អ្នក​ភូមិ​តវ៉ា​ឲ្យ​តុលាការ​កាត់​ក្ដី​រឿង​ជម្លោះ​ដី​ជាមួយ​អ្នក​មាន​អំណាច

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​គងយុ បាន​នាំ​គ្នា​តវ៉ា​អហិង្សា​មួយ សុំ​ឲ្យ​តុលាការ​ខេត្ត​រតនគិរី លើក​យក​រឿង​ក្តី​ដែល​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ ៦​ឆ្នាំ​មក​ហើយ​ជាមួយ​លោកស្រី គាត កុលណី ជា​ភរិយា​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្អូន​ស្រី​របស់​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​លោក គាត ឈុន នេះ​មក​ចាត់​ការ​តាម​ច្បាប់​ឲ្យ​បាន​ឆាប់។
ដោយ រដ្ឋា វីសាល
2013-03-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​គងយុ ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នាំ​គ្នា​លើក​ផ្លាក​នៅ​កណ្ដាល​ភូមិ តវ៉ា​សុំ​ឲ្យ​ចៅក្រម​តុលាការ​កាត់​ក្ដី​រឿង​ជម្លោះ​ដីធ្លី​រវាង​អ្នក​ភូមិ​ជាមួយ​សាច់ញាតិ​អ្នក​មាន​អំណាច កាល​ពី​ថ្ងៃ​អង្គារ ទី១២ ខែ​មីនា ឆ្នាំ​២០១៣។
ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​គងយុ ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នាំ​គ្នា​លើក​ផ្លាក​នៅ​កណ្ដាល​ភូមិ តវ៉ា​សុំ​ឲ្យ​ចៅក្រម​តុលាការ​កាត់​ក្ដី​រឿង​ជម្លោះ​ដីធ្លី​រវាង​អ្នក​ភូមិ​ជាមួយ​សាច់ញាតិ​អ្នក​មាន​អំណាច កាល​ពី​ថ្ងៃ​អង្គារ ទី១២ ខែ​មីនា ឆ្នាំ​២០១៣។
RFA/Ratha Visal

អ្នក​ភូមិ​គងយុ ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅ​ថ្ងៃ​អង្គារ ទី១២ ខែ​មីនា ឆ្នាំ​២០១៣ បាន​នាំ​គ្នា​តវ៉ា​សុំ​ឲ្យ​ចៅក្រម​តុលាការ​លើក​យក​សំណុំ​រឿង​ជម្លោះ​ដីធ្លី​រវាង​អ្នក​ភូមិ ជាមួយ​សាច់ញាតិ​អ្នក​មាន​អំណាច​មក​កាត់​សេចក្តី។

ការ​តវ៉ា​នេះ ធ្វើ​ឡើង​តាម​លក្ខណៈ​ប្រពៃណី គឺ​អ្នក​ភូមិ​រួម​គ្នា​លើក​ផ្ទាំង​បដា​មួយ​ផ្ទាំង​នៅ​កណ្ដាល​ភូមិ សរសេរ​អក្សរ​មាន​ន័យ​ថា សុំ​ឲ្យ​តុលាការ​ប្រញាប់​ចាត់​ការ​រឿង​ក្តី​អ្នក​ភូមិ​ឲ្យ​បាន​ឆាប់ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បំណង​ប្រាថ្នា​របស់​អ្នក​ភូមិ​ដែល​រង់ចាំ​ចំណាត់​ការ​រឿង​ក្តី​នេះ តាំង​ពី​ឆ្នាំ​២០០៨ រហូត​មក។

តំណាង​អ្នក​ភូមិ លោក រម៉ាម ហ្វីល មាន​ប្រសាសន៍​បញ្ជាក់​ថា នេះ​ជា​ជម្រើស​ចុង​ក្រោយ​របស់​ពួក​គាត់ ដែល​រង់ចាំ​ចំណាត់​ការ​តាម​ផ្លូវ​តុលាការ។ លោក​បន្ត​ថា មន្ត្រី​ស្ថាប័ន​តុលាការ​គួរ​តែ​បំពេញ​តួនាទី​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ៖ «យើង​លើក​ផ្លាក​ឲ្យ​តុលាការ​ខេត្ត​រតនគិរី ដោះស្រាយ​ជា​បន្ទាន់​ឲ្យ​ឆាប់ៗ​បន្តិច យើង​ដាក់​ហ្នឹង​យូរ​ហើយ។ លើក​ផ្លាក យើង​យក​ស្រា​ពាង កូន​ជ្រូក​មួយ យើង​សែន អ្នក​ណា​បំផ្លាញ​ផ្លាក​ហ្នឹង​ឲ្យ​វា​រន្ទះ​បាញ់​គាត់»

សហគមន៍​ជនជាតិ​ដើម​ភូមិ​គងយុ ជាង ៤០​គ្រួសារ កាល​ពី​ដើម​ឆ្នាំ​២០០៥ កើត​មាន​ជម្លោះ​ជាមួយ​លោកស្រី គាត កុលណី ទាក់ទិន​រឿង​ដីធ្លី​សហគមន៍​ជិត ៥០០​ហិកតារ បន្ទាប់​ពី​ដី​នោះ​ត្រូវ​បាន​លោកស្រី គាត កុលណី ចាប់​ផ្ដើម​ឈូស​ឆាយ​ដាំ​កៅស៊ូ។ ចាប់​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០០៧ តំណាង​អ្នក​ភូមិ​គងយុ បាន​ដាក់​ពាក្យ​ប្ដឹង​ចំនួន​ពីរ ចោទ​ប្រកាន់​លោកស្រី គាត កុលណី ក្នុង​រឿង​ព្រហ្មទណ្ឌ​ពី​បទ​ក្លែង​ឯកសារ​រំលោភ​ដី​អ្នក​ភូមិ ក៏ប៉ុន្តែ​សំណុំ​រឿង​នេះ​ត្រូវ​បាន​តុលាការ​ខេត្ត​ចេញ​ដីកា​សម្រេច​មិន​ចាត់​ការ​នឹង​ពាក្យ​បណ្ដឹង​រដ្ឋប្បវេណី ប្ដឹង​សុំ​បដិសេធន៍​កិច្ចសន្យា​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ដី​ចំនួន​ពីរ ទាក់ទិន​ការ​ទិញ​លក់​ដី​របស់​អ្នក​ភូមិ ជាមួយ​លោកស្រី គាត កុលណី។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អង្គារ ទី១២ ខែ​មីនា មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​ប្រធាន​តុលាការ​ខេត្ត​រតនគិរី លោក សួស ឡា ជុំវិញ​ការ​តវ៉ា​របស់​អ្នក​ភូមិ​បាន​ទេ។

ទាក់ទង​រឿង​នេះ កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៣ លោក​មាន​ប្រសាសន៍​បញ្ជាក់​ជាមួយ​វិទ្យុ​អាស៊ីសេរី ថា លោក​ទើប​នឹង​បាន​ទទួល​សំណុំ​រឿង​នេះ​ពី​មន្ត្រី​ក្រឡា​បញ្ជី បន្ទាប់​ពី​លោក​ចូល​កាន់​តំណែង​កាល​ពី​ពេល​ថ្មីៗ ហេតុ​នេះ​លោក​សំណូមពរ​ឲ្យ​ម្ចាស់​បណ្ដឹង​មក​ជួប​លោក ដើម្បី​សាកសួរ ហើយ​លោក​នឹង​ជំរុញ​ឲ្យ​ចាត់​ការ​រឿង​ក្តី​នេះ៖ «ប្រធាន​ចាស់​មុន​ហ្នឹង គាត់​អត់​មាន​ចូល​ខ្លួន​មក​ប្រគល់​សារពើភ័ណ្ឌ​ក្នុង​តុលាការ ហើយ​សំណុំ​រឿង​គាត់​ឲ្យ​ក្រឡា​បញ្ជី​មក​ប្រគល់​ឲ្យ​ខ្ញុំ មិន​ទាន់​ឃើញ​មុខ​គាត់​យ៉ាង​ម៉េច​ផង»

មេធាវី​ការពារ​ក្តី​អ្នក​ភូមិ​គងយុ លោក យិន សាវ៉ាត មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​ថ្ងៃ​ពុធ ទី១៣ ខែ​មីនា ខាង​មុខ​នេះ លោក​នឹង​ទៅ​ជួប​ជាមួយ​ប្រធាន​តុលាការ​ខេត្ត ដើម្បី​សុំ​ឲ្យ​ចាត់​ការ​រឿង​ក្តី​នេះ​ជា​ថ្មី​ទៀត។ លោក​បន្ត​ថា ចាប់​ពី​ឆ្នាំ​២០១០ រហូត​បច្ចុប្បន្ន លោក​បាន​ធ្វើ​លិខិត​ក្រើន​រំលឹក​ប្រធាន​តុលាការ​ខេត្ត​ដែល​ទើប​ប្ដូរ​ចេញ​ពី​ភារកិច្ច​ចំនួន​បី​លើក ឲ្យ​ចាត់​ការ​រឿង​ក្តី​នេះ ប៉ុន្តែ​មិន​បាន​ផល៖ «គាត់​បាន​សុំ​តាម​រយៈ​មេធាវី គឺ​ច្រើន​ដង​ហើយ យើង​បាន​សុំ​ទៅ​តុលាការ​ឲ្យ​ដំណើរ​ការ ហើយ​វា​អត់​ដំណើរ​ការ អា​ហ្នឹង​រឿង​របស់​គាត់ៗ​សម្ដែង​មតិ គាត់​ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​ជូន​ពួក​គាត់»

កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១១ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា បាន​ធ្វើ​លិខិត​ជម្រាប​ជូន​ប្រធាន​តុលាការ​សាលា​ដំបូង​ខេត្ត​រតនគិរី ឲ្យ​ចាត់​ចៅក្រម​ទទួល​បន្ទុក​ដោះស្រាយ​រឿង​ក្តី​នេះ ហើយ​លើក​យក​រឿង​ក្តី​នេះ​មក​ទាញ​ហេតុផល​ផ្ទាល់​មាត់ តាម​នីតិវិធី​តុលាការ​ឲ្យ​បាន​ឆាប់ ចៀសវាង​ខូច​ផល​ប្រយោជន៍​ភាគី​រឿង​ក្តី។ ហើយ​នៅ​ខែ​តុលា ឆ្នាំ​២០១២ លោក​រដ្ឋមន្ត្រី​ក៏​បាន​ចេញ​លិខិត​បន្ថែម​ទៀត សុំ​ឲ្យ​ប្រធាន​តុលាការ​ខេត្ត​រតនគិរី បំភ្លឺ​មក​ក្រសួង​ពី​មូលហេតុ​នៃ​ការ​មិន​ចាត់​ការ​រឿង​ក្តី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

KONE KHMER

ពី PHNOM PENH

TO ALL KHMER LEUR AND ALL KHMER:
DEMOLITION AND DESTROYING FOREST IS A CRIME WHICH HUN SEN GOVERNMENT PRACTICE. KAMPUCHEA HAS NO LAW. KAMPUCHEA HAS COMMAND AND ORDER FROM HUN SEN AND YOUN. LAWSUIT IS NOT NECESSARY, BECAUSE CAMBODIA HAS NO LAW.
ALL KHMER AND KAMPUCHEA MILITARY PERSONNEL MUST STAND UP TO AGAINST HUN SEN AT THE SAME TIME TO LIBERATE OUR COUNTRY WHEN TIME COMES SOON.

Mar 12, 2013 12:57 PM

គេហទំព័រ​ទាំងមូល