តុលាការ​គ្រោង​ប្រកាស​សាលក្រម​លោក ឈូក បណ្ឌិត នៅ​ថ្ងៃ​២៥​មិថុនា

សាលា​ដំបូង​ខេត្ត​ស្វាយរៀង កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី១៤ ខែ​មិថុនា បាន​បញ្ចប់​សវនាការ​សំណុំ​រឿង​បាញ់​កម្មករ​រោងចក្រ​កៅវ៉េ (Kaoway) អោយ​រង​របួស បន្ទាប់​ពី​បាន​ដេញដោល​សាកសួរ​អ្នក​ពាក់ព័ន្ធ​អស់​រយៈពេល ៣​ថ្ងៃ​ពេញ។ រឿង​ក្ដី​នេះ​មាន​ជន​ជាប់​ចោទ​ពីរ​នាក់ គឺ​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត និង​នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​លោក សរ ចន្ថា។
ដោយ សុជីវី និង យន់ សាមៀន
2013-06-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មការិនី​រោងចក្រ​កៅវ៉េ (Kaoway) ដែល​ត្រូវ​បាញ់​អោយ​របួស (អាវ​ខ្មៅ) នុត សាខន (រូប​កណ្ដាល) ប៊ុន ចិន្តា និង​កែវ នា) ក្នុង​បរិវេណ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី១៤ ខែ​មិថុនា ឆ្នាំ​២០១៣។
កម្មការិនី​រោងចក្រ​កៅវ៉េ (Kaoway) ដែល​ត្រូវ​បាញ់​អោយ​របួស (អាវ​ខ្មៅ) នុត សាខន (រូប​កណ្ដាល) ប៊ុន ចិន្តា និង​កែវ នា) ក្នុង​បរិវេណ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី១៤ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Sochivy

ក្នុង​សវនាការ​រយៈពេល ៣​ថ្ងៃ​កន្លង​ទៅ​នេះ គឺ​ពុំ​មាន​វត្តមាន​លោក ឈូក បណ្ឌិត ទេ។ ចំណែក​មេធាវី​របស់​លោក​បាន​មក​បង្ហាញ​ខ្លួន​មួយ​ភ្លែត​នៅ​ថ្ងៃ​ទី១ ដើម្បី​ទម្លាក់​ឯកសារ។

ប្រធាន​អង្គ​ជំនុំ​ជម្រះ​លោក​ចៅក្រម លាង សួស្តិ៍ បាន​ប្រកាស​នៅ​ពេល​បិទ​បញ្ចប់​សវនាការ​ថា សាល​ក្រម​នៃ​សំណុំ​រឿង​នេះ​នឹង​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី២៥ ខែ​មិថុនា។ លោក​ចៅក្រម​បញ្ជាក់​ថា អវត្តមាន​ជន​ជាប់​ចោទ ឈូក បណ្ឌិត និង​មេធាវី គឺ​ពុំ​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​សម្រេច​រឿង​ក្តី​នេះ​ទេ។

មិន​ខុស​ពី​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣ ឡើយ ព្រះរាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​ស្វាយរៀង លោក គា សាន់ថារ៉ូ បាន​សន្និដ្ឋាន​ជា​ចុង​ក្រោយ​បន្ទាប់​ពី​បាន​ស្ដាប់​សម្ដី​សាក្សី​ក្នុង​សវនាការ លោក​នៅ​រក្សា​បទ​ចោទ​លើ​លោក ឈូក បណ្ឌិត និង​លោក សរ ចន្ថា ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា។

ចំណែក​មេធាវី​ការពារ​ជន​រងគ្រោះ បាន​ទាមទារ​អោយ​ចៅក្រម​ពិចារណា​ផ្លាស់​ប្ដូរ​បទ​ចោទ​ទៅ​លើ​លោក ឈូក បណ្ឌិត ទៅ​ជា​បទ​ប៉ុនប៉ង​អំពើ​មនុស្ស​ឃាត​ដោយ​ចេតនា។ ការ​ស្នើសុំ​នេះ​បាន​សំអាង​លើ​ចម្លើយ​របស់​សាក្សី​ដែល​អាច​សន្និដ្ឋាន​ថា លោក ឈូក បណ្ឌិត បាន​ចេញ​ពី​ផ្ទះ​បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ពី​កម្មករ​កូដកម្ម​ខ្លាំងក្លា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាថេន ក្នុង​ក្រុង​បាវិត ហើយ​សមត្ថកិច្ច​មិន​អាច​គ្រប់គ្រង​បាន។ លោក ឈូក បណ្ឌិត បាន​សៀត​កាំភ្លើង​ខ្លី​ម៉ាក​ឡុក ផលិត​នៅ​ប្រទេស​ចិន នៅ​ចង្កេះ ជិះ​ឡាន​ទៅ​ដល់​ខាង​មុខ​រោងចក្រ​កៅវ៉េ ហើយ​ដើរ​ចូល​ក្នុង​រោងចក្រ​ទៅ​រក​ហ្វូង​បាតុករ​ដោយ​កំហឹង ហើយ​បាន​បាញ់​សំដៅ​កម្មករ បន្ទាប់​ពី​បាន​ព្រមាន​អោយ​កម្មករ​បញ្ឈប់​កូដ​កម្ម តែ​កម្មករ​មិន​ស្តាប់ ហើយ​គ្រាប់​កាំភ្លើង​របស់​លោក​បាន​ធ្វើ​អោយ​កម្មការិនី ៣​នាក់​របួស។ តាម​រយៈ​សកម្មភាព​នេះ ក្រុម​មេធាវី​ការពារ​ជន​រង​គ្រោះ បាន​សន្និដ្ឋាន​ថា លោក ឈូក បណ្ឌិត មាន​ចេតនា​ក្នុង​ការ​បាញ់​លើ​ហ្វូង​បាតុករ ផ្ទុយ​ពី​ការ​អះអាង​របស់​ព្រះរាជ​អាជ្ញា និង​បាន​ស្នើ​អោយ​ចាប់​ឃុំ​ខ្លួន​លោក ឈូក បណ្ឌិត។

ជន​រងគ្រោះ​ម្នាក់ គឺ​កម្មការិនី នុត សាខន ក៏​ដូច​គ្នា​នឹង​ជន​រងគ្រោះ ២​នាក់​ទៀត​ដែរ បាន​បញ្ជាក់​ថា ពួក​គេ​នៅ​តែ​រក្សា​ជំហរ​ប្ដឹង​លោក ឈូក បណ្ឌិត ពី​បទ​ប៉ុនប៉ង​បាញ់​សម្លាប់​ពួក​គេ និង​ប្ដឹង​ទាមទារ​សំណង។ ប៉ុន្តែ ជន​រងគ្រោះ​ទាំង​បី​នាក់​មិន​បាន​ប្ដឹង​លោក សរ ចន្ថា ឡើយ។ ក្នុង​នោះ រូប​នាង និង កែវ នា ទាមទារ ៤​ម៉ឺន ៥​ពាន់​ដុល្លារ រីឯ ប៊ុន ចិន្តា ដែល​ត្រូវ​របួស​ធ្ងន់​ជាង​គេ បាន​ទាមទារ​សំណង ៥​ម៉ឺន​ដុល្លារ។ នុត សាខន បញ្ជាក់​ថា ពួក​នាង​សង្ឃឹម​ថា​បាន​ទទួល​យុត្តិធម៌​ពី​តុលាការ។

មេធាវី​ជន​ជាប់​ចោទ​ឈ្មោះ សរ ចន្ថា បាន​ទាមទារ​អោយ​ចៅក្រម​ទម្លាក់​បទ​ចោទ​ចំពោះ​កូន​ក្ដី​របស់​លោក ដែល​តាម​រយៈ​សាក្សី​ភាគ​ច្រើន​បាន​បញ្ជាក់​ថា លោក សរ ចន្ថា ពុំ​មាន​វត្តមាន​នៅ​ទី​កន្លែង​កើត​ហេតុ​ឡើយ។ ស្រប​គ្នា​នេះ លោក​បាន​ស្នើ​តុលាការ​កែប្រែ​បទ​ចោទ​ចំពោះ​លោក ឈូក បណ្ឌិត​ទៅ​ជា​បទ​ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា​វិញ។

ជន​ជាប់​ចោទ លោក សរ ចន្ថា មាន​ប្រសាសន៍​នៅ​ពេល​ចេញ​ពី​សវនាការ​ថា លោក​នៅ​តែ​មាន​ចម្ងល់​ថា ហេតុ​អ្វី​លោក​នៅ​តែ​ត្រូវ​ចោទ​ប្រកាន់​ថា​ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​នេះ។

នៅ​ក្នុង​សវនាការ​មាន​សាក្សី ៣​នាក់ បាន​អះអាង​ថា​បាន​ឃើញ​លោក សរ ចន្ថា នៅ​ក្បែរ​របង​រោងចក្រ​កៅវ៉េ ក្នុង​ពេល​កើត​ហេតុ និង​មាន​សាក្សី ពីរ​នាក់ អះអាង​ថា បាន​ឃើញ​លោក សរ ចន្ថា ដែល​ស្លៀក​សម្លៀកបំពាក់​ស៊ីវិល​បាញ់​ទៅ​លើ​ហ្វូង​កម្មករ។ យ៉ាង​ណា ចម្លើយ​របស់​សាក្សី​ទាំង​នោះ​ហាក់​មិន​ស៊ី​សង្វាក់​គ្នា ទាំង​ពេលវេលា និង​ទី​កន្លែង ដែល​ត្រូវ​មេធាវី​ទាំង​ជន​រងគ្រោះ និង​មេធាវី​របស់​លោក សរ ចន្ថា ចាត់​ទុក​ជា​ចម្លើយ​ប្រឌិត។

យ៉ាង​ណា​ក្តី ព្រះរាជ​អាជ្ញា គឺ​លោក គា សាន់ថារ៉ូ បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​របស់​លោក គឺ​សម្រាប់​អោយ​ចៅក្រម​ពិចារណា មិន​មែន​ជា​ការ​សម្រេច​ចុង​ក្រោយ​ឡើយ។

ក្នុង​សវនាការ​នៅ​ថ្ងៃ​បញ្ចប់​នេះ​ដែរ ចៅក្រម​បាន​បង្គាប់​អោយ​ក្រឡា​បញ្ជី​អាន​សន្និដ្ឋាន​របស់​មេធាវី​លោក ឈូក បណ្ឌិត ដែល​បាន​ដាក់​នៅ​សវនាការ​មុន​ពេល​លោក​ដើរ​ចេញ​ពី​សវនាការ កាល​ពី​ព្រឹក​ថ្ងៃ​ទី១២ ខែ​មិថុនា។ ក្នុង​សេចក្ដី​សន្និដ្ឋាន​នៅ​បញ្ជាក់​ថា លោក ឈូក បណ្ឌិត ពុំ​មាន​ចេតនា​ក្នុង​ការ​ប្រើប្រាស់​កាំភ្លើង​ឡើយ។ ហើយ​បើ​ពិនិត្យ​របាយការណ៍​របស់​អ្នក​ជំនាញ​បាញ់​កាំភ្លើង ក៏​ពុំ​អាច​សន្និដ្ឋាន​ថា គ្រាប់​ដែល​ចេញ​ពី​កាំភ្លើង​របស់​លោក ឈូក បណ្ឌិត បាន​ធ្វើ​អោយ​កម្មករ​របួស​ដែរ ព្រោះ​ពេល​នោះ​មាន​សមត្ថកិច្ច​ផ្សេង​ទៀត​មាន​កាំភ្លើង​ខ្លី​ម៉ាក​ដូច​គ្នា​នេះ​ប្រើ​ដែរ។

ទាក់ទិន​នឹង​អវត្តមាន​ជន​ជាប់​ចោទ ឈូក បណ្ឌិត និង​មេធាវី​កន្លង​មក មេធាវី ស៊ុន ប៊ុនរិទ្ធ ការពារ​លោក ឈូក បណ្ឌិត អះអាង​ថា គឺ​ដោយសារ​ពុំ​បាន​ទទួល​ដីកា​កោះ​អោយ​ចូល​សវនាការ ចំណែក​សាក្សី​សំខាន់​ម្នាក់ និង​អ្នក​បច្ចេកទេស​បាញ់​កាំភ្លើង​ដែល​អាច​ឆ្លើយ​ដោះ​បន្ទុក​លោក ឈូក បណ្ឌិត បែរ​ជា​ពុំ​ត្រូវ​កោះ​ហៅ​ដែរ។ ម្យ៉ាង​ទៀត លោក​បាន​រក​ឃើញ​បញ្ជី​ឈ្មោះ​មួយ​ដែល​មាន​ឈ្មោះ​លោក ឈូក បណ្ឌិត ថា​ជា​សាក្សី​ទៅ​វិញ។ មូលហេតុ​នេះ លោក​បាន​ស្នើ​ពន្យារ​ពេល​សវនាការ តែ​ដោយ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​ជំទាស់ ទើប​លោក​ចាក​ចេញ​ពី​សវនាការ។

យ៉ាង​ណា លោក​ចៅក្រម លាង សួស្តិ៍ បញ្ជាក់​ថា លោក​បាន​ជូន​ដំណឹង​ត្រឹមត្រូវ​តាម​នីតិវិធី ទាំង​សាក្សី ទាំង​អ្នក​ជំនាញ និង​ជន​ជាប់​ចោទ គឺ​លោក ឈូក បណ្ឌិត នោះ។ ចំណែក​បញ្ជី​នោះ គឺ​ពុំ​មែន​ជា​បញ្ជី​ផ្លូវ​ការ​ក្នុង​សំណុំ​រឿង​នេះ​ទេ តែ​ជា​ប្រភេទ​បញ្ជី​ផ្ទៀង​ផ្ទាត់ ដែល​ពុំ​អាច​យក​ជា​ការណ៍​ឡើយ។

ក្រុម​អ្នក​តាម​ដាន​ដំណើរ​ការ​សវនាការ​ដែល​ភាគ​ច្រើន​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា សវនាការ​សំណុំ​រឿង​នេះ​បាន​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​អោយ​មាន​ការ​ដេញ​ដោល​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។ តែ​យ៉ាង​ណា ពួក​គេ​នៅ​តែ​សោកស្ដាយ ដោយ​ចៅក្រម​នៅ​តែ​ទុក​អោយ​លោក ឈូក បណ្ឌិត នៅ​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ និង​ថា គួរ​តែ​ផ្លាស់​ប្ដូរ​បទ​ចោទ​ពី​បង្ក​របួស​ស្នាម​ដោយ​អចេតនា ទៅ​ជា​ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ទត សុខ​ អូន

ពី ព្រៃវែង

ខ្ញុំសូមសួរលោកថា សម្រាប់អ្នកស្រីយ៉ោម បុប្ផា មិនទាន់រកភស្តុតាងមកដាក់បន្ទុកបានផងស្រាប់តែចាប់អ្នកស្រីដាក់គុក រីឯលោក ឈូក បណ្ឌិតវិញឯកឧត្តម ស ខេង ថាជនសង្ស័យគឺជាលោក ឈូក បណ្ឌិត តែបែជាមិនចាប់ដាក់គុកទៅវិញ ?
វាខុសគ្នាដូចម៉្តេច ?

Jun 17, 2013 07:47 AM

គេហទំព័រ​ទាំងមូល