តុលាការ​កំពូល​បន្ត​ឲ្យ​លោក សម រង្ស៊ី ចាញ់​ក្ដី​លោក ហ៊ុន សែន ករណី​សូកប៉ាន់ នាង ធី សុវណ្ណថា

ដោយ អាស៊ីសេរី
2018-12-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA

តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៩ ធ្នូ បាន​ចេញ​សាលដីកា​រក្សា​សេចក្ដី​សម្រេច​សាលាឧទ្ធរណ៍​ឲ្យ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ចាញ់​ក្ដី មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន នៅ​ក្នុង​សំណុំ​រឿង លោក ហ៊ុន សែន សូកប៉ាន់​នាង ធី សុវណ្ណថា។

មេធាវី​ការពារ​ក្តី ឲ្យ​លោក ហ៊ុន សែន គឺ លោក​មេធាវី គី តិច ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា តុលាការ​កំពូល​សម្រេច បដិសេធ​បណ្ដឹង​សាទុក្ខ របស់​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក សម រង្សី ដោយ​ហេតុផល​ទាស់​នឹង​គតិ​ច្បាប់ តម្កល់​សេចក្ដី​សម្រេច​ក្នុង​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុកជា​បាន​ការ​ពេញ​ទាំងមូល និង​សាលដីកា​តុលាការ​កំពូល ត្រូវ​ប្រកាស​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ។

នេះ​ជា​បណ្ដឹង​ទី​៧ ប្រឆាំង​លោក សម រង្ស៊ី។ ដើមហេតុ​នៃ​បណ្ដឹង​នេះ គឺ កាលពី​ថ្ងៃ​ទី​១៤ មករា ឆ្នាំ​២០១៧ លោក សម រង្ស៊ី ថ្លែង​ថា លោក ហ៊ុន សែន បាន​សូកប៉ាន់ អតីត​សកម្មជន​គណបក្សប្រឆាំង ឈ្មោះ ធី សុវណ្ណថា ជា​ទឹកប្រាក់ ចំនួន ១​លាន​ដុល្លារ ជា​ថ្នូរ​នឹង​ការវាយប្រហារ​បក្ស​ប្រឆាំង។ ក្នុង​បណ្ដឹង​នេះ លោក ហ៊ុន សែន ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក សម រង្ស៊ី ចំនួន ១​លាន​ដុល្លារ ឯ​នាង ធី សុវណ្ណថា ក៏បាន​ដាក់ពាក្យ​ប្ដឹង​ដាច់ដោយឡែក​មួយ​ផ្សេងទៀត​ដែរ គឺ​ទារ​សំណង​ជំងឺ​ចិត្ត ចំនួន​៥០​ម៉ឺន​ដុល្លារ។ បណ្ដឹង​បរិហារកេរ្តិ៍​ជា​សាធារណៈ​នេះ នៅ​ដំណាក់កាល​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៧ ចៅក្រម​សម្រេច​ផ្ដន្ទាទោស លោក សម រង្ស៉ី ផាក​ពិន័យ​ប្រាក់​ចំនួន ១០​លាន​រៀល និង​បង្គាប់​ឱ្យ​សងជំងឺចិត្ត​ទៅ​ដើមបណ្ដឹង គឺ លោក ហ៊ុន សែន ចំនួន ៤​ពាន់​លាន រៀល។ ចំណែក​នៅ​ដំណាក់កាល​សាលាឧទ្ធរណ៍​វិញ កាលពី​ថ្ងៃ​ទី​០៦ ខែ​មីនា ចៅក្រម​បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ​ទាំងអស់។ អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​ពី​មេធាវី​ការពារ​ក្ដី ឲ្យ​លោក សម រង្ស៊ី គឺ លោក មេធាវី សំ សុគង់ និង អ្នកនាំពាក្យ​តុលាការ​កំពូល លោក នៅ មុនីជោគ ជាច្រើន​ដង ប៉ុន្តែ​មិន​លើក​ទូរស័ព្ទ។

លោក ហ៊ុន សែន ក៏​ធ្លាប់​ព្រមាន​រឹបអូស​ទ្រព្យសម្បត្តិ របស់ លោក សម រង្ស៊ី ដែរ ប្រសិន​មិន​សង​លុយ​លោក តាម​បង្គាប់​របស់​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល