រដ្ឋាភិបាល​បង្វែរ​ប្រាក់​ពី​គណៈ​មេធាវី​ទៅ​ក្រសួង​យុត្តិធម៌​ជួយ​ផ្នែក​ច្បាប់​ដល់​ជន​ក្រីក្រ

រដ្ឋាភិបាល​អាណត្តិ​ទី​៥ បាន​បង្វែរ​ប្រាក់​ចំនួន ២០០​លាន​រៀល ដែល​ធ្លាប់​ផ្តល់​រាល់​ឆ្នាំ​ឲ្យ​គណៈ​មេធាវី ដើម្បី​ធ្វើ​ការងារ​ជួយ​ផ្នែក​ច្បាប់​ទៅ​ជន​ក្រីក្រ ទៅ​ឲ្យ​ក្រសួង​យុត្តិធម៌ គ្រប់គ្រង​វិញ នៅ​ឆ្នាំ​២០១៤។ ក្រសួង​យុត្តិធម៌ នឹង​ប្រើប្រាស់​ថវិកា​នេះ​ក្នុង​ការ​ជួយ​ការពារ​ច្បាប់​ដល់​ស្ត្រី និង​កុមារ ដែល​ងាយ​រងគ្រោះ​បំផុត ក្រោម​ច្បាប់​ព្រហ្មទណ្ឌ។
ដោយ អ៊ុក សាវបូរី
2013-11-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សន្និសីទ​ថ្នាក់​ជាតិ ស្ដីពី​ជំនួយ​ផ្នែក​ច្បាប់ សហការ​រៀប​ចំ​ដោយ​ក្រសួង​យុត្តិធម៌ និង​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឧបត្ថម្ភ​ដោយ​អង្គការ​យូនីសេហ្វ (UNICEF) និង​អង្គការ យូ.អិន-អូ.អេច្ឆ.ស៊ី.អេច្ឆ.អ (UN-OHCHR) នា​សណ្ឋាគារ​កាំបូឌីយ៉ាណា (Hotel Cambodiana) នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
សន្និសីទ​ថ្នាក់​ជាតិ ស្ដីពី​ជំនួយ​ផ្នែក​ច្បាប់ សហការ​រៀប​ចំ​ដោយ​ក្រសួង​យុត្តិធម៌ និង​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឧបត្ថម្ភ​ដោយ​អង្គការ​យូនីសេហ្វ (UNICEF) និង​អង្គការ យូ.អិន-អូ.អេច្ឆ.ស៊ី.អេច្ឆ.អ (UN-OHCHR) នា​សណ្ឋាគារ​កាំបូឌីយ៉ាណា (Hotel Cambodiana) នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Ouk Savborey

មន្ត្រី​ក្រសួង​យុត្តិធម៌ តុលាការ ព្រះរាជ​អាជ្ញា មេធាវី សង្គម​ស៊ីវិល និង​ម្ចាស់​ជំនួយ​នៃ​អង្គការ​សហប្រជាជាតិ ជាង ១០០​នាក់ ពិភាក្សា​ពី​ជំនួយ​ផ្នែក​ច្បាប់​ជួយ​ដល់​ជន​ក្រីក្រ​នៅ​កម្ពុជា។

អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក គីម សន្តិភាព ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ថា រដ្ឋាភិបាល​អាណត្តិ​ទី​៥ បាន​បង្វែរ​ប្រាក់​មូលនិធិ ២០០​លាន​រៀល​ពី​គណៈ​មេធាវី​សម្រាប់​សេវាកម្ម​ជំនួយ​ផ្នែក​ច្បាប់​ដល់​ជន​ក្រីក្រ​ជា​រៀង​រាល់​ឆ្នាំ​នោះ មក​ឲ្យ​ក្រសួង​យុត្តិធម៌ គ្រប់គ្រង​វិញ ហើយ​បាន​បន្ថែម​ប្រាក់ ១០០​លាន​រៀល​ទៀត ដើម្បី​ឲ្យ​ក្រសួង​យុត្តិធម៌ ធ្វើ​ការ​ជួយ​ផ្នែក​ច្បាប់​ដល់​ជន​ក្រីក្រ ពិសេស​ស្ត្រី និង​កុមារ៖ «ការ​ធ្វើ​សមាហរណកម្ម ក្រុមប្រឹក្សា​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ និង​ការ​ផ្ទេរ​កញ្ចប់​ថវិកា​ការពារ​ក្តី​ជូន​ជន​ក្រីក្រ ឲ្យ​ស្ថិត​ក្រោម​ក្រសួង​យុត្តិធម៌ គឺ​ជា​ចំណុច​ចាប់​ផ្ដើម​មួយ​ដ៏​ល្អ ឆ្ពោះ​ទៅ​រក​ដែល​ជា​សញ្ញា​បង្ហាញ​ពី​ការ​រួប​រួម​គ្នា ការ​ចាប់​ផ្ដើម​សហការ​គ្នា​រៀប​ចំ​ឲ្យ​មាន​ប្រព័ន្ធ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ថ្នាក់​ជាតិ»

ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ប៊ុន ហុន ថ្លែង​ថា ជា​រៀង​រាល់​ឆ្នាំ បន្ថែម​លើ​ថវិកា​របស់​រាជ​រដ្ឋាភិបាល គណៈ​មេធាវី​ក៏​បាន​ទទួល​ថវិកា​ពី​អង្គការ​យូនីសេហ្វ (UNICEF) ទៅ​តាម​លទ្ធភាព​គម្រោង​របស់​ខ្លួន ដើម្បី​ផ្តល់​សេវាកម្ម​ជំនួយ​ផ្នែក​ច្បាប់​ជូន​អនីតិជន។ ប៉ុន្តែ បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ទៅ​ជន​ក្រីក្រ រួម​មាន កង្វះ​ការ​សហការ​ពី​ស្ថាប័ន ឬ​អង្គការ​ដែល​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្នុង​ការ​ផ្តល់​ទិន្នន័យ និង​សកម្មភាព​ដែល​អង្គការ​ទាំង​នោះ​បាន​អនុវត្ត នាំ​ឲ្យ​សកម្មភាព​សេវាកម្ម​ជំនួយ​ផ្នែក​ច្បាប់​អសកម្ម ឬ​ជាន់​គ្នា កង្វះ​ថវិកា​ដំណើរ​ការ​សម្រាប់​គណៈ​មេធាវី ក្នុង​ការ​ផ្តល់​មេធាវី​ការពារ​ក្តី​ជូន​ជន​ក្រីក្រ​នៅ​តាម​សាលា​ជម្រះ​ក្តី។

លោក​ថា ថ្វីត្បិត​តែ​គណៈ​មេធាវី​មាន​មេធាវី​ស្ម័គ្រចិត្ត បម្រើ​សេវា​ផ្នែក​ច្បាប់​ជួយ​ជន​ក្រីក្រ​មិន​យក​កម្រៃ ក៏​គណៈ​មេធាវី​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​មេធាវី ដូច​ជា ថត​ចម្លង​ឯកសារ​សំណុំ​រឿង សោហ៊ុយ​ធ្វើ​ដំណើរ ហូប​ចុក ស្នាក់​នៅ​ជាដើម។ ពិសេស​ទៅ​ទៀត ការ​យឺតយ៉ាវ​ក្នុង​ការ​ទូទាត់​ថវិកា​រដ្ឋាភិបាល​មាន​នីតិវិធី​ស្មុគស្មាញ និង​ចំណាយ​ពេល​យូរ ដែល​អាច​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ផ្តល់​សេវា។

តំណាង​អង្គការ អូ.អេច្ឆ.ស៊ី.អេច្ឆ.អ (OHCHR) ក្នុង​នាម​អង្គការ យូនីសេហ្វ អ្នកស្រី វ៉ាន់ ហ៊ីលី ថ្លែង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​មូលនិធិ​មួយ​ចំនួន​ដល់​គណៈ​មេធាវី សម្រាប់​សេវាកម្ម​ជំនួយ​ផ្នែក​ច្បាប់​ដល់​ជន​ក្រីក្រ តែ​ថវិកា​ផ្តល់​ឲ្យ​នោះ​ខ្វះខាត នាំ​ឲ្យ​មេធាវី​មួយ​ចំនួន​ជួយ​ផ្នែក​ច្បាប់​ដល់​ជន​ក្រីក្រ​កាន់​តែ​ថយ​ទៅៗ។

អ្នកស្រី​បាន​លើក​ឧទាហរណ៍​ថា កាល​ពី​ឆ្នាំ​មុន គាត់​បាន​ទៅ​ទស្សនកិច្ច​មណ្ឌល​អប់រំ​កែប្រែ ម១ គាត់​ជួប​កុមារ​ម្នាក់​ជាប់​ឃុំ​ជាមួយ​មនុស្ស​ពេញ​វ័យ ដែល​សុទ្ធតែ​អ្នក​ទោស​ឧក្រិដ្ឋ។ ក្រោយ​ពី​មាន​មេធាវី​ម្នាក់ ជំនួយ​ផ្នែក​ច្បាប់​ដល់​ជន​ក្រីក្រ សើរើ​ជួយ​ការពារ​ក្តី​ដល់​កុមារ​មក កុមារ​នោះ​ក៏​បាន​ដោះ​លែង។ អ្នកស្រី​ថា ការ​ប្ដេជ្ញា​ចិត្ត​ដែល​នឹង​នាំ​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ប្រព័ន្ធ​ជំនួយ​ផ្នែក​ច្បាប់​ថ្នាក់​ជាតិ ដែល​មាន​ទស្សនៈ​ច្បាស់​លាស់ ធានា​យ៉ាង​ណា​ឲ្យ​សេវាកម្ម​ជំនួយ​ផ្នែក​ច្បាប់ ត្រូវ​បាន​ផ្តល់​ជូន​តាម​មធ្យោបាយ​ជា​ប្រព័ន្ធ និង​សម្រាប់​ទាំងអស់​គ្នា​ដែល​ត្រូវ​ការ​សេវាកម្ម​នេះ។ អ្នកស្រី​បន្ត​ថា ការ​ចូល​រួម​ពិភាក្សា​ពី​យុទ្ធសាស្ត្រ​ដែល​អាច​មាន ដើម្បី​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​សេវាកម្ម​ជំនួយ​ផ្នែក​ច្បាប់​ដល់​ជន​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ ពិសេស​ស្ត្រី និង​កុមារ​នៅ​កម្ពុជា។

សន្និសីទ​ថ្នាក់​ជាតិ​ស្ដីពី​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​ជន​ក្រីក្រ ត្រូវ​បាន​រៀប​ចំ​ពិភាក្សា​ពេញ​មួយ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា រវាង​ក្រសួង​យុត្តិធម៌ គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សង្គម​ស៊ីវិល និង​ម្ចាស់​ជំនួយ ក្នុង​បំណង​បង្ហាញ​មហាជន​ឲ្យ​បាន​យល់​ដឹង​ពី​សិទ្ធិ​ទទួល​បាន​ជំនួយ​ផ្នែក​ច្បាប់ នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ។ ការ​ពិភាក្សា​អំពី​ការ​បង្វិល​ថវិកា​ជំនួយ​ផ្នែក​ច្បាប់​ទៅ​ក្រសួង​យុត្តិធម៌ វិញ ដើម្បី​ជួយ​ផ្នែក​ច្បាប់​ដល់​ជន​ក្រីក្រ កំពុង​ពិភាក្សា​ដោយ​បិទ​ទ្វារ​រវាង​ម្ចាស់​ជំនួយ ក្រសួង​យុត្តិធម៌ និង​គណៈ​មេធាវី ដើម្បី​ចាត់​ចែង​ថវិកា និង​រក​ចំណាត់​ថ្នាក់​អ្នក​ក្រីក្រ​ប្រភេទ​ណា ដែល​ក្រសួង​យុត្តិធម៌ គួរ​តែ​អាច​ផ្តល់​សេវាកម្ម​ច្បាប់​ដោយ​មិន​គិត​កម្រៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល