ច្បាប់នេះ មិនថា តែសង្គមស៊ីវិលទេ សូម្បីឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំប្រទេសកម្ពុជា ក៏ចង់ឃើញរដ្ឋាភិបាលបង្កើតច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានឲ្យបានឆាប់ដែរ ព្រោះច្បាប់នេះជាមធ្យោបាយមួយក្នុងការជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា។
ការទាមទារបង្កើតច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានរបស់ក្រុមអង្គការសង្គមស៊ីវិលពេលនេះ ធ្វើឡើងតាមរយៈសិក្ខាសាលាថ្នាក់ជាតិរយៈពេល ២ថ្ងៃ ក្រោមប្រធានបទ «សិទ្ធិទទួលបានព័ត៌មាននៅកម្ពុជា និងជំហានឆ្ពោះទៅមុខដើម្បីបង្កើតច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន» ចាប់ផ្ដើមនៅព្រឹកថ្ងៃទី៤ ខែធ្នូ នាសណ្ឋាគារ អ៊ីនធើ ខនធីណេនថល (Inter-Continental) រាជធានីភ្នំពេញ។
នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ លោក ណែប ស៊ីនថៃ ដែលជាអ្នកផ្ដួចផ្ដើមឲ្យមានសិក្ខាសាលានេះឡើង ថ្លែងថា សិទ្ធិទទួលបានព័ត៌មាននេះមានសារសំខាន់សម្រាប់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ លោកបន្តថា មានអង្គការជាតិ-អន្តរជាតិជាច្រើនស្ថាប័នរង់ចាំសហការ និងផ្ដល់មតិយោបល់ជាមួយក្រសួងព័ត៌មាន ឬរដ្ឋាភិបាល ដើម្បីឈានដល់បង្កើតច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន បើសិនជារដ្ឋាភិបាលពិតជាមានឆន្ទៈក្នុងការបង្កើតច្បាប់នេះមែន។
លោក ស៊ីនថៃ មានជំនឿថា តាមរយៈសិក្ខាសាលាដែលមានសមាសភាពចម្រុះ នឹងអាចជួយដល់ការតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានស្របតាមការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលថ្មីៗនេះ។
លោក សេក បរិសុទ្ធ ទីប្រឹក្សាបច្ចេកទេសនៃវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយថ្លែងថា ប្រទេសកម្ពុជាបច្ចុប្បន្ន ចាំបាច់ត្រូវមានច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន។ លោកគាំទ្រ រដ្ឋាភិបាលដែលប្រកាសបង្កើតឲ្យមានច្បាប់នេះឡើង ព្រោះយល់ថា នៅក្នុងសង្គមប្រជាធិបតេយ្យ មនុស្សគ្រប់រូប គឺមានសិទ្ធិទទួលព័ត៌មានពិតនិងឆាប់រហ័ស។ លោកថ្លែងថា សព្វថ្ងៃនេះ សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋខ្មែរមិនបានទូលំទូលាយទេ។
លោក សេក បរិសុទ្ធ ឲ្យដឹងថា ច្បាប់នេះ បើរដ្ឋាភិបាលបង្កើតនិងអនុម័តឲ្យបានឆាប់កាលណាកាន់តែប្រសើរ ព្រោះវាជួយជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា កាន់តែប្រសើរនៅថ្ងៃអនាគត។
ចំណែកលោក សុន ឆ័យ សមាជិកសភាគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមសិក្ខាសាលានោះដែរ បានឲ្យដឹងដែរថា កន្លងមកគណបក្សប្រឆាំងធ្លាប់ស្នើទៅរដ្ឋាភិបាលសុំបង្កើតច្បាប់នេះចំនួន ២លើករួចមកហើយ។ លោកថា ទើបតែពេលថ្មីៗនេះ រដ្ឋាភិបាលហាក់បង្ហាញឆន្ទៈចង់តាក់តែងសេចក្ដីព្រាងច្បាប់នេះឡើង។
លោកបន្តថា ដើម្បីឈានដល់លុបបំបាត់អំពើពុករលួយនៅក្នុងសង្គមឲ្យមានប្រសិទ្ធភាព ទាល់តែសិទ្ធិក្នុងការទទួលបានព័ត៌មានត្រូវបើកទូលាយ។ ប៉ុន្តែបើរដ្ឋាភិបាលលាក់លៀមឯកសារផ្សេងៗស្ពីពីផែនការអភិវឌ្ឍនានា ឬមិនផ្សព្វផ្សាយតម្លៃសេវាសាធារណផ្សេងៗឲ្យពលរដ្ឋបានដឹងទូលំទូលាយទេ នោះមិនអាចទប់ស្កាត់អំពើពុករលួយបានទេ។
នៅក្នុងសិក្ខាសាលានោះដែរ លោក សុន ឆ័យ បានបកស្រាយពីសារសំខាន់នៃការបង្កើតច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន និងបានចាត់ទុកថា ច្បាប់នេះនឹងជួយឲ្យមានលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ប្រទេសនៅថ្ងៃអនាគត។ លោកស្នើទៅរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធមុននឹងធ្វើសេចក្ដីព្រាងច្បាប់នេះ ត្រូវបើកឲ្យមានកិច្ចពិគ្រោះយោបល់ដែលមានការចូលរួមពីគ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអស់។
មិនមែនមានតែក្រុមអង្គការសង្គមស៊ីវិល ឬសមាជិកសភាបក្សប្រឆាំងទេ ដែលទាមទារឲ្យរដ្ឋាភិបាលបង្កើតច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានចេញជារូបរាងឲ្យបានឆាប់ សូម្បីលោក លោក ហ្ស៊ង់ ហ្រ្វង់ស្វ័រ កូតំាង (Jean Francois Cautain) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលចូលរួមបើកសិក្ខាសាលា ក៏ជំរុញឲ្យបង្កើតច្បាប់នេះឲ្យបានឆាប់ដែរ។ លោកចាត់ទុកថា ច្បាប់សិទ្ធិទទួលបានព័ត៌មានបានផ្ដល់សារសំខាន់ដល់សង្គមជាតិ និងពលរដ្ឋកម្ពុជា ទាំងមូល ព្រោះច្បាប់នេះជាផ្នែកមួយជួយជំរុញឲ្យយុវជន ឬពលរដ្ឋមានចំណេះដឹងបានទូលំទូលាយ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប មានជំនឿថា រដ្ឋាភិបាលនឹងបង្កើតឲ្យមានច្បាប់ស្តីអំពីសិទ្ធិទទួលបានព័ត៌មានក្នុងពេលដ៏ឆាប់ខាងមុខ។
លោក ឡាំ សុជាតិ ជានាយករងវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ និងជាប្រធានគណៈកម្មការដឹកនាំនៃក្រុមការងារវិមជ្ឈការភាពជាដៃគូដែលមានអង្គការជាតិ និងអន្តរជាតិជាង ៦០ស្ថាប័ន ជាសមាជិក ហើយធ្វើការផ្តោតលើកកម្ពស់វិមជ្ឈការនៅកម្ពុជា។ លោកឲ្យដឹងថា ចាំបាច់បំផុតដែលកម្ពុជា ត្រូវមានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ព្រោះថា សព្វថ្ងៃនេះមិនថា ពលរដ្ឋទីក្រុង ឬជនបទទេ គឺចង់ដឹងព័ត៌មានជុំវិញតម្លៃសេវាសាធារណៈ ឬផែនការអភិវឌ្ឍនានារបស់រដ្ឋាភិបាលជាដើម។
ផ្តើមពីបញ្ហានេះ លោក ឡាំ សុជាតិ ក៏បានស្នើទៅរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធត្រូវជំរុញ ឬបង្កើតឲ្យមានច្បាស់ស្ដីពីសិទ្ធិទទួលបានព័ត៌មានឲ្យបានឆាប់។
សិក្ខាសាលាថ្នាក់ជាតិស្តីអំពីសិទ្ធិទទួលបានព័ត៌មាននៅព្រឹកថ្ងៃទី៤ ខែធ្នូ មានសមាសភាពចូលរួមដោយតំណាងព្រឹទ្ធសភា រដ្ឋសភា តំណាងស្ថានទូតនានា មន្ត្រីរដ្ឋាភិបាល និងអង្គការជាតិ-អន្តរជាតិ ព្រមទាំងផ្នែកពាក់ព័ន្ធជិត ២០០នាក់។
បញ្ហានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ បានប្ដេជ្ញាចិត្ត និងព្រមទាំងបានជំរុញឲ្យក្រសួងព័ត៌មាន សហការជាមួយដៃគូពាក់ព័ន្ធនានា រៀបចំក្រុមការងារ និងឯកសារច្បាប់ ឆ្ពោះទៅធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានដែលនឹងអាចអនុម័តនៅពេលខាងមុខ។
ច្បាប់នេះ សម្រាប់មន្ត្រីអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ មានជំនឿថា រដ្ឋាភិបាលនឹងត្រូវអនុម័តឲ្យបានជាស្ថាពរនៅក្នុងអាណត្តិទី៥នេះ។
តាមមាត្រា ១៩ នៃសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិនៃកិច្ចការសិទ្ធិមនុស្សចែងថា មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពបញ្ចេញយោបល់និងបញ្ចេញមតិ។ សិទ្ធិនេះរួមបញ្ចូលទាំងសិទ្ធិក្នុងការគាំទ្រមតិដោយគ្មានការជ្រៀតជ្រែក និងសិទ្ធិស្វែងរកការចែករំលែកព័ត៌មាន ឬគំនិតតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដោយគ្មានដែនកំណត់៕