មន្ត្រី​សម្ព័ន្ធ​សហជីព​ស៊ីខាវឌូ​ចូល​បំភ្លឺ​តុលាការ​រឿង​ពុករលួយ

ដោយ ខែ សុណង
2014-04-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ ឬ​ហៅ​កាត់​ថា ស៊ីខាវឌូ (Ccawdu) លោក អាត់ ធន់ ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នា​ខាង​មុខ​ព្រះអង្គ​ដងកើ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ ឬ​ហៅ​កាត់​ថា ស៊ីខាវឌូ (Ccawdu) លោក អាត់ ធន់ ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នា​ខាង​មុខ​ព្រះអង្គ​ដងកើ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
RFA

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កោះ​ហៅ​ប្រធាន​និង​ថ្នាក់​ដឹកនាំ​សហជីព​ដ៏​ល្បី​ឈ្មោះ​មួយ គឺ​សម្ព័ន្ធ​សហជីព ស៊ីខាវឌូ (CCAWDU) ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ កិបកេង​លុយ​ពី​កម្មករ​រាប់​ម៉ឺន​ដុល្លារ នៅ​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៤។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ លោក អាត់ ធន់ បាន​ថ្លែង​ថា នៅ​ថ្ងៃ​ទី​២ មេសា ចៅក្រម​បាន​សាកសួរ​រូប​លោក​ផ្ទាល់ និង​ថ្នាក់​ដឹកនាំ ២​រូប​ទៀត គឺ​លោក គង់ អាទិត្យ និង លោក ឯក សុភក្ដី ជាង ៣​ម៉ោង បន្ទាប់​ពី​មាន​ពាក្យ​បណ្ដឹង​ថា ពួក​លោក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កិបកេង​ប្រាក់​រំលឹក​របស់​កម្មករ​នៅ​រោងចក្រ អ៊ីហ្គាមេន (E-garment) ជាង ៩​ម៉ឺន​ដុល្លារ។

លោក អាត់ ធន់ បន្ត​ថា សហការី​របស់​លោក គឺ​លោក អ៊ុំ វិសាល និង​អ្នកស្រី រឿន ចាន់ថន បាន​ញុះញង់​កម្មករ​ឲ្យ​ប្ដឹង​ពួកគាត់​នោះ គឺ​ដោយសារ​ពួកគេ​មាន​បំណង​ចង់​បំបែក​សហជីព​ស៊ីខាវឌូ៖ «យើង​ទៅ​នេះ យើង​ឆ្លើយ​ទៅ​តាម​អ្វី​ដែល​យើង​បាន​ធ្វើ​កន្លង​មក មាន​ន័យ​ថា កម្មករ​ដែល​នៅ​ក្នុង រោងចក្រ អ៊ីហ្គាមេន ហ្នឹង គឺ​ជា​កម្មករ​មួយ​ដែល​យើង​ជួយ​បាន​ចូល​ធ្វើ​ការ បាន​បើក​លុយ​លើស​ចំនួន​ដែល​គេ​ត្រូវ​ទទួល​បាន​ទៀត។ ប៉ុន្តែ​គេ​នៅ​តែ​ប្ដឹង យើង​មាន​ន័យ​ថា ដោយសារ​តែ​គេ​ជឿ​ការ​ញុះញង់​នៃ អ៊ុំ វិសាល ហ្នឹង ហើយ​យើង​បាន​ឆ្លើយ យើង​បាន​មាន​កុំ​ការ​អូសទាញ យើង​ក៏​មាន​ភស្តុតាង កិច្ច​ព្រមព្រៀង​មួយៗ​ដែល​គាត់​មិន​មាន​អី គាត់​សរសេរ​ហើយ​គាត់​អោយ​កម្មករ​ផ្ដិត​មេដៃ គាត់​ដាក់​ប្ដឹង​យើង អា​ហ្នឹង​មាន​ន័យ​ថា គាត់​ធ្វើ​គ្មាន​ភស្តុតាង​អ្វី គាត់​ធ្វើ​ដើម្បី​ប្រយោជន៍​របស់​គាត់​តែ​ប៉ុណ្ណឹង​ទេ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក អ៊ុំ វិសាល ធ្លាប់​បាន​បដិសេធ​នឹង​ការ​លើក​ឡើង​របស់​លោក អាត់ ធន់ នេះ ថា មិន​មែន​ជា​ហេតុផល​នៃ​ការ​ប្ដឹង​ទៅ​តុលាការ​ទេ។ លោក​គ្រាន់​តែ​ចង់​កែ​ទម្រង់​ក្នុង​ស្ថាប័ន​នេះ​តែ​ប៉ុណ្ណោះ។ បន្ទាប់​ពី​សាកសួរ​ថ្នាក់​ដឹកនាំ​សហជីព​ស៊ីខាវឌូ ពាក់ព័ន្ធ​រឿង​ពុករលួយ​នេះ តុលាការ​ពុំ​បាន​បង្ហាញ​ពី​នីតិវិធី​បន្ត​ថា​នឹង​ធ្វើ​អ្វី​ទៀត​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល