ជន​រងគ្រោះ​នៅ​ស្ទឹងមានជ័យ​នឹង​ប្ដឹង​មេ​ប៉ូលិស​ទៅ​ស្ថាប័ន​មួយ​ចំនួន​ទៀត

ជន​រងគ្រោះ​ដោយសារ​ការ​បង្ក្រាប​របស់​អាជ្ញាធរ មាន ប៉ូលិស និង​ប៉េអិម នៅ​គល់​ស្ពាន​ស្ទឹងមានជ័យ បាន​អះអាង​ថា នឹង​ដាក់​ពាក្យ​ប្ដឹង​មេ​ប៉ូលិស និង​ប៉េអិម​បន្ថែម​ទៅ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​ទៀត ក្រៅ​ពី​ប្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ។
ដោយ កែវ និមល
2013-11-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បាតុករ​រោងចក្រ អែស.អិល (SL) ប៉ះ​ទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច​នៅ​ក្បែរ​វត្ត​ស្ទឹងមានជ័យ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
បាតុករ​រោងចក្រ អែស.អិល (SL) ប៉ះ​ទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច​នៅ​ក្បែរ​វត្ត​ស្ទឹងមានជ័យ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Uon Chhin

លោក នាង សុឃុន និស្សិត​សាលា​ច្បាប់​ដែល​រងគ្រោះ​ដោយសារ​ការ​បង្ក្រាប​របស់​ប៉ូលិស និង​ប៉េអិម នៅ​គល់​ស្ពាន​ស្ទឹងមានជ័យ ក្នុង​ពេល​មាន​បាតុកម្ម​របស់​កម្មករ​រោងចក្រ អែស.អិល (SL) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ថា លោក​មាន​គម្រោង​ដាក់​ពាក្យ​ប្ដឹង​មេ​ប៉ូលិស និង​មេ​ប៉េអិម​ក្រុង​ភ្នំពេញ ទៅ​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ បន្ថែម​ទៅ​លើ​ការ​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ។

លោក នាង សុឃុន បាន​បន្ថែម​ថា ក្រោយ​ពេល​លោក​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ លោក យល់​ថា មន្ត្រី​តុលាការ​ដូច​ជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចាត់​ការ​ទៅ​លើ​ពាក្យ​ប្ដឹង​របស់​លោក​ឡើយ។ លោក នាង សុឃុន ជា​សមាជិក​ចលនា​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

«សំឡេង»

ការ​ដាក់​ពាក្យ​ប្ដឹង​របស់ លោក នាង សុឃុន អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​មេ​បញ្ជាការ​ប៉ូលិស និង​ប៉េអិម ទៅ​តុលាការ​ក្រុង​ភ្នំពេញ​នេះ គឺ​ជា​លើក​ទី​១​ហើយ​ដែល​ចោទ​ប្រកាន់​ទៅ​លើ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​ប្រើ​កម្លាំង​លើសលប់ ដោយ​មាន​ប្រដាប់​អាវុធ​បង្ក្រាប​ទៅ​លើ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ និង​កម្មករ ដែល​ធ្វើ​កូដកម្ម​បាតុកម្ម​តវ៉ា​ដោយ​បាត​ដៃ​ទទេ។

មន្ត្រី​តុលាការ​បាន​ឲ្យ លោក នាង សុឃុន ដឹង​ថា សំណុំ​រឿង​ប្ដឹង​នោះ​បាន​បញ្ជូន​ទៅ​ឲ្យ​ប៉ូលិស​ស៊ើប​អង្កេត​ហើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក សុខ រឿន ជា​ព្រះរាជ​អាជ្ញា​រង​នៅ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​បំភ្លឺ​ការ​ចោទ​ប្រកាន់​ថា តុលាការ​ក្រុង​ភ្នំពេញ បដិសេធ​មិន​ស៊ើប​អង្កេត​លើ​ពាក្យ​ប្ដឹង​របស់ លោក នាង សុឃុន បាន​ឡើយ។

លោក នី ចរិយា ប្រធាន​ក្រុម​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) បាន​ហៅ​ការ​បញ្ជូន​សំណុំ​រឿង​ប្ដឹង​អំពី​មេ​បញ្ជាការ​ប៉ូលិស​ទៅ​ឲ្យ​ប៉ូលិស​ស៊ើប​អង្កេត​វិញ​នោះ ជា​រឿង​មិន​ត្រឹមត្រូវ​ខុស​នីតិវិធី។

«សំឡេង»

ប៉ុន្តែ លោក​មេធាវី សុក សំអឿន នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា មាន​ប្រសាសន៍​ថា ជួន​កាល​ការ​បញ្ជូន​សំណុំ​រឿង​ឲ្យ​ប៉ូលិស​ស៊ើប​អង្កេត​នោះ គឺ​ជា​ការ​ចាត់​ការ​លើ​សំណុំ​រឿង​នោះ​ហើយ។ លោក សុក សំអឿន បន្ថែម​ថា បើ​សិន​ជា​អង្គភាព​ប៉ូលិស​មាន​បង្កើត​ជា​ក្រុម​ពិសេស​មួយ ដើម្បី​ស៊ើប​អង្កេត​បញ្ហា​នេះ​ដោយ​ឡែក​ក៏​ជា​ការ​ល្អ​ដែរ។

«សំឡេង»

កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា កម្មករ​រោងចក្រ​កាត់​ដេរ អែស.អិល ប្រមាណ ១.០០០​នាក់ បាន​ដង្ហែ​ក្បួន​តវ៉ា​សំដៅ​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ការ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ការងារ​ដែល​កើត​មាន​នៅ​ក្នុង​រោងចក្រ។ ក្បួន​តវ៉ា​នេះ បាន​ត្រូវ​ប៉ូលិស និង​ប៉េអិម ទប់ស្កាត់​នៅ​ជិត​គល់​ស្ពាន​ស្ទឹងមានជ័យ។ ការ​ប៉ះ​ទង្គិច​បាន​កើត​មាន​ឡើង បណ្ដាល​ឲ្យ​មាន​របួស​ទាំង​សង្ខាង និង​មាន​ការ​ដុត​រថយន្ត និង​ម៉ូតូ​របស់​ប៉ូលិស និង​ស្លាប់​ប្រជាពលរដ្ឋ​ជា​អ្នក​លក់​បាយ​មួយ​រូប។ មាន​អ្នក​ចូល​រួម​មើល និង​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​កើត​ហេតុ​នោះ​មួយ​ចំនួន ត្រូវ​រង​របួស​ដោយសារ​អាជ្ញាធរ​បាន​វាយ​បង្ក្រាប និង​បាញ់ រហូត​ឲ្យ​របួស​ពិការ​ទៀត​ផង។ ប៉ុន្តែ​មក​ទល់​ពេល​នេះ អាជ្ញាធរ​បាន​បដិសេធ​ថា ក្នុង​ការ​បង្ក្រាប​នោះ ពួក​គេ​មិន​បាន​បាញ់​ទៅ​លើ​បាតុករ និង​ប្រជាពលរដ្ឋ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

ber min ban . jos mdech mean monos slab doysa krob kam plerng jing ?

Nov 29, 2013 10:39 PM

អ្នក​អាន​អនាមិក

សូមបងប្អូនប្តឹងទៅស្ថាប័នអន្តរជាតិអោយបានច្រើនតាមតែអាចធ្វើទៅបាន។ បើប្តឹងទៅតុលាការហ៊ុន សែន អស់លោកប៉ូលីស និងប៉េអឹមទាំងនោះនឹងសើចចម្អកយ៉ាងក្អាសក្អាយ ព្រោះសុទ្ធតែគ្នាគេ។ ជយោ! ជាតិ សាសនា និង រាស្ត្រ!

Nov 29, 2013 01:46 AM

អ្នក​អាន​អនាមិក

ស្រុកខ្មែរ គឺជាស្រុកព្រៃ នគរបាល ប៉េអ៊ឹម បាញ់គេហើយ ថាអត់បាញ់ «និះហើយ និតិរដ្ឋ​ ល្បងផៃ ស៊ីផានមនុស្សខ្វះភ្នែក»

Nov 28, 2013 06:46 AM

គេហទំព័រ​ទាំងមូល