អ្នក​ភូមិ​ប្រម៉ា​៣​នាក់​ត្រូវ​ដោះលែង​ពី​ពន្ធនាគារ

ដោយ វណ្ណ វិចារ
2013-03-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ ២​នាក់​ដែល​ត្រូវ​កម្លាំង​ប្រដាប់​អាវុធ​ចាប់​បាន​ក្នុង​យុទ្ធនាការ​ការ​បង្ក្រាប​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២។
ពលរដ្ឋ ២​នាក់​ដែល​ត្រូវ​កម្លាំង​ប្រដាប់​អាវុធ​ចាប់​បាន​ក្នុង​យុទ្ធនាការ​ការ​បង្ក្រាប​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២។
Provided photo

អ្នក​ភូមិ ៣​នាក់ ដែល​ជាប់​គុក​ព្រៃស​ជាមួយ​លោក ម៉ម សូណង់ដូ ក្នុង​សំណុំ​រឿង​បង្កើត​តំបន់​អបគមន៍ នៅ​ខេត្ត​ក្រចេះ ត្រូវ​បាន​ដោះលែង​ហើយ​នៅ​ថ្ងៃ​ទី១៩ មីនា នេះ។ ការ​ដោះលែង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី១៤ ខែ​មីនា បាន​សម្រេច​កាត់​បន្ថយ​ទោស​ពលរដ្ឋ​ទាំង ៣​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ១០​ខែ ក្នុង​បទ​ចោទ​ផ្សេងៗ​គ្នា បាន​សេចក្តី​ថា អ្នក​ភូមិ​ទាំង​នោះ​នឹង​ត្រូវ​ដោះលែង​កាល​ពី​ថ្ងៃ​ទី១៦ ខែ​មីនា។

អ្នក​ភូមិ​ប្រម៉ា លោក ទូច រៀម លោក កាន់ សុវណ្ណ និង​លោក ភន ស្រឿន ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​២០១២ ក្នុង​សំណុំ​រឿង​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ ត្រូវ​បាន​ដោះលែង​ឲ្យ​ចេញ​ពី​គុក​ព្រៃស ហើយ។ បើ​តាម​សាល​ដីកា​សាលា​ឧទ្ធរណ៍ ពួក​គាត់​ទាំង​បី​នាក់​ត្រូវ​រួច​ខ្លួន​តាំង​ពី​ថ្ងៃ​ទី១៦ មីនា ប៉ុន្តែ​ដោយសារ​តែ​ភាព​យឺតយ៉ាវ​ផ្នែក​សុំ​ឯកសារ ទើប​ត្រូវ​ពន្យារ​ពេល​ដោះលែង​រហូត​ដល់​ថ្ងៃ​ទី១៩ ខែ​មីនា វិញ។

អតីត​អ្នក​ទោស​ក្នុង​គុក​ព្រៃស ក្រោម​បណ្ដឹង​របស់​រាជ​រដ្ឋាភិបាល លោក ទូច រៀម មាន​ប្រសាសន៍​ថា លោក​មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង ពេល​ដែល​បាន​រួច​ខ្លួន​ចេញ​ពី​គុក​ព្រៃស ប៉ុន្តែ​លោក​គិត​ថា ១០​ខែ​ក្នុង​គុក ពិត​ជា​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​កសិករ​ក្រីក្រ។ លោក​បន្ត​ថា រស់នៅ​ក្នុង​គុក​ពិត​ជា​ពិបាក​ផ្នែក​ហូប​ចុក ព្រោះ​គាត់​មិន​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទិញ​ម្ហូប​ពី​ខាង​ក្រៅ​ទេ ការ​ហូប​ម្ហូប​អ្នក​ទោស​មិន​សូវ​មាន​អនាម័យ នាំ​ឲ្យ​គាត់​ឈឺ​ក្រពះ​ថែម​ទៀត។ ឯ​គ្រួសារ​វិញ ត្រូវ​រង​ការ​លំបាក​ជា​ខ្លាំង​ផ្នែក​ជីវភាព។ ប្រពន្ធ​ត្រូវ​ខ្ចី​លុយ​ចង​ការ​គេ ដើម្បី​ទៅ​មើល​ប្ដី​គុក។

លោក​រំលឹក​ថា ពេល​គេ​ចាប់​ដាក់​គុក កូន​ស្រី​ពៅ​របស់​លោក មាន​អាយុ ២​ខែ លុះ​ពេល​ចេញ​ពី​គុក​វិញ កូន​លោក​មិន​ស្គាល់​ឪ​ទេ៖ «កូន​អត់​ស្គាល់​ផង មាន​អារម្មណ៍​ថា​ឈឺ​ចិត្ត​ខូច​ចិត្ត​ខ្លួន​ឯង មិន​សម​ណា​ជាប់​ពន្ធនាគារ​ដោយ​អត់​មាន​រឿង​អី​សោះ មាន​តែ​បញ្ហា​ដីធ្លី​ប៉ុណ្ណឹង»

លោក ទូច រៀម បន្ត​ថា ចំពោះ​ដីធ្លី​របស់​ពលរដ្ឋ​នៅ​ភូមិ​ប្រម៉ា វិញ ត្រូវ​បាន​វាស់វែង​រួច​ហើយ ដោយ​គ្រួសារ​លោក​បាន​ទទួល​ដី​ជាង ៤​ហិកតារ ដើម្បី​ប្រកប​របរ​កសិកម្ម​ផ្គត់ផ្គង់​ជីវភាព។

អ្នក​ភូមិ​ប្រម៉ា ទាំង​បី​គ្រួសារ ធ្វើ​ដំណើរ​រួម​គ្នា​ក្នុង​រថយន្ត​ឈ្នួល​តែ​មួយ ដើម្បី​ទៅ​កាន់​គេហដ្ឋាន​វិញ ប៉ុន្តែ​ពួក​គាត់​នៅ​តែ​មាន​បញ្ហា​ខ្វះខាត​ផ្នែក​ជីវភាព ដោយសារ​តែ​មេ​គ្រួសារ​ជាប់​គុក។

ប្រធាន​ផ្នែក​បច្ចេកទេស​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ថ្លែង​សាទរ​ការ​ដោះលែង​ប្រជាពលរដ្ឋ​ភូមិ​ប្រម៉ា ចេញ​ពី​គុក។ លោក​បន្ត​ថា សង្គម​ស៊ីវិល​ជាតិ អន្តរ​ជាតិ សុទ្ធ​តែ​ចាត់​ទុក​ថា ពលរដ្ឋ​ទាំង​៣​នាក់​ក្លាយ​ជា​ឧបករណ៍​របស់​អ្នក​នយោបាយ​យក​ទៅ​ប្រើប្រាស់​ដោយ​អយុត្តិធម៌​ជា​ទី​បំផុត និង​បណ្ដាល​ឲ្យ​ពួក​គាត់​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ផ្នែក​ជីវភាព។

លោក អំ សំអាត៖ «មតិ​ជាតិ​អន្តរជាតិ​លើក​ឡើង​ថា ករណី​នេះ​ជា​ចរិត​នយោបាយ​បង្កើត​ឡើង​ជា​ផល​ប្រយោជន៍​នយោបាយ អ្នក​ដែល​រង​គ្រោះ​ជា​ប្រជាពលរដ្ឋ​ដែល​ស្ទើរ​តែ​រក​អង្ករ​ច្រក​ឆ្នាំង​មិន​បាន​ផង​នោះ​បាទ»

ការ​ដាក់​ទោស​អ្នក​ភូមិ​ប្រម៉ា និង​លោក ម៉ម សូណង់ដូ ត្រូវ​បាន​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ ថ្កោលទោស​យ៉ាង​ខ្លាំង​ថា តុលាការ​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ។

ប្រធានាធិបតី​របស់​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) នាយក​រដ្ឋមន្ត្រី​បារាំង សភា​សហគមន៍​អឺរ៉ុប អង្គការ​លើក​លែង​ទោស​អន្តរជាតិ និង​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ ជាច្រើន សុទ្ធ​តែ​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះលែង​ពួក​គេ។ តែ​មន្ត្រី​រាជ​រដ្ឋាភិបាល​បដិសេធ​ដោយ​សំអាង​ថា ជា​អំណាច​តុលាការ។ ទោះ​ជា​យ៉ាង​ណា​ក្តី សាលក្រម​កាត់​តម្រឹម​ទោស​របស់​តុលាការ ក៏​ត្រូវ​បាន​សង្គម​ស៊ីវិល​ចាត់​ទុក​ថា មាន​ចរិត​នយោបាយ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ពី Washington, USA

The court seems on the right track ==> The court has to go further- The court will go further ==> find justice for the girl who was killed by the army of Hun Sen! The Gov neeed to apologize to the people in Kraite (Phoom ProMa)and compensate the family of the girl killed by Hun Sen Police & military squds.

Mar 19, 2013 09:22 AM

គេហទំព័រ​ទាំងមូល