យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ដល់​អ្នក​បើកបរ

គ្រោះថ្នាក់​ចរាចរណ៍ នៅ​តែ​ជា​បញ្ហា​ចោទ​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​រៀងរាល់​ថ្ងៃ។ យ៉ាង​ណា​មិញ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ មាន​មនុស្ស​ធ្វើ​ដំណើរ​ទៅ​មក​គ្រប់​ទិសទី ជាពិសេស​នៅ​តាម​ដង​ផ្លូវ​សំខាន់ៗ​ពី​ទីក្រុង ឆ្ពោះ​ទៅ​តាម​បណ្ដា​ខេត្ត​នានា។
ដោយ ខែ សុណង
2013-04-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ការងារ​របស់​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម ចែក​ខិត្តប័ណ្ណ និង​សៀវភៅ​ជំនួយ​ស្មារតី​ដល់​អ្នក​បើកបរ​យានយន្ត និង​ទោចក្រយាន នា​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ​២០១៣។
ក្រុម​ការងារ​របស់​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម ចែក​ខិត្តប័ណ្ណ និង​សៀវភៅ​ជំនួយ​ស្មារតី​ដល់​អ្នក​បើកបរ​យានយន្ត និង​ទោចក្រយាន នា​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ​២០១៣។
RFA/Khe Sonorng

ចំនួន​អ្នក​ធ្វើ​ដំណើរ​កើន​ឡើង​យ៉ាង​គំហ៊ុក​ដូច្នេះ រឹត​តែ​ជា​ក្ដី​បារម្ភ​ដែល​ទាមទារ​ឲ្យ​អ្នក​បើកបរ​យានយន្ត​មាន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​បើកបរ ហើយ​ចាំបាច់​ត្រូវ​យល់​ដឹង​ពី​ច្បាប់ និង​គោរព​ច្បាប់​ចរាចរណ៍។

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ជួបជុំ​គ្នា​នៅ​ខាង​មុខ​រមណីយដ្ឋាន​វត្ត​ភ្នំ ធ្វើ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ដល់​អ្នក​ធ្វើ​ដំណើរ​នៅ​តាម​ដង​ផ្លូវ ពី​ច្បាប់​ចរាចរណ៍ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ដែល​កំពុង​ខិត​ជិត​ចូល​មក​ដល់។

ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម លោក ប៉ូ សំណាង បាន​ថ្លែង​នៅ​ថ្ងៃ​ទី៩ មេសា ថា ពិធី​នេះ​មាន​គោល​បំណង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ លោក​ថា កម្មវិធី​នេះ​នឹង​ប្រារព្ធ​ឡើង​ចំនួន ៤​ថ្ងៃ នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ដោយ​ប្រើប្រាស់​ក្រុម​សិល្បៈ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ផ្ដល់​សារ​អប់រំ សម្ដែង​រឿង​ខ្លី ចែក​ខិត្តប័ណ្ណ និង​សៀវភៅ​ជំនួយ​ស្មារតី​ដល់​អ្នក​បើកបរ​យានយន្ត និង​ទោចក្រយាន។

លោក ប៉ូ សំណាង៖ «ស៊ីក្លូ ម៉ូតូ​ឌុប ច្រើន​ជាង​គេ គាត់​ចង់​ចេះ​ចង់​យល់​ចង់​ដឹង​ណាស់ ក៏ប៉ុន្តែ អភព្វ​ដោយសារ​ជីវភាព​ខ្វះខាត ហើយ​និង​សេវា​សាធារណៈ គាត់​ទទួល​បាន​តិច​ជា​ទី​បំផុត​ក្នុង ១០០​នាក់ ជិះ​កាត់​វត្ត​ភ្នំ សួរ​គាត់​ដែល​បាន​ឃើញ​សៀវភៅ​ហ្នឹង​គេ គាត់​អត់​ដែល​បាន​ឃើញ​ទេ។ តើ​កំហុស​ហ្នឹង​ជា​របស់​អ្នក​ណា សេវា​សាធារណៈ​យើង​គ្មាន សង្ឃឹម​លើ​រដ្ឋាភិបាល មេត្តា​បញ្ជូន​កម្លាំង​ទាំងអស់​ឲ្យ​មក​ផ្លូវ​ថ្នល់»

ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​រមណីយដ្ឋាន​វត្ត​ភ្នំ បាន​គាំទ្រ​យុទ្ធនាការ​អប់រំ​ច្បាប់​ចរាចរណ៍​នៅ​មុន​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ៖ «យើង​នាំ​គ្នា​គោរព​ទៅ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍។ ការងារ​នេះ​ល្អ ប្រជាពលរដ្ឋ​យើង​បាន​យល់​ដឹង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។ យើង​ធ្វើ​ដំណើរ​ទៅ បងប្អូន​ទៅ​ស្រុក​ទេស​អី ដើម្បី​សុវត្ថិភាព យើង​ត្រូវ​យល់យោគ​គ្នា​ក្នុង​ការ​ធ្វើ​ដំណើរ»

មិន​ខុស​គ្នា​នោះ​ទេ បុរស​វ័យ​ចំណាស់​ដែល​មាន​មុខ​របរ​ជា​អ្នក​ធាក់​ស៊ីក្លូ​ម្នាក់ ក្នុង​រាជធានី​ភ្នំពេញ លោក ហាស់ យឿន បាន​អះអាង​ថា គាត់​ប្រកប​របរ​នេះ​តាំង​ពី​ឆ្នាំ​១៩៧៩ មក។ គាត់​រីករាយ​ដែល​បាន​ទទួល​លិខិត​អប់រំ​ច្បាប់​ចរាចរណ៍​នេះ៖ «មាន​ប្រយោជន៍ និយាយ​រួម​ឲ្យ​ខ្លី គឺ​ទូទៅ​តែ​ម្ដង សម្រាប់​អ្នក​ធាក់​ស៊ីក្លូ ក៏​មាន​ប្រយោជន៍ សម្រាប់​សង្គម​ជាតិ​ក៏​មាន​ប្រយោជន៍»

ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​នេះ​ដែរ នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ លោក ចែវ ហាក់ មាន​ប្រសាសន៍​ថា អង្គភាព​ជំនាញ និង​អធិការ​នគរបាល​ខណ្ឌ​ទាំង​៩ នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​ផែន​ការ​រៀបចំ​ការងារ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​នៅ​លើ​ដង​ផ្លូវ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​រួច​ជា​ស្រេច​ហើយ៖ «គឺ​មិន​មែន​ឈប់​រយៈពេល​៣-៤​ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​នេះ​ទេ គឺ​យើង​អាច​បែង​ចែក​គ្នា វេន​គ្នា​ទៅ​វត្ត ឬ​គាត់​ជូន​ដំណើរ​ឪពុក​ម្ដាយ​ទៅ​វត្ត​ទៅ​វា​ជា​ដើម។ ជាក់ស្ដែង តែ​អង្គភាព​ជំនាញ ព្រោះ​ស្នងការដ្ឋាន​ហ្មង ខ្ញុំ​អត់​បាន​ទទួល​ចំនួន​ប៉ុន្មាន​ទេ ប៉ុន្តែ​អង្គភាព​ជំនាញ​យើង​ខ្ញុំ​នេះ បាន​ត្រៀម​លក្ខណៈ​ជាង ២០០​នាក់ ដើម្បី​ត្រៀម​ច្រក​ចេញ​ចូល​ក្នុង​រាជធានី​ភ្នំពេញ មិន​ឲ្យ​មាន​ការ​កក​ស្ទះ​ទេ»

របាយការណ៍​ប៉ូលិស​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់​នៃ​ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​ថា ៣​ខែ​ដើម​ឆ្នាំ​២០១៣ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​មាន​ជាង ១​ពាន់​លើក ស្លាប់​មនុស្ស​ចំនួន ៥៤០​នាក់ និង​របួស​ជាង ២​ពាន់​នាក់។ អត្រា​គ្រោះថ្នាក់​នេះ​ថយ​ចុះ បើ​ប្រៀបធៀប​ឆ្នាំ​២០១២ ក៏ប៉ុន្តែ​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង។

គ្រោះថ្នាក់​ភាគ​ច្រើន​បណ្ដាល​មក​ពី​អ្នក​បើកបរ​មាន​ល្បឿន​លឿន បើក​ប្រជែង និង​ស្រវឹង​ជាដើម។ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់ អ្នក​បើកបរ ឬ​អ្នក​ប្រើប្រាស់​ផ្លូវ​គ្រប់​រូប ចាំបាច់​ត្រូវ​គោរព​ច្បាប់ និង​មាន​សុជីវធម៌​ក្នុង​ការ​បើកបរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល