តុលាការ​លើក​​​ពេល​​​ប្រកាស​​សាលក្រម​​សំណុំ​​​រឿង​​អតីត​​បុគ្គលិក​​អាស៊ី​សេរី​ទៅ​ចុង​ខែ​សីហា

ដោយ ជុន ច័ន្ទបុត្រ
2019-08-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ អតីត​បុគ្គលិក​អាស៊ី​សេរី ពេល​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ២០១៩។
លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ អតីត​បុគ្គលិក​អាស៊ី​សេរី ពេល​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ២០១៩។
រូប៖ RFA

សាលាដំបូង​​រាជធានី​ភ្នំពេញ​​សម្រេច​លើក​​ពេល​ប្រកាស​សាលក្រម​សំណុំ​​រឿង​អតីត​បុគ្គលិក​អាស៊ី​សេរី​ទៅ​ចុង​ខែ​សីហា ក្រោយ​បញ្ចប់​សវនាការ​នៅ​ព្រឹក​មិញ​នេះ។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជំរុញ​ឱ្យ​តុលាការ​លើក​​លែង​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នក​ទាំងពីរ ពីព្រោះ​​ពួក​​គាត់​មិន​​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ។

សាលាដំបូង​រាជធានី​​ភ្នំពេញ​​បន្ត​សវនាការ​ជំនុំ​ជម្រះ​សំណុំ​​រឿង​អតីត​បុគ្គលិក​អាស៊ី​សេរី​ពីរ​រូប នៅ​ថ្ងៃ​ទី៩ សីហា ដូច​ការ​គ្រោង​ទុក។

ក្រុម​​ប្រឹក្សា​ជំនុំ​​ជម្រះ​បាន​អនុញ្ញាត​ឱ្យ​ភាគី​​តំណាង​អយ្យការ និង​មេធាវី​ធ្វើ​សេចក្ដី​សន្និដ្ឋាន​រៀងៗ ខ្លួន​ចំពោះ​សំណុំ​រឿង​ទី​មួយ​ពាក់ព័ន្ធ​នឹង​បទ​ចោទ “ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​​នាំឱ្យ​​អន្តរាយ​ការ​ការពារ​ជាតិ” ដើម្បី​​​បិទ​បញ្ចប់​សវនាការ​សំណុំ​រឿង​នេះ។ បន្ទាប់​មក​ តុលាការ​បាន​​លើក​​យក​សំណុំ​រឿង​ទី​ពីរ ពាក់ព័ន្ធ​នឹង​បទ​ចោទ “ផលិត​វីដេអូ​អាសអាភាស” មក​ជំនុំ​​ជម្រះ ក៏​ប៉ុន្តែ​សវនាការ​រឿង​នេះ​ត្រូវ​ធ្វើ​ឡើង​ជា​អសាធារណៈ មិន​មាន​នរណា​អាច​ចូល​ស្ដាប់​បាន​ឡើយ។

មេធាវី​​ការពារ​ក្តី​ឱ្យ​អតីត​បុគ្គលិក​អាស៊ី​សេរី លោក សំ ចំរើន ថ្លែង​ថា លោក​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ស្នើ​សុំ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំង​ពីរ​ករណី​លើ​កូន​ក្តី​របស់​លោក ស្រប​ពេល​តំណាង​អយ្យការ​នៅ​តែ​តម្កល់​ការ​ចោទ​ប្រកាន់​របស់​ខ្លួន​ក្នុង​សំណុំ​រឿង​ទាំង​ពីរ​នេះ​ដដែល។ លោក​រំពឹង​ថា ក្រុម​​ប្រឹក្សា​ជំនុំ​ជម្រះ​នឹង​សម្រេច​ឱ្យ​កូន​​ក្តី​របស់​លោក​ទទួល​បាន​ទទួល​យុត្តិធម៌​វិញ ព្រោះ​ពួក​​គេ​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ៖ «សំណុំ​រឿង​នីមួយៗ និយាយ​រួម​ទៅ ផ្អែក​​លើ​ទិដ្ឋភាព​​ច្បាប់ មិន​គួរ​បន្ត​នីតិវិធី​ចោទ​ប្រកាន់​លើ​កូន​ក្តី​យើង​តាំងពី​ដំបូង​ទី​មក​ហើយ បើ​ពិនិត្យ​លើ​ភស្តុតាង និង​ឯកសារ​ផ្សេងៗ»

តុលាការ​ក្រុង​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​សំណុំ​​រឿង​ទាំង​ពីរ​នេះ​ជាមួយ​គ្នា នៅ​ព្រឹក​ថ្ងៃ​ទី៣០ សីហា​ខាង​មុខ បន្ទាប់​ពី​បិទ​បញ្ចប់​សវនាការ​ជំនុំ​ជម្រះ។

អតីត​បុគ្គលិក​អាស៊ី​សេរី​លោក យាង សុធារិន្ទ ថ្លែង​ថា តុលាការ​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់ ដើម្បី​ដាក់​បន្ទុក​ពួក​លោក​ឡើយ ហើយ​ការ​លើក​ឡើង​របស់​តំណាង​អយ្យការ​ក្នុង​សេចក្ដី​សន្និដ្ឋាន​ ក៏​មិន​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​បទ​ចោទ​ប្រកាន់​លើ​ពួក​លោក​ដែរ។ លោក​ជឿជាក់​ថា ប្រសិន​បើ​ក្រុម​ប្រឹក្សា​​ជំនុំ​ជម្រះ​ឈរ​លើ​គោលការណ៍​វិជ្ជាជីវៈ​ត្រឹម​ត្រូវ ពួក​លោក​នឹង​បាន​រួច​ផុត​ពី​ការ​ចោទប្រកាន់​ដ៏​អយុត្តិធម៌​នេះ៖ «ខ្ញុំ​នៅ​តែ​យល់​​ឃើញ​ថា ការ​ចោទ​ប្រកាន់​មក​លើ​យើង​ខ្ញុំ​ទាំងពីរ​ ហើយ​ភស្តុតាង​ដែល​បង្ហាញ វា​អត់​មាន​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ទាក់ទង​នឹង​ការ​បញ្ជូន​ព័ត៌មាន​នាំ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ​ហ្នឹង។ អ៊ីចឹង ខ្ញុំ​នៅ​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ចៅក្រម​ជំនុំ​ជម្រះ​នឹង​ផ្ដល់​យុត្តិធម៌​ឱ្យ​យើង​ខ្ញុំ​ទាំងពីរ​នាក់ ហើយ​យើង​ខ្ញុំ​ទាំងពីរ​នាក់​នឹង​ទទួល​បាន​សេរីភាព​ពេញលេញ​នៅ​ថ្ងៃ​ទី៣០ ខែ​សីហា​ខាង​មុខ»

តុលាការ​របប​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន ចំនួន​ពីរ​បទ​ចោទ គឺ​ទី១ ​បទ "ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ" និង​ទី២ បទ "ផលិត​វីដេអូ​អាសអាភាស​” បន្ទាប់​ពី​បាន​ឃាត់​ខ្លួន​ពួក​គាត់ កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ។ តុលាការ​បាន​ឃុំខ្លួន​អ្នក​ទាំង​ពីរ ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង ៩ខែ ទើប​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​​អាសន្ន ដោយ​ភ្ជាប់​នូវ​លក្ខខណ្ឌ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​រៀង​រាល់​ខែ និង​ហាម​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ជា​ដើម។

ថ្វីបើ​​អ្នក​ទាំងពីរ​បាន​​រួច​ផុត​ពី​នីតិវិធី​​ស្ថិត​​ក្រោម​​ការ​​ត្រួតពិនិត្យ​តាម​អំណាច​សាលដីកា​សាលា​ឧទ្ធរណ៍​​​មែន ក៏​ ​​សិទ្ធិ​សេរីភាព​ក្នុង​​ការ​​​​ដើរ​ហើរ​របស់​​អ្នក​​ទាំងពីរ​​មិន​​ទាន់​មាន​​ពេញ​លេញ​​នៅ​ឡើយ​ទេ។ តុលាការ​ក្រុង​​ភ្នំពេញ​​មិន​​បាន​​ប្រគល់​លិខិត​​ឆ្លងដែន និង​​វត្ថុ​ចាប់​យក​​ដទៃ​ទៀត​ឱ្យ​​អ្នក​​ទាំង​ពីរ​វិញ​ឡើយ ដោយ​​រង់​ចាំ​សម្រេច​នៅ​ក្នុង​​សាលក្រម​ជំនុំ​​ជម្រះ​នៅ​ពេល​ខាង​មុខ។

អ្នក​នាំ​ពាក្យ​សមាគម អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ដែល​បាន​តាម​ដាន​សវនាការ​​នេះ​ថ្លែង​ថា តុលាការ​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​បន្ត​​ចោទ​ប្រកាន់​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ឡើយ ដូច្នេះ​លោក​ស្នើ​ឱ្យ​តុលាការ ទម្លាក់​ចោល​​​បទ​ប្រកាន់​ទាំង​ឡាយ​ប្រឆាំង​នឹង​អ្នក​​ទាំងពីរ។ ម្យ៉ាងវិញទៀត លោក​ថា អាជ្ញាធរ​ក៏​ត្រូវ​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​អ្នក​ទាំង​ពីរ​ដែរ ពី​ព្រោះ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ពួក​គាត់​ដាក់​ពន្ធនាគារ​ជាង៩ ខែ ដោយ​គ្មាន​ទោស​កំហុស និង​បង្កើត​បទ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន នាំឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ សេចក្ដី​ថ្លៃថ្នូរ សុភមង្គល និង​ជីវភាព​គ្រួសារ​របស់​ពួក​គាត់​ទាំងពីរ៖ «ជា​ការ​ចោទ​ប្រកាន់​មួយ​ដែល​អត់​ឆ្លុះ​បញ្ចាំង​ការពិត​ទាល់តែ​សោះ ហើយ​អ្នក​ទាំងពីរ​ហ្នឹង ​គឺ​គ្មាន​ព័ត៌មាន​ណាមួយ​ដែល​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​ទេ។ ដូច្នេះ​បទ​ចោទ​នេះ មិន​សម​ណា​ចោទ​មក​លើ​អ្នក​ទាំង​ពីរ​តាំងពី​ដំណាក់​កាល​នៃ​នគរបាល​កសាង​សំណុំ​រឿង​ហ្នឹង​ម្ល៉េះ ហើយ​មក​ទល់​ពេល​នេះ យើង​គិត​ថា ល្មម​ហើយ​នៃ​ការ​ទម្លាក់​ចោល​​បទ​ចោទ​ប្រកាន់​ហ្នឹង ព្រោះ​អ្នក​ទាំង​ពីរ​ត្រូវ​ការ​មាន​សេរីភាព​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ហ្នឹង ដើម្បី​ធ្វើ​កិច្ច​ការ​ងារ​ចិញ្ចឹម​ក្រុម​គ្រួសារ​ទៀត»

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ថា ​ជា​ជន​រងគ្រោះ​​នៃ​​ការ​​វាយ​​ប្រហារ​​ដោយ​​​ឥត​​ស្រាក​ស្រាន្ត​របស់​​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​​លើ​ស្ថាប័ន​​ព័ត៌មាន​ ដែល​ហ៊ាន​ផ្សព្វផ្សាយ​រិះគន់​រដ្ឋាភិបាល។

ចំណែក​អង្គការ​សហប្រជាជាតិ​វិញ​បាន​រក​ឃើញ​ថា អតីត​បុគ្គលិក​អាស៊ី​សេរី​ទាំង​ពីរ​រូប​ត្រូវ​បាន​អាជ្ញាធរ​របប​លោក ហ៊ុន សែន ដក​ហូត​សិទ្ធិ​សេរីភាព​ដោយ​បំពាន តាម​រយៈ​ការ​ឃុំ​ខ្លួន និង​ការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ។ អង្គការ​សហប្រជាជាតិ​ស្នើ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ទម្លាក់​ចោល​​ការ​ចោទ​ប្រកាន់​នេះ និង​ផ្ដល់​សិទ្ធិ​ឱ្យ​អតីត​បុគ្គលិក​អាស៊ី​សេរី​បាន​ទាម​ទារ​សំណង​មក​វិញ។

អតីត​បុគ្គលិក​អាស៊ី​សេរី បញ្ជាក់​ថា ពួក​លោក​មិន​ទាន់​បាន​គិតគូរ​ពី​ការ​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​នៅ​ឡើយ​ទេ​ក្នុង​ពេល​នេះ ប៉ុន្តែ​លោក​ថា ប្រសិន​បើ​អាជ្ញាធរ ឬ​តុលាការ​ដឹង​ខ្លួន​ថា បាន​រំលោភច្បាប់ និង​សិទ្ធិ​​ពលរដ្ឋ​របស់​ខ្លួន​រដ្ឋ​អំណាច​គួរ​តែ​បំពេញ​កាតព្វកិច្ច​សង​សំណង​ជំងឺ​ចិត្ត​ដល់​ពួក​លោក​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល