សមាជិក​ព្រឹទ្ធសភា​បក្ស​កាន់​អំណាច​ឯកភាព​ទាំង​ស្រុង​លើ​ច្បាប់​ថវិកា​២០១៧

ដោយ អ៊ុង សេរីវុទ្ធ
2016-12-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​ថ្មី ដែល​ទើប​ជាប់ឆ្នោត កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៥។
លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​ថ្មី ដែល​ទើប​ជាប់ឆ្នោត កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Sirey Muny

សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​កាន់​អំណាច​ចំនួន​៤៣​រូប ឯកភាព​ទាំងស្រុង​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៧ តាម​ការ​សម្រេច​របស់​សមាជិក​រដ្ឋសភា​បក្ស​របស់​ខ្លួន ដោយ​គ្មាន​កែប្រែ​ចំណុច​ណាមួយ​ឡើយ។

ការ​សម្រេច​ឯកភាព​លើ​ច្បាប់​ថវិកា ដែល​មាន​៦​ជំពូក និង​១៥​មាត្រា​នេះ ពុំ​មាន​សំឡេង​គាំទ្រ​ពី​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង ដែល​ចូល​ប្រជុំ​ទាំង​៨​រូប​​នោះ​ទេ។

អគ្គលេខាធិការ​ព្រឹទ្ធសភា លោក អ៊ុំ សារិទ្ធ ឲ្យ​អាស៊ីសេរី​ដឹង​ថា កិច្ច​ប្រជុំ​ពេញ​អង្គ​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​៥ ធ្នូ នេះ បាន​ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្ដី​ព្រាង​ថវិកា​នេះ ដោយ​គ្មាន​ការ​កែ​ប្រែ​លើ​ចំណុច​ណាមួយ​នោះ​ឡើយ បើទោះបីជាមាន​ការ​លើ​ជជែក​ដេញដោល​រវាង​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង ជាមួយ​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្តី៖ «ព្រឹក​មិញ​ប្រជុំ​ពេញ​អង្គ (ព្រឹទ្ធសភា) ប៉ុន្តែ​ខ្ញុំ​ចង់​និយាយ​ពី​នីតិវិធី​ដំបូង នៅ​ក្នុង​កម្រិត​គណៈកម្មាធិការ គឺ​គេ​បាន​សុំ​យោបល់​ពី​គ្រប់​សមាជិក​ទាំង​អស់​ហើយ មុន​នឹង​គេ​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល។ នៅ​គណៈកម្មាធិការ​​គឺ​មិន​មាន​អ្នកណា​សុំ​កែប្រែ​បដិសេធ ឬ​ក៏​ស្អី​ទេ ហើយ​មក​ដល់​សម័យ​ប្រជុំ​ពេញ​អង្គ​ព្រឹក​មិញ​នេះ ក៏​គ្មាន​យោបល់​ណា​សុំ​បដិសេធ ឬ​សុំ​កែ​អី​កន្លែង​ណា​ទេ»

កាល​ពី​ថ្ងៃ​ទី​២២ វិច្ឆិកា សមាជិក​រដ្ឋសភា​បក្ស​កាន់​អំណាច ចំនួន​៦៦​រូប បាន​អនុម័ត​ជា​ឯកច្ឆ័ន​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ ដោយ​គ្មាន​សំឡេង​គាំទ្រ​ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ដូច​គ្នា។

លោក អ៊ុំ សារិទ្ធ បន្ត​ថា គណៈកម្មាធិការ​ជំនាញ​ព្រឹទ្ធសភា ដែល​ពិនិត្យ​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ បាន​ចាត់​ទុក​ច្បាប់​នេះ​ថា ជា​ច្បាប់​ដែល​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ចាំបាច់​របស់​ពលរដ្ឋ និង​ឆ្លុះ​បញ្ចាំង​​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​បន្ត​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម​ជាដើម។

ក្រៅ​ពី​សេចក្ដី​ព្រាង​ច្បាប់​ថវិកា ព្រឹទ្ធសភា​ក៏​ឯកភាព​ទាំងស្រុង​លើ​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង ទីក្រុង​ប៉ារីស ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ ដោយ​សំឡេង​គាំទ្រ​ពី​សមាជិក​ព្រឹទ្ធសភា​ទាំង​ពីរ​បក្ស​ដែល​មាន​វត្តមាន​ទាំង​៥១​រូប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

មិនដឹងថាក្បាលពួកគាត់ ចេះគិតឬអត់ទេ។ គ្មានមតិអីបន្តិចទាល់តែសោះហ្មង? អស់លោកព្រឹទ្ឋសភា! លោកយកលុយរួមចាយ ស្រេចតែក្បាលចិត្តបក្សលោក។

Dec 05, 2016 10:22 PM

គេហទំព័រ​ទាំងមូល