សាលា​ឧទ្ធរណ៍​បដិសេធ​មិន​ឲ្យ​លោក មាជ សុវណ្ណារ៉ា នៅ​ក្រៅ​ឃុំ​ដើម្បី​ព្យាបាល​ជំងឺ

ដោយ ថា កិត្យា
2016-03-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក មាជ សុវណ្ណារ៉ា មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ពេល​នាំ​ចេញ​ពី​សាលាឧទ្ធរណ៍ ចូល​ឡាន​យក​ទៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
លោក មាជ សុវណ្ណារ៉ា មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ពេល​នាំ​ចេញ​ពី​សាលាឧទ្ធរណ៍ ចូល​ឡាន​យក​ទៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

សាលា​ឧទ្ធរណ៍ ព្រម​បំបែក​សំណុំ​រឿង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ១១​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​លើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ ជា​បី​សំណុំ​រឿង តាម​បណ្ដឹង​របស់​ជន​ជាប់​ចោទ។

ក្នុង​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា សាលា​ឧទ្ធរណ៍ បដិសេធ​មិន​ឲ្យ លោក មាជ សុវណ្ណារ៉ា ចេញ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ព្យាបាល​ជំងឺ​ឡើយ។ ចំណែក​សំណុំ​រឿង​ពីរ​ទៀត នៅ​មិន​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ ដោយ​លើក​ទៅ​ពេល​ក្រោយ។ អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា សំណុំ​រឿង​នេះ គឺ​ជា​រឿង​នយោបាយ។ ដូច្នេះ បើ​ស្ថានការណ៍​នយោបាយ​ឡើង​កម្តៅ​ដោយ​គ្មាន​ការ​ចរចា​ទេ​នោះ សកម្មជន​បក្ស​ប្រឆាំង​ក៏​គ្មាន​វាសនា​មាន​សេរីភាព​វិញ​ដែរ។

សំណុំ​រឿង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ១១​នាក់ ពាក់ព័ន្ធ​នឹង​ហិង្សា​លើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ហាក់​មាន​បញ្ហា​ផ្លូវ​ច្បាប់​ស្មុគស្មាញ​ច្រើន​ពេល​ឡើង​មក​ដល់​សាលា​ឧទ្ធរណ៍។

ការ​បើក​សវនាការ​នៅ​សាលា​ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា គឺ​ក្នុង​បំណង​សម្រេច​លើ​អង្គ​សេចក្តី ពាក់ព័ន្ធ​នឹង​បណ្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​ដាក់​ទោស​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏ប៉ុន្តែ​មេធាវី​ជន​ជាប់​ចោទ បាន​ទាមទារ​ឲ្យ​បំបែក​សំណុំ​រឿង​នេះ​ជា​បី។ សំណុំ​រឿង​ទី​១ ពាក់ព័ន្ធ​នឹង​បណ្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​សាលា​ដំបូង ដែល​ហាម​មិន​ឲ្យ​សកម្មជន​ទាំង ១១​នាក់​នោះ​ចេញ​ទៅ​ក្រៅ​ប្រទេស។ បណ្ដឹង​ទី​២ សុំ​មោឃភាព​នីតិវិធី​សាលា​ដំបូង​ដោយ​សំអាង​ថា ការ​កាត់​ក្តី​របស់​សាលា​ដំបូង​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៥ ខុស​នីតិវិធី ព្រោះ​គ្មាន​មេធាវី​ជន​ជាប់​ចោទ​ចូលរួម និង​បណ្ដឹង​ឧទ្ធរណ៍​ទី​៣ ប្រឆាំង​សាលក្រម​ដែល​ដាក់​ទោស​អ្នក​ទាំង ១១​នាក់​នោះ​ជាប់​ពន្ធនាគារ​ចាប់​ពី ៧​ឆ្នាំ​ទៅ ២០​ឆ្នាំ។ នេះ​បើ​តាម​សម្ដី​មេធាវី​ជន​ជាប់​ចោទ គឺ​លោក ជូង ជូងី៖ «ដំបូង​នេះ គឺ​សាលា​ឧទ្ធរណ៍​គេ​សម្រេច​បំបែក​សំណុំ​រឿង​ដែល​យើង​ប្ដឹង​ប្រឆាំង​នឹង​សាលក្រម ដែល​ហាម​ឃាត់​ជន​ជាប់​ចោទ​ត្រូវ​ចេញ​ទៅ​ក្រៅ​ប្រទេស​នេះ គឺ​បំបែក​រឿង​នេះ​មួយ​តែ​ឯង ហើយ​បាន​ជំនុំ​ជម្រះ​ពាក់ព័ន្ធ​បណ្ដឹង​ឧទ្ធរណ៍​របស់ លោក មាជ សុវណ្ណារ៉ា ប្រឆាំង​សាលក្រម​ដែល​ហាម​ឃាត់​មិន​ឲ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស ប៉ុន្តែ​សាលា​ឧទ្ធរណ៍​ច្រាន​ចោល»

ការ​បើក​សវនាការ​លើក​នេះ ហាក់​មាន​សភាព​តឹងតែង ព្រោះ​ថា ក្រៅ​ពី​សាលា​ឧទ្ធរណ៍​បាន​ជជែក​ដេញដោល​តឹង​សរសៃ​ក​ជាមួយ​មេធាវី​ជន​ជាប់​ចោទ​នោះ ក៏​មាន​បម្រាម​មិន​ឲ្យ​អ្នក​សង្កេតការណ៍ កត់ត្រា​អ្វី​ទាំងអស់​នៅ​ក្នុង​បន្ទប់​សវនាការ និង​មាន​ដាក់​កម្លាំង​ការពារ​យ៉ាង​តឹងរ៉ឹង​ទៀត​ផង។

សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ពេល​នាំ​មក​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Rann Samnang
សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ពេល​នាំ​មក​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Rann Samnang

លោក​មេធាវី ជូង ជូងី បញ្ជាក់​ថា មូលហេតុ​ដែល​ស្នើសុំ​ឲ្យ លោក មាជ សុវណ្ណារ៉ា ទៅ​ក្រៅ​ប្រទេស​នោះ ព្រោះ​កូន​ក្តី​របស់​លោក​មាន​ជំងឺ​ត្រូវ​ចេញ​ទៅ​ពិនិត្យ និង​ព្យាបាល៖ «វា​មាន​ហេតុផល​ច្រើន​ដែរ។ ម្យ៉ាង​នៅ​មុន​ជាប់​ពន្ធនាគារ គឺ​កាល​ពី​ឆ្នាំ​ទៅ លោក មាជ សុវណ្ណារ៉ា ធ្លាប់​រងគ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​គាត់​ត្រូវ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ព្យាបាល។ និយាយ​រួម ស្ថានភាព​ធ្ងន់​ស្រាល​របស់​គាត់ និង​ស្ថានភាព​ការងារ​របស់​គាត់ ហើយ​គាត់​មាន​សញ្ជាតិ​ខ្មែរ​ផង អាមេរិកាំង​ផង។ ដូច្នេះ ត្រូវ​ចេញ​ទៅ​ក្រៅ​ផង ចូល​មក​ស្រុក​ខ្មែរ​ញឹកញាប់ ប៉ុន្តែ​តុលាការ​ក្រុង​ភ្នំពេញ ហាម​ឃាត់​មិន​ឲ្យ​គាត់​ចាក​ចេញ​ពី​ស្រុក​ខ្មែរ​ទេ»

កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៥ តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ១១​រូប ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៧​ឆ្នាំ​ទៅ ២០​ឆ្នាំ ដោយ​ចោទ​ពី​បទ​ដឹក​នាំ និង​ចូលរួម​ក្នុង​ចលនា​កុបកម្ម​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។

ជន​ជាប់​ចោទ​ទាំង ១១​នាក់​ដែល​មាន​សម្លៀកបំពាក់​ពណ៌​ទឹក​ក្រូច ហៅ​តុលាការ​ស្រុក​ខ្មែរ​ថា​ជា​តុលាការ​ឧក្រិដ្ឋកម្ម ខ្វះ​ឯករាជ​ភាព។

លោក មាជ សុវណ្ណារ៉ា និយាយ​ថា តុលាការ​មិន​ត្រូវ​ឋិត​ក្រោម​សម្ពាធ​នយោបាយ ហើយ​ចាប់​ឃុំ​ពួក​គាត់ ដើម្បី​ដាក់​គំនាប​ដល់​បក្ស​ប្រឆាំង​ឡើយ។ លោក​ក៏​ស្នើ​ឲ្យ​មេ​ដឹក​នាំ​បក្ស​កាន់​អំណាច ប្រកួត​គ្នា​ដោយ​សមត្ថភាព​ផ្នែក​គំនិត ប្រសើរ​ជាង​ល្បិច​ចាប់​ចង​ដូច្នេះ៖ «រឿង​នយោបាយ​ដោះស្រាយ​ដោយ​នយោបាយ ហើយ​សង្ឃឹម​ថា លោក​នាយក​រដ្ឋមន្ត្រី​នឹង​យល់​បញ្ហា​នេះ ព្រោះ​នយោបាយ​ចាស់​ទុំ អាយុ​កាន់​តែ​ច្រើន ហើយ​មាន​កូន​ធ្វើ​នយោបាយ​ទៀត។ អ៊ីចឹង​ទុក​ឲ្យ​ក្មេងៗ​ធ្វើ​ដោយ​បញ្ញា​ទៅ»

នៅ​ខាង​ក្រៅ​បន្ទាប់​សវនាការ សកម្មជន​បក្ស​ប្រឆាំង និង​សាច់ញាតិ​របស់​ជន​ជាប់​ចោទ​ប្រមាណ ២០​នាក់ សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នេះ​ដែរ។ ចំណែក​ភរិយា លោក អ៊ុក ពេជ្រសំណាង គឺ​លោកស្រី ទិត្យ ណារិន ឈរ​កាន់​រូបថត​ប្ដី និង​ព​ចៅ​ផង ស្រែក​ដង្ហោយ​រក​យុត្តិធម៌​ទាំង​ទឹក​ភ្នែក​ថា ប្ដី​របស់​លោកស្រី​គ្មាន​កំហុស​ដូច​ការ​ចោទ​ឡើយ៖ «ប្ដី​ខ្ញុំ​តស៊ូ​ដើម្បី​អ្នក​ទាំងអស់​គ្នា ឬ​ដើម្បី​ជាតិ ហេតុ​អី​បាន​ជា​ចាប់​គាត់​ដាក់​គុក? សូម​ឲ្យ​ដោះលែង​ឲ្យ​ឆាប់ៗ​នេះ​ចា៎»

រីឯ​មន្ត្រី​អង្គការ​អាដហុក (ADHOC) និង​មន្ត្រី​អង្គការ​លីកាដូ (LICADHO) ដែល​ឃ្លាំ​មើល និង​ស្តាប់​សវនាការ​នេះ ហាក់​មិន​ភ្ញាក់​ផ្អើល​ចំពោះ​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ដែល​ហាម​ឃាត់​មិន​ឲ្យ លោក មាជ សុវណ្ណារ៉ា ចេញ​ទៅ​ក្រៅ​ប្រទេស​ព្យាបាល​ជំងឺ​ឡើយ។ មិន​ភ្ញាក់​ផ្អើល ព្រោះ​ពួក​គេ​ចាត់​ទុក​ថា ករណី​នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ ហើយ​វា​នឹង​ប្រែប្រួល​ទៅ​តាម​ស្ថានការណ៍​នយោបាយ​ក្តៅ​ត្រជាក់។

អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក លោក ណៃ វ៉ង់ដា លើក​ឡើង​ថា ប្រសិន​បើ​គ្មាន​ការ​ដោះស្រាយ​ផ្នែក​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច​ទេ​នោះ លោក​ជឿ​ថា មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង ប្រហែល​ជា​មិន​អាច​មាន​ផ្លូវ​រួច​ផុត​ពី​ពន្ធនាគារ​ឡើយ។ លោក​បន្ត​ថា ការ​យក​បញ្ហា​នយោបាយ​ជ្រៀតជ្រែក​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​នេះ​ហើយ ទើប​បណ្ដាល​ឲ្យ​បក្ស​កាន់​អំណាច​ធ្លាក់​ចុះ​ប្រជាប្រិយភាព៖ «ការ​សម្រេច​នេះ​វា​ហាក់​ដូចជា​មាន​ការ​លូកលាន់​ផ្នែក​នយោបាយ។ បរិយាកាស​នយោបាយ​អាប់អួរ បរិយាកាស​តឹងតែង ដូច្នេះ​លទ្ធផល​ចេញ​មក យើង​មិន​ភ្ញាក់​ផ្អើល​ពេក​ទេ។ ចំពោះ​ការ​ហាម​ឃាត់ និង​ដក​ហូត​សេរីភាព​ព្យាបាល​វា​អមនុស្សធម៌​ហើយ​ការ​សម្រេច​នេះ»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ទេ​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។ ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ លោក សុខ ឥសាន ធ្លាប់​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដូច្នេះ​ម្តង​ហើយ ដោយ​លោក​ថ្លែង​ថា ការ​សម្រេច​យ៉ាង​ណា​វា​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ។ លោក​បន្ត​ថា ករណី​នេះ​ជា​បទល្មើស​ជាក់ស្តែង មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​១៥ មីនា អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ឲ្យ​មាន​សេរីភាព​វិញ និង​អះអាង​ថា ការ​ចោទ​ប្រកាន់​លើ​សកម្មជន​បក្ស​ប្រឆាំង​នេះ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់។

លោក ប្រ៊ែដ អាដាម (Brad Adams) ប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ មាន​ប្រសាសន៍​ថា ការ​ឃុំ​ឃាំង​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​នេះ ដោយសារ​តុលាការ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​អំពាវនាវ​ឲ្យ​តុលាការ​កម្ពុជា កាត់​ក្តី​ដោយ​យុត្តិធម៌ ដោយ​ផ្អែក​លើ​ភស្តុតាង​ពិត​ប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

Hun Sen must step down. He and his group must eliminate from government rank. They are all inhuman. Dictator fascist.

Mar 17, 2016 09:14 AM

Veun

ពី Por Sat

In the past,1979 after the liberation I'm the one that VN arrest and detained in jail for 11 years. I join the liberation front along Thai-Khmer border.
What worst that!!
In the dark cell for years, no one know, no one care, meal was a corn per day with a bottle of water.. please imagine.. don't cry boy, struggle for the nation, 2018 it will be changed.

Mar 17, 2016 06:02 AM

គេហទំព័រ​ទាំងមូល