តុលាការ​ខេត្ត​រតនគិរី​ចោទ​មេ​ភូមិ​និង​មេ​ឃុំ​កាប់​រាន​ព្រៃឈើ​ខុស​ច្បាប់

ដោយ រដ្ឋា វិសាល
2016-03-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​ភូមិ​ប៉ក់ធំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នាំ​គ្នា​មក​ការិយាល័យ​ការិយាល័យ​អ្នក​តំណាងរាស្ត្រ​សុំ​ជួយ​អន្តរាគមន៍​ផ្ដល់​យុត្តិធម៌​ដល់​ប្រធាន​ភូមិ និង​មេ​ឃុំ​ដែល​តុលាការ​ខេត្ត​រតនគិរី ចោទ​ប្រកាន់​កាប់​រាន​ព្រៃ​ឈើ​ខុស​ច្បាប់ នៅ​ថ្ងៃ​ទី​១៧ មីនា ឆ្នាំ​២០១៦។
ប្រជាពលរដ្ឋ​ភូមិ​ប៉ក់ធំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នាំ​គ្នា​មក​ការិយាល័យ​ការិយាល័យ​អ្នក​តំណាងរាស្ត្រ​សុំ​ជួយ​អន្តរាគមន៍​ផ្ដល់​យុត្តិធម៌​ដល់​ប្រធាន​ភូមិ និង​មេ​ឃុំ​ដែល​តុលាការ​ខេត្ត​រតនគិរី ចោទ​ប្រកាន់​កាប់​រាន​ព្រៃ​ឈើ​ខុស​ច្បាប់ នៅ​ថ្ងៃ​ទី​១៧ មីនា ឆ្នាំ​២០១៦។
RFA/Ratha Visal

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​រតនគិរី ចេញ​ដីកា​កោះហៅ​ប្រធាន​ភូមិ​ប៉ក់ធំ និង​មេ​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ឲ្យ​ចូលខ្លួន​មក​សាលាដំបូង​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ដើម្បី​បើក​ការ​ស៊ើបសួរ​រឿង​ក្តី​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ​ពី​បទ​កាប់​រាន​ព្រៃឈើ​ខុស​ច្បាប់។

​ប្រជាពលរដ្ឋ​ប្រមាណ ៥០​នាក់ រស់​នៅ​ភូមិ​ប៉ក់ធំ ឃុំ​ប៉ក់ញ៉ៃ បាន​នាំ​គ្នា​មក​ប្រមូល​ផ្តុំ​នៅ​មុខ​សាលាដំបូង​ខេត្ត​រតនគិរី នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​មីនា ធ្វើ​ជា​កម្លាំងចិត្ត​ឲ្យ​ប្រធាន​ភូមិ និង​មេឃុំ​របស់​ខ្លួន​ដែល​​ចូល​បំភ្លឺ​រឿង​ក្តី​ចោទ​កាប់​រាន​ព្រៃឈើ​ខុស​ច្បាប់។

​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​រតនគិរី លោក សាន ប៊ុនធឿន ចេញ​ដីកា​ពីរ​ផ្សេង​គ្នា​កោះហៅ​ប្រធាន​ភូមិ​ប៉ក់ធំ គឺ​លោក ក្លាន ជីប និង​មេ​ឃុំ​ប៉ក់ញ៉ៃ លោក រចំ ហ្លើយ ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​ការិយាល័យ​ស៊ើបសួរ​នៅ​រសៀល​ថ្ងៃ​ទី​​១៧ ខែ​មីនា ក្នុង​បទ​ចោទ​កាប់​រាន​ឈូស​ឆាយ និង​ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ។

មេ​ឃុំ​ប៉ក់ញ៉ៃ លោក រចំ ហ្លើយ អះអាង​ថា ការ​ចោទ​ប្រកាន់​នេះ​មិន​ត្រឹមត្រូវ​ឡើយ ពីព្រោះ​លោក​​​មិន​បាន​កាប់​រាន​ព្រៃ​អ្វី​នោះ​ទេ។ លោក​ទទួល​ស្គាល់​ថា តំបន់​ព្រៃ​ដែល​តុលាការ​ចោទ​ប្រកាន់​លោក​ថា ការ​កាប់​រាន​នោះ​គឺ​ប្រជាពលរដ្ឋ​ជាង ៧០​គ្រួសារ​នៅ​ភូមិ​ប៉ក់ធំ បាន​នាំ​គ្នា​កាប់​យក​ដី​ដោយ​សំអាង​ថា ជា​ព្រៃ​ចម្ការ​ចាស់​របស់​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ធ្លាប់​អាស្រ័យ​ផល។ លើស​ពី​នេះ​ទៀត ដី​ព្រៃ​នៅ​តំបន់​នោះ​ក៏​រង​ការ​ឈូស​ឆាយ​ដោយ​គ្រឿងចក្រ​ពី​ក្រុម​ឈ្មួញ​ដែល​ទិញ​ដី​នោះ​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​ជិត​នោះ​ដូច​គ្នា៖ «គេ​ចោទ​ថា កាប់​រុករាន​ព្រៃ​គេ​ការពារ កន្លង​មក​ខ្ញុំ​អត់​ដែល​បាន​ទៅ​កាប់​រុករាន​ព្រៃ​គេ​ការពារ​ទេ។ យើង​អត់​មាន​ខុស​រឿង​ស្អី​យើង​ភ័យ​ខ្លាច»

​ចំណែក​ប្រធាន​ភូមិ​ប៉ក់ធំ លោក ក្លាន ជីប បដិសេធ​ដូច​គ្នា​ថា លោក​មិន​បាន​កាប់​រាន​ព្រៃ​នោះ​ទេ។លោក​ថា ជា​រឿង​អយុត្តិធម៌​ដែល​តុលាការ​ចោទ​ប្រកាន់​តែ​អ្នក​ភូមិ​កាប់​រាន​ព្រៃ ដោយ​ឡែក​ក្រុម​ឈ្មួញ​អ្នក​ឈូស​ឆាយ​ព្រៃ​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​នោះ​មិន​ត្រូវ​បាន​ចោទ​ប្រកាន់​អ្វី​នោះ​ឡើយ៖ «មាន​ភ័យ​ខ្លាច​ស្អី និយាយ​តាម​យើង​ឃើញ យើង​ដឹង។ អ្នក​កាប់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ។ កន្លែង​ហ្នឹង​ប្រជាពលរដ្ឋ​កាប់​ទុក​ជា​ចម្ការ​វិល​ជុំ ទុក​ចោល​បួន​ប្រាំ​ឆ្នាំ ដល់​ឈើ​ដុះ​ទៅ​កាប់​ទៀត»

​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា អ្នក​ភូមិ​ប៉ក់ធំ ជាង ៤០​នាក់ អម​ដំណើរ​មេ​ភូមិ និង​មេ​ឃុំ​ស្វែង​រក​កិច្ច​អន្តរាគមន៍​​ផ្ដល់​យុត្តិធម៌​ពី​ការិយាល័យ​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) និង​ការិយាល័យ​អ្នក​តំណាងរាស្ត្រ​មណ្ឌល​​ខេត្ត​រតនគិរី។

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ លោក សាន ប៊ុនធឿន សុំ​អធិប្បាយ​រឿង​ក្ដី​ចោទ​​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា។ យ៉ាង​ណា​ក្នុង​ដីកា​កោះហៅ​ជន​ជាប់​ចោទ​ទាំង​ពីរ​ឲ្យ​ដឹង​ថា ការ​កាប់​រាន​ព្រៃ​នេះ​ប្រព្រឹត្ត​ឡើង​តាំង​ពី​ខែ​មករា ឆ្នាំ​២០១៦ ឋិត​នៅ​ចំណុច​ភូមិ​ភិ ឃុំ​សេសាន។

ទាក់ទិន​ករណី​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី សំដែង​ការ​បារម្ភ​ចំពោះ​ជនជាប់ចោទ​ទាំង​ពីរ​ដែល​តុលាការ​សម្រេច​ចោទ​ពី​បទ​កាន់​រាន​ព្រៃឈើ​ដែល​មាន​ចែង​ក្នុង​មាត្រា ៩៧ ស្ដីពី​ច្បាប់​ព្រៃឈើ​ដែល​ត្រូវ​ផ្ដន្ទាទោស ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ។ លោក​ថា រឿង​ក្ដី​នេះ​ពាក់ព័ន្ធ​ទៅ​នឹង​អ្នក​ភូមិ​ជនជាតិ​ដើម​ពីរ​ភូមិ​ដែល​សំអាង​ថា ដី​តំបន់​នោះ​ជា​សិទ្ធិ​គ្រប់គ្រង​របស់​សហគមន៍​ទើប​នាំគ្នា​កាប់​រាន​ព្រៃ​យក​ដី៖ «ចាត់​វិធានការ​តាម​ច្បាប់​សមាគម​អាដហុក គាំទ្រ ប៉ុន្តែ​សុំ​ឲ្យ​ចាត់​វិធានការ​ស្មើភាព​គ្នា​ចំពោះ​អ្នក​​ប្រព្រឹត្ត»

​ចំណែក​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​រតនគិរី លោក ប៊ូ ឡាំ បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ដែល​មក​ដល់​ការិយាល័យ​លោក​ថា រឿង​ក្ដី​នេះ​ពាក់ព័ន្ធ​សមត្ថកិច្ច​តុលាការ ហេតុ​នេះ​ការិយាល័យ​តំណាងរាស្ត្រ​នឹង​ធ្វើ​របាយការណ៍ និង​សំណូមពរ​ប្រជាពលរដ្ឋ​ជូន​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​តុលាការ​ជួយ​ផ្ដល់​យុត្តិធម៌​ក្នុង​រឿង​ក្ដី​នេះ៖ «អ្នក​តំណាងរាស្ត្រ​បំពេញ​តួនាទី​ពាំនាំ​ពាក្យ​បងប្អូន​ដែល​មក​ពឹង​ពាក់​ថ្ងៃ​នេះ​យក​ទៅ​ឲ្យ​អាជ្ញាធរ​ខេត្ត​ ស្រុក​ត្រួត​ពិនិត្យ​ឡើង​វិញ រក​យុត្តិធម៌​ឡើង​វិញ មិន​ថា​សមត្ថកិច្ច​ខេត្ត ស្រុក ឃុំ សមត្ថកិច្ច​តុលាការ»

​របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក ឲ្យ​ដឹង​ថា ដី​ដែល​ពលរដ្ឋ​កាប់​រាន​ព្រៃ​នោះ​ក្នុង​មួយ​គ្រួសារ​ប្រមាណ​កន្លះ​ហិកតារ និង​ដោយ​ឡែក​ព្រៃ​តំបន់​នោះ​ត្រូវ​ឈ្មួញ​អ្នក​ទិញ​ដី​ឈូស​ឆាយ​អស់​ប្រមាណ ១០​ហិកតារ​ដូច​គ្នា។

មក​ទល់​នឹង​រសៀល​ម៉ោង ៥ ថ្ងៃ​ដដែល​នេះ​ជនជាប់ចោទ​ទាំង​ពីរ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​អនុញ្ញាត​ឲ្យ​វិល​ទៅ​លំនៅ​ឋាន​វិញ​បន្ទាប់​ពី​សាកសួរ​ម្នាក់​ប្រមាណ ២០​នាទី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល