ភាគី​ពាក់ព័ន្ធ​ចាប់​ផ្ដើម​ពិភាក្សា​ករណី​ជួល​ស្ត្រី​ខ្មែរ​អោយ​ពពោះ​ជំនួស

ដោយ សុ ជីវី
2016-11-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ហៅ​កាត់​ថា គ.ជ.ប.ជ នៅ​ថ្ងៃ​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/So Chivy
ទិដ្ឋភាព​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ហៅ​កាត់​ថា គ.ជ.ប.ជ នៅ​ថ្ងៃ​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/So Chivy
RFA/So Chivy

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ជួល​ស្ត្រី​ខ្មែរ​អោយ​ពពោះ​ចេញ​មុខ​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា និង​ធ្វើ​អោយ​ករណី​នេះ​ក្លាយ​ជា​ស្របច្បាប់ ជាពិសេស​គឺ​ការ​ទទួល​ខុស​ត្រូវ​ និង​សុខទុក្ខ​របស់​ស្ត្រី​កំពុង​ពពោះ។

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​មើល​ឃើញ​ថា ករណី​ជួល​មនុស្ស​អោយ​ពពោះ​ជំនួស​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស។

អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស លើក​ឡើង​ថា ការ​ទទួល​ខុស​ត្រូវ​ចម្បង​មួយ​ដែល​ត្រូវ​ធ្វើ​ចំពោះ​មុខ​គឺ​ការ​ផ្ដល់​កិច្ច​ការពារ​ដល់​ស្ត្រី​ដែល​កំពុង​ពពោះ។

អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង បាន​ថ្លែង​បែប​នេះ​នៅ​ក្រោយ​កិច្ចប្រជុំ​រវាង​អាជ្ញា​កម្ពុជា ជាមួយ​តំណាង​របស់​ស្ថានទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា។ អ្នកស្រី​ថា ភាគី​កម្ពុជា បាន​ស្នើ​ទៅ​ភាគី​អូស្ត្រាលី ចំនួន ៣​ចំណុច៖ «ទី​១ គឺ​ត្រូវ​ផ្អាក​រាល់​ការ​បង្កើត​ថ្មី​ទៀត​នូវ​បញ្ហា​ហ្នឹង។ បើ​សិន​ជា​គាត់​ថា មាន​គេ​ស្នើ​សុំ​រឿង​មាន​កូន​ចៅ​អី​ហ្នឹង សុំ​អោយ​គាត់​ឈប់​ទទួល​សិន​ ព្រោះ​យើង​អត់​ទាន់​មាន​ច្បាប់​ទេ។ ទី​២ អ្នក​ដែល​ធ្វើ​អោយ​គេ​មាន​ផ្ទៃ​ពោះ ហើយ​ហ្នឹង​ត្រូវ​ចេញ​មុខ​មក​ទទួល​ថា អ្នក​ណា​ជា​ម្ចាស់​ ជា​ឪពុក​កូន​ហ្នុង ហើយ​គាត់​មក​សុំ​ទៅ​​​​​ធ្វើ​ឯកសារ​ដែល​យើង​ទទួល​ស្គាល់​ ដោយ​ភាគី​ទាំង​សង្ខាង​ទៅ ហើយ​ទី​៣​ទៀត គឺ​យើង​ត្រូវ​តែ​ពិភាក្សា​ជា​មួយ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​អ្នក​ពរ​ពោះ»

បើ​ទោះ​ជា​យ៉ាង​ណា អ្នកស្រី​ថា អាជ្ញាធរ​នៅ​ពុំ​មាន​ព័ត៌មាន​ជាក់លាក់​ពី​ស្ត្រី​ដែល​កំពុង​ពពោះ​ក្នុង​ករណី​ជួល​ស្ត្រី​ខ្មែរ​អោយ​ពពោះ​នេះ​នៅ​ឡើយ៖ «នេះ​ជា​រឿង​ថ្មី​សន្លាង អ៊ីចឹង​ហើយ​ដែល​យើង​ចាប់​អោយ​មាន​​អ្នក​ទទួល​ខុស​ត្រូវ ហើយ​យើង​ក៏​ចង់​អោយ​ស្ត្រី​ទាំង​នោះ​បង្ហាញ​ខ្លួន​ដែរ ប្រាប់​ថា គាត់​កំពុង​តែ​​​មាន​អី​នៅ​ក្នុង​ខ្លួន​របស់​ពួកគាត់។ យើង​ត្រូវ​ការ​កិច្ច​សហការ​ពី​គាត់ ព្រោះ​យើង​អត់​អាច​អោយ​គាត់​ប្រថុយប្រថាន​អោយ​កូន​ហ្នឹង​កើត​មក​មិន​ដឹង​អ្នក​ណា​ជា​ឪពុក»

ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ កាល​ពី​យប់​​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា បាន​ចាប់​ខ្លួន​ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់ និង​ជនជាតិ​ខ្មែរ ២​នាក់ ពី​បទ​ជា​អន្តរការី​នៅ​ក្នុង​ការជួល​ស្ត្រី​ខ្មែរ​អោយ​ពពោះ​ជំនួស។ អ្នក​ទាំង​៣​នោះ រួម​មាន​ឈ្មោះ ថាមមី ដេវីស ឆាលស៍ (Tammy Davis-Charles) ភេទ​ស្រី​អាយុ ៤៩​ឆ្នាំ ជនជាតិ​អូស្ត្រាលី និង​ជនជាតិ​ខ្មែរ ២​រូប មាន​ឈ្មោះ ពេញ រិទ្ធី ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ និង​ឈ្មោះ សំរិទ្ធ ចាន់ចរិយា ភេទ​ស្រី អាយុ ៣០​ឆ្នាំ​មុខ​របរ​ឆ្មប។

ចៅ​ក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ ចេញ​ដីកា​ឃុំ​ខ្លួន​អ្នក​ទាំង​៣ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ពី​បទ​ធ្វើ​អន្តរការ​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ​តាម​មាត្រា​៣៣២ និង​បទ​សុំ​ផ្ដល់​ឯកសារ​ដោយ​ទុច្ចរិត​តាម​មាត្រា​៦៦២ នៃ​ក្រម​ព្រហ្មទណ្ឌ។ មាត្រា​៣៣២ ចែង​ថា​ អំពើ​ប្រព្រឹត្ត​នៅ​ក្នុង​គោលបំណង​ចង់​បាន​កម្រៃ​ធ្វើ​ជា​អន្តរការី​រវាង​បុគ្គល​ម្នាក់ ឬ​ប្ដី​ប្រពន្ធ​ដែល​ចង់​សុំ​កូន​យក​មក​ចិញ្ចឹម និង​ស្ត្រី​ម្នាក់​យល់​ព្រម​ពពោះ​ដើម្បី​នឹង​ប្រគល់​កូន​នោះ​ទៅ​អោយ​អ្នក​សុំ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ ៦​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​ដល់​មួយ​លាន​រៀល។

អ្នកស្រី ថាមមី ដេវីស ឆាលស៍ ជា​ស្ថាបនិក​ក្រុមហ៊ុន​ឈ្មោះ ហ្វើធីលីធី សូលូសិន ភីជីឌី (Fertility Solution PDG)។ ក្រុមហ៊ុន​នេះ​បាន​ចូល​មក​កម្ពុជា ជាង​មួយ​ឆ្នាំ​ក្រោយ​មាន​ការ​ហាម​ឃាត់​ការជួល​ពពោះ​ជំនួស​នៅ​ក្នុង​ប្រទេស​ឥណ្ឌា នេប៉ាល់ និង​ថៃ។ អាជ្ញាធរ​កម្ពុជា អះអាង​ថា បាន​ចាប់​ផ្ដើម​ស៊ើប​អង្កេត​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​មុន​នឹង​សម្រេច​ចាប់​ខ្លួន​អ្នក​ទាំង​៣។ របាយការណ៍​ពី​អាជ្ញាធរ​បញ្ជាក់​ថា មិន​តិច​ជាង ៥០​ករណី​ទេ​ដែល​ក្រុមហ៊ុន​នេះ​បាន​ផ្ដល់​សេវា។ ក្រុមហ៊ុន​នេះ​បាន​យក​សេវា​ពី​ក្រុម​គ្រួសារ​ដែល​ចង់​បាន​កូន​ចំនួន ៥​ម៉ឺន​ដុល្លារ ហើយ​គេ​ផ្ដល់​ទៅ​អោយ​ស្ត្រី​ខ្មែរ​ចាប់​ពី​រាប់​ពាន់​ដុល្លារ​ដល់​ជាង​មួយ​ម៉ឺន​ដុល្លារ​តាម​ការ​បើក​ប្រាក់​ខែ​ដល់​ស្ត្រី​ដែល​ស្ម័គ្រ​ចិត្ត​ជា​រៀងរាល់​ខែ។

នាយក​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស លោក កែវ ធា មាន​ប្រសាសន៍​ថា បញ្ជាក់​ថា មាន​ស្ត្រី​ខ្មែរ​ចំនួន ១៨​នាក់ កំពុង​មាន​ផ្ទៃ​ពោះ​នៅ​ក្នុង​គម្រោង​ជួល​អោយ​ព​ពោះ​របស់​ក្រុមហ៊ុន​នេះ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​បាន​សម្ភាស​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​កំពុង​មាន​ផ្ទៃពោះ​បាន​លើក​ឡើង​ថា នាង​ចង់​អោយ​ការ​ពពោះ​ជំនួស​បាន​ទៅ​ជា​ស្រប​ច្បាប់។

អ្នកស្រី ជូ ប៊ុនអេង បញ្ជាក់​ថា នៅ​ក្រោយ​ការ​បង្ក្រាប​​ចាប់​ខ្លួន​អ្នក​ដែល​រក​ស៊ី​លើ​ការ​ពពោះ​ជំនួស​នេះ ស្ត្រី​ដែល​មាន​ផ្ទៃពោះ​កំពុង​លាក់​ខ្លួន។ អ្នកស្រី​អំពាវនាវ​អោយ​អ្នក​ពាក់ព័ន្ធ​ផ្ដល់​ប្រភព​ស្ត្រី​ទាំង​នោះ​ចេញ​មុខ ដើម្បី​ទទួល​បាន​សេវាកម្ម​ស្រប​ច្បាប់ ជាពិសេស​គឺ​ការ​ថែរក្សា​គភ៌ និង​អនាគត​របស់​កុមារ៖ «ទាំង​សង្ខាង​ដែល​យើង​ត្រូវ​តែ​អោយ​ជន​ដែល​​​ជាប់​សង្ស័យ​ហ្នឹង​ផ្ដល់​នូវ​បញ្ជី​ឈ្មោះ​របស់​យើង ពីព្រោះ​គាត់​ប្រាប់​ថា គាត់​មក​រក​កូន​អោយ​អ្នក​ដែល​ត្រូវ​ការ អ៊ីចឹង​មាន​ន័យ​ថា មាន​អ្នក​ដែល​ជួល​គាត់​មក អ៊ីចឹង​គាត់​ត្រូវ​តែ​ហ៊ាន​អោយ​បញ្ជី​ឈ្មោះ​មក​យើង ហើយ​អ្នក​ហ្នុង​ហ៊ាន​អះអាង​ថា ខ្លួន​ជា​ឪពុក​ជា​ម្ដាយ​ពិតប្រាកដ ឬ​អត់ ពីព្រោះ​យើង​ត្រូវ​ការ​គិតគូរ​អំពី​ជោគ​វាសនា​របស់​កូន»

កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បាន​ចុះ​ផ្សាយ​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា អ្នក​រៀបចំ​អោយ​មាន​ការ​ពពោះ​ជំនួស​បាន​នាំ​ស្ត្រី ដែល​កំពុង​ពពោះ​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ ដែល​នៅ​ទី​នោះ​ពួកគេ​អាច​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ទាំង​មុន និង​ក្រោយ​ពេល​សម្រាល។

បើ​តាម​អ្នកស្រី ជូ ប៊ុនអេង តំណាង​ស្ថានទូត​អូស្ត្រាលី ដែល​ចូលរួម​កិច្ច​ប្រជុំ​នៅ​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​សំណើ​ទាំង​៣ ចំណុច​របស់​អាជ្ញាធរ​កម្ពុជា នៅ​ឡើយ។ អ្នកស្រី​ថា ជា​ទូទៅ​ស្ថានទូត​លើក​ឡើង​ថា នេះ​ជា​បញ្ហា​ផ្លូវ​ច្បាប់​របស់​កម្ពុជា៖ «គាត់​ថា រដ្ឋាភិបាល​អត់​ពាក់ព័ន្ធ បើ​ថា​អត់​ពាក់ព័ន្ធ​វា​ស្មើ​នឹង​អ្នក​ដែល​ប្រព្រឹត្ត​ទាំង​អស់​ហ្នឹង ជា​អ្នក​ប្រព្រឹត្ត​ល្មើស​ បាន​ន័យ​ថា គាត់​មាន​ការ​ពាក់ព័ន្ធ​ចងក្រង​ជា​បណ្ដាញ​មួយ​ហើយ»

នៅ​ក្នុង​ចម្លើយ​តាម​សារអេឡិចត្រូនិក ឬ​អ៊ីម៉ែល (Email) មក​អាស៊ីសេរី កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា អ្នក​នាំ​ពាក្យ​​ការិយាល័យ​កិច្ចការ​បរទេស និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​អូស្ត្រាលី បញ្ជាក់​ថា រដ្ឋាភិបាល​អូស្ត្រាលី បន្ត​ណែនាំ​មិន​អោយ​ជនជាតិ​អូស្ត្រាលី ពាក់ព័ន្ធ​នឹង​ជំនួញ​ក្នុង​ការ​រៀបចំ​ការ​ពពោះ​ជំនួស​នៅ​កម្ពុជា។ បទបញ្ជា​ករណី​ពពោះ​ជំនួស​ជា​បញ្ហា​របស់​រដ្ឋាភិបាល​កម្ពុជា។ ស្ថានទូត​អូស្ត្រាលី ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ដើម្បី​ស្វែង​រក​ការពិត​សម្រាប់​បុគ្គល​ដែល​បាន​រៀបចំ​ការ​ពពោះ​ជំនួស​នៅ​មុន​ពេល​ដែល​ការ​ហាមឃាត់​ចូល​ជា​ធរមាន។

បើ​ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​កម្ពុជា បញ្ជាក់​ថា នៅ​រង់ចាំ​ចម្លើយ​ផ្លូវ​ការ​ពី​រដ្ឋាភិបាល​អូស្ត្រាលី និង​ថា អាច​នឹង​មាន​ការ​ជួប​ប្រជុំ​គ្នា​បន្ត​ទៀត​ពី​ករណី​នេះ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង​ធ្លាប់​ត្រូវ​សារព័ត៌មាន​ស្រង់​ប្រសាសន៍​មក​ផ្សព្វផ្សាយ​ថា ក្រសួង​ណែនាំ​អោយ​អាជ្ញាធរ​រឹត​បន្តឹង​ចំពោះ​បម្រាម​លើ​ការ​ពពោះ​ជំនួស​នេះ នៅ​ពេល​ដែល​ពុំ​ទាន់​មាន​ច្បាប់​សម្រាប់​ការអនុវត្ត។

ទាក់ទិន​ការ​ពពោះ​ជំនួស​នេះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ធ្លាប់​លើក​ឡើង​ពី​តម្រូវការ​ច្បាប់​ទាក់ទង​នឹង​ការ​ពពោះ​ជំនួស និង​ដើម្បី​ទប់ស្កាត់​អំពើ​ជួញ​ដូរ​មនុស្ស។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ចំពោះ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ការ​ពពោះ​ជំនួស​ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស។

ប្រធាន​ផ្នែក​ប្រធាន​គ្រប់គ្រង​ការិយាល័យ​ស៊ើប​អង្កេត​សិទ្ធិមនុស្ស​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លើក​ឡើង​ថា បទដ្ឋាន​ច្បាប់​អន្តរជាតិ​បាន​ហាមប្រាម​ចំពោះ​ការ​ពពោះ​ជំនួស៖ «នៅ​ប្រទេស​គេ​មួយ​ចំនួន​គេ​ហាម​តែម្ដង ព្រោះ​ការ​ពរ​ពោះ​ជំនួស​​​នេះ​គេ​ចាត់​ទុក​ថា ជា​ការ​រំលោភ​លើ​សិទ្ធិ​​មនុស្ស សិទ្ធិ​របស់​ពលរដ្ឋ ហើយ​នៅ​ខ្មែរ​យើង​វា​ផ្ទុយ​ពី​​ក្រម​រដ្ឋប្បវេណី​ផង ដែល​និយាយ​ថា កូន​កើត​ពី​អ្នក​ណា​អ្នក​នោះ​ជា​ម្ដាយ​គឺ​មិន​មែន​អ្នក​ផ្សង​ទេ»

អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង អោយ​ដឹង​ទៀត​ថា នៅ​ពេល​នេះ​រដ្ឋាភិបាល​កំពុង​សិក្សា​ពី​តម្រូវ​ការ​ច្បាប់ និង​ផល​ប៉ះពាល់​នានា​ពី​ការ​ពពោះ​ជំនួស​នេះ៖ «ហើយ​ដែល​យើង​កំពុង​តែ​សិក្សា​ពី​ប្រទេស​គេ​ដទៃ​ទៀត ដែល​គេ​មាន​ច្បាប់ ក៏​គេ​បិទ​សិន​ដែរ មាន​ន័យ​ថា តើ​ផល​ប៉ះពាល់​អី​ខ្លះ​ដែល​គេ​មិន​ចង់ ចុះ​ហេតុ​អី​បាន​ជា​យើង​បើក​អោយ​រឿង​ហ្នឹង​ដំណើរ​ការ​ដោយ​មិន​ទាន់​មាន​ច្បាប់»

អ្នកស្រី​បញ្ជាក់​ថា​ ក្នុង​​ពេល​ដែល​ពុំ​មាន​ច្បាប់​នេះ ចំណាត់​ការ​បន្ទាន់​គឺ​ការ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស និង​អំពើ​រំលោភ​ច្បាប់​ដទៃ​ទៀត​ ដែល​កើត​ចេញ​ពី​ការ​ពពោះ​ជំនួស​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល