តុលាការ​កំពូល​តម្កល់​សាលក្រម​សាលា​ឧទ្ធរណ៍​លើ​សំណុំ​រឿង​លោក ឈូក បណ្ឌិត

ដោយ អ៊ុក សាវបូរី
2014-12-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពី​ស្ដាំ) កម្មការិនី នុត សាខន កម្មការិនី ប៊ុត ចិន្តា និង​កម្មការិនី កែវ នា មក​ចូលរួម​សវនាការ​លើ​សំណុំ​រឿង​អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត បាញ់​កម្មករ នា​តុលាការ​កំពូល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤។
(ពី​ស្ដាំ) កម្មការិនី នុត សាខន កម្មការិនី ប៊ុត ចិន្តា និង​កម្មការិនី កែវ នា មក​ចូលរួម​សវនាការ​លើ​សំណុំ​រឿង​អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត បាញ់​កម្មករ នា​តុលាការ​កំពូល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Ouk Savborey

តុលាការ​កំពូល បើក​សវនាការ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​អតីត​មន្ត្រី​មាន​ឋានៈ​ខ្ពស់​នៅ​ក្រុង​បាវិត ប្រើ​អាវុធ​បាញ់​ឲ្យ​កម្មការិនី ៣​នាក់​របួស។ តុលាការ​កំពូល សម្រេច​ដាក់​ទោស​ជាប់​ពន្ធនាគារ ១​ឆ្នាំ ៦​ខែ លើ​ទណ្ឌិត ឈូក បណ្ឌិត ដែល​កំពុង​រត់​គេច​ខ្លួន។

ក្រុម​កម្មការិនី​ដែល​រង​របួស​ទាំង ៣​នាក់ មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​នេះ​ឡើយ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ម្នាក់ ៥​ម៉ឺន​ដុល្លារ និង ២​នាក់​ទៀត ទារ​ជំងឺ​ចិត្ត​តែ ៤​ម៉ឺន ៥​ពាន់​ដុល្លារ​ក្នុង​ម្នាក់ៗ ព្រម​ទាំង​ទាមទារ​ឲ្យ​តុលាការ​ស្វែងរក​ចាប់​ទណ្ឌិត ឈូក បណ្ឌិត ដាក់​ពន្ធនាគារ។

ចៅក្រម ៥​រូប​របស់​តុលាការ​កំពូល នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤ សម្រេច​តម្កល់​សាលក្រម​សាលា​ឧទ្ធរណ៍​ក្នុង​រឿងរ៉ាវ​ទណ្ឌិត ឈូក បណ្ឌិត បាញ់​កម្មការិនី ៣​នាក់​ឲ្យ​របួស នៅ​រោងចក្រ​កៅវ៉េ (Kaoway) ក្រុង​បាវិត។ ក្នុង​នោះ លោក ឈូក បណ្ឌិត ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ​កន្លះ និង​សង​ជំងឺ​ចិត្ត​ទៅ​ជន​រងគ្រោះ​ទាំង ៣​នាក់ សរុប​ចំនួន ៩.៥០០​ដុល្លារ។ សំណង​នេះ ត្រូវ​ផ្តល់​ទៅ​កម្មការិនី នុត សុខន ចំនួន ២.៥០០​ដុល្លារ កម្មការិនី កែវ នា ចំនួន ២.០០០​ដុល្លារ និង​កម្មការិនី ប៊ុន ចិន្តា ចំនួន ៥.០០០​ដុល្លារ។

កម្មការិនី នុត សុខន និង កែវ នា ថ្លែង​ថា តុលាការ​ទាំង ៣​ថ្នាក់ ចាប់​ពី​សាលា​ដំបូង​ខេត្ត​ស្វាយរៀង មក​សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល សុទ្ធតែ​កាត់​ក្តី​សម្រាល​ទោស​ចុង​ចោទ ឈូក បណ្ឌិត ជា​អតីត​មន្ត្រី​មាន​អំណាច​នៅ​ក្នុង​ខេត្ត​ស្វាយរៀង ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​យក​កាំភ្លើង​បាញ់​លើ​កម្មករ​គ្មាន​អាវុធ ហើយ​ជា​ស្រី​ទៀត ឲ្យ​ជាប់​ទោស​តែ ១​ឆ្នាំ ៦​ខែ និង​បណ្តោយ​ឲ្យ​ជន​ល្មើស​រស់នៅ​ក្រៅ​ពន្ធនាគារ​ទៀត។ មិន​តែ​ប៉ុណ្ណោះ ទណ្ឌិត​រូប​នោះ​មិន​ព្រម​សង​ជំងឺ​ចិត្ត​ពួក​គាត់ និង​មក​សុំ​ទោស ឬ​សួរ​សុខ​ទុក្ខ​ពួក​គាត់ ដែល​រង​គ្រាប់​កាំភ្លើង​នោះ​ទេ៖ «នុត សុខន៖ បើ​សិន​ជា​គាត់​អ្នក​ធម្មតា​វិញ គាត់​ជាប់​គុក​បាត់​ហើយ នេះ​ដោយសារ​គាត់​មាន​ខ្សែ​គាត់​ខ្ពស់ៗ មាន​ខ្សែ​ដើរ​បុក​លុយ​គ្រប់​កន្លែង​អ៊ីចឹង បានជា​តុលាការ​ឲ្យ​គាត់​រួច​ខ្លួន​រហូត។ កែវ នា៖ សំណង​និយាយ​រួម​ទៅ​ប្រកាស​តាំង​ពី​ខេត្ត​ស្វាយរៀង មិន​ទាន់​សង​ពួក​ខ្ញុំ ១០០ មួយ​រៀល​ណា​ទេ ហើយ​មុខ​របួស​ពួក​ខ្ញុំ​នៅ​តែ​ឈឺ​ដូច​ដើម​ដដែល​ទៀត ហើយ​រហូត​មក​ដល់​ពេល​នេះ​ហើយ រឿង​ហ្នឹង​នៅ​តែ​មិន​ទាន់​ដាច់​ស្រេច បើ​យក​លុយ​ប៉ុណ្ណឹង​មក​មើល​ជំងឺ ក៏​មិន​ជា​ដែរ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ហើយ ពួក​ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ចាប់​ណាស់​ពេល​មក​ដល់​សាលា​កំពូល​ហើយ ខ្ញុំ​សង្ឃឹម​ថា​សាលា​កំពូល​នឹង​រក​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំ។ ផ្ទុយ​ទៅ​វិញ បែរ​ជា​សាលា​កំពូល​គិត​ដូចជា​សាលា​ឧទ្ធរណ៍ គិត​ដូចជា​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ដដែល ខ្ញុំ​ក៏​មិន​ដឹង​មាន​ពាក្យ​អី​និយាយ​ទៀត​ដែរ»

កម្មការិនី ប៊ុន ចិន្តា ថ្លែង​ថា ពួក​គាត់​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ខណៈ​ជន​ល្មើស​នៅ​ក្រៅ​ឃុំ ព្រោះ​តុលាការ​ទាំង ៣​ថ្នាក់ មិន​ចេញ​ដីកា​នាំ​ខ្លួន​ទណ្ឌិត ឈូក បណ្ឌិត ទៅ​ដាក់​ពន្ធនាគារ​ទេ៖ «ខ្ញុំ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល ជួយ​ពួក​នាង​ខ្ញុំ​ផង ព្រោះ​អី​រឿង​ហ្នឹង ៣​ឆ្នាំ​ហើយ គឺ​រដ្ឋាភិបាល​ធ្វើ​មិន​ដឹង​ធ្វើ​មិន​ឮ ពួក​នាង​ខ្ញុំ​ឈឺ​រាល់​ថ្ងៃ អត់​មាន​លុយ​មើល​ជំងឺ​ទេ។ ពេល​ណា​ត្រជាក់​ឈឺ​ចាប់​យក​ដូច​ស្អី​ខាំ​អ៊ីចឹង​នៅ​មុខ​របួស។ ពួក​ខ្ញុំ​ទៅ​ពេទ្យ​រហូត ពួក​ខ្ញុំ​មាន​លុយ​ពី​ណា ដល់​ពេល​ណា​ធ្វើ​ការ​ក៏​ពួក​ខ្ញុំ​មិន​បាន​ធ្វើ​ការ​ពេញ​ខែ​ដែរ​ឈប់​រហូត»

កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ កម្មករ​រោងចក្រ​កៅវ៉េ បាន​តវ៉ា​សុំ​ប្ដូរ​លក្ខខណ្ឌ​ការងារ​រហូត​មាន​ការ​បង្ក្រាប​ពី​កម្លាំង​ប្រដាប់​អាវុធ​ខេត្ត​ស្វាយរៀង។ ពេល​នោះ កម្មការិនី ប៊ុន ចិន្តា ត្រូវ​គ្រាប់​កាំភ្លើង​ធ្លាយ​សួត កម្មការិនី នុត សាខន របួស​ខ្នង និង​ដៃ និង​កម្មការិនី កែវ នា របួស​ដង​ខ្លួន។ រហូត​មក​ដល់​ពេល​នេះ របួស​ពួក​គេ​រើ​ម្តងម្កាល និង​ត្រូវ​ចាក់​ថ្នាំ​រហូត។ ពួក​គេ​ទារ​ជំងឺ​ចិត្ត​ពី​ជនល្មើស ឈូក បណ្ឌិត ដោយ​កម្មការិនី ប៊ុន ចិន្តា ទារ​ជំងឺ​ចិត្ត ៥​ម៉ឺន​ដុល្លារ កម្មការិនី កែវ នា និង នុត សាខន ទារ​ជំងឺ​ចិត្ត​ម្នាក់ៗ ៤​ម៉ឺន ៥​ពាន់​ដុល្លារ។ ប្រាក់​បង់​ជំងឺ​ចិត្ត​នេះ គឺ​ឲ្យ​សង​ថ្លៃ​ថ្នាំ​ព្យាបាល​រយៈពេល​ខ្លី រយៈពេល​វែង និង​សង​ថ្លៃ​ខកខាន​មិន​បាន​ទៅ​ធ្វើ​ការងារ​ក្នុង​ពេល​គ្រោះថ្នាក់ និង​ពេល​ព្យាបាល ជាដើម។

មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ថ្លែង​ថា តុលាការ និង​រដ្ឋាភិបាល​កម្ពុជា គ្មាន​បំណង​ចាប់ លោក ឈូក បណ្ឌិត ដាក់​ពន្ធនាគារ​ទេ ទោះ​បី​ជន​នោះ​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ក៏ដោយ ប៉ុន្តែ​បើ​មាន​ចេតនា គួរ​អនុវត្ត​ទោស​ដូច​អតីត​ស្នងការ​ក្រុង លោក ហេង ពៅ បាន​រត់​គេច​ដល់​បរទេស​ក៏​អាច​ទៅ​ចាប់​យក​មក​ផ្ដន្ទាទោស​បាន។ លោក​សុំ​ឲ្យ​តុលាការ និង​រដ្ឋាភិបាល គួរ​ចាប់ លោក ឈូក បណ្ឌិត ដូច​តាម​ចាប់ លោក ហេង ពៅ មក​ដាក់​ទោស ទើប​ប្រទេស​កម្ពុជា មិន​មាន​និទ្ទណ្ឌភាព៖ «ខ្ញុំ​ជឿ​ថា រឿង​នេះ​បើ​សិន​ជា​ខុស​ពី លោក ឈូក បណ្ឌិត គឺ​ច្បាស់​ជា​ចោទ​ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត ហើយ​ត្រូវ​ចាប់​ខ្លួន​ភ្លាមៗ ប៉ុន្តែ​ដល់​ទាក់ទង លោក ឈូក បណ្ឌិត ដែល​ជា​អ្នក​មាន​អំណាច ហើយ​មាន​ខ្នង​បង្អែក​នៅ​ពី​ក្រោយ មក​ទល់​ពេល​នេះ គឺ​មិន​ទាន់​មាន​ការ​ចាប់​ខ្លួន លោក ឈូក បណ្ឌិត ទេ។ នេះ​គឺ​ជា​និទ្ទណ្ឌភាព​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង បើ​សិន​ជា​គេ​ចង់​ចាប់ មិន​ពិបាក​ទេ ដូច លោក ហេង ពៅ អ៊ីចឹង ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី រឿង​អី​គេ​ទៅ​ចាប់​មក​បាន ចុះ លោក ឈូក បណ្ឌិត នៅ​ក្នុង​ស្រុក​ខ្មែរ​រាប់​ខែ​រាប់​ឆ្នាំ ម៉េច​ក៏​រក​រឿង​ចាប់​មិន​បាន»

នៅ​ក្នុង​សវនាការ​តុលាការ​កំពូល ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤ មិន​មាន​វត្តមាន លោក ឈូក បណ្ឌិត នៅ​ក្នុង​សវនាការ​ទេ។ ប៉ុន្តែ​លោក​ផ្តល់​សិទ្ធិ​ជូន​មេធាវី​ពីរ​រូប គឺ​លោក តែ ចំណាន និង​លោក ស៊ុន ប៊ុនណារិទ្ធ។ ក្រោយ​ពី​ឡើង​សុំ​ឲ្យ​តុលាការ​សម្រាល​ទោស​កូន​ក្តី​ឈ្មោះ ឈូក បណ្ឌិត និង​មិន​ព្រម​សង​ជំងឺ​ចិត្ត​តាម​កម្មការិនី​ទារ មេធាវី​ការពារ​ក្តី​ទាំង​ពីរ​រូប បាន​ដើរ​ចោល​ការ​ប្រកាស​សាលក្រម​របស់​តុលាការ​កំពូល និង​មិន​បាន​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ឡើយ។

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា ថ្លែង​ថា កម្មការិនី​រង​របួស​ទាំង ៣​នាក់ គឺ​មិន​បាន​នៅ​ក្នុង​កន្លែង​តែ​មួយ​ទេ​នៅ​ពេល​កើត​ហេតុ។ អ្នក​ទាំង ៣​នាក់​រង​របួស​នៅ​ទីតាំង​ខុស​គ្នា និង​ឆ្ងាយ​ពី​គ្នា​ទៀត គឺ​អ្នក​បាញ់​ហាក់​ចេតនា​ធ្វើ​ឲ្យ​គេ​ស្លាប់។ លោក​ថា ប្រសិន​បើ​តុលាការ​ពិត​ជា​ឯករាជ្យ​នោះ ទណ្ឌិត ឈូក បណ្ឌិត ត្រូវ​តែ​ជាប់​ចោទ​បទ​ប៉ុនប៉ង​ធ្វើ​មនុស្ស​ឃាត​ដោយ​ចេតនា បង្ក​ដោយ​មន្ត្រី​រាជការ​សាធារណៈ។ លោក​ថា ការ​ផ្ដន្ទាទោស​របស់​តុលាការ​ទាំង ៣​ថ្នាក់​ឲ្យ​ជនល្មើស​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ជាប់​ទោស​តែ ១​ឆ្នាំ ៦​ខែ ហាក់​ដូចជា​ការ​លើក​លែង​ទោស​ឲ្យ​រួច​ទៅ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

លោកអើយលោកៗៗៗវាមិនដែលមានមេចោរណា ចាប់យកកូនចៅ​ខ្លួនទៅអោយប៉ូសីល្តនោះទេ ហើយក៏វាមិនដែលមានមេឃាតករ ចាប់​កូនចៅខ្លួនទៅអោយតុលាកាដែរ តែបើមានគឺមានអញ្ចេះ បើថាវាជិត​បែកការហើយ បំបិតមាត់​អានេះគឺជាវប្បធរ
នៃ​ពួក​​ជន​​ពាលនិង​ពួក​ផ្តេចការ។

Jan 05, 2015 03:14 AM

អ្នក​អាន​អនាមិក

this stupid thing is hard to post

Dec 27, 2014 12:23 AM

អ្នក​អាន​អនាមិក

វាមិនអាចម៍ទេ រឿងនេះវាបានកន្លងផុតទៅ
រាប់ម៉ឺនឆ្នាំៅហើយ គួរបំភ្លេចវាចោល
ហើយឈប់រំលឹកវាទៀតទៅ
ទុកឱ្យស្តេចប្រេតកាត់ទោសមនុស្សអាក្រក់
វាយុត្តិធម៌ជាង ហើយវានឹងជាប់ទាំងអស់គ្នា

Dec 27, 2014 12:22 AM

គេហទំព័រ​ទាំងមូល