ក្រសួង​មហាផ្ទៃ​បញ្ជូន​ជន​សង្ស័យ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​តុលាការ

គ្រោះ​ថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ នៅ​លើ​មហាវិថី​ព្រះ​នរោត្តម កាល​ពី​ល្ងាច​ថ្ងៃ​ទី​១ ខែ​មីនា បណ្ដាល​ឲ្យ​ក្មេង​ចំនួន ៣​នាក់​ស្លាប់​ភ្លាម និង​ជិត ១០​នាក់​ទៀត​រង​របួស។ បច្ចុប្បន្ន​អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​មាន​វិធាន​ការ​ផ្លូវ​ច្បាប់ ចំពោះ​យុវតី​ដែល​ជា​អ្នក​បើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ។
ដោយ ខែ សុណង
2013-03-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប៉ូលិស​ចរាចរណ៍​ជើង​គោក​បាន​កសាង​សំណុំ​រឿង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឡើង​ដោយ​កូនស្រី​របស់​មន្ត្រី​សុខាភិបាល​ម្នាក់ បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ថ្ងៃ​ទី​២ ខែ​មីនា។

នាយ​រង​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក ប៉ែន ឃុន មាន​ប្រសាសន៍​ថា យុវតី​ដែល​ជា​អ្នក​បើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ ឈ្មោះ គាមពិសិដ្ឋ ណារីតា អាយុ ២៣​ឆ្នាំ កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃាត់​ខ្លួន​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ។ ករណី​នេះ លោក​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការ​សាកសួរ​ហើយ។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​១ ខែ​មីនា យុវតី​ដែល​ជា​អ្នក​បើកបរ ឈ្មោះ គាមពិសិដ្ឋ ណារីតា អាយុ ២៣​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី៦ នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រ​សុខាភិបាល បើក​រថយន្ត​ពណ៌​ស្ករ ម៉ាក Camry ឬ​ស្គាល់​ជា​ទូទៅ​ថា បាឡែន ស្លាក​លេខ ២​R៥០០៨ បុក​រះ​លើ​អ្នក​ជិត​ម៉ូតូ និង​កង់​ជា​ច្រើន​គ្រឿង​នៅ​លើ​វិថី​ព្រះ​នរោត្តម ចាប់តាំង​រថយន្ត​នេះ​បាន​ចេញ​ពី​ខាង​មុខ​សកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ជិត​វិមាន​ឯករាជ្យ​បន្ត​រហូត​ដល់​បុក​ជាប់​របង​ខាង​មុខ​ក្រសួង​មហាផ្ទៃ។

ក្នុង​ហេតុការណ៍​នោះ ធ្វើ​ឲ្យ​កុមារី ២​នាក់​បង​ប្អូន​ស្លាប់ និង​កុមារ​ម្នាក់​ទៀត​ស្លាប់​ភ្លាមៗ ក្រៅ​ពី​នោះ​មាន​មនុស្ស​ចាស់ ៦​នាក់​របួស​ធ្ងន់ និង ២​នាក់​ទៀត​របួស​ស្រាល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

អនុ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កណ្ដាល លោក គាម ពិសិដ្ឋ ជា​ឪពុក​របស់​យុវតី គាម​ពិសិដ្ឋ ណារីតា បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថ្លែង​ថា លោក​ចូល​រួម​សោកស្ដាយ​ជា​ពន់ពេក និង​សូម​អភ័យ​ទោស​ដល់​ជនរងគ្រោះ​ទាំង​អស់ ចំពោះ​គ្រោះថ្នាក់​ដែល​បាន​បង្ក​ឡើង​ដោយ​កូន​ស្រី​របស់​លោក ហើយ​លោក​នឹង​ដោះស្រាយ​បញ្ហា​នេះ​ទៅ​តាម​នីតិវិធី​ច្បាប់​ទាំង​អស់។

លោក គាម ពិសិដ្ឋ៖ «ស្លុត​ដោយ​សារ​ពីរ​ឆ្នាំ​មុន​ឃើញ​វា​អ៊ីចឹង​ម្ដង ខ្ញុំ​យក​ទៅ​ថត​ស្កេន​នៅ​ប្រទេស​ថៃ បាតាយ៉ា មាន​ឃើញ​ដុំ​មួយ​តូច​នៅ​លើ​ខួរ​ក្បាល​វា។ ខ្ញុំ​សួរ​ទៅ​គេ​ថា អត់​ត្រូវ​វះកាត់​ទេ គេ​ឲ្យ​ញុំាំ​ថ្នាំ​រយៈពេល​​តាំង​ពី​ឆ្នាំ​២០១០​មក វា​ធូរ​ទៅ វា​ត្រូវ​តាម​ដាន​ជា​ប្រចាំ​អ៊ីចឹង​ទៅ​ណា។ ពេល​អ៊ីចឹង​ទៅ​ក៏​វា​ធូរ​ទៅ​ហើយ។ ក្នុង​អំឡុង​ពេល​នេះ​វា​ចាប់​ផ្ដើម​ប្រឡង​នៅ​ក្នុង​ខែ​កុម្ភៈ​ហ្នឹង វា​អត់​ងងុយ​អ៊ីចឹង​វា​មាន​បញ្ហា​ទៅ​លើ​ជំងឺ​ហ្នឹង វា​ធ្វើ​ឲ្យ​ខួរ​ក្បាល​វា​ធ្វើ​ឲ្យ​វា​ស្លុត។ ខ្ញុំ​ព្យាយាម​ដោះស្រាយ​តាម​ច្បាប់ និង​សុំ​ខមាលា​ទោស​ហើយ​ចូលរួម​នឹង​សព​បី​នាក់​ហ្នឹង»

អ្នក​គ្រប់គ្រង​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​របស់​អង្គការ​ជន​ពិការ​អន្តរជាតិ​ប៊ែលហ្សិក លោក អៀ ចរិយា បាន​ថ្លែង​ថា ករណី​ជន​បង្ក​ហេតុ​ដែល​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី ហើយ​បើក​រត់​គេច​នោះ យោង​ទៅ​តាម​ច្បាប់​ជន​នោះ​នឹង​ត្រូវ​ទទួល​ទោស​អតិបរមា៖ «អ្នក​បើកបរ​គ្រប់​រូប គឺ​ទី​១ គឺ​គាត់​ត្រូវ​មាន​សីលធម៌​ចេះ​គោរព​អ្នក​ដទៃ​នៅ​ពេល​បើក​បរ។ គាត់​ត្រូវ​គោរព​ច្បាប់​ក្នុង​ករណី​មាន​ការ​កើត​ហេតុ គាត់​ត្រូវ​ចូលរួម​ដោះស្រាយ​មិន​ត្រូវ​គេច​វេះ​ទេ។ យើង​ឃើញ​ថា ការ​បះពារ​គ្នា​ហើយ​កាត់​គេច​វេះ​ហ្នឹង មាន​កើត​ច្រើន​ករណី​ណាស់​ក្នុង​ប្រទេស​កម្ពុជា​យើង ដែល​វា​ជា​ទម្លាប់​អាក្រក់​មួយ​ដល់​អ្នក​ដទៃ​ទៀត​ដែរ»

មក​ដល់​ពេល​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​អំពាវនាវ​ឲ្យ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​មក​ដាក់​ពាក្យ​បណ្ដឹង​ពី​ករណី​បង្ក​គ្រោះថ្នាក់​នេះ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​ការ​តក់ស្លុត​ជា​ខ្លាំង និង​បាន​រិះគន់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជា​បន្ត​បន្ទាប់ ពី​ទង្វើ​របស់​យុវតី​ដែល​ជា​អ្នក​បើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ ហើយ​បាន​សម្ដែង​ក្ដី​អាណិត​អាសូរ​ចំពោះ​ក្រុម​គ្រួសារ និង​ជនរងគ្រោះ​ដែល​ជា​កុមារា​កុមារី ដែល​បាន​ស្លាប់​ពេល​ពួកគេ​ធ្វើ​ដំណើរ​ចេញ​ពី​សាលារៀន​ត្រឡប់​មក​ផ្ទះ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

Khmer

ពី Lowell, MA

Please don't let her drive anymore.

Mar 03, 2013 10:20 PM

ដារូ

ពី ភ្នំពេញ

នេះជាសោកនាថកម្មមួយដែលគួរអោយសោកស្តាយទាំងអ្នកប្រព្រឹត្ត និងជនរងគ្រោះមិនចង់អោយកើតមានឡើងទេ ។
អ្នកមានប័ណ្ណបើកបរមួយចំនួនធំមិនបានចូលរៀននិងប្រឡងយកប័ណ្ណបើកបរអោយបានត្រឹមត្រូវនោះទេ គឺគ្រាន់តែរៀនតៗគ្នាហើយសូកលុយទៅមន្ត្រីសាធារណៈការដើម្បីប្រឡងជាប់ទទួលប័ណ្ណបើកបរជាការស្រេច ។ បើចង់អោយគ្រោះថ្នាក់ចររាចរថយចុះក្រសួងសាធារណៈការត្រូវតែលុបបំបាត់អំពើរពុករលួយក្នុងការផ្តល់ប័ណ្ណបើកបរ ។

Mar 03, 2013 09:23 AM

Nary

ពី Phnom Penh

Yes, You are right! Yes, You are right! Half-Blood Vietnamese-Khmer court are terribly corruption in the World!
Nary

Mar 03, 2013 08:50 AM

កូនអ្នកក្រជួយអ្នកក្រ

ពី ភ្នំពញ

តើតុលាការអាចរកយុត្តិជូនក្មេងៗដែលស្លាប់បានដែរឬទេ?

Mar 03, 2013 08:22 AM

សែនសុខ

ពី ភ្នំពេញ

នេះជាបទឧក្រិដ្ឋកម្មដោយចេតនា​ដែលបង្កឲ្យស្លាប់ ៣នាក់ របួសធ្ងន់៦នាក់ ស្រាល​ ៣នាក់ ដូច្នេះយុវតីរូបនេះ ត្រូវតែទទួលទោសនិងសំណងដល់ជនរងគ្រោះឲ្យបានសមរម្យ។ សូម RFA មេត្តាតាមដានករណីនេះឲ្យបានដិតដល់ ព្រោះយុវតីបង្កគ្រោះថ្នាក់នេះអាចរួចទោសដោយសារតុលាការពុករលួយ។

Mar 03, 2013 02:53 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល