លោកមេឃុំ ស៊ាង ចែត ត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសហើយ ក្រោយពីគណបក្សជាប់ឆ្នោតទាំងពីរ បើកផ្លូវឲ្យមានការសម្របសម្រួលផ្នែកនយោបាយ។ ការដោះលែងដែលធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ នេះ ធ្វើឡើងភ្លាមៗក្រោយពេលកិច្ចប្រជុំសភា គឺលោក ស ខេង បញ្ជាក់ថា មេឃុំមកពីបក្សប្រឆាំងរូបនេះ នឹងត្រូវដោះលែងពីពន្ធនាគារវិញហើយ។ បរិបទនយោបាយដែលប្រែប្រួលដ៏ឆាប់បែបនេះ ស្របពេលមេដឹកនាំរបស់បក្សនយោបាយទាំងពីរ បានព្រមព្រៀងគ្នាបន្តប្រើប្រាស់វប្បធម៌សន្ទនាឡើងវិញ។
លោក ហ៊ុន សែន បានដឹកដៃគ្នាជាមួយលោក កឹម សុខា ត្រសងចូលសភាជាលើកដំបូង ក្រោយពីប្រមុខដឹកនាំបក្សប្រឆាំងរូបនេះ អវត្តមានចូលប្រជុំសភាពេញអង្គប្រមាណ ១ឆ្នាំមកហើយ។ មុនពេលចាប់ផ្តើមនៃកិច្ចប្រជុំសភាពេញអង្គដំណើរការនោះ គេសង្កេតឃើញទាំងលោក ហ៊ុន សែន និងលោក កឹម សុខា សាសងគ្នាមួយសន្ទុះ មុនពេលដើរចេញពីបន្ទប់ប្រជុំសភាស្ងាត់ៗ។
មូលហេតុដែលនាំឲ្យវិបត្តិនយោបាយមានភាពប្រសើរឡើងរហូតលោកមេឃុំ ស៊ាង ចែត ត្រូវដោះលែងឲ្យមានសេរីភាពវិញ និងកិច្ចការបន្ទាប់ ដល់វេនសកម្មជនការពារសិទ្ធិមនុស្សអាដហុក (ADHOC) ៤រូប និងអគ្គលេខាធិការរងនៃ គ.ជ.ប នោះ ជាប់ទាក់ទងនឹងការស្រុះស្រួលផ្នែកនយោបាយ ដែលបានខ្វែងគំនិតគ្នាជាងពាក់កណ្ដាលអាណត្តិមកហើយរវាងបក្សកាន់អំណាច និងបក្សប្រឆាំង ពិសេសក្រោយពេលវាយតំណាងរាស្ត្របក្សប្រឆាំងចំនួនពីររូប ការទម្លាក់លោក កឹម សុខា ចេញពីអនុប្រធានទី១ រដ្ឋសភា និងការចោទប្រកាន់រឿងអាស្រូវស្នេហារបស់លោក កឹម សុខា។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យដឹងក្រោយប្រជុំសភាពេញអង្គបានបិទបញ្ចប់ថា មេឃុំ ស៊ាង ចែត នឹងត្រូវដោះលែងនៅថ្ងៃទី៧ ធ្នូ នេះ។ លោកបន្ថែមថា ដោយឡែកមន្ត្រីសមាគមអាដហុក និងមន្ត្រីជាន់ខ្ពស់ គ.ជ.ប លោក នី ចរិយា នឹងលើកទៅពិភាក្សានៅចុងខែធ្នូ ខាងមុខនេះដែរ។ ក្រៅពីនេះ លោក ស ខេង នៅមិនទាន់ប្រាកដនៅឡើយទេពីជោគវាសនារបស់សកម្មជនគណបក្សប្រឆាំងដទៃទៀតដែលកំពុងជាប់ឃុំ ថាតើនឹងត្រូវដោះលែងដែរ ឬយ៉ាងណា? លោកបន្តថា «ខ្ញុំមិនបានជជែករឿងនេះ គឺឯកឧត្ដម កឹម សុខា ជជែកជាមួយសម្ដេចតេជោ។ បើតាមខ្ញុំដឹង ប្រហែលជាមុនដំណាច់ខែ១២ នេះ នឹងមានការដោះស្រាយករណីមន្ត្រីសិទ្ធិមនុស្ស ហើយនិងអគ្គលេខាធិការរង គ.ជ.ប»។
ការលើកលែងទោសមេឃុំ ស៊ាង ចែត ដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនៅពេលនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីសាលក្រមរបស់តុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសលោក ស៊ាង ចែត ដាក់ពន្ធនាគារ ៥ឆ្នាំកាលថ្ងៃទី៥ ខែធ្នូ ពីបទសូកប៉ាន់សាក្សីក្នុងសំណុំរឿងអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។
ក្នុងពេលរដ្ឋសភាកំពុងបន្តសម័យប្រជុំពេញអង្គ ដែលប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៧ ធ្នូ លោក ហ៊ុន សែន និងលោក កឹម សុខា បានឆ្លៀតពេលជួបប្រជុំគ្នាក្នុងបន្ទប់សម្ងាត់ ដែលប្រើពេលប្រមាណ ១ម៉ោង។ ក្រោយការប្រជុំជាលក្ខណៈទ្វេភាគីនេះបានបិទបញ្ចប់ មិនបង្អង់យូរឡើយ លោក កឹម សុខា ក៏ជួបប្រជុំភ្លាមដែរជាមួយលោក ស ខេង។ ប្រហែលជាការជួបគ្នាដោយសម្ងាត់រវាងមេដឹកនាំបក្សប្រឆាំង និងលោក ហ៊ុន សែន នេះហើយ ទើបបើកផ្លូវឲ្យមានដំណោះស្រាយនយោបាយចុងក្រោយ ដែលលោក ស ខេង បញ្ជាក់ថា វាសនាសកម្មជនបក្សប្រឆាំងដែលនៅសេសសល់ដទៃទៀត ប្រហែលជាមេដឹកនាំទាំងពីរជជែកគ្នាដាច់ដោយឡែក។
ជុំវិញដំណោះស្រាយនយោបាយនេះ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានថ្លែងមុនចាប់ដំណើរការកិច្ចប្រជុំសភាពេញអង្គ ដោយចាត់ទុកលោក កឹម សុខា ជាដៃគូសន្ទនាថ្មីរបស់លោក ក្នុងក្របខ័ណ្ឌជាប្រធានក្រុមតំណាងរាស្ត្រ។ ទន្ទឹមនឹងនេះ លោក ហ៊ុន សែន ព្រមានដែរថា ប្រសិនបើតួនាទីដែលនឹងផ្ដល់ឲ្យលោក កឹម សុខា នេះមានភាពស្មុគស្មាញ អាចនឹងត្រូវរុះរើមាត្រាមួយចំនួនឡើងវិញ។ លោកបន្តថា «ប្រសិនបើមិនអាចទទួលយកការតែងតាំងនេះបាន គឺមានតែវិធីបកត្រឡប់មកធ្វើវិសោធនកម្មមាត្រា៤៨ ដែលដកចេញទាំងអស់នូវតួនាទីទាំងឡាយ ហើយវិលត្រឡប់ទៅ ៤៨.២ វិញ»។
ហាក់ផ្ទុយពីការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីនេះបន្តិច ដោយឡែកលោក កឹម សុខា វិញយល់ឃើញថា រឿងតួនាទីមុខមាត់វាគ្រាន់តែជាកិច្ចការក្រៅខ្លួនប៉ុណ្ណោះ សំខាន់គឺទិសដៅរួមដែលបក្សនយោបាយនីមួយៗតែងប្រកាន់យក គឺរួបរួម ឯកភាពជាតិ និងផ្សះផ្សាជាតិតែមួយជាមួយគ្នា។
តាមរយៈការឯកភាពនយោបាយនេះ លោក កឹម សុខា រំពឹងថា បក្សទាំងពីរនឹងលែងខ្វែងគំនិតគ្នា ហើយតម្កល់ផលប្រយោជន៍ជាតិជាធំជាមួយគ្នា។ លោកបន្តថា «ចំពោះតំណែងតួនាទី មុខងារ វាគ្រាន់តែជាមធ្យោបាយសម្រាប់យើងធ្វើដំណើរទៅរកផ្លូវនោះទេ ប៉ុន្តែបើសិនជាទោះជាតួនាទីធំប៉ុនណាក៏ដោយ ខ្ពស់ប៉ុនណាក៏ដោយ តែបើយើងដើរខុសគោលដៅដែលយើងចង់បាន ដែលយើងត្រូវដើរជាមួយនោះ ក៏មិនអាចជោគជ័យដែរ»។
បញ្ហានេះ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត យល់ឃើញថា នេះជាការវិវឌ្ឍន៍មួយល្អសម្រាប់ប្រទេសជាតិ ជាពិសេសអ្នកចំណេញ គឺពលរដ្ឋ។ ផ្ទុយពីនេះវិញ អ្វីដែលជាចម្ងល់ និងជាការបារម្ភនោះ គឺអាចជាការលែងទុកចិត្តគ្នានៅក្នុងផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ ទៅវិញទេ។
យ៉ាងណាក៏ដោយ ទាក់ទិនការផ្លាស់ប្ដូរតួនាទីនេះ លោក សម រង្ស៊ី បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោកថា មុខតំណែងមិនសំខាន់ទេ អ្វីដែលចាំបាច់បំផុត គឺភាពទៀងត្រង់ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស។ លោកបន្ថែមថា លោកយល់ព្រមធ្វើអ្វីៗគ្រប់បែបយ៉ាងឲ្យតែប្រទេសនៅគង់វង្ស និងឆ្ពោះទៅរកភាពរុងរឿង។
សូមស្ដាប់ការវិភាគទាក់ទងនឹងការវិឌ្ឍន៍ស្ថានការណ៍នយោបាយចុងក្រោយ ដោយលោក មាស នី និង លោក គឹម សុខ តាយការសាកសួររបស់លោក ជុន ច័ន្ទបុត្រ៖