តុលាការ​កំពូល​បើក​ការ​ជំនុំជម្រះ​លើ​សំណុំរឿង​ស្ត្រី​បឹង​៣​នាក់

ដោយ មួង ណារ៉េត
2017-11-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​សហគមន៍​បឹងកក់ នា​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៧។
អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​សហគមន៍​បឹងកក់ នា​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៧។
Photo: RFA

តុលាការ​កំពូល កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា បាន​លើក​យក​រឿងក្ដី​ស្ត្រី​បឹងកក់ ៣​នាក់​មក​កាត់ក្ដី។ក្រុម​ស្ត្រី​តស៊ូ​មតិ​ក្នុង​ទំនាស់​ដីធ្លី នៅ​តំបន់​បឹងកក់​គឺ​អ្នកស្រី ទេព វន្នី ក្នុងចំណោម​អ្នក​ទាំង​៣​នាក់ ដែល​កំពុង​ជាប់ឃុំ ក៏​ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​ឆ្មាំ​ពន្ធនាគារ​ព្រៃ​ស នាំ​​​ខ្លួន​មកកាន់​តុលាការ​ដែរ។

តុលាការ​កំពូល សម្រេច​លើក​ពេល​ប្រកាស​សាលដីកា ក្នុង​រឿងក្ដី​អ្នក​ទាំង​បី​នាក់​នេះ ទៅ​ដើម​ខែ​ធ្នូ ខាងមុខ ក្រោយ​បញ្ចប់​ការ​កាត់ក្ដី​ដែល​ចំណាយ​ពេល​ពេញ​មួយ​ព្រឹក​រួច។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​តុលាការ​កំពូល​ផង​នោះ លោក ឃឹម ប៉ុណ្ណ បាន​កំណត់​ថ្ងៃ​ប្រកាស​សាលដីកា​លើ​សំណុំ​រឿង​នេះ ពេលព្រឹក​នៅ​ថ្ងៃទី៨ ខែ​ធ្នូ។

អាស៊ីសេរី ពុំ​អាច​សុំ​ប្រតិកម្ម​ជុំវិញ​សវនាការ​នេះ​បានទេ ពី​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​ស្ត្រី​បឹងកក់​ទាំង​បី​រូប​នេះ នៅ​ថ្ងៃទី២៤ ខែ​វិច្ឆិកា។ ស្ត្រី​តស៊ូ​មតិ​ក្នុង​ទំនាស់​ដីធ្លី នៅ​តំបន់​បឹងកក់​ទាំង​បី​រូប​មាន​អ្នកស្រី ទេព វន្នី អ្នកស្រី គង់ ចន្ថា និង​អ្នកស្រី បូវ ឆវី។ នៅ​ក្នុង​ដីកា​ជូនដំណឹង​របស់​តុលាការ​កំពូល កាលពី​ថ្ងៃទី​២៧ ខែ​តុលា ដែល​បង្គាប់​ឲ្យ​ជនជាប់ចោទ​ត្រូវ​ចូលរួម​សវនាការ​បាន សរសេរ​ថា អ្នក​ទាំង​បី​រូប​នេះ ត្រូវ​ជាប់ចោទ​ពី​ជេរប្រមាថ និង​បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ។ ធាតុ​ផ្សំ​នៃ​បទល្មើស និង​អង្គហេតុ​ដែល​តុលាការ​ចោទប្រកាន់​នេះ ដោយ​យោង​លើ​ការ​តវ៉ា​ដោយ​សន្តិវិធី​មួយ កាលពី​ថ្ងៃ​ទី ២៨ ខែវិច្ឆិកា ឆ្នាំ​២០១១។ កាលណោះ ក្រុម​ស្ត្រី​បឹងកក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅមុខ​សាលាក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ដីធ្លី នៅ​តំបន់​បឹងកក់។

តំណាង​សហគមន៍​បឹងកក់ គឺ​កញ្ញា សុង ស្រីលាភ ដែល​ចូលរួម​សវនាការ​កាលពី​ព្រឹក​ថ្ងៃទី​២៤ វិច្ឆិកា កត់សំគាល់​ឃើញ​ថា តុលាការ​នៅ​កម្ពុជា​សព្វថ្ងៃ វា​ហាក់​ដូចជា​មិនមែន​ជា​តុលាការ សម្រាប់​ស្វែងរក​យុត្តិធម៌​ទេ។ សកម្មជន​តស៊ូ​មតិ​រឿង​ដីធ្លី​រូប​នេះ បញ្ជាក់​ថា រាល់​រឿង​ក្តី​របស់​ពួកគាត់ បើ​ទោះ​ជា​មិន​មាន​ធាតុ​ផ្សំ​នៃ​បទល្មើស ក៏​តុលាការ​មិនដែល​ឲ្យ​ឈ្នះក្ដី​ម្ដងណា​ឡើយ​ជាមួយ​នឹង​ឈ្មួញ។ កញ្ញា សុង ស្រីលាភ បន្ត​ថា ព្រោះ​ហេតុ​ដូចនេះ​ហើយ បានជា​តុលាការ​ស្រុក​ខ្មែរ គឺ​ប្រៀប​ដូចជា​ទីផ្សារ​ពាណិជ្ជកម្ម​សម្រាប់​ជួញដូរ​យុត្តិធម៌​យ៉ាង​ដូច្នោះ​ដែរ៖ «តុលាការ​មួយ​នេះ​បើ​សិន​ជា​ពួក​ខ្ញុំ​វិញ​យល់​ឃើញ​ថា វា​មិន​មែន​ជា​តុលាការ វា​ប្រៀប​បី​ដូច​ជា​ទីផ្សារ​ចាយ​លុយ​ដើម្បី​រក​យុត្តិធម៌ និង​ស្វែង​រក​សេរីភាព​អ៊ីចឹង។ អ៊ីចឹង​បើ​ដូច​ពួក​ខ្ញុំ​អ្នក​ក្រ​មិន​ងាយ​នឹង​ទទួល​បាន​យុត្តិធម៌ ហើយ​និង​សេរីភាព​នោះ​ទេ»

ទាក់ទិន​នឹង​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹងកក់​ដោះ​មិន​ចេញ​នេះ គឺ​នៅ​ក្រោយ​ពេល​រដ្ឋាភិបាល បានសម្រេច​ផ្ដល់​ការ​វិនិយោគ​ក្រោម​លេស​ថា សម្បទាន​ដី​សេដ្ឋកិច្ច កាលពី​ឆ្នាំ​២០០៧ រយៈពេល​៩៩​ឆ្នាំ។ ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​នេះ គឺ​បាន​ទៅ​ក្រុមហ៊ុន​ដែល​ជា​មនុស្ស​ស្និត​និង​លោក ហ៊ុន សែន ឈ្មោះ​ក្រុមហ៊ុន ស៊ូកាគូ របស់​សមាជិក​ព្រឹទ្ធសភា​លោក ឡៅ ម៉េងឃីន ពី​ខាង​បក្ស​ប្រជាជន​កម្ពុជា។ អស់​រយៈពេល​ប្រមាណ ១០​ឆ្នាំ​កន្លង​ទៅ​នេះ ពលរដ្ឋ​រាប់​រយ​គ្រួសារ ក្លាយ​ជា​ជនរងគ្រោះ​មកដល់​សព្វថ្ងៃ ហើយ​ក្នុង​ចំណោម​នោះ ត្រូវ​ជាប់ពន្ធនាគារ​ថែមទៀត។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) យល់​ឃើញ​ថា វា​ពិតជា​លំបាក ក្នុង​ការដែល​ទទួល​បាន​នូវ​យុត្តិធម៌ ដោយសារ​ច្បាប់​បាន​ក្លាយ​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព សម្រាប់​ក្រុម​អ្នកគ្រប់គ្រង​អំណាច។ មិនតែប៉ុណ្ណោះ គេ​កម្រ​ឃើញ​ជនរងគ្រោះ​ដីធ្លី សកម្មជន​នយោបាយ​បក្ស​ប្រឆាំង និង​អង្គការ​មិនមែន​រដ្ឋាភិបាល ឈ្នះក្ដី​នៅ​ក្នុង​តុលាការ​ម្ដងណា​ឡើយ រាល់ពេល​មានរឿង​ក្ដីក្ដាំ​ម្ដងៗ៖ «ជា​ការ​កត់​សំគាល់​ដូច​យើង​ដឹង​ហើយ​ថា ក្នុង​ពេល​កន្លង​មក​ដូច​ជា​សហគមន៍​ដីធ្លី សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​នយោបាយ​ជា​ដើម កម្រ​នឹង​ទទួល​បាន​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ណាស់។ ផ្ទុយ​ទៅ​វិញ មាន​តែ​យក​ផ្លូវ​ច្បាប់​នេះ​ដាក់​សម្ពាធ​ទៅ​លើ​អ្នក​ទាមទារ​តវ៉ា​នូវ​អំពើ​អយុត្តិធម៌​ផ្សេង ជាពិសេស​ដូច​ជា​សហគមន៍​ដីធ្លី​នេះ​ជាដើម»

យ៉ាង​នេះ​ក្ដី កញ្ញា សុង ស្រីលាភ យល់​ឃើញ​ថា បើ​ទោះ​ជា​នៅ​ក្នុង​តុលាការ​ភាគច្រើន ជា​មនុស្ស​របស់​បក្ស​កាន់អំណាច ដើរតួ​ជា​ចៅក្រម និង​ព្រះរាជអាជ្ញា​ក៏ដោយ​ចុះ ហើយ​យុត្តិធម៌​ពិតជា​ពិបាក​នឹង​អាច​ទទួល​បាន​មែន​ក៏ដោយ ពួកគេ​គ្មាន​ជម្រើស​ផ្សេង​ទេ ក្រៅ​តែ​ពី​បន្ត​តស៊ូ​មតិ​តាម​មធ្យោបាយ​នេះ ទោះជា​ក្ដី​សង្ឃឹម​មាន​តិច​ក៏​ដោយ​ចុះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល