សាលាឧទ្ធរណ៍​បដិសេធ​បណ្ដឹង​សុំនៅ​ក្រៅ​ឃុំ​​របស់​អ្នកស្រី ទេព វន្នី

ដោយ ម៉ម មុនីរតន៍
2016-11-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី អើត​តាម​បង្អួច​​សាលាឧទ្ធរណ៍ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Morm Moniroth
សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី អើត​តាម​បង្អួច​​សាលាឧទ្ធរណ៍ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Morm Moniroth
RFA/Morm Moniroth

ចៅក្រម​ជំនុំ​ជម្រះ​នៃ​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ បាន​បង្គាប់​ឲ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស នាំ​ខ្លួន​អ្នកស្រី ទេព វន្នី អ្នក​តវ៉ា​រឿង​ដីធ្លី​ដ៏​ល្បីល្បាញ មក​ជំនុំ​ជម្រះ​ជុំវិញ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ។ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ សម្រេច​រក្សា​ការ​សម្រេច​របស់​ចៅក្រម​នៃ​តុលាការ​ក្រុង​ភ្នំពេញ ដែល​តម្រូវ​ឲ្យ​ឃុំ​ខ្លួន​អ្នកស្រី ទេព វន្នី ទុក​ជា​បាន​ការ​ដដែល។

សវនាការ​នេះ​ត្រូវ​បាន​មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នកស្រី ទេព វន្នី និង​សង្គម​ស៊ីវិល ចាត់​ទុក​ថា​ពុំ​បាន​ផ្តល់​យុត្តិធម៌​ចំពោះ​អ្នកស្រី ទេព វន្នី ទេ។ ម្យ៉ាង​វិញ​ទៀត ជា​សវនាការ​ដែល​ពុំ​បាន​ជូន​ដំណឹង​ជា​មុន​ពី​ការ​ជំនុំ​ជម្រះ​ថែម​ទៀត​ផង​ទៅ​ដល់​មេធាវី ដែល​ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ជន​ជាប់​ចោទ។

អ្នកស្រី ទេព វន្នី ត្រូវ​បាន​រថយន្ត​អនុរក្ស​ពន្ធនាគារ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​គុក​ព្រៃ​ស​វិញ​ភ្លាមៗ បន្ទាប់​ពី​បើក​សវនាការ​រយៈពេល​ខ្លី​ដោយ​អវត្តមាន​មេធាវី​ការពារ​ក្ដី។

សវនាការ​អសាធារណៈ​ដែល​ប្រើ​ពេល​មិន​បាន ២០​នាទី​ផង ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ លោក ងួត រតនា បាន​សម្រេច​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​អ្នកស្រី ទេព វន្នី បាន​នៅ​ក្រៅ​ឃុំ​តាម​ការ​ស្នើសុំ​ទេ។ មូលហេតុ​ដែល​តុលាការ​សម្រេច​ទាត់​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​នេះ ដោយសារ​តុលាការ​យល់​ឃើញ​ថា ព្រួយ​បារម្ភ​ខ្លាច​អ្នកស្រី ទេព វន្នី បង្ក​ហិង្សា។

ទាក់ទិន​រឿង​នេះ ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ អ្នកស្រី ទេព វន្នី ដែល​ធ្លាប់​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់ បាន​ប្រតិកម្ម​ភ្លាមៗ​ដោយ​ចាត់​ទុក​សេចក្ដី​សម្រេច​នៅ​ពេល​នេះ ថា​ជា​ការ​បំបិទ​មាត់​អ្នក​តស៊ូ​មតិ​ក្នុង​រឿង​ដីធ្លី ជាពិសេស​តុលាការ​ធ្វើ​តាម​បង្គាប់​របស់​មន្ត្រី​រដ្ឋាភិបាល។ ស្ត្រី​តស៊ូ​មតិ​ដែល​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ពី​សហរដ្ឋ​អាមេរិក​រូប​នេះ រិះគន់​ថា អ្នក​ដែល​ប្រើ​ហិង្សា​រួម​មាន​អាជ្ញាធរ​ខណ្ឌ និង​ក្រុមហ៊ុន​ដែល​រំលោភ​សិទ្ធិ​ពលរដ្ឋ ក្រោម​គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល បែរ​ជា​ត្រូវ​រួច​ខ្លួន ហើយ​ជន​រងគ្រោះ​ជា​ម្ចាស់​ដី​ត្រូវ​មាន​ទោស​ទៅ​វិញ។ អ្នកស្រី​បន្ត​ថា «លុះត្រា​តែ​អ្នក​មាន​លុយ និង​មាន​អំណាច​បញ្ជា​ពី​លើ​ទម្លាក់​មក​ពី​លើ បាន​ជា​តុលាការ​ហ្នឹង​ហ៊ាន​សម្រេច​ដោយ​ឆន្ទានុសិទ្ធិ​ត្រឹមត្រូវ​តាម​កាតព្វកិច្ច និង​តួនាទី​ជា​ចៅក្រម​ដែល​គោរព​ទៅ​ច្បាប់ បើ​មិន​ដូច្នេះ​ទេ ចៅក្រម​ទាំងអស់​ហ្នឹង​គាត់​ខ្លាច​អស់​តំណែង​គាត់។ ហេតុ​ដូច្នេះ​ហើយ គេ​បញ្ជា​ឲ្យ​ផ្ដល់​យុត្តិធម៌ ឬ​មិន​ផ្ដល់​យុត្តិធម៌​គាត់​ត្រូវ​សម្រេច​តាម​បញ្ជា​អ្នក​មាន​លុយ និង​មាន​អំណាច»

ជុំវិញ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នកស្រី ទេព វន្នី ពេល​នេះ ទាក់ទង​ហិង្សា​នៅ​ក្បែរ​ផ្ទះ​លោក ហ៊ុន សែន និង​ការ​ទាមទារ​របស់​ក្រុម​ស្ត្រី​តស៊ូ​មតិ​តំបន់​បឹងកក់ ដែល​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រឆាំង​អ្នកស្រី យ៉ោម បុប្ផា កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣។ ដោយឡែក​សំណុំ​រឿង​ដែល​អ្នកស្រី ទេព វន្នី កំពុង​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​នេះ ពាក់ព័ន្ធ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ។

សវនាការ​ដែល​ប្រើ​ពេល​មិន​បាន ៣០​នាទី​ស្រួល​បួល​ផង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា គឺ​ពុំ​មាន​វត្តមាន​មេធាវី​ចូលរួម​ឡើយ។ លោក ហម ស៊ុនរិទ្ធ មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នកស្រី ទេព វន្នី បដិសេធ​ថា លោក​ពុំ​បាន​ដឹង​ពី​ការ​ជំនុំ​ជម្រះ​ទេ ដោយសារ​តុលាការ​មិន​បាន​ផ្ដល់​ដំណឹង​ជា​មុន​ឡើយ​ក្នុង​នាម​លោក​ជា​មេធាវី។ មិន​តែ​ប៉ុណ្ណោះ សវនាការ​នេះ​មិន​ដឹង​ជា​គេ​ដំណើរ​ការ​ទៅ​លើ​ករណី​អ្វី​ថែម​ទៀត​ផង។

ក្រុម​អង្គការ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ (LICADHO) ដែល​ឃ្លាំ​មើល​ដំណើរ​ការ​សវនាការ​យល់​ឃើញ​ថា ការ​ជំនុំ​ជម្រះ​ដែល​ពុំ​មាន​វត្តមាន​របស់​មេធាវី គឺ​ជា​សវនាការ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ជន​រងគ្រោះ។

អ្នកស្រី ទេព វន្នី ត្រូវ​ហ៊ុមព័ទ្ធ​ដោយ​សំណុំ​រឿង​ជាច្រើន​ក្រៅ​ពី​សំណុំ​រឿង​ដែល​តុលាការ​កំពុង​ដំណើរ​ការ​នេះ​ផង។ កាល​ពី​ពេល​ថ្មីៗ​នេះ អ្នកស្រី​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ៦​ខែ និង ៦​ថ្ងៃ​ក្នុង​រឿង​ក្ដី​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​រួច​ទៅ​ហើយ គឺ​ពី​បទ​ជេរ​ប្រមាថ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ និង​រឿង​ក្ដី​មួយ​ទៀត​ប្រឆាំង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ។ ក្រៅ​ពី​នេះ មេធាវី​ការពារ​ក្ដី​របស់​ស្ត្រី​តស៊ូ​មតិ​ដ៏​ល្បីល្បាញ​រូប​នេះ​បញ្ជាក់​ថា អ្នកស្រី ទេព វន្នី អាច​នៅ​មាន​សំណុំ​រឿង​ផ្សេង​ពី​នេះ​ទៀត ដែល​តុលាការ​កំពុង​បន្ត​នីតិវិធី​បូក​សំណុំ​រឿង​បន្ថែម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

រស្មីបណ្ណាល័យ ច័ន្ទឆាយា

ពី New York, NY

ដល់យួៗទៅខ្ញុំចង់តែសើចពីតុលាការស្រុកខ្មែរ ចាប់រឿងថ្មី បែជាកាត់ក្តីរឿងចាស់​ នេះហាក់បីដូចជាផ្ញើទុកសម្រាប់កាត់ក្តី

Nov 17, 2016 12:28 AM

គេហទំព័រ​ទាំងមូល