អង្គការ​សិទ្ធិ​មនុស្ស​ចេញ​បទ​វិភាគ​ផ្លូវ​ច្បាប់​មុន​សវនាការ​លោក សូណង់ដូ

សាលាឧទ្ធរណ៍​មាន​គម្រោង​លើក​យក​សំណុំ​រឿង​លោក ម៉ម សូណង់ដូ មក​ធ្វើ​សវនាការ​នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ខាង​មុខ​នេះ។
ដោយ កែវ និមល
2013-03-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​គាំទ្រ​ឈរ​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក ម៉ម សូណង់ដូ នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១២។
អ្នក​គាំទ្រ​ឈរ​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក ម៉ម សូណង់ដូ នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១២។
RFA/Uon Chhin

សាលាដំបូង​បាន​កាត់​ទោស​ឲ្យ​លោក ម៉ម សូណង់ដូ ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ ទាក់ទង​ការ​បង្កើត​តំបន់​អបគមន៍ នៅ​ភូមិ​ប្រម៉ា ខេត្ត​ក្រចេះ។ ទន្ទឹម​ពេល​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា រំពឹង​ថា សាលាឧទ្ធរណ៍​នឹង​កាត់​ទោស​ឲ្យ​លោក ម៉ម សូណង់ដូ រួច​ខ្លួន បើ​សិន​ការ​កាត់​ក្ដី​នោះ​ធ្វើ​ឡើង​តាម​វិជ្ជាជិវៈ។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (ម.ស.ម.ក.) បាន​ចេញ​ផ្សាយ​ការ​វិភាគ​ផ្លូវ​ច្បាប់​មួយ នៅ​ថ្ងៃ​ទី​៣ មីនា គឺ​ពីរ​ថ្ងៃ​មុន​មាន​ការ​បើក​ធ្វើ​សវនាការ​សំណុំ​រឿង​លោក ម៉ម សូណង់ដូ នៅ​សាលា​ឧទ្ធរណ៍។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​ចេញ​ផ្សាយ​ការ​វិភាគ​ផ្លូវ​ច្បាប់​នេះ ដើម្បី​ជា​ជំនួយ​ស្មារតី​ដល់​មតិ​សាធារណៈ និង​ដល់​ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ ហើយ​បើ​សិន​ជា​ចៅក្រម​សាលាឧទ្ធរណ៍ មាន​ការ​វាយ​តម្លៃ​ដោយ​ត្រឹមត្រូវ​ទៅ​លើ​អង្គហេតុ និង​អង្គច្បាប់​នោះ ម.ស.ម.ក. មាន​ជំនឿ​ថា លោក ម៉ម សូណង់ដូ នឹង​ត្រូវ​តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់ និង​មាន​ការ​ដោះលែង។

លោក អ៊ូ វីរៈ៖ «ការ​វិភាគ​ផ្លូវ​ច្បាប់​លើ​ករណី​លោក ម៉ម សូណង់ដូ ហើយ​ការ​វិភាគ​នេះ​សុំ​ឲ្យ​មាន​ការ​កាត់​ទោស​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​នៅ​ក្នុង​សាលាឧទ្ធរណ៍ ពីព្រោះ​ពិភពលោក​កំពុង​តែ​សង្កេត​មើល​ករណី​ដ៏​សំខាន់​នេះ។ ខ្ញុំ​មើល​ទៅ​ដំណើរ​ការ​ប្រជាធិបតេយ្យ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស គឺ​គេ​មើល​ពឹង​ផ្អែក​ទៅ​លើ​ករណី​នានា ដូចជា​ករណី​លោក ម៉ម សូណង់ដូ នេះ»

លោក អ៊ូ វីរៈ បាន​បន្ថែម​ថា ការ​កាត់​ទោស​ដាក់​ពន្ធនាគារ​លោក ម៉ម សូណង់ដូ នេះ មិន​បាន​ធ្វើ​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិ មាន​មតិ​ល្អ​អំពី​ប្រព័ន្ធ​តុលាការ​កម្ពុជា​ឡើយ៖ «ខ្ញុំ​មាន​សង្ឃឹម​ដោយសារ​ការ​កាត់​ទោស​លោក ម៉ម សូណង់ដូ នេះ មាន​ចំណាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ​ច្រើន។ ខ្ញុំ​យល់​ថា ការ​កាត់​ទោស​នេះ​ជា​ការ​ខាត​ចំពោះ​ជាតិ ប្រជាពលរដ្ឋ ចំពោះ​រដ្ឋាភិបាល ចំពោះ​ជាតិ ដូច្នេះ​ខ្ញុំ​យល់​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ឲ្យ​លោក ម៉ម សូណង់ដូ នេះ»

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចំនួន ២​ទំព័រ របស់ ម.ស.ម.ក. ចេញ​ផ្សាយ​ថ្ងៃ​៣ មីនា បាន​សង្ខេប​ខ្លឹមសារ​បទ​វិភាគ​របស់​ខ្លួន​ចំនួន ៥​ចំណុច គឺ​ទី​១ ទាក់ទង​ជាមួយ​សាវតារ​នៃ​ការ​ចាប់​ខ្លួន ការ​ចោទ​ប្រកាន់ ការ​ផ្ដន្ទាទោស​ទាក់ទង​ការ​ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍​នៅ​ភូមិ​ប្រម៉ា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១២។ ចំណុច​ទី​២ បទ​វិភាគ​ទាក់ទង​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន ដែល​ប៉ះពាល់​ដោយសារ​ការ​ចោទ​ប្រកាន់។ ចំណុច​ទី​៣ ការ​ធ្វើ​វិភាគ​លើ​បទ​ចោទ​ប្រកាន់ និង​មាត្រា​ច្បាប់​ទាក់ទង​បទ​ចោទ​ប្រកាន់។ ចំណុច​ទី​៤ ពិនិត្យ​លើ​ដំណើរ​ការ​ផ្លូវ​ច្បាប់ ទាំង​មុន និង​ក្រោយ​ការ​ជំនុំ​ជម្រះ​នៅ​សាលា​ដំបូង និង​ចំណុច​ទី​៥ នៃ​បទ​វិភាគ គឺ​បង្ហាញ​ពី​ភាព​ពុំ​ត្រឹមត្រូវ​របស់​ចៅក្រម​សាលា​ដំបូង​ដែល​បាន​ផ្ដន្ទាទោស​រូប​លោក ម៉ម សូណង់ដូ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ស សូវ៉ាន មេធាវី​របស់​លោក ម៉ម សូណង់ដូ បាន​ទេ នៅ​ថ្ងៃ​ទី​៣ មីនា។

ចំពោះ​ការ​បើក​សវនាការ​សំណុំ​រឿង​លោក ម៉ម សូណង់ដូ នៅ​ថ្ងៃ​ទី​៥ មីនា ខាង​មុខ លោក នី ចរិយា ប្រធាន​ក្រុម​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) បាន​ឲ្យ​ដឹង​ថា សមាគម​សិទ្ធិ​មនុស្ស​នឹង​ចូល​រួម​សង្កេតការណ៍​ការ​កាត់​ទោស​នៅ​សាលឧទ្ធរណ៍​នោះ ដោយ​យក​ចិត្ត​ទុក​ដាក់។

លោក នី ចរិយា៖ «បើ​សាលាឧទ្ធរណ៍​មាន​ជំហរ​ឯករាជ្យ ជម្រះ​ក្តី​ដោយ​ពឹង​ទៅ​លើ​វត្ថុតាង និង​សាក្សី​នោះ យើង​សង្ឃឹម​ថា លោក ម៉ម សូណង់ដូ នឹង​រួច​ពី​ការ​ចោទ​ប្រកាន់ និង​ការ​ផ្ដន្ទាទោស​នៅ​ដំណាក់កាល​សាលាឧទ្ធរណ៍​នេះ​ឯង»

កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១២ តុលាការ​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​លោក ម៉ម សូណង់ដូ អាយុ ៧១ឆ្នាំ ឲ្យ​ជាប់​គុក ២០​ឆ្នាំ ពី​បទ​ញុះញង់​ឲ្យ​ធ្វើ​កុប្បកម្ម​ខុស​ច្បាប់ ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់។ បទ​ជ្រៀតជ្រែក​ដោយ​ខុស​ច្បាប់​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ ដែល​ទាក់ទង​នឹង​ទំនាស់​ដី​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នៅ​ឆ្នាំ​២០១២ ដែល​ទំនាស់​ដី​នេះ ទាក់​ទង​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ប្រហែល ១​ពាន់​គ្រួសារ ហើយ​រដ្ឋាភិបាល​ចោទ​ថា ចង់​បំបែក​រដ្ឋ។ តែ​លោក ម៉ម សូណង់ដូ បាន​បដិសេធ​ចំពោះ​បទ​ចោទ​ទាំង​នោះ ដោយ​ប្ដឹង​ឡើង​ឧទ្ធរណ៍ ហើយ​សាលា​ឧទ្ធរណ៍​នឹង​ជម្រះ​ក្ដី​នេះ​នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

PEOPLE AROUND THE WORLD ESPECIALY CAMBODIAN LOOK AT THE JUSTIC IN CAMBODIA DO YOU BELIEVE? COMMUNIST AND DICTATOR CUONTRY NEVER EVER HAVE JUSTIC.

Mar 04, 2013 08:07 PM

អ្នក​អាន​អនាមិក

The court is stupid n illiterate as well the gov. If it judge khmer hero MAM SONANDO making crime. Only 7 year boy also think that Khmer court like children as judge anyone baseless the law. Khmer court , I think, not yet graduate primary school. Court should go school 40 to 100 year more to be as judge today. If you r illiteraten let the other do

Mar 04, 2013 11:05 AM

ភាពភ្នំពេញ

ពី Phnom Penh

ប្រសិនបើតុលាការខ្មែរកាត់ទោសតាសូណង់ដូអោយជាប់គុក ថាយុត្តិធម៌ មានន័យថានៅលើពិភពលោកមានតែតុលាការ ខែ្មប៉ុណ្ណោះដែលយុត្តិធម៌ រីឯតុលាការផ្េសងៗទៀតជា តុលាការយុត្តិធម៌ឡើយ។ ឱតុលាការខ្មែរអើយល្មមភ្ញាក់ខ្លួនហើយ!

Mar 03, 2013 10:38 PM

គេហទំព័រ​ទាំងមូល