ភាព​ចម្រូងចម្រាស​ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

ដោយ ទីន ហ្សាការីយ៉ា
2016-11-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធិ (កណ្ដាល) ក្នុង​កិច្ច​ប្រជុំ​លើក​ទី​១០ នៃ​ក្រុម​ការងារ​បច្ចេកទេស រៀបចំ​តាក់តែង​សេចក្ដី​ព្រាវ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៦។
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធិ (កណ្ដាល) ក្នុង​កិច្ច​ប្រជុំ​លើក​ទី​១០ នៃ​ក្រុម​ការងារ​បច្ចេកទេស រៀបចំ​តាក់តែង​សេចក្ដី​ព្រាវ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៦។
RFA/Khe Sonorng

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិភាក្សា​គ្នា​ដ៏​ចម្រូងចម្រាស​របស់​ក្រុម​ការងារ​បច្ចេកទេស​ដែល​មាន​ភាគី​ខាង​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ និង​សារព័ត៌មាន។ សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​មិន​បញ្ចប់​តាម​កាលកំណត់​នៅ​ឆ្នាំ​២០១៨ នោះ​ទេ ដោយសារ​ការ​ពិភាក្សា​គ្នា​នៅ​ក្នុង​ជំពូក​ខ្លះ​មាន​ភាព​ស្មុគស្មាញ និង​ត្រូវ​ការ​ពេល​វេលា​បន្ថែម។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន នឹង​ត្រូវ​ក្រុម​ការងារ​បច្ចេកទេស​ពិភាក្សា​គ្នា​បន្ត​ទៀត ដែល​មិន​អាច​កំណត់​ពេល​វេលា​ថា នឹង​ធ្វើ​បញ្ចប់​នៅ​ពេល​ណា​ជាក់លាក់​នោះ​ឡើយ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ មាន​ចំណុច​ជា​ច្រើន​ត្រូវ​ពិភាក្សា និង​មាន​ភាព​ចម្រូងចម្រាស​ច្រើន​រវាង​គ្រប់​ភាគី​ដែល​ចូល​រួម​នោះ គឺ​ទាមទារ​ពេល​វេលា​ច្រើន​ថែម​ទៀត ដើម្បី​បញ្ចប់​ការ​ពិភាក្សា​នេះ​ជា​ស្ថាពរ។ ប៉ុន្តែ​លោក​មិន​អាច​កំណត់​បាន​ថា បញ្ចប់​នៅ​ពេល​ណា​ទេ ដោយសារ​ថា​ចំណុច​មួយ​ចំនួន​ត្រូវ​ការ​ជជែក​គ្នា​ច្រើន​ក្នុង​ក្រុម​បច្ចេកទេស៖ «អូស​បន្លាយ ជួនកាល​ពាក្យ​តែ​មួយ​ម៉ាត់​ទេ យើង​ជជែក​គ្នា​មួយ​ថ្ងៃ»

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​​មាន ៩​ជំពូក និង ៣៦​មាត្រា។ ប៉ុន្តែ​ការ​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​នេះ មាន​ភាព​ចម្រូងចម្រាស​គ្នា​ច្រើន​រវាង​ក្រុម​ការងារ​បច្ចេកទេស ដោយសារ​នៅ​ក្នុង​ជំពូក​មួយ​ចំនួន​បិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ និង​អ្នក​សារព័ត៌មាន​ដែល​ក្រុម​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទាមទារ​ឲ្យ​កែប្រែ​មាត្រា​មួយ​ចំនួន។

​ការពិភាក្សា​កន្លង​មក អ្នក​ពិភាក្សា​ដេញដោល​ខ្លាំង​នៅ​ក្នុង​ជំពូក​៣ ស្ដីពី​នីតិវិធី​ស្នើសុំ​និង​ផ្ដល់​ព័ត៌មាន មាត្រា​១៥ នៃ​ច្បាប់​នេះ គឺ​អ្នក​ស្នើសុំ​មាន​ចេតនា​ឆាឆៅ​រំខាន​ដល់​ប្រតិបត្តិការ​របស់​ស្ថាប័ន​សាធារណៈ  ចំណុច​បដិសេធ​ដល់​អ្នក​ស្នើ​សុំ​ព័ត៌មាន​ដដែលៗ ក្នុង​រយៈពេល​ក្រោម ៤​ខែ និង​ការ​ជជែក​ដេញដោល​គ្នា​ទៅ​លើ​ចំណុច​បុគ្គល​ប្រព្រឹត្ត​អំពើ​ឆាឆៅ រំខាន ដែល​ផ្ដល់​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​សប្ដាហ៍ ទៅ ១​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​ម៉ឺន​រៀល ទៅ ១​សែន​រៀល។ ក្រុម​ការងារ​ពិភាក្សា​យល់​ថា ការ​ចែង​នេះ គឺ​ជា​ការ​ដាក់​កំហិត និង​ប៉ះពាល់​ដល់​ផលប្រយោជន៍​សាធារណជន និង​អ្នក​ស្នើ​សុំ ឬ​អ្នក​សារព័ត៌មាន។

នាយក​នៃ​នាយដ្ឋាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ណុប វី ពន្យល់​ថា ការ​ដាក់​ទោសទណ្ឌ​នេះ គឺ​ផ្ទុយ​ពី​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស៖ «រឿង​ការ​ដាក់​ទោស​ទណ្ឌ​អ្នក​ព័ត៌មាន​នេះ ផ្ទុយ​ពី​ខ្លឹមសារ​ដែល​មាន​ចែង​ពី​សេរីភាព​របស់​អ្នក​សារព័ត៌មាន អ៊ីចឹង​យើង​អត់​ចង់​ឃើញ​មាន​ការ​ដាក់​ទោស​ទណ្ឌ​អ្នក​សារព័ត៌មាន​ដែល​គ្រាន់​តែ​សរសេរ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ»

លោក ណុប វី មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​ការ​ធ្វើ​ច្បាប់​នេះ មាន​គុណភាព​ដែល​បម្រើ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។ លោក​បញ្ជាក់​ថា មាត្រា​ខ្លះ​ចែង​មិន​បាន​ច្បាស់លាស់ បើសិនជា​មិន​ធ្វើ​ការ​កែប្រែ​ទេ ពេល​អនុវត្ត​នឹង​អាច​មាន​បញ្ហា ដូចជា​និយមន័យ​មួយ​ចំនួន​ទាក់ទង​សន្តិសុខ​ជាតិ សន្តិសុខ​សាធារណៈ និង​រយៈពេល​នៃ​ការ​ស្នើ​សុំ​ព័ត៌មាន​ជាដើម៖ «ចំណុច​សំខាន់​ទី​២ ថា​តើ​ផ្ដល់​អត្ថប្រយោជន៍​អី​ដល់​អ្នក​សារព័ត៌មាន ជា​ពិសេស​ដែរ ពីព្រោះ​អ្នក​សារព័ត៌មាន​គឺ​ជា​ចលករ​មួយ​នៅ​ក្នុង​សង្គម​ដែល​បាន​ទៅ​យក​ព័ត៌មាន​មក​ចុះ​ផ្សាយ​ជូន​ប្រជាពលរដ្ឋ ដូច្នេះ​ហើយ​ចង់​បាន​ខ្លឹមសារ​នៃ​ច្បាប់​ហ្នឹង​មាន​ដាក់​បញ្ចូល​អត្ថប្រយោជន៍​ដល់​អ្នក​សារព័ត៌​មាន​ជាពិសេស»

ក្រសួង​ព័ត៌មាន និង​អង្គការ​យូណេស្កូ (UNESCO) បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ដើម្បី​អនុវត្ត​គម្រោង​លើក​កម្ពស់​ការ​តាក់តែង​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន កាល​ពី​ឆ្នាំ​២០១៤ ក្រោម​ជំនួយ​ឧបត្ថម្ភ​ថវិកា​ជាង ១​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពី​រដ្ឋាភិបាល​ស៊ុយអែត (Sweden)  តាម​រយៈ​អង្គការ​យូណេស្កូ។ មក​ទល់​ពេល​នេះ ក្រសួង​ព័ត៌មាន​បាន​បង្កើត​ក្រុម​បច្ចេកទេស​ដែល​មាន​តំណាង​ពី​អង្គការ​សង្គម​ស៊ីវិល អង្គការ​យូណេស្កូ ចូលរួម​ពិភាក្សា​សេ​ក្ដី​ព្រាង​ច្បាប់​នេះ។

មន្ត្រី​កម្មវិធី​នៃ​អង្គការ​យូណេស្កូ លោក ឆាយ សុផល មាន​ប្រសាសន៍​ថា មក​ទល់​ពេល​នេះ ក្រុម​ការងារ​បច្ចេកទេស​បាន​ពិនិត្យ​ដល់​មាត្រា​១៥ ប៉ុន្តែ​បាន​ឯកភាព​គ្នា​តែ ១៣​មាត្រា​ទេ។ លោក​បញ្ជាក់​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ ខាង​អង្គការ​យូណេស្កូ បាន​រៀបចំ​ពិភាក្សា​ជាមួយ​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដូចជា អង្គការ​សង្គម​ស៊ីវិល អ្នក​កាសែត និង​ប្រជាពលរដ្ឋ ដើម្បី​ប្រមូល​យក​ការ​ទាមទារ​ឲ្យ​កែប្រែ​ចំណុច​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ យក​ទៅ​ដាក់​ប្រជុំ​រួម​ជាមួយ​ខាង​តំណាង​ក្រសួង៖ «ខាង​អង្គការ​យូណេស្កូ បាន​ធ្វើ​សំយោគ​ជា​មតិ​យោបល់​មួយ​រួម​យក​ទៅ​តស៊ូ​មតិ​ជាមួយ​ខាង​ក្រសួង ហើយ​ខាង​ក្រសួង​គេ​យក​ប្រមាណ ៧០% ទៅ ៨០% ដែរ»

​ទោះ​បី​ជា​លោក ឆាយ សុផល អះអាង​ថា ការ​ពិភាក្សា​គ្នា​កន្លង​មក​រវាង​ក្រុម​ការងារ​បច្ចេកទេស​ថា ក្រសួង​ព័ត៌មាន​បាន​ទ​ទូល​យក​ពី ៧០% ទៅ ៨០% ក្ដី ប៉ុន្តែ​អ្នក​សារព័ត៌មាន​នៅ​តែ​ព្រួយ​បារម្ភ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ មិន​បើក​ទូលាយ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​សារព័ត៌មាន​ទទួល​ព័ត៌មាន ដោយ​ងាយ​បាន​ដូចជា​មាត្រា ១១ ក្នុង​ជំពូក​ទី​៣ ចែង​ពី​ការ​ស្នើ​សុំ​ព័ត៌មាន ត្រូវ​ធ្វើ​ឡើង​ជា​លាយលក្ខណ៍អក្សរ​ដោយ​បញ្ជាក់​លំអិត​ឲ្យ​ច្បាស់លាស់​អំពី​ព័ត៌មាន​ដែល​ត្រូវ​ស្នើ​សុំ​ទៅ​ស្ថាប័ន​សាធារណៈ​នោះ​គឺ​ត្រូវ​បំពេញ​បែបបទ​ស្នើសុំ​ព័ត៌មាន ដូចជា ឈ្មោះ ភេទ អាយុ សញ្ជាតិ មុខ​របរ និង​អាសយដ្ឋាន ។ល។ មាត្រា​នេះ អ្នក​ចូលរួម​ពិភាក្សា​លើក​ឡើង​ថា ជា​មាត្រា​រឹតត្បិត ព្រោះ​អ្នក​សារព័ត៌មាន ឬ​ការ​ស្នើ​សុំ​ព័ត៌មាន​ទៅ​ស្ថាប័ន​សាធារណៈ មិន​ត្រូវ​ធ្វើ​បែប​នេះ​ទេ ព្រោះ​ថា អ្នក​សារព័ត៌មាន​អាច​ស្នើ​សុំ​ព័ត៌មាន​បន្ទាន់​តាម​រយៈ​ទូរស័ព្ទ សារ​អេឡិចត្រូនិក (Email) ឬ​លិខិត។ រី​មាត្រា​មួយ​ចំនួន​​នៅ​ក្នុង​ជំពូក​ដទៃ​ទៀត ក៏​មាន​ការ​រឹតត្បិត​ប្រហាក់ប្រហែល​គ្នា​ដែរ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លើក​ឡើង​ថា ការ​ធ្វើ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន គឺ​លោក​ចង់​បាន​ច្បាប់​នេះ​ជា​ច្បាប់​ល្អ ដែល​បម្រើ​ដល់​សាធារណជន​ទូទៅ មិន​ចំពោះ​អ្នក​សារព័ត៌មាន​ប៉ុណ្ណោះ​ទេ៖ «ច្បាប់​ធ្វើ​ល្អ ជា​ពិសេស​យើង​មាន​គ្រប់​ភាគី​ទាំង​អស់ មាន​អង្គការ​សង្គម​ស៊ីវិល អ្នក​ច្បាប់ និង​អង្គការ​សហប្រជាជាតិ​ទៀត»

​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន បូណា មាន​ប្រសាសន៍​ថា អ្វី​ដែល​ជា​ឧបសគ្គ​សម្រាប់​អ្នក​សារព័ត៌មាន​បច្ចុប្បន្ន​គឺ​មន្ត្រី​សាធារណៈ​ខ្លះ​មិន​សូវ​សហការ​ជាមួយ​អ្នក​សារព័ត៌មាន ឬ​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន​ទេ ហើយ​លោក​សង្ឃឹម​ថា នៅ​ពេល​ច្បាប់​នេះ​ចេញ អ្នក​សារព័ត៌មាន​អាច​ងាយស្រួល​ក្នុង​ការ​ស្នើ​សុំ​ព័ត៌មាន​ពី​មន្ត្រី​សាធារណៈ​ជាង​សព្វ​ថ្ងៃ៖ «ការ​សម្ងាត់​ហ្នឹង​វា​សមរម្យ​ដូច​ដែល​ស្តង់ដារ​អន្តរជាតិ​គេ​កំណត់​យក ឬ​មួយ​ក៏​យើង​រឹតត្បិត​ជាង​គេ? ទី​២ តើ​ការ​អនុវត្ត​ច្បាប់​ហ្នឹង​តើ​ការ​អនុវត្ត​ដោយ​ស្មោះត្រង់​អត់ ឬ​ការ​អនុវត្ត​ហ្នឹង​អាស្រ័យ​លើ​ការ​បកស្រាយ? នេះ​ជា​ការ​ដែល​យើង​ព្រួយ​បារម្ភ»

មន្ត្រី​កម្មវិធី​នៃ​អង្គការ​យូណេស្កូ លោក ឆាយ សុផល និង​ជា​សមាជិក​ក្រុម​ការងារ​បច្ចេកទេស​ពិភាក្សា​សេចក្ដី​ព្រាងច្បាប់​នេះ អះអាង​ថា ក្រុម​ការងារ​នឹង​បន្ត​ពិនិត្យ ពិភាក្សា​សេចក្ដី​ច្បាប់​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ឆាប់​ចប់ ទោះ​បី​ជា​ចំណុច​ខ្លះ​ត្រូវ​ប្រើ​ពេល​យូរ​ក្នុង​ការ​ពិភាក្សា​ក្ដី។

សារសំខាន់​នៃ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែល​មាន​នៅ​ក្នុង​ស្ថាប័ន​សាធារណៈ ពេល​ខ្លះ​គេ​ហៅ​ថា សិទ្ធិ​ដើម្បី​យល់​ដឹង។ ព័ត៌មាន​គឺ​ជា​គន្លឹះ​សំខាន់​ចំពោះ​លទ្ធិប្រជាធិបតេយ្យ ដែល​ទាក់ទង​នឹង​គណនេយ្យភាព និង​អភិបាលកិច្ច​ល្អ។ ការ​ផ្ដល់​ព័ត៌មាន​ពី​ស្ថាប័ន​សាធារណៈ​ដែល​ចាំបាច់ គឺ​ជា​ការ​បង្ហាញ​ពី​តម្លាភាព គណនេយ្យភាព និង​អភិបាលកិច្ច​ល្អ។

អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​ព័ត៌មាន​ចង់​ឲ្យ​ក្រុម​បច្ចេកទេស​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ផ្ទុយ​ពី​មាត្រា​១៩ នៃ​សេចក្ដី​ប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិមនុស្ស​ដែល​ចែង​ថា មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​មាន​មតិ និង​សម្ដែង​មតិ។ សិទ្ធិ​នេះ​រាប់​បញ្ចូល​ទាំង​សេរីភាព​ក្នុង​ការ​ប្រកាន់​មតិ​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក និង​សេរីភាព​ក្នុង​ការ​ស្វែង​រក ការ​ទទួល​ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​គំនិត​នានា​ដោយ​គ្មាន​ព្រំដែន ទោះ​តាម​រយៈ​មធ្យោបាយ​សម្ដែង​មតិ​ណា​មួយ​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល