តុលាការ​ភ្នំពេញ​នឹង​បើក​អង្គ​ជំនុំ​ជម្រះ​លើ​ជន​ជាប់​ចោទ​២៣​នាក់​នៅ​ថ្ងៃ​១៨ មេសា

ដោយ ទេព សុរ៉ាវី
2014-04-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះសង្ឃ ប្រជាពលរដ្ឋ និង​កម្មករ លើក​បដា​ទាមទារ​ឲ្យ​ដោះ​លែង លោក វន់ ពៅ សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ ២០​នាក់​ផ្សេង​ទៀត នា​មុខ​សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៤។
ព្រះសង្ឃ ប្រជាពលរដ្ឋ និង​កម្មករ លើក​បដា​ទាមទារ​ឲ្យ​ដោះ​លែង លោក វន់ ពៅ សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ ២០​នាក់​ផ្សេង​ទៀត នា​មុខ​សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៤។
RFA/Vohar Cheath

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កំណត់​ថ្ងៃ​សវនាការ​លើ​អង្គ​សេចក្តី​ករណី​ជន​ជាប់​ចោទ​ទាំង ២៣​នាក់ នៅ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ អង្គការ​សង្គម​ស៊ីវិល និង​សហជីព​កម្មករ បាន​ត្រៀម​មេធាវី ១០​នាក់​ជួយ​ការពារ​ក្តី​ឲ្យ​ពួក​គេ​ទាំង​នោះ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​អង្គ​ជំនុំ​ជម្រះ ៣​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ លើ​ករណី​ជន​ជាប់​ចោទ ២៣​នាក់ ដែល​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ មករា នៅ​ពេល​ដែល​ពួក​គេ​តវ៉ា​ទាមទារ​សុំ​ដំឡើង​ប្រាក់​ខែ ១៦០​ដុល្លារ។

មេធាវី​ការពារ​ក្តី​ឲ្យ​មនុស្ស ៦​នាក់​ក្នុង​ចំណោម ២៣​នាក់ មក​ពី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក សំ សុគង់ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១ មេសា ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កំណត់​យក​ថ្ងៃ​ទី​១៨ មេសា ជា​ថ្ងៃ​ជំនុំ​ជម្រះ​ករណី​មនុស្ស​ទាំង ២៣​នាក់។

តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន ខាង​តុលាការ​ក្រុង​នឹង​បែង​ចែក​សវនាការ​ជា​៣​ផ្សេង​គ្នា លើ​បណ្ដឹង​របស់​ពួក​គេ​ទាំង​នោះ។ សវនាការ​ទី​១ លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ថេង សាវឿន អ្នក​សម្រប​សម្រួល​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ច័ន្ទ ពុទ្ធិស័ក្ត សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​មនុស្ស​ចំនួន ៧​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២ មករា ត្រូវ​ជំនុំ​ជម្រះ​ដោយ​លោក​ចៅក្រម កែវ មុន្នី ដោយ​មាន លោក លី សុផាន់ណា ជា​អយ្យការ​អម​តុលាការ។ សវនាការ​ទី​២ ជំនុំ​ជម្រះ​លើ​បណ្ដឹង​ប្រឆាំង​ជន​ជាប់​ចោទ ១០​នាក់​ទៀត។ រីឯ​សវនាការ​ទី​៣ សម្រាប់​សំណុំ​រឿង​មនុស្ស ៣​នាក់ គឺ​មាន លោក ជា សារ៉ាត់ លោក យន់ សុខជា និង​លោក ប៊ូ សារិទ្ធ បច្ចុប្បន្ន លោក យន់ សុខជា និង​លោក ប៊ូ សារិទ្ធ តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ។

លោក​មេធាវី សំ សុគង់ បញ្ជាក់​ថា ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​អ្នក​ទាំង ២៣​នាក់​នោះ មាន​ភស្តុតាង​ដោះ​បន្ទុក​គ្រប់គ្រាន់ ដែល​ធានា​ថា​ពួក​គេ គឺ​ជា​ជន​រងគ្រោះ និង​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់៖ «ខាង​មេធាវី​មាន​ជំនឿ​ចិត្ត​ថា ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​ផ្តល់​ភាព​យុត្តិធម៌ និង​ធ្វើ​ការ​កាត់​សេចក្តី​តាម​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ទាំងអស់​នោះ»

ប្រពន្ធ លោក វន់ ពៅ គឺ​លោកស្រី ប្រាក់ សុវណ្ណារី សង្ឃឹម​ថា​តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ឲ្យ​ប្ដី​របស់​លោកស្រី និង​អ្នក​ជាប់​ចោទ​ឯ​ទៀត៖ «សូម​ឲ្យ​តុលាការ​កាត់​ក្តី​តាម​ច្បាប់ ប្រសិន​បើ​អ្នក​ទាំងអស់​គ្នា​ពិត​ជា​បាន​ខុស​មែន​នោះ​ហ៊ាន​ទទួល។ តែ​ដោយសារ​តែ​នៅ​ថ្ងៃ​នោះ ខ្ញុំ​ក៏​មាន​វត្តមាន​នៅ​ទីនោះ​ដែរ ស្វាមី​ខ្ញុំ​គាត់​អត់​មាន​បាន​ធ្វើ​អ្វី​ខុស​ទេ ហើយ​បែរ​ជា​វាយ​ដំ​ធាក់​គាត់​យ៉ាង​សាហាវ​ឃោរឃៅ ហើយ​យក​គាត់​ទៅ​ដាក់​ក្នុង​ពន្ធនាគារ បែរ​ជា​មិន​រក​អ្នក​ដែល​បង្ក​ហេតុ តែ​បែរ​ជា​ចាប់​អ្នក​សម្រប​សម្រួល​ដាក់​ក្នុង​ពន្ធនាគារ​វិញ នេះ​ជា​អំពើ​ខុស​ឆ្គង​ទាំង​ស្រុង​តែ​ម្តង»

ចៅក្រម​សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​២៤ មីនា សម្រេច​បន្ត​ឃុំ​ខ្លួន លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ​ចំនួន ២០​នាក់​ផ្សេង​ទៀត តាម​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​ចៅក្រម​សំអាង​ហេតុ ការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ វា​អាច​ប៉ះពាល់​នីតិវិធី​តុលាការ។

ស្រប​ពេល​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ កំណត់​ថ្ងៃ​សវនាការ​ជំនុំ​ជម្រះ​អង្គ​សេចក្តី​ប្រឆាំង​ជន​ជាប់​ចោទ ២៣​នាក់​នោះ តុលាការ​ក្រុង​ភ្នំពេញ ក៏​បាន​សម្រេច​បើក​សវនាការ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ទៅ​លើ​ជន​ជាប់​ចោទ​ម្នាក់ គឺ​លោក សុគន្ធ សម្បត្តិពិសិដ្ឋ តាម​ការ​ស្នើសុំ​ពី​មេធាវី និង​អង្គការ​សង្គម​ស៊ីវិល នៅ​ថ្ងៃ​ទី​៤ មេសា។

លោក សម្បត្តិពិសិដ្ឋ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ២៣​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​មករា។ លោក​ត្រូវ​បាន​កង​សន្តិសុខ​វាយ​ដំ​រហូត​បាក់​ដៃ​ម្ខាង នៅ​ពេល​ចាប់​ខ្លួន ហើយ​កំពុង​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ខេត្ត​កំពង់ចាម។

មេធាវី​ការពារ​ក្តី​ឲ្យ លោក សុគន្ធ សម្បត្តិពិសិដ្ឋ គឺ​លោក សំ សុគង់ ប្រាប់​ថា លោក​សុំ​ធានា​កូន​ក្តី​របស់​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ ៥​ថ្ងៃ ដើម្បី​ឲ្យ​គេ​បាន​ទៅ​វះ​កាត់​ដៃ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ ដោយសារ​ស្ថានភាព​ជំងឺ​កូន​ក្តី​របស់​លោក​ត្រូវ​ការ​វះ​កាត់​ចាំបាច់ បើ​មិន​ដូច្នោះ​ទេ អាច​ពិការ​ដៃ​អស់​មួយ​ជីវិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

កូនខ្មែរ

ពី ភព

សង្ឃឹមតិចណាស់ថាជនរងគ្រោះនឹងទទួលបានភាពយុត្តិធម៍ពី
ចៅក្រមទាំងនោះ។ព្រោះថាចៅក្រមទាំងនេះ៖ទី១-ជាសមាជិករបស់
គណបក្សប្រជាជន,ទី២-បានដំណែងនេះក៏ដោយសាតែក្រុមហ៊ុន
សែនចាត់តាំងនិងបានដោយសាសំណូក,ទី៣-ពួកចៅក្រមទាំងនេះ
មិនទាន់ស្រង់ដើមបានវិញផងធ្វើម្ដេចនិងសុខចិត្តបាត់បង់ដំណែងនេះ?

Apr 01, 2014 06:50 PM

KONE KHMER

ពី PHNOM PENH

YES, I DO UNDERSTAND YOUR VIEWPOINT AND I DO AGREE WITH YOU. BUT I BELIEVE STRONGLY WITH THE THEORY " CURVE WOOD MUST BE CUT OFF, BUMP GROUND SUREFACE MUST BE LEVELED, CRIMINAL PEOPLE MUST FACE WITH JUSTICE "

Apr 02, 2014 01:27 AM

KONE KHMER

ពី PHNOM PENH

TO THE JUDGES:
THE JUDGES MUST RELEASE THE 23 MEN AS SOON AS POSSIBLE. THE 23 MEN DID NOT DO ANYTHIGN WRONG. THE POLICES OR THE THIEF KHMER GOVERNMENT MUST ARREST THE KILLERS AS SOON AS POSSIBLE.

Apr 01, 2014 09:35 AM

គេហទំព័រ​ទាំងមូល