ប៉ូលិស​ប៉ុស្តិ៍​ឃុំ​នៅ​ស្វាយរៀង​រង​ការ​ចោទ​ថា​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​យឺតយ៉ាវ

ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ភូមិ នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង រិះគន់​អាជ្ញាធរ​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​អណ្ដូងត្របែក ថា​យឺតយ៉ាវ​មិន​អើពើ​ក្នុង​ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង​រង​ទុក្ខ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ប្ដឹង​ឲ្យ​ប៉ូលិស​ជួយ​វែក​មុខ​សញ្ញា​តាម​ចាប់​ជន​បង្ក​បញ្ហា លួច​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ កាល​ពី​ថ្ងៃ​ទី​១៦ តុលា ឆ្នាំ​២០១៣។
ដោយ ហ៊ុំ ចំរើន
2013-12-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជាពលរដ្ឋ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ វិច្ឆិកា ថា ខ្លួន​បាត់​លុយ​ជិត ៤​លាន​រៀល និង​ទូរស័ព្ទ​ដៃ​ម៉ាក​ណូគា (NOKIA) មួយ​គ្រឿង គ្រា​ដែល​ខ្លួន និង​ភរិយា​បាន​ចេញ​ទៅ​លេង​ផ្ទះ​អ្នក​ភូមិ​ក្បែរ​ខាង កាល​ពី​ថ្ងៃ​ទី​១៦ តុលា។ ភ្លាមៗ​នោះ ខ្លួន​ទៅ​ប្ដឹង​អាជ្ញាធរ​ប៉ូលិស​ឃុំ ឲ្យ​ជួយ​ដោះស្រាយ​តាម​រក​មុខ​សញ្ញា ដើម្បី​ចាប់​ជន​បង្ក​បញ្ហា​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

លោក ពេជ្រ សុភា រស់​នៅ​ភូមិ​ជីកដី ឃុំ​អណ្ដូងត្របែក ស្រុក​រមាសហែក និយាយ​ថា ពីរ​ថ្ងៃ​ក្រោយ​មក បាន​ប្រទះ​ឃើញ​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​ដាក់​តាំង​លក់​នៅ​ហាង​លក់​ទូរស័ព្ទ​ដៃ​មួយ​កន្លែង នៅ​ផ្សារ​ក្របៅ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង។ លោក​ថា ភ្លាម​នោះ​លោក​បាន​ទៅ​ប្ដឹង​អាជ្ញាធរ​ប៉ូលិស​ឲ្យ​ជួយ​ស៊ើប​សួរ ដើម្បី​តាម​ចាប់​ជន​បង្ក។ ប៉ុន្តែ អាជ្ញាធរ​ប៉ូលិស​ក្រោយ​ពី​ស៊ើប​ដឹង​មុខ​សញ្ញា​ច្បាស់​ហើយ ហាក់​ធ្វើ​ព្រងើយ​ពន្យារ​ពេល​ឲ្យ​កន្លង​ផុត​ពី​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​ពុំ​មាន​វិធាន​ការ​តាម​ចាប់​ជន​បង្ក​មក​ផ្ដន្ទាទោស​នោះ​ឡើយ។

លោក ពេជ្រ សុភា៖ «ហើយ​ឆ្លើយ​ទៅ​ខាង​ណោះ​រួច​ហើយ ចង្អុល​មុខ​អ្នក​ទៅ​ជាមួយ​គេ អ្នក​លក់​ហ្នឹង ហៅ​វា​ទៅ​ប៉ុស្តិ៍ វា​អត់​ទៅ​ទេ។ ក្រោយ​មក ម្នាក់​ហ្នឹង​វា​រត់​ទៅ​បាត់​ទៅ​ហើយ ប៉ូលិស​គេ​ថា​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​លើ ដូច​មិន​ទាន់​ឃើញ​ដោះស្រាយ​ណា​មួយ​ទេ។ ដឹង​ប៉ូលិស​គេ​គិត​ម៉េច ហៅ​ជន​ជាប់​ចោទ​ម្ខាង​ទៀត​មិន​ទៅ គាត់​ពុំ​មាន​ការ​ដោះស្រាយ​ណា​មួយ ដើម្បី​ទាមទារ​ឲ្យ​ជន​ជាប់​ចោទ​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ប៉ុស្តិ៍​រដ្ឋបាល»

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​ភូមិ​ជីកដី លោក ឡុង សុត មាន​ប្រសាសន៍​ថា បញ្ហា​នេះ​ប៉ូលិស​មាន​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​ដាក់​បន្ទុក ដើម្បី​តាម​ចាប់​ជន​បង្ក។ ប៉ុន្តែ ការ​យឺតយ៉ាវ​មិន​អាច​តាម​ចាប់​ជន​បង្ក​មក​ផ្ដន្ទាទោស​បាន ដោយសារ​វិធាន​ការ​របស់​អាជ្ញាធរ​ប៉ូលិស​ទន់​ខ្សោយ៖ «បាទ! ដឹង​ចោរ​ហើយ ដឹង​ថា​ការងារ​នេះ​មាន​សំណុំ​ឯកសារ​ច្បាស់​លាស់។ ភាគី​ចោរ​លួច​ហ្នឹង ដឹង​ពិត​ប្រាកដ​មាន​ភស្តុតាង​អី​ពិត​ប្រាកដ ប៉ុន្តែ​ធ្វើ​អត់​កើត។ បទ​ព្រហ្មទណ្ឌ​ជា​រឿង​របស់​ប៉ូលិស ហើយ​ប៉ូលិស​ហ្នឹង​មិន​ដឹង​យ៉ាង​ម៉េច​ទេ តិះ​តក់​ដោះស្រាយ​អត់​ចេញ ប្រហែល​ជា​ប៉ូលិស​ហ្នឹង ស៊ី​លុយ​គេ​មិន​ដឹង​អី​មិន​ដឹង»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​ប៉ុស្តិ៍​អណ្ដូងត្របែក និង​អធិការ​ស្រុក​រមាសហែក ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២ វិច្ឆិកា ដោយ​ប្រធាន​ប៉ុស្តិ៍​ទទួល​ទូរស័ព្ទ ហើយ​បាន​បិទ​ទៅ​វិញ។ ចំណែក​ឯ​អធិការ​ស្រុក​ឆ្លើយ​ថា ជាប់​រវល់​ប្រជុំ រួច​បិទ​ទូរស័ព្ទ​វិញ។

ប៉ុន្តែ អនុ​ប្រធាន​នគរបាល​ប៉ុស្តិ៍​ឃុំ​អណ្ដូងត្របែក លោក ព្រំ ម៉ៅ និយាយ​ថា បញ្ហា​ចោរ​លួច​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ ពិត​ជា​មាន​មែន។ ប៉ុន្តែ បញ្ហា​ជាក់​ច្បាស់​លើ​ករណី​នេះ​យ៉ាង​ណា​នោះ លោក​ពុំ​មាន​អំណាច​ដឹង​ឮ​ចំពោះ​បញ្ហា​នេះ​ឡើយ៖ «មាន​តែ​លោក​មេ​ប៉ុស្តិ៍​ហ្នឹង កម្លាំង​ជំនាញ​មក​ពី​អធិការ​ស្រុក។ ខ្ញុំ​កូន​ទាហាន ខ្ញុំ​គ្មាន​សិទ្ធិ​អី​លូក​ដៃ​បញ្ហា​អ៊ីចឹង​ទេ គ្រាន់​តែ​ខ្ញុំ​ធ្វើ​តាម​លក្ខណៈ តាម​បទ​បញ្ជា​របស់​មេ​ដែរ»

ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា បញ្ហា​ចោរ​លួច​ទ្រព្យ​សម្បត្តិ​នេះ បាន​អូស​បន្លាយ​រយៈពេល​ជិត ២​ខែ​មក​ហើយ។ លោក​ថា ករណី​នេះ​ប្រសិន​បើ​អាជ្ញាធរ​ប៉ូលិស​មាន​វិធាន​ការ​ក្ដៅ​អនុវត្ត​ច្បាប់​ពិត​ប្រាកដ នោះ​ជន​បង្ក​នឹង​ពុំ​អាច​ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​រហូត​មក​ដល់​ពេល​នេះ​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល