ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានរាលដាលដល់ខេត្តកណ្ដាលហើយ គឺនៅឃុំក្រាំងយ៉ូវ ក្នុងស្រុកស្អាង។
មន្ត្រីក្រសួងកសិកម្មបានប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា សត្វជ្រូករបស់ពលរដ្ឋជាង៥០០ក្បាលបានស្លាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះហើយ មន្ត្រីជំនាញ នៃមន្ទីរបសុព្យាបាល ខេត្តកណ្ដាល ចុះទៅដល់កន្លែង ទីតាំងចិញ្ចឹមសត្វជ្រូក របស់ប្រជាពលរដ្ឋដែលមានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ គឺស្ថិតនៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ សត្វជ្រូកដែលឈឺងាប់នោះត្រូវបានអាជ្ញាធរយកទៅកប់ចោលដើម្បីការពារកុំឱ្យឆ្លងទៅតំបន់ផ្សេងទៀត។
មន្ត្រីជំនាញនៃមន្ទីរបសុព្យាបាល ខេត្តកណ្ដាលក៏បានប្រាប់សារព័ត៌មានក្នុងស្រុកដែរថាការផ្ទុះជំងឺ ប៉េស្តជ្រូកអាហ្វ្រិក ក្នុងឃុំក្រាំងយ៉ូវនេះ គឺដោយសារមានប្រជាពលរដ្ឋជាអ្នកចិញ្ចឹមសត្វជ្រូក ហើយគាត់លក់សាច់ជ្រូកផង នាំយកសាច់ជ្រូកមានជំងឺ មកលក់នៅលើទីផ្សារផង ទើបបណ្ដាលឱ្យឆ្លងរាលដាលនៅតំបន់នោះ។ មន្ត្រីដដែលបានបន្តទៀតថា សត្វជ្រូកដែលកើតជំងឺ គឺត្រូវតែកម្ទេចចោល ហើយ លោកអំពាវនាវដល់ពលរដ្ឋនៅឃុំក្រាំងយ៉ូវ ត្រូវប្រុងប្រយ័ត្ន និងឈប់បរិភោគសាច់ជ្រូក។
សេចក្ដីប្រកាសរបស់ក្រសួងកសិកម្មបង្ហាញថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះ បណ្ដាលឱ្យសត្វជ្រូកឈឺ ងាប់យ៉ាងឆាប់រហ័ស មានអត្រាខ្ពស់រហូតដល់ ១០០ភាគរយ បង្កឱ្យខាតប្រយោជន៍ពលរដ្ឋធ្ងន់ធ្ងរ។ ក្រសួងអះអាងថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកនឹងមិនឆ្លង ឬប៉ះពាល់ដល់មនុស្សឡើយ។
មកទល់ពេលនេះជំងឺប៉េស្តជ្រូក បានឆ្លងរាលដាល ដល់ខេត្តចំនួន៥ សុទ្ធសឹងតែជាខេត្តនៅជាប់ព្រំដែនប្រទេសវៀតណាមរួមមាន ខេត្តរតនគិរី ខេត្តត្បូងឃ្មុំ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តស្វាយរៀង៕