សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​បង្កើត​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ-​អន្តរជាតិ និង​ឥស្សរជន​គណបក្ស​ប្រឆាំង​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ​បង្កើត​​ច្បាប់​ស្ដីពី​សិទ្ធិ​​ទទួល​បាន​ព័ត៌មាន​ចេញ​ជា​រូបរាង​ឲ្យ​បាន​ឆាប់។
ដោយ ដែន អយុធ្យា
2013-12-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិក្ខាសាលា​ស្ដីពី សិទ្ធិ​ទទួល​បាន​ព័ត៌មាន ជំហាន​ឆ្ពោះ​ទៅ​មុខ​ដើម្បី​ការ​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ធ្នូ នា​រាជធានី​ភ្នំពេញ។
សិក្ខាសាលា​ស្ដីពី សិទ្ធិ​ទទួល​បាន​ព័ត៌មាន ជំហាន​ឆ្ពោះ​ទៅ​មុខ​ដើម្បី​ការ​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ធ្នូ នា​រាជធានី​ភ្នំពេញ។
RFA/Den Ayuthyea

ច្បាប់​នេះ មិន​ថា តែ​សង្គម​ស៊ីវិល​ទេ សូម្បី​ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា ក៏​ចង់​ឃើញ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ស្តី​​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ឲ្យ​បាន​ឆាប់​ដែរ ព្រោះ​ច្បាប់​នេះ​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។

ការ​ទាមទារ​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ពេល​នេះ ធ្វើ​ឡើង​តាម​រយៈ​សិក្ខាសាលា​ថ្នាក់​ជាតិ​រយៈពេល ២​ថ្ងៃ ​ក្រោម​ប្រធានបទ «សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា និង​ជំហាន​ឆ្ពោះ​ទៅ​មុខ​ដើម្បី​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន» ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ធ្នូ នា​សណ្ឋាគារ អ៊ីនធើ ខនធីណេនថល (Inter-Continental) រាជធានី​ភ្នំពេញ។

នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ លោក ​ណែប ស៊ីនថៃ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ឲ្យ​មាន​សិក្ខាសាលា​​​​នេះ​ឡើង​ ថ្លែង​ថា សិទ្ធិ​ទទួល​​បាន​ព័ត៌មាន​នេះ​មាន​សារសំខាន់​​សម្រាប់​លទ្ធិប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​​កម្ពុជា។ លោក​បន្ត​ថា មាន​អង្គការ​ជាតិ-អន្តរជាតិ​ជា​ច្រើន​ស្ថាប័ន​រង់ចាំ​សហការ និង​ផ្ដល់​មតិ​យោបល់​ជាមួយ​ក្រសួង​ព័ត៌មាន ឬ​រដ្ឋាភិបាល ដើម្បី​ឈាន​ដល់​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន បើ​សិន​ជា​រដ្ឋាភិបាល​ពិត​ជា​មាន​ឆន្ទៈ​ក្នុង​ការ​បង្កើត​ច្បាប់​នេះ​មែន។

លោក ស៊ីនថៃ មាន​ជំនឿ​ថា តាម​រយៈ​សិក្ខាសាលា​ដែល​មាន​សមាសភាព​ចម្រុះ នឹង​អាច​ជួយ​ដល់​ការ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ស្រប​តាម​​​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​ថ្មីៗ​នេះ។

លោក សេក បរិសុទ្ធ ទីប្រឹក្សា​បច្ចេកទេស​នៃ​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ​ថ្លែង​ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន ចាំបាច់​ត្រូវ​មាន​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ លោក​គាំទ្រ រដ្ឋាភិបាល​ដែល​ប្រកាស​បង្កើត​ឲ្យ​មាន​ច្បាប់​នេះ​ឡើង ព្រោះ​យល់​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ មនុស្ស​គ្រប់​រូប គឺ​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​ពិត​និង​ឆាប់​រហ័ស។ លោក​ថ្លែង​ថា សព្វ​ថ្ងៃ​នេះ សិទ្ធិ​ទទួល​បាន​​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មិន​បាន​ទូលំទូលាយ​ទេ។

លោក សេក បរិសុទ្ធ ឲ្យ​ដឹង​ថា ច្បាប់​នេះ បើ​រដ្ឋាភិបាល​បង្កើត​និង​អនុម័ត​ឲ្យ​បាន​ឆាប់​កាលណា​កាន់​តែ​ប្រសើរ ព្រោះ​វា​​ជួយ​ជំរុញ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា កាន់​តែ​ប្រសើរ​នៅ​ថ្ងៃ​អនាគត។

ចំណែក​លោក សុន ឆ័យ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូល​រួម​សិក្ខាសាលា​នោះ​ដែរ បាន​ឲ្យ​ដឹង​ដែរ​ថា កន្លង​មក​គណបក្ស​ប្រឆាំង​ធ្លាប់​ស្នើ​ទៅ​រដ្ឋាភិបាល​សុំ​បង្កើត​ច្បាប់​នេះ​ចំនួន ២​លើក​រួច​មក​ហើយ។ លោក​ថា ទើប​តែ​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ហាក់​បង្ហាញ​ឆន្ទៈ​ចង់​តាក់តែង​​សេចក្ដី​ព្រាង​ច្បាប់​​នេះ​ឡើង។

លោក​បន្ត​ថា ដើម្បី​ឈាន​ដល់​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​ក្នុង​សង្គម​ឲ្យ​មាន​ប្រសិទ្ធភាព ទាល់តែ​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ត្រូវ​បើក​ទូលាយ។ ប៉ុន្តែ​បើ​រដ្ឋាភិបាល​លាក់លៀម​ឯកសារ​ផ្សេងៗ​ស្ពីពី​ផែនការ​អភិវឌ្ឍ​នានា ឬ​មិន​ផ្សព្វផ្សាយ​តម្លៃ​សេវា​សាធារណ​ផ្សេងៗ​ឲ្យ​ពលរដ្ឋ​បាន​ដឹង​ទូលំទូលាយ​ទេ នោះ​មិន​អាច​ទប់​ស្កាត់​អំពើ​ពុក​​រលួយ​​បាន​ទេ។

នៅ​ក្នុង​សិក្ខាសាលា​នោះ​ដែរ លោក សុន ឆ័យ បាន​បក​ស្រាយ​ពី​សារសំខាន់​នៃ​ការ​បង្កើត​ច្បាប់​​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​បាន​ចាត់​ទុក​ថា ច្បាប់​នេះ​នឹង​ជួយ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍន៍​ប្រទេស​នៅ​ថ្ងៃ​អនាគត។ លោក​ស្នើ​ទៅ​រដ្ឋាភិបាល ឬ​ក្រសួង​ពាក់ព័ន្ធ​មុន​នឹង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​​នេះ ត្រូវ​បើក​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​ដែល​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​អ្នក​ពាក់ព័ន្ធ​ទាំង​អស់។

​មិន​មែន​មាន​តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ឬ​សមាជិក​សភា​បក្ស​ប្រឆាំង​ទេ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ចេញ​ជា​រូបរាង​ឲ្យ​បាន​ឆាប់ សូម្បី​លោក លោក ហ្ស៊ង់ ហ្រ្វង់ស្វ័រ កូតំាង (Jean Francois Cautain) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ​ដែល​ចូល​​​រួម​​​បើក​សិក្ខាសាលា ក៏​ជំរុញ​ឲ្យ​បង្កើត​ច្បាប់​នេះ​ឲ្យ​បាន​ឆាប់​​ដែរ។ លោក​ចាត់​ទុក​ថា ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​បាន​ផ្ដល់​សារសំខាន់​ដល់​សង្គម​ជាតិ និង​ពលរដ្ឋ​កម្ពុជា ទាំង​មូល ព្រោះ​ច្បាប់​នេះ​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ឲ្យ​យុវជន ឬ​ពលរដ្ឋ​មាន​ចំណេះដឹង​បាន​ទូលំទូលាយ។

ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប មាន​ជំនឿ​ថា រដ្ឋាភិបាល​នឹង​បង្កើត​ឲ្យ​មាន​ច្បាប់​ស្តី​អំពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ។

លោក ឡាំ សុជាតិ ជា​នាយក​រង​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ និង​ជា​ប្រធាន​គណៈកម្មការ​ដឹកនាំ​នៃ​ក្រុម​ការងារ​វិមជ្ឈការ​ភាព​ជា​ដៃគូ​ដែល​មាន​អង្គការ​ជាតិ និង​អន្តរជាតិ​ជាង ៦០​ស្ថាប័ន ជា​សមាជិក ហើយ​ធ្វើការ​ផ្តោត​លើក​កម្ពស់​វិមជ្ឈការ​នៅ​កម្ពុជា។ លោក​ឲ្យ​ដឹង​ថា ចាំបាច់​បំផុត​ដែល​កម្ពុជា ត្រូវ​មាន​ច្បាប់​ស្តីពី​​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ព្រោះ​ថា សព្វថ្ងៃ​នេះ​មិន​ថា ពលរដ្ឋ​ទីក្រុង ឬ​ជនបទ​ទេ គឺ​ចង់​ដឹង​ព័ត៌មាន​ជុំវិញ​តម្លៃ​សេវា​សាធារណៈ​ ឬ​ផែនការ​អភិវឌ្ឍ​នានា​របស់​រដ្ឋាភិបាល​​ជាដើម។

ផ្តើម​ពី​បញ្ហា​នេះ លោក ឡាំ សុជាតិ ក៏​បាន​ស្នើ​ទៅ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ជំរុញ ឬ​បង្កើត​ឲ្យ​មាន​ច្បាស់​​​​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ឲ្យ​បាន​ឆាប់។

សិក្ខាសាលា​ថ្នាក់​ជាតិ​ស្តី​អំពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ធ្នូ មាន​សមាសភាព​ចូល​រួម​ដោយ​តំណាង​ព្រឹទ្ធ​សភា រដ្ឋ​សភា តំណាង​ស្ថានទូត​នានា មន្ត្រី​រដ្ឋាភិបាល និង​អង្គការ​ជាតិ-​អន្តរជាតិ ព្រម​ទាំង​ផ្នែក​ពាក់​ព័ន្ធ​ជិត ២០០​នាក់។

​បញ្ហា​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ​បាន​ប្ដេជ្ញា​ចិត្ត និង​ព្រម​ទាំង​បាន​​ជំរុញ​ឲ្យ​ក្រសួង​ព័ត៌មាន សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​នានា រៀបចំ​ក្រុម​ការងារ និង​ឯកសារ​ច្បាប់ ឆ្ពោះ​ទៅ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែល​នឹង​អាច​អនុម័ត​នៅ​ពេល​ខាង​មុខ។

ច្បាប់​នេះ សម្រាប់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ មាន​ជំនឿ​ថា រដ្ឋាភិបាល​​នឹង​ត្រូវ​អនុម័ត​ឲ្យ​បាន​ជា​ស្ថាពរ​នៅ​ក្នុង​អាណត្តិ​ទី​៥​នេះ។

តាម​មាត្រា​ ១៩ នៃ​សេចក្ដី​ប្រកាស​ជា​សកល​របស់​អង្គការ​សហប្រជាជាតិ​នៃ​កិច្ចការ​សិទ្ធិ​មនុស្ស​ចែង​ថា មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​បញ្ចេញ​យោបល់​និង​បញ្ចេញ​មតិ។ សិទ្ធិ​នេះ​រួម​បញ្ចូល​ទាំង​សិទ្ធិ​ក្នុង​ការ​គាំទ្រ​​មតិ​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក និង​សិទ្ធិ​ស្វែង​រក​ការ​ចែក​រំលែក​ព័ត៌មាន ឬ​គំនិត​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេងៗ ដោយ​គ្មាន​ដែន​កំណត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល