ក្រសួង​​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​​ចូល​រួម​មតិ​លើ​សេចក្តី​ព្រាង​ច្បាប់​"សិទ្ធិ​ទទួល​បាន​ព័ត៌មាន"

ដោយ សេក បណ្ឌិត
2014-11-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រសួង​ព័ត៌មាន
ក្រសួង​ព័ត៌មាន
RFA/Mom Sophon

ក្រសួង​ព័ត៌មាន​គ្រោង​កោះ​អញ្ជើញ​មន្ត្រី​សិទ្ធិមនុស្ស និង​តំណាង​អ្នក​សារព័ត៌មាន ព្រម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត​ចូលរួម​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ។ គម្រោង​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​សង្គម​ស៊ីវិល និង​ក្រុម​អ្នក​សារព័ត៌មាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​បង្កើត​ច្បាប់​នេះ​ជា​ញឹកញាប់​កន្លង​មក។

​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ព័ត៌មាន​ឲ្យ​ដឹង​ថា ការ​កោះ​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ គឺ​ជា​ការ​ជំរុញ​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដើម្បី​ឆ្លើយ​តប​ការ​ចង់​បាន​ពី​សហគមន៍​អន្តរជាតិ។

​លោក អ៊ុក គឹមសេង ជា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រុម​ការងារ​បច្ចេកទេស​តាក់តែង​សេចក្តី​ព្រាង​ច្បាប់។ លោក​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៧ វិច្ឆិកា ថា សហគមន៍​អន្តរជាតិ​សុំ​ឲ្យ​ក្រសួង​ព័ត៌មាន​ដឹកនាំ​ពិភាក្សា​បន្ថែម​ក្នុង​ន័យ​ជួយ​កែលំអ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែល​រៀបរៀង​ដោយ​ក្រសួង​ទំនាក់ទំនង​រដ្ឋ​សភា​និង​ព្រឹទ្ធ​សភា៖ «អ៊ីចឹង​សេចក្តី​ព្រាង​របស់​ស្ថាប័ន​ផ្សេង​ទៀត​ដែល​មាន​មិន​ដឹង​ថា ត្រូវ​យក​មក​ទាំង​ស្រុង ឬ​ត្រូវ​ដក​យក​មួយ​ចំនួន​ណា​ដើម្បី​បំពេញ​បន្ថែម​លើ​សេចក្តី​ព្រាង​ដែល​មាន​ស្រាប់​ហ្នឹង»

កាល​ពី​ឆ្នាំ​២០០៤ រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ស្គាល់​ភាព​ចាំបាច់​ដើម្បី​បង្កើត​សេរីភាព​ក្នុង​ការ​ទទួល​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​នេះ។ ​សេចក្តី​ព្រាង​ច្បាប់​ក្របខ័ណ្ឌ​គោលនយោបាយ​ច្បាស់លាស់​សម្រាប់​ប្រទេស​កម្ពុជា ទាក់ទង​ជាមួយ​សិទ្ធិ​ទទួល​ព័ត៌មាន ត្រូវ​បាន​រៀបចំ​ដោយ​ក្រសួង​ទំនាក់ទំនង​រដ្ឋ​សភា ព្រឹទ្ធ​សភា និង​អធិការកិច្ច នៅ​ក្នុង​ឆ្នាំ​២០០៧ ប៉ុន្តែ​តាំង​ពី​ឆ្នាំ​២០០៧ មក​ទល់​បច្ចុប្បន្ន គោលនយោបាយ​នេះ​មិន​ទាន់​បាន​ដាក់​ជូន​គណៈរដ្ឋមន្ត្រី​ដើម្បី​អនុម័ត​នៅ​ឡើយ។

​លោក អ៊ុក គឹមសេង បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ទទួល​មតិយោបល់​កែលំអ​ពី​មន្ត្រី​សិទ្ធិ​មនុស្ស ស្ថាប័ន​សារព័ត៌មាន និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត​នោះ ក្រសួង​ក៏​គ្រោង​បង្ហោះ​សេចក្តី​ព្រាងច្បាប់​ដដែល​នេះ​នៅ​លើ​គេហទំព័រ​របស់​ក្រសួង ដើម្បី​ទទួល​យក​នូវ​មតិ​យោបល​ពី​សាធារណជន​ផ្សេងៗ​ទៀត​ផង​ដែរ៖ «ចំណុច​ហ្នឹង​យើង​នឹង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ឲ្យ​មាន​ការ​ចូល​រួម​ពី​សង្គម​ស៊ីវិល រដ្ឋាភិបាល ខាង​អ្នក​សារព័ត៌មាន ហើយ​មិន​យូរ​ទេ​យើង​ចាប់​ផ្តើម​ជជែក​គ្នា​នៅ​ពេល​រៀបចំ​វ៉ឹបសាយ យើង​ដាក់​សេចក្តី​ព្រាង​ហ្នឹង​ដើម្បី​ឲ្យ​មាន​ការ​អត្ថាធិប្បាយ មតិ​យោបល់​ពី​សាធារណជន​មក​ទៀត»

​មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ចាន់ សុវ៉េត បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​ឲ្យ​មាន​ការ​ចូលរួម​ពិភាក្សា​ទូលំទូលាយ​ពី​គ្រប់​មជ្ឈដ្ឋាន​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ។

​លោក​បន្ត​ថា មហាជន​ចង់​បាន​ឲ្យ​ច្បាប់​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កំហិត​ឲ្យ​ស្ថាប័ន​នីមួយៗ​របស់​រដ្ឋ​បង្ហាញ​នូវ​ព័ត៌មាន​ពិត​ជាក់ស្តែង​ដែល​អ្នក​សារព័ត៌មាន​ចង់​បាន៖ «អា​ហ្នឹង​អា​ច្បាប់​ទទួល​បាន​ព័ត៌មាន​ហ្នឹង ហើយ​គ្រប់​ស្ថាប័ន​រដ្ឋ​ត្រូវ​តែ​មាន​អ្នក​នាំ​ពាក្យ ហើយ​អ្នក​នាំ​ពាក្យ​ទាំង​អស់​នោះ​​ត្រូវ​តែ​ផ្តល់​ព័ត៌មាន ជា​ពិសេស​ព័ត៌មាន​ឯកសារ​ជាក់ស្តែង​ដែល​យើង​អាច​យក​មក​ធ្វើ​ជា​ភស្តុតាង​បាន។ កន្លង​មក​ប្រទេស​យើង​មិនដែល​បាន​ផ្តល់​ព័ត៌មាន​ដោយ​ភាព​ជាក់ស្តែង​ទេ គឺ​គ្រាន់តែ​បញ្ចេញ​ជា​មតិ យោបល់​អី​អ៊ីចឹង»

​លោក​បន្ត​ថា កន្លង​មក​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ធ្លាប់​បាន​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​ឡើង និង​បាន​ជជែក​ពិភាក្សា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​ហាក់​មិន​ពេញ​ចិត្ត​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​នេះ​ឡើយ។

​ទោះ​យ៉ាង​ណា ក្រសួង​ព័ត៌មាន​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ឬ​ហៅ​ថា MOU ជាមួយ​អង្គការ​យូណេស្កូ (UNESCO) កាល​ពី​ដើម​ឆ្នាំ​២០១៤​នេះ​ ដើម្បី​ដឹកនាំ​បង្កើត​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​ឡើង​ក្នុង​រយៈពេល​ប្រមាណ​ជា ៣​ឆ្នាំ​ខាង​មុខ។ ស្របពេល​គ្នា​នោះ​ដែរ ប្រទេស​ស៊ុយអែត (Sweden) ក៏​បាន​ផ្តល់​ទឹក​ប្រាក់​ប្រមាណ​មួយ​លាន​ដុល្លារ​សម្រាប់​ធ្វើ​ការងារ​នេះ​ដែរ។

​សិទ្ធិ​ទទួល​ព័ត៌មាន គឺជា​ឧបករណ៍​ដ៏​សំខាន់​មួយ​ដែល​ធានា​ដល់​ការ​បើកចំហ​ដំណឹង​ដោយ​តម្លាភាព និង​ជា​ផ្នែក​សំខាន់​នៃ​លទ្ធិប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល