ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លាង សំណាត់ សម្រេចថា នឹងប្រកាសសាលក្រមសំណុំរឿងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងជំនួយការពីរនាក់ទៀត នៅថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១៦។
លោក សម រង្ស៊ី និងជំនួយការរបស់លោកពីរនាក់ទៀត មានលោក សម្បត្តិ សត្យា ជាអ្នកកាត់តវីដេអូ និងលោក អ៊ឹង ជុងលាង ហៅកូនជ្រូក ត្រូវតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ២៩ មាត្រា ៦២៩ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
មេធាវីការពារក្តីរបស់លោក សម រង្ស៊ី គឺលោក សំ សុគង់ ឱ្យដឹងថា សវនាការនៅព្រឹកថ្ងៃទី៩ ខែធ្នូ នេះ គឺមាន លោក ហុង សុខហួរ ចូលរួមជាសាក្សី។ លោក ហុង សុខហួរ គឺជាសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ដែលត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៧ឆ្នាំ ក្រោមបទចោទចំនួន ៣ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោកមេធាវី សំ សុគង់ ឱ្យដឹងទៀតថា បរិយាកាសនៅក្នុងសវនាការនៅព្រឹកថ្ងៃសុក្រ នេះ គឺក្រុមប្រឹក្សាជំនុំជម្រះសាកសួរលោក ហុង សុខហួរ ដែលជាសាក្សីទៅជាជនជាប់ចោទទៅវិញ។
លោកបញ្ជាក់ថា ដោយសារការសាកសួរសាក្សី គឺខុសពីអង្គហេតុនៃសវនាការនៅព្រឹកនេះ៖ «ដោយសារនៅក្នុងសំណុំរឿងសវនាការថ្ងៃនេះ គឺសវនាការលើរឿងសមគំនិត អ៊ីចឹងយើងគួរតែសាកសួរអំពីទំនាក់ទំនងរវាង ចារី ហើយនិងអ្នកប្រព្រឹត្តហ្នឹង ជាមួយនឹងអ្នកសមគំនិត។ ប៉ុន្តែអ្វីដែលជាការសួរ គឺសួរទាក់ទងនឹងអង្គហេតុនៃការបង្ហោះព្រំដែន និងការបង្ហោះសន្ធិសញ្ញាផ្សេងទៅវិញ»។
មេធាវីការពារក្តី លោក សម រង្ស៊ី គឺលោក សំ សុគង់ ពុំមានជំនឿថា កូនក្តីរបស់លោក គឺលោក សម រង្ស៊ី នឹងទទួលបានយុត្តិធម៌ពីតុលាការ។ លោកថា កន្លងមក បើទោះបីជាក្រុមមេធាវីបានបង្ហាញភស្តុតាងដោះបន្ទុកយ៉ាងណាក្តី ក៏តុលាការនៅតែកាត់ឱ្យមានទោស ឬផ្តន្ទាទោសដដែល។
ក្រៅពីទទួលរងនូវបទចោទក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម លោក សម រង្ស៊ី ក៏នៅរងបទចោទ ៤ផ្សេងទៀត ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍មន្ត្រីជាន់ខ្ពស់របស់បក្សកាន់អំណាច គឺលោក ហ៊ុន សែន លោក ហេង សំរិន និងលោកហោ ណាំហុង៕