ពលរដ្ឋ​អំពាវនាវ​ឲ្យ​តុលាការ​ស៊ើប​អង្កេត​ករណី​សមត្ថកិច្ច​ធ្វើ​ឲ្យ​បាត់​ក្របី​១១​ក្បាល

ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ជំនួញ​សត្វ​ក្របី​ចោទ​ប្រកាន់​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង ថា​បាន​យក​ក្របី​ពូក​គាត់ ១១​ក្បាល និង​ម៉ាស៊ីន​គោយន្ត​មួយ​គ្រឿង​ជា​វត្ថុ​តាង បន្ទាប់​ពី​ក្រុម​សមត្ថកិច្ច​បាន​ចោទ​ប្រកាន់​ថា ពួក​គាត់​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម។
ដោយ រដ្ឋា វិសាល
2013-12-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជាពលរដ្ឋ​ពីរ​គ្រួសារ​រស់​នៅ​ភូមិ​ថាឡាបរិវ៉ាត់ ឃុំ​ថាឡាបរិវ៉ាត់ ស្រុក​ថាឡាបរិវ៉ាត់ នៅ​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​ធ្នូ អំពាវនាវ​ឲ្យ​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​ស្ទឹងត្រែង ស៊ើប​អង្កេត​ករណី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ដែល​បាន​ធ្វើ​ឲ្យ​បាត់​ក្របី​ពួក​គាត់ ១១​ក្បាល និង​ម៉ាស៊ីន​គោយន្ត​មួយ​គ្រឿង។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ លោក សាយ សារុន កាល​ពី​ថ្ងៃ​២៤ វិច្ឆិកា បាន​ចេញ​ដីកា​ប្រគល់​គោយន្ត​ទៅ​អ្នក​ភូមិ​វិញ ប៉ុន្តែ​ម៉ាស៊ីន​នេះ​មិន​មែន​ជា​ម៉ាស៊ីន​ដែល​សមត្ថកិច្ច​រឹប​អូស​ឡើយ។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ចៅក្រម​ដដែល​បាន​ចេញ​ដីកា​មួយ​ផ្សេង​ទៀត ប្រគល់​ក្របី​ជូន​អ្នក​ជំនួញ​ក្របី​វិញ​ដែរ ប៉ុន្តែ​ក្របី​ដែល​ប្រគល់​មាន​តែ​ចំនួន ១៦​ក្បាល។

អ្នក​ជំនួញ​ក្របី អ្នកស្រី ប៊ុន ចន្ធូ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ចូល​ទៅ​រឹប​អូស​ក្របី​ពី​ផ្ទះ​ដោយ​មិន​បាន​ឲ្យ​ម្ចាស់​ក្របី​ចុះ​ហត្ថលេខា​លើ​កំណត់​ហេតុ​ដក​ហូត​ក្របី។ អ្នកស្រី​បន្ត​ថា សមត្ថកិច្ច​បាន​រឹប​អូស​ក្របី​គាត់​មាន​ចំនួន ២៤​ក្បាល និង ៣​ក្បាល​ទៀត​ជា​របស់​ឈ្មួញ​ក្របី​ម្នាក់​ផ្សេង​ទៀត៖ «បើ​ប៉េអឹម​អ្នក​ចាប់​ទៅ​ហើយ​ប្រគល់​ឲ្យ​តុលាការ​តែ​១៦។ ក្របី​ហ្នឹង​យើង​បាន​ឃើញ​កន្លែង​លាក់​ទុក​ហើយ»

ដូច​គ្នា​នេះ​ដែរ អ្នក​ជំនួញ​ក្របី​ឈ្មោះ ស្វាយ សាវឿ ទទួល​ស្គាល់​ថា ក្របី​គាត់​បី​ក្បាល​ត្រូវ​សមត្ថកិច្ច​រឹប​អូស ប៉ុន្តែ​នៅ​ពេល​ប្រគល់​វិញ គាត់​ទទួល​បាន​ក្របី​តែ​មួយ​ក្បាល​ទេ។ លោក​បន្ត​ថា ក្របី​ដែល​បាត់​ត្រូវ​បាន​រក​ឃើញ​គេ​លាក់​ទុក​នៅ​ចំណុច​ពីរ​ផ្សេង​គ្នា នៅ​ស្រុក​សេសាន និង​ក្រុង​ស្ទឹងត្រែង។ចំណែក​ម៉ាស៊ីន​គោយន្ត​របស់​លោក​ដែល​សមត្ថកិច្ច​រឹប​អូស​ដែរ​នោះ ពេល​ប្រគល់​វិញ​ក៏​មិន​មែន​ជា​ម៉ាស៊ីន​គោយន្ត​ដែល​បាន​រឹប​អូស​នោះ​ទេ៖ «សូម្បី​គោយន្ត​ខ្ញុំ​ក្រហម ចេញ​មក​ខៀវ។ គិត​មើល​មាន​លេខ​ម៉ាស៊ីន មាន​ប៉ុស្តិ៍​គេ​វាយ​ត្រា​ឲ្យ​មក​ធ្វើ​ជា​សាក្សី ពេល​ខ្ញុំ​ធ្វើ​ពាក្យ​បណ្ដឹង ខ្ញុំ​ដាក់​រូប​ក្របី​ចូល​ទៅ​ជាមួយ​ភ្ជាប់​ឯកសារ​ទៅ​ទាំង​អស់»

ឆ្លើយ​តប​បញ្ហា​នេះ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង លោក ទៀង វ៉ាន់ឌី បដិសេធ​ថា លោក​បាន​ដក​ហូត​ក្របី ២០​ក្បាល មិន​មែន ២៧​ក្បាល​ដូច​ការ​ចោទ​នោះ​ទេ។ លោក​បន្ត​ថា ការ​ដក​ហូត​នេះ ធ្វើ​តាម​បញ្ជា​ពី​មន្ត្រី​អយ្យការ និង​បាន​ធ្វើ​កំណត់​ហេតុ​ដក​ហូត​ត្រឹមត្រូវ​ប្រគល់​ជូន​តុលាការ​អស់​ហើយ ហេតុ​នេះ​រឿង​អ្វីៗ​លែង​ជា​សមត្ថកិច្ច​របស់​ស្ថាប័ន​លោក​ទៀត​ហើយ។

លោក​ជំរុញ​ឲ្យ​សួរ​បញ្ហា​ផ្សេង​ទៀត​ទៅ​មន្ត្រី​តុលាការ៖ «ខ្ញុំ​អត់​បាន​រក្សា​ក្របី​ហ្នឹង​ទុក​ទេ ខ្ញុំ​បាន​ប្រគល់​ទៅ​ឲ្យ​ជំនាញ​អស់​ហើយ។ ណា​មួយ​សំណុំ​រឿង​បាន​ទៅ ដល់​តុលាការ​ហើយ វា​ផុត​ដៃ​ខ្ញុំ​អស់​ហើយ»

ចំណែក​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង លោក ជា ពេជ្រ មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា លោក​ស៊ើប​អង្កេត​តាម​របាយការណ៍​របស់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បញ្ជូន​មក​ស្ថាប័ន​អយ្យការ​ពាក់ព័ន្ធ​ករណី​ចោរកម្ម​លួច​ក្របី។ ចំណែក​របាយការណ៍​របស់​សមត្ថកិច្ច​បញ្ជាក់​ថា បាន​ប្រគល់​ក្របី​បី​ក្បាល​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​បាត់​ក្របី​វិញ ក្រៅ​ពី​នោះ ក្របី ១៧​ក្បាល​ទៀត​ត្រូវ​បាន​បញ្ជូន​មក​តុលាការ។

លោក​បន្ត​ថា យ៉ាង​ណា​ក៏ដោយ​ចៅក្រម​ស៊ើបសួរ​នឹង​ស្រាវជ្រាវ​លម្អិត​ទាក់ទិន​ចម្លើយ​របស់​ពលរដ្ឋ​ទាក់ទិន​ចំនួន​ក្របី​និង​ម៉ាស៊ីន​គោយន្ត​ពិត​របស់​ពលរដ្ឋ​ដែល​បាន​រឹប​អូស​ដោយ​មន្ត្រី​អាវុធហត្ថ៖ «ឲ្យ​ចៅក្រម​ស៊ើបសួរ​គាត់​នឹង​ស្រាវជ្រាវ​ឡើង​វិញ តើ​ការ​បញ្ជាក់​របស់​ម្ចាស់​ក្របី​ដែល​សមត្ថកិច្ច​បាន​ដក​ហូត​មាន​លក្ខណៈ​ពិសេស​កន្លែង​ណា​ដែល​យើង​អាច​ថា យើង​ស្រាវជ្រាវ​ទៅ​អាច​ទទួល​យក​បាន»

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ មិន​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ លោក សាយ សារុន សុំ​អធិប្បាយ​ពី​បញ្ហា​នេះ​បាន​ទេ។

មេធាវី​ការពារ​ក្តី លោក ម៉ៅ សារី មាន​ប្រសាសន៍​បញ្ជាក់​ថា កូន​ក្តី​លោក​ក៏​បាន​រាយការណ៍​ពី​ករណី​បាត់​ក្របី និង​ម៉ាស៊ីន​គោយន្ត​នេះ​ដែរ។ លោក​បន្ត​ថា បាន​សំណូមពរ​ទៅ​ចៅក្រម​ស៊ើបសួរ​កោះ​ហៅ​ភាគី​ពាក់ព័ន្ធ​មក​បំភ្លឺ​ពី​ករណី​នេះ​នៅ​ដើម​សប្ដាហ៍​ក្រោយ៖ «ស្អែក​ថ្ងៃ​ច័ន្ទ នេះ ខ្ញុំ​ឲ្យ​ម្ចាស់​ក្របី​មក​ឆ្លើយ​អស់​ហើយ រួច​ចាំ​ខាង​ប៉េអឹម​មក​សួរ​វិញ ដល់​ចុង​ក្រោយ​សួរ​ត​ទល់​តែម្ដង»

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ហូ សំអុល អង្កេត​ឃើញ​ថា មន្ត្រី​កងរាជអាវុធហត្ថ​អនុវត្ត​ខុស​នីតិវិធី គឺ​ធ្វើ​របាយការណ៍​រឹប​អូស​វត្ថុ​តាង​ជា​ឯកតោ​ភាគី និង​ប្រគល់​ក្របី​ជា​វត្ថុ​តាង​នៃ​បទ​ចោទ​ប្រកាន់​អំពើ​ចោរកម្ម​មុន​ពេល​តុលាការ​សម្រេច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ប៉េអ៊ឹម ប្រាក់ខែចាយមិនគ្រប់ កលល្បិច ចេះតែមាន រកលេស
ដោះសារ ឆ្លើយដាក់គ្នាមិនចេះចប់ មិនចេះហើយ !

Dec 16, 2013 07:21 AM

គេហទំព័រ​ទាំងមូល