស់​លោក​ចំពោះ​ការ​អនុម័ត​ច្បាប់​នានា​នៅ​កម្ពុជា ដែល​អវត្តមាន​របស់​ក្រុម​តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​ប្រឆាំង។

សេចក្ដី​ថ្លែងការណ៍​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ​រូប​នេះ ក៏​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ផង​ដែរ ចំពោះ​ការ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៖ «ខ្ញុំ​បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ខ្ញុំ​នៅ​តែ​ឃើញ​មាន​ការ​រឹតត្បិត​ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​របស់​មនុស្ស។ បញ្ហា​នេះ​គឺ​ជា​ឧបសគ្គ​រាំង​ស្ទះ​ដោយ​ផ្ទាល់​ទៅ​ដល់​ដំណោះស្រាយ​នយោបាយ​ដែល​កំពុង​ជាប់​គាំង​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣»

ជាង​នេះ​ទៅ​ទៀត លោក សុរិយា ស៊ូប៊ែឌី ក៏​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​អនុម័ត​ច្បាប់​ដោយ​គណបក្ស​តែ​មួយ ហើយ​ដែល​គ្រាន់​ជា​ផ្នែក​មួយ​នៃ​អង្គ​បោះឆ្នោត​ប៉ុណ្ណោះ។ លោក​បន្ត​ថា នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ ពលរដ្ឋ​តែង​ត្រូវ​បាន​គេ​ផ្ដល់​ឱកាស​គ្រប់​គ្រាន់​ក្នុង​ការ​ចូល​រួម​ផ្ដល់​ទស្សនៈ​យោបល់​ទៅ​ដល់​ខ្លឹមសារ​នៃ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ឡាយ​ជា​អាទិភាព​ខ្ពស់​សម្រាប់​ការ​អនុម័ត​ដោយ​រដ្ឋ​សភា។

ម្យ៉ាង​ទៀត​ត្រូវ​បើក​ឱកាស​ឲ្យ​ក្រុម​តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​ប្រឆាំង​ដើម្បី​ធ្វើការ​ជជែក​សួរ​ដេញ​ដោល​គ្នា​មុន​ពេល​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដោយ​រដ្ឋ​សភា។

ទាក់ទង​នឹង​បញ្ហា​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន មាន​ប្រសាសន៍​ថា លោក សុរិយា ស៊ូប៊ែឌី គ្មាន​សិទ្ធិ​ចង្អុល​បង្ហាញ ឬ​បញ្ជា​ឲ្យ​រដ្ឋ​សភា​របស់​កម្ពុជា ធ្វើ​អ្វី​ទៅ​តាម​ខ្លួន​នោះ​ឡើយ។

លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា តែង​ស្វាគមន៍​ឲ្យ​មាន​វត្តមាន​របស់​ក្រុម​ប្រឆាំង​ក្នុង​ការ​ចូល​រួម​ប្រជុំ​សភា៖ «យើង​មិន​ដែល​រឹតត្បិត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ចូល​រដ្ឋ​សភា​ឯ​ណា ហើយ​ប្រសិន​បើ​គាត់​យល់​ថា ការ​ដែល​គណបក្ស​ប្រឆាំង​មិន​ចូល​រដ្ឋ​សភា​នេះ ធ្វើ​ឲ្យ​បាត់​សំឡេង​ប្រឆាំង ឬ​គាប​សង្កត់​សំឡេង​ប្រឆាំង​អី​ហ្នឹង ចុះ​គាត់​មាន​អី​ពិបាក? គាត់​ទូរស័ព្ទ​មក​ឯកឧត្ដម សម រង្ស៊ី និង​ឯកឧត្ដម កឹម សុខា ជំរុញ​ឲ្យ​ពីរ​នាក់​ហ្នឹង​ចូល​ប្រជុំ​ក្នុង​រដ្ឋ​សភា​ទៅ គណបក្ស​គាត់​ទាំង ៥៥​កៅអី​ហ្នឹង»

ប៉ុន្តែ​ក្រុម​មេដឹកនាំ​បក្ស​ជំទាស់​អះអាង​ថា អវត្តមាន​របស់​ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ចូល​រួម​ប្រជុំ​សភា គឺ​ដោយសារ​តែ​គ្មាន​ការ​ព្រមព្រៀង​គ្នា​លើ​ការ​កែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ស្រប​តាម​ឆន្ទៈ​រាស្ត្រ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ​ក្រោយ​ការ​បោះ​ឆ្នោត ដូចជា​ការ​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ​ជាដើម។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​សហរដ្ឋអាមេរិក​ដើម្បី​ផ្ដល់​ព័ត៌មាន​ជូន​អ្នក​គាំទ្រ និង​សហគមន៍​អន្តរជាតិ អំពី​ស្ថានភាព​ជាក់ស្ដែង​នៃ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​នោះ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ពី​រដ្ឋ​មីនីសូតា (Minnesota) ថា ឧបសគ្គ​ដែល​មិន​ឲ្យ​ក្រុម​បក្ស​ប្រឆាំង​ចូល​រួម​ប្រជុំ​សភា គឺ​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រម​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។

លោក កឹម សុខា៖ «អត្ថន័យ​របស់​លោក សុរិយា ស៊ូប៊ែឌី ចង់​ប្រាប់​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា។ ចង់​ប្រាប់​ទៅ​រដ្ឋ​សភា​សព្វ​ថ្ងៃ​ថា អ្វី​ដែល​ខ្លួន​ដំណើរការ​ឯកបក្ស ឬ​បក្ស​តែ​មួយ​នេះ គឺ​វា​មិន​សមស្រប​នឹង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ទោះ​បី​ខ្លួន​ថា មិន​ហាម​ឃាត់​មិន​ឲ្យ​យើង​ចូល​ក៏ដោយ ក៏​អ្វី​ដែល​ខ្លួន​មិន​ព្រម​ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​បោះ​ឆ្នោត មិន​ព្រម​ធ្វើ​ការ​កែទម្រង់ បង្ហាញ​ឲ្យ​ឃើញ​ជាក់ស្ដែង​នៃ​ការ​កែ​ទម្រង់ គ.ជ.ប ជាដើម ដែល​យើង​ជជែក​គ្នា​ហ្នឹង អា​ហ្នឹង​ដែល​ជា​ការ​រារាំង​មិន​អាច​ឲ្យ​ពួក​យើង​ចូល​ប្រជុំ​ដោយ​ក្បត់​ឆន្ទៈ​ពលរដ្ឋ​បាន»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក ឈាង វុន អះអាង​ថា តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បន្ត​ដំណើរ​អនុម័ត​ច្បាប់​ទាំង​ឡាយ​ដដែល បើ​ទោះ​បី​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ថា ការ​ធ្វើ​បែប​នេះ​គឺ​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី ចរិយា អះអាង​ថា តួនាទី​របស់​តំណាងរាស្ត្រ​ពី​ខាង​បក្ស​ប្រឆាំង​មាន​សារសំខាន់​ខ្លាំង​ជាង​គណបក្ស​កាន់​អំណាច ហើយ​ប្រសិន​បើ​បក្ស​កាន់​អំណាច​អនុម័ត​ច្បាប់​ដោយ​គ្មាន​ការ​ចូល​រួម​របស់​ក្រុម​បក្ស​ប្រឆាំង នោះ​ច្បាប់​ដែល​ចូល​ជា​ធរមាន​រួច​ហើយ អាច​គ្រាន់​តែ​ជា​ច្បាប់​ដើម្បី​ការពារ​ផលប្រយោជន៍​ក្រុម​អ្នក​កាន់​អំណាច​ប៉ុណ្ណោះ។

លោក នី ចរិយា៖ «សភា​បើ​ទោះ​បី​ជា​គ្មាន​គណបក្ស​ប្រឆាំង​ទេ ហើយ​ធ្វើ​ការ​អនុម័ត​បាន វា​អាច​ធ្វើ​ការ​អនុម័ត​បាន ក៏​ប៉ុន្តែ​ប្រសិទ្ធភាព​ច្បាប់​ដែល​ចេញ​មក​ពី​ការ​អនុម័ត​ដោយ​សភា​មួយ ដែល​គ្មាន​ការ​សួរ​ដេញដោល​ពី​ខាង​គណបក្ស​ប្រឆាំង​ដែល​គ្មាន​ការ​បើក​សេរី​ឲ្យ​មាន​ការ​បញ្ចេញ​មតិ គឺ​ថា​ជា​ច្បាប់​មួយ ដើម្បី​បម្រើ​និង​ការពារ​ផលប្រយោជន៍​ឲ្យ​អ្នក​កាន់​អំណាច»

កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា រដ្ឋ​សភា​ដែល​មាន​តែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បើក​សម័យ​ប្រជុំ​លើក​ទី​២ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដើម្បី​អនុម័ត​ច្បាប់​ថ្មីៗ​ជា​ច្រើន ហើយ​នឹង​គ្រោង​អនុម័ត​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គចៅក្រម និង​ច្បាប់​ស្ដីពី​សន្ធិសញ្ញា​ជាដើម​នៅ​ពេល​ខាង​មុខ។

ចំពោះ​ដំណើរ​ការ​អនុម័ត​ច្បាប់​នេះ សេចក្ដី​ថ្លែងការណ៍​របស់​លោក សុរិយា ស៊ូប៊ែឌី បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដាក់​បង្ហាញ​ដល់​សាធារណជន និង​ក្រុម​អ្នក​ជំនាញ​ឲ្យ​បាន​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ពិនិត្យ​លើ​ខ្លឹមសារ​នៃ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ឡាយ​ក្នុង​បរិបទ​គោរព​សិទ្ធិ​មនុស្ស​មុន​ពេល​បញ្ជូន​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​រដ្ឋ​សភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

អ្នក​អាន​អនាមិក

ហ្វូងនេះចេះអនុម័តតែច្បាប់ព្រៃ និងបើកទ្វារចំហរហូតស្អុយដូចអាចម៍។

Apr 11, 2014 06:52 AM

កូនខ្មែរ

ពី ភព

អសប/ស៊ូប៊ែឌីព្រួយរឿងខ្មែរដល់ទៅឡើងគីឡូត្រយ៉ុកៗហើយ។តើ
លោកស៊ូប៊ែឌីមានពាក្យអ្វីក្រៅពី"CONCERN,WORRIED"និយាយទេ?

Apr 08, 2014 04:38 PM

អ្នក​អាន​អនាមិក

ពី USA

Dr. Surya Subedi!! You know exactly that the current Cambodian Gov and the House Representative (Rothsophear) are illigitmate/unconstitutional, why don't you tell the truth to the UN Human Right Committee, and Hun Sen directly?

Apr 08, 2014 01:37 PM

អ្នក​អាន​អនាមិក

MIKE THAY "SEN THORMANUNH".

Apr 08, 2014 09:39 AM

អ្នក​អាន​អនាមិក

មកទល់ពេលនេះ អសប គ្មានសកម្មភាពអ្វីសូម្បីតែបន្តិចសោះ ឬក៏គំនាបអ្វីបន្តិចសោះមកលើរដ្ឋាភិបាលក្បថជាតិ កម្ពុជា បានត្រឹមតែពាក្យព្រួយបារម្ភតែប៉ុណ្ណោះ ដូច្នេះការទុកចិត្តរបស់ខ្ញុំទៅលើ អសប នេះហាក់មានការ ខកចិត្តយ៉ាងខ្លាំង

Apr 08, 2014 09:37 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល